តើអ្នកនឹងកាន់ខ្ជាប់តាមចិត្តស្មោះគ្រប់លក្ខណៈរបស់អ្នកទេ?
«រហូតដល់ថ្ងៃស្លាប់ ខ្ញុំមិនព្រមលះចោលចិត្តស្មោះគ្រប់លក្ខណៈរបស់ខ្ញុំឡើយ»។—យ៉ូប ២៧:៥; ព.ថ.
១, ២. តើយើងត្រូវបណ្ដុះឲ្យមានអ្វី? ហើយតើយើងនឹងពិចារណាសំណួរអ្វីខ្លះ?
សូមស្រមៃគិតថាអ្នកកំពុងតែពិនិត្យមើលប្លង់ផ្ទះមួយ។ អ្នកស្ញប់ស្ញែងនឹងប្លង់ផ្ទះនោះដោយសារមានគម្រោងល្អ។ អ្នករំភើបចិត្តគិតអំពីរបៀបដែលអ្នកនិងក្រុមគ្រួសារអាចប្រើផ្ទះនោះដើម្បីប្រយោជន៍ខ្លួន។ ប៉ុន្តែ ប្លង់ផ្ទះនិងការគិតគូរអំពីផ្ទះនោះ គ្មានប្រយោជន៍ទេបើអ្នកមិនសង់ រស់នៅ ហើយថែទាំ មែនទេ?
២ ស្រដៀងគ្នាដែរ យើងប្រហែលជាគិតថាចិត្តស្មោះគ្រប់លក្ខណៈជាលក្ខណៈសម្បត្ដិដ៏សំខាន់មួយ ដែលនឹងនាំឲ្យយើងនិងមនុស្សជាទីស្រឡាញ់របស់យើងទទួលប្រយោជន៍ជាច្រើន។ ក៏ប៉ុន្តែ ការគ្រាន់តែគិតថាចិត្តស្មោះគ្រប់លក្ខណៈជាលក្ខណៈសម្បត្ដិល្អប៉ុណ្ណោះ នោះគឺមិនមានប្រយោជន៍ទេ លើកលែងតែយើងបណ្ដុះនិងរក្សាចិត្តស្មោះគ្រប់លក្ខណៈជាគ្រិស្តសាសនិក។ ក្នុងពិភពលោកនេះ ជារឿយៗការសាងសង់ផ្ទះត្រូវចំណាយប្រាក់ច្រើនណាស់។ (លូ. ១៤:២៨, ២៩) ដូចគ្នាដែរ ការបណ្ដុះឲ្យមានចិត្តស្មោះគ្រប់លក្ខណៈត្រូវចំណាយពេលវេលា និងការខំប្រឹងប្រែងច្រើន ប៉ុន្តែ នេះពិតជានាំឲ្យមានប្រយោជន៍មែន។ ដូច្នេះ សូមឲ្យយើងពិចារណាសំណួរបីយ៉ាង។ តើយើងអាចក្លាយជាមនុស្សដែលមានចិត្តស្មោះគ្រប់លក្ខណៈយ៉ាងដូចម្ដេច? តើយើងអាចរក្សាចិត្តស្មោះគ្រប់លក្ខណៈជាគ្រិស្តសាសនិកយ៉ាងដូចម្ដេច? បើបុគ្គលម្នាក់មិនរក្សាចិត្តស្មោះគ្រប់លក្ខណៈមួយរយៈ តើគាត់អាចធ្វើអ្វី?
តើយើងអាចក្លាយជាមនុស្សដែលមានចិត្តស្មោះគ្រប់លក្ខណៈ យ៉ាងដូចម្ដេច?
៣, ៤. (ក) តើព្រះយេហូវ៉ាជួយយើងបណ្ដុះឲ្យមានចិត្តស្មោះគ្រប់លក្ខណៈយ៉ាងដូចម្ដេច? (ខ) ដូចបានឃើញតាមគំរូរបស់ព្រះយេស៊ូ តើយើងអាចបណ្ដុះឲ្យមានចិត្តស្មោះគ្រប់លក្ខណៈយ៉ាងដូចម្ដេច?
៣ ក្នុងអត្ថបទមុន យើងឃើញថាព្រះយេហូវ៉ាលើកកិត្ដិយសយើង ដោយអនុញ្ញាតឲ្យយើងធ្វើការសម្រេចចិត្ត ថាយើងចង់ឬមិនចង់ធ្វើជាមនុស្សដែលមានចិត្តស្មោះគ្រប់លក្ខណៈ។ ប៉ុន្តែ គួរឲ្យរីករាយណាស់ ដែលទ្រង់ផ្ដល់ជំនួយដល់យើងស្តីអំពីរឿងនេះ។ ទ្រង់បង្រៀនយើងនូវរបៀបដើម្បីបណ្ដុះឲ្យមានលក្ខណៈសម្បត្ដិដ៏មានតម្លៃនេះ ព្រមទាំងផ្ដល់សកម្មពលរបស់ទ្រង់ដោយចិត្តសទ្ធា ដើម្បីជួយយើងឲ្យអនុវត្តតាមសេចក្ដីបង្រៀនរបស់ទ្រង់។ (លូ. ១១:១៣) បន្ថែមទៅទៀត ចំពោះអស់អ្នកដែលខំប្រឹងរស់នៅដោយចិត្តស្មោះគ្រប់លក្ខណៈ នោះទ្រង់ក៏ការពារពួកគាត់ឲ្យមានចំណងមេត្រីភាពជាមួយនឹងទ្រង់ដែរ។—សុ. ២:៧
៤ តើព្រះយេហូវ៉ាបានបង្រៀនយើងឲ្យធ្វើជាមនុស្សដែលមានចិត្តស្មោះគ្រប់លក្ខណៈយ៉ាងដូចម្ដេច? វិធីសំខាន់បំផុត គឺដោយបញ្ជូនព្រះយេស៊ូជាបុត្ររបស់ទ្រង់មកផែនដី។ ព្រះយេស៊ូបានរស់នៅដោយស្ដាប់បង្គាប់ព្រះយេហូវ៉ាយ៉ាងល្អឥតខ្ចោះ។ ទ្រង់បាន«ចុះចូលស្ដាប់បង្គាប់រហូតដល់ទីមរណៈ»។ (ភី. ២:៨) ព្រះយេស៊ូបានស្ដាប់បង្គាប់បិតានៅស្ថានសួគ៌ ក្នុងគ្រប់កិច្ចការដែលទ្រង់ធ្វើ ទោះបើពិបាកក៏ដោយ។ ទ្រង់មានប្រសាសន៍ទៅព្រះយេហូវ៉ាថា៖ «កុំតាមចិត្តទូលបង្គំឡើយ សូមតាមតែព្រះហឫទ័យទ្រង់វិញ»។ (លូ. ២២:៤២) គប្បីឲ្យយើងម្នាក់ៗសួរខ្លួនថា ‹តើខ្ញុំមានចិត្តគំនិតចំពោះការស្ដាប់បង្គាប់ស្រដៀងនឹងព្រះយេស៊ូទេ?›។ យើងនឹងជាមនុស្សដែលរក្សាចិត្តស្មោះគ្រប់លក្ខណៈ បើយើងចេះស្ដាប់បង្គាប់ដោយមានបំណងចិត្តល្អ។ សូមគិតអំពីលក្ខណៈខ្លះៗនៃជីវិត ដើម្បីឲ្យឃើញថាការស្ដាប់បង្គាប់គឺសំខាន់ណាស់។
៥, ៦. (ក) តើដាវីឌបានសង្កត់ពីសារៈសំខាន់នៃការរក្សាចិត្តស្មោះគ្រប់លក្ខណៈយ៉ាងដូចម្ដេច សូម្បីតែគ្មាននរណាម្នាក់ឃើញយើងក៏ដោយ? (ខ) ពេលនៅម្នាក់ឯង តើគ្រិស្តសាសនិកប្រឈមមុខការពិបាកណាខ្លះក្នុងការរក្សាចិត្តស្មោះគ្រប់លក្ខណៈ?
៥ យើងត្រូវស្ដាប់បង្គាប់ព្រះយេហូវ៉ា សូម្បីតែយើងនៅម្នាក់ឯងក៏ដោយ។ ដាវីឌដែលជាអ្នកតែងបទទំនុកដំកើង បានយល់ឃើញនូវសារៈសំខាន់ពីការមានចិត្តស្មោះគ្រប់លក្ខណៈនៅពេលដែលគាត់នៅតែម្នាក់ឯង។ (សូមអាន ទំនុកដំកើង ១០១:២) ដោយសារដាវីឌជាស្តេច នោះគាត់តែងតែនៅជាប់នឹងរាស្ត្រជានិច្ច។ ពិតជាមានច្រើនដងដែលមានមនុស្សរាប់រយ ដល់ទៅរាប់ពាន់នាក់ផងចាំសង្កេតមើលគាត់។ (សូមពិនិត្យបន្ថែម ទំនុកដំកើង ២៦:១២) នៅពេលវេលាបែបនោះ គឺសំខាន់ឲ្យដាវីឌរក្សាចិត្តស្មោះគ្រប់លក្ខណៈ ដោយសារខ្លួនជាស្តេចដែលត្រូវតែតាំងគំរូល្អឲ្យអនុរាស្ត្រ។ (ចោទិ. ១៧:១៨, ១៩) ក៏ប៉ុន្តែ ដាវីឌក៏យល់ឃើញថា ពេលគាត់ប្រហែលជានៅ«ក្នុងផ្ទះ»តែឯង គាត់ត្រូវតែប្រព្រឹត្តដោយចិត្តស្មោះគ្រប់លក្ខណៈដែរ។ ស្តីអំពីរឿងនេះ តើយើងយល់ឃើញដូចដាវីឌទេ?
៦ នៅទំនុកដំកើង ១០១:៣ យើងឃើញពាក្យរបស់ដាវីឌដែលថា៖ «ទូលបង្គំនឹងមិនតាំងរបស់អាក្រក់អ្វី នៅចំពោះភ្នែកទូលបង្គំឡើយ»។ សព្វថ្ងៃនេះមានឱកាសជាច្រើនដែលយើងអាចតាំងរបស់អាក្រក់នៅចំពោះភ្នែកយើង ជាពិសេសពេលនៅម្នាក់ឯង។ ការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតនាំឲ្យមានការពិបាកច្រើនស្តីអំពីរឿងនេះ។ គឺងាយទាក់ទាញចិត្តយើងឲ្យមើលរូបភាពដែលមិនគួរសម សូម្បីតែរូបអាសអាភាស។ ប៉ុន្តែ តើការធ្វើដូចនេះបង្ហាញថា យើងស្ដាប់បង្គាប់ព្រះដែលបណ្ដាលឲ្យដាវីឌសរសេរពាក្យទាំងនោះទេ? រូបអាសអាភាសនាំឲ្យមានឥទ្ធិពលអាក្រក់ ដោយសារវាបណ្ដាលឲ្យមានសេចក្ដីប្រាថ្នាខុសទំនង គិតពីប្រយោជន៍ខ្លួនឯង បង្ខូចសមត្ថភាពវិនិច្ឆ័យខ្លួន ធ្វើឲ្យចំណងអាពាហ៍ពិពាហ៍រេចរឹល ព្រមទាំងបន្ថោកអស់អ្នកដែលចូលរួមផង។—សុ. ៤:២៣; ២កូ. ៧:១; ១ថែ. ៤:៣-៥
៧. តើគោលការណ៍ណាអាចជួយយើងឲ្យរក្សាចិត្តស្មោះគ្រប់លក្ខណៈពេលនៅម្នាក់ឯង?
៧ ពិតមែន គ្មានអ្នកបម្រើព្រះណាម្នាក់ដែលពិតជានៅតែឯងឡើយ។ បិតានៅស្ថានសួគ៌ដែលប្រកបដោយក្ដីស្រឡាញ់ទតមើលយើង។ (សូមអាន ទំនុកដំកើង ១១:៤) ព្រះយេហូវ៉ាពិតជារីករាយណាស់! ពេលឃើញអ្នកកំពុងតែទប់ទល់នឹងសេចក្ដីល្បួង។ ដោយធ្វើដូច្នេះ នោះអ្នកធ្វើតាមការព្រមានរបស់ព្រះយេស៊ូដែលបានកត់ទុកក្នុងម៉ាថាយ ៥:២៨។ ចូរតាំងចិត្តមិនមើលរូបភាពដែលនឹងទាក់ទាញយើងឲ្យធ្វើខុសទំនង។ កុំប្ដូរចិត្តស្មោះគ្រប់លក្ខណៈដែលមានតម្លៃរបស់អ្នក ជាមួយនឹងទង្វើដែលគួរឲ្យខ្មាស ដូចជាការមើលរូបឬអានរឿងអាសអាភាស!
៨, ៩. (ក) តើដានីយ៉ែលនិងគូកនរបស់គាត់ជួបប្រទះនឹងការពិបាកណាខ្លះស្តីអំពីចិត្តស្មោះគ្រប់លក្ខណៈរបស់ខ្លួន? (ខ) តើគ្រិស្តសាសនិកវ័យក្មេងសព្វថ្ងៃនេះ នាំឲ្យព្រះយេហូវ៉ានិងគ្រិស្តសាសនិកគ្នីគ្នាមានចិត្តរំភើបយ៉ាងដូចម្ដេច?
៨ ណាមួយទៀត យើងក៏អាចជាមនុស្សដែលរក្សាចិត្តស្មោះគ្រប់លក្ខណៈដោយស្ដាប់បង្គាប់ព្រះយេហូវ៉ាពេលនៅជាមួយអ្នកដែលមិនជឿទ្រង់ដែរ។ សូមគិតអំពីដានីយ៉ែលនិងគូកនបីនាក់របស់គាត់។ ពេលនៅក្មេងនៅឡើយ ពួកគាត់ត្រូវបានចាប់ជាឈ្លើយទៅឯទីក្រុងបាប៊ីឡូន។ នៅទីនោះ ពួកគេស្ថិតក្នុងចំណោមមនុស្សដែលមិនស្គាល់ព្រះយេហូវ៉ា ដែលបានបង្ខំពួកគាត់ទាំងបួននាក់ឲ្យបរិភោគម្ហូបអាហារដែលច្បាប់របស់ព្រះហាម។ ក្មេងប្រុសៗទាំងនោះប្រហែលជាគិតឃើញមូលហេតុជាច្រើន ដើម្បីមិនធ្វើតាមច្បាប់របស់ព្រះ។ យ៉ាងណាមិញ មាតាបិតារបស់ពួកគាត់ ជនជាតិយូដាដែលមានភាពចាស់ទុំ និងពួកសង្ឃមិនអាចឃើញអ្វីដែលពួកគាត់កំពុងតែធ្វើឡើយ។ តើនរណានឹងដឹង? ព្រះយេហូវ៉ានឹងដឹង។ ដូច្នេះ ពួកគាត់កាន់ជំហរមាំមួន ហើយស្ដាប់បង្គាប់តាមទ្រង់ ទោះបើមានការបង្ខិតបង្ខំហើយអាចមានគ្រោះថ្នាក់ដល់ខ្លួនក៏ដោយ។—ដា. ១:៣-៩
៩ នៅទូទាំងពិភពលោក សាក្សីព្រះយេហូវ៉ាដែលមានវ័យក្មេងកំពុងតែកាន់ជំហរយ៉ាងមាំមួនស្រដៀងគ្នាដែរ។ ពួកគាត់កំពុងតែកាន់តាមខ្នាតតម្រារបស់ព្រះសម្រាប់ពួកគ្រិស្តសាសនិក ហើយមិនព្រមចុះចាញ់និងការបង្ខិតបង្ខំពីពួកម៉ាកឡើយ។ ពេលប្អូនៗមិនព្រមចូលរួមនឹងការប្រើគ្រឿងញៀន អំពើឃោរឃៅ ជេរប្រទេច អំពើប្រាសចាកសីលធម៌ និងអំពើខុសឆ្គងឯទៀត នោះបានន័យថាប្អូនកំពុងតែស្ដាប់បង្គាប់ព្រះយេហូវ៉ា។ ខណៈដែលប្អូនធ្វើដូច្នេះ នោះប្អូនកំពុងតែរក្សាចិត្តស្មោះគ្រប់លក្ខណៈ។ ប្អូនទទួលប្រយោជន៍ ព្រមទាំងនាំឲ្យព្រះយេហូវ៉ានិងគ្រិស្តសាសនិកគ្នីគ្នាមានចិត្តរំភើបណាស់!—ទំនុក. ១១០:៣
១០. (ក) តើមានគំនិតខុសណាស្តីអំពីអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ ដែលនាំឲ្យយុវវ័យខ្លះលះចោលចិត្តស្មោះគ្រប់លក្ខណៈរបស់ខ្លួន? (ខ) ស្តីអំពីគ្រោះថ្នាក់ដែលអាចបណ្ដាលមកពីការប្រាសចាកសីលធម៌ខាងផ្លូវភេទ តើចិត្តស្មោះគ្រប់លក្ខណៈនាំឲ្យយើងប្រព្រឹត្តយ៉ាងដូចម្ដេច?
១០ យើងក៏ត្រូវចេះស្ដាប់បង្គាប់ពេលទាក់ទងជាមួយមនុស្សភេទផ្ទុយដែរ។ យើងដឹងថាបណ្ដាំរបស់ព្រះហាមអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ។ យ៉ាងណាក៏ដោយ គឺស្រួលឲ្យយើងភ្លាត់ភ្លាំងពីចិត្តគំនិតដែលចេះស្ដាប់បង្គាប់ ទៅជាបណ្ដែតបណ្ដោយវិញ។ ជាឧទាហរណ៍ យុវវ័យខ្លះចូលរួមនឹងការរួមភេទតាមមាត់ តាមផ្លូវបាទ ឬស្ទាបអង្អែលនូវសរីរាង្គភេទគ្នាទៅវិញទៅមក។ ពួកគេបានគិតក្នុងចិត្តថា ទង្វើបែបនេះគឺមិនខុស ដោយសារមិនមែនជាការរួមដំណេកមែនទែនទេ។ យុវវ័យបែបនោះភ្លេចឬក៏មិនចង់ចាំថា ពាក្យក្នុងគម្ពីរស្តីអំពីអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ រួមបញ្ចូលទង្វើទាំងអស់នោះ។ ណាមួយទៀត អស់អ្នកដែលប្រព្រឹត្តទង្វើខុសបែបនោះអាចត្រូវបណ្ដាច់មិត្តភាព។a អ្វីដែលអាក្រក់ជាងនេះទៅទៀត ពួកគេធ្វើព្រងើយកន្តើយចំពោះការរក្សាឲ្យមានចិត្តស្មោះគ្រប់លក្ខណៈ។ ដោយសារយើងព្យាយាមរក្សាចិត្តស្មោះគ្រប់លក្ខណៈរបស់យើង នោះយើងមិនខំរកលេសដើម្បីប្រព្រឹត្តអាក្រក់ទេ។ យើងមិនភ្លើតភ្លើនគិតតែធ្វើអ្វីដែលនាំឲ្យយើងហៀបនឹងប្រព្រឹត្តអំពើខុសឆ្គងដោយមិនទទួលការដាក់ទោសឡើយ។ យើងមិនផ្ចង់អារម្មណ៍ទៅលើការទូន្មានប្រដៅដែលយើងប្រហែលជាទទួលពីក្រុមជំនុំតែប៉ុណ្ណោះទេ។ ផ្ទុយទៅវិញ យើងផ្ចង់អារម្មណ៍ទៅលើការប្រព្រឹត្តដែលគាប់ចិត្តព្រះយេហូវ៉ា ដោយជៀសចេញពីការប្រព្រឹត្តដែលបញ្ឈឺចិត្តទ្រង់។ ជាជាងធ្វើអ្វីដែលនាំឲ្យយើងហៀបនឹងប្រព្រឹត្តអំពើខុសឆ្គង នោះយើងត្រូវចាកឲ្យឆ្ងាយហើយ«រត់ពីការសហាយស្មន់ចេញ»។ (១កូ. ៦:១៨) យ៉ាងនេះ យើងបង្ហាញថាយើងជាមនុស្សដែលមានចិត្តស្មោះគ្រប់លក្ខណៈពិតប្រាកដ។
តើយើងអាចរក្សាឲ្យមានចិត្តស្មោះគ្រប់ លក្ខណៈយ៉ាងដូចម្ដេច?
១១. ហេតុអ្វីការប្រព្រឹត្តនីមួយៗដែលបង្ហាញពីការស្ដាប់បង្គាប់គឺសំខាន់? សូមលើកឧទាហរណ៍។
១១ យើងបណ្ដុះឲ្យមានចិត្តស្មោះដោយការស្ដាប់បង្គាប់។ ដូច្នេះ យើងរក្សាចិត្តស្មោះគ្រប់លក្ខណៈដោយមានគន្លងជីវិតដែលចេះស្ដាប់បង្គាប់រហូត។ ការប្រព្រឹត្តដោយស្ដាប់បង្គាប់ព្រះតែមួយដង មើលទៅប្រហែលជាមិនសំខាន់ទេ។ ប៉ុន្តែ បន្ដិចម្ដងៗ នោះការប្រព្រឹត្តដែលបង្ហាញពីការស្ដាប់បង្គាប់ព្រះ សឲ្យឃើញថាយើងមានចិត្តស្មោះគ្រប់លក្ខណៈ។ ជាឧទាហរណ៍ បើគិតអំពីការសាងសង់ផ្ទះ ឥដ្ឋតែមួយដុំប្រហែលជាមើលទៅស្តួចស្តើងណាស់។ ប៉ុន្តែ បើយើងរៀបឥដ្ឋច្រើនដុំជាប់ៗគ្នា នោះយើងអាចសង់ជាផ្ទះដ៏ល្អមួយបាន។ ដូច្នេះ ដោយបន្តបន្ថែមការប្រព្រឹត្តដែលបង្ហាញពីការស្ដាប់បង្គាប់ នោះយើងរក្សាចិត្តស្មោះគ្រប់លក្ខណៈរបស់យើង។—លូ. ១៦:១០
១២. ពេលមានគេធ្វើបាបនិងរងអំពើអយុត្ដិធម៌ តើដាវីឌបានតាំងគំរូក្នុងការរក្សាឲ្យមានចិត្តស្មោះគ្រប់លក្ខណៈយ៉ាងដូចម្ដេច?
១២ ជាពិសេស ចិត្តស្មោះគ្រប់លក្ខណៈរបស់យើងត្រូវបានសឲ្យឃើញពេលយើងស៊ូទ្រាំនឹងទុក្ខលំបាក ពេលគេធ្វើបាប ឬរងអំពើអយុត្ដិធម៌។ សូមគិតអំពីគំរូរបស់ដាវីឌដែលមានក្នុងគម្ពីរ។ ពេលនៅក្មេងនៅឡើយ គាត់បានស៊ូទ្រាំនឹងការបៀតបៀនពីស្តេចមួយអង្គដែលគួរតែតំណាងអំណាចរបស់ព្រះយេហូវ៉ា។ យ៉ាងណាក្ដី ស្តេចសូលលែងជាទីគាប់ចិត្តដល់ព្រះយេហូវ៉ាហើយមានចិត្តច្រណែនយ៉ាងខ្លាំងនឹងដាវីឌ ដោយសារព្រះពេញចិត្តនឹងដាវីឌ។ ប៉ុន្តែ សូលនៅតែមានអំណាចអស់មួយរយៈទៀត ហើយបានប្រើកងទ័ពអ៊ីស្រាអែលដើម្បីដេញតាមវាយប្រហារដាវីឌ។ ព្រះយេហូវ៉ាអនុញ្ញាតឲ្យអំពើអយុត្ដិធម៌នេះបន្តកើតឡើងអស់ច្រើនឆ្នាំទៀត។ តើដាវីឌមានចិត្តមួម៉ៅនឹងព្រះទេ? តើគាត់បានគិតថាគ្មានហេតុឲ្យខ្លួនស៊ូទ្រាំទេ? មិនបានគិតទេ។ ផ្ទុយទៅវិញ គាត់មានការគោរពយ៉ាងជ្រាលជ្រៅចំពោះឋានៈរបស់សូលជាអ្នកដែលព្រះបានរើសតាំង។ ណាមួយទៀត ពេលដែលដាវីឌមានឱកាសសងសឹកនឹងសូលវិញ គាត់មិនព្រមធ្វើដូច្នោះឡើយ។—១សាំ. ២៤:២-៧
១៣. ប្រសិនបើគេបញ្ឈឺចិត្តឬធ្វើឲ្យយើងទើសចិត្ត តើយើងអាចរក្សាចិត្តស្មោះគ្រប់លក្ខណៈយ៉ាងដូចម្ដេច?
១៣ គំរូរបស់ដាវីឌពិតជាមានឥទ្ធិពលខ្លាំងមកលើយើងសព្វថ្ងៃនេះ! យើងជាផ្នែកមួយនៃក្រុមជំនុំដែលមានទូទាំងពិភពលោក។ ក្រុមជំនុំទាំងនោះ មានមនុស្សមិនល្អឥតខ្ចោះ ហើយមួយណាក៏ដោយអាចប្រព្រឹត្តដោយអយុត្ដិធម៌ដល់យើង ឬក៏លែងមានចិត្តស្មោះត្រង់ផងដែរ។ ពិតមែនហើយ យើងមានពរដោយរស់នៅក្នុងគ្រា ដែលគ្មាននរណាអាចធ្វើឲ្យរាស្ត្ររបស់ព្រះយេហូវ៉ាជាក្រុម បោះបង់ចោលចិត្តស្មោះគ្រប់លក្ខណៈបានឡើយ។ (អេសា. ៥៤:១៧) យ៉ាងណាក៏ដោយ តើយើងនឹងមានប្រតិកម្មយ៉ាងណាបើបុគ្គលម្នាក់បញ្ឈឺចិត្ត ឬធ្វើឲ្យយើងធ្លាក់ទឹកចិត្ត? ប្រសិនបើយើងចងគំនុំចំពោះអ្នកជឿគ្នីគ្នាម្នាក់ នោះអាចនាំឲ្យយើងលះចោលចិត្តស្មោះគ្រប់លក្ខណៈរបស់យើងចំពោះព្រះ។ យើងមិនអាចយកលេសបណ្ដោយខ្លួនឲ្យតូចចិត្តនឹងព្រះ ឬបោះបង់ចោលគន្លងជីវិតដ៏ស្មោះត្រង់ ដោយសារកិរិយាប្រព្រឹត្តរបស់អ្នកឯទៀតឡើយ។ (ទំនុក. ១១៩:១៦៥) ទោះបើប្រឈមមុខនឹងទុក្ខលំបាកក៏ដោយ បើយើងស៊ូទ្រាំ នោះនឹងជួយយើងឲ្យរក្សាចិត្តស្មោះគ្រប់លក្ខណៈ។
១៤. ចំពោះការផ្លាស់ប្ដូរដែលទាក់ទងនឹងរបៀបរៀបចំផ្សេងៗ និងសេចក្ដីបង្រៀនក្នុងអង្គការរបស់ព្រះ តើមនុស្សដែលមានចិត្តស្មោះគ្រប់លក្ខណៈមានប្រតិកម្មយ៉ាងណា?
១៤ ម្យ៉ាងទៀត យើងអាចរក្សាចិត្តស្មោះគ្រប់លក្ខណៈដោយជៀសវាងពីទម្លាប់ដែលខំរកកំហុសនិងទិតៀនគេ។ ពិតមែន នេះបានសេចក្ដីថាយើងត្រូវតែមានចិត្តភក្ដីចំពោះព្រះយេហូវ៉ា។ ឥឡូវ ទ្រង់កំពុងតែផ្ដល់ពរទៅលើរាស្ត្ររបស់ទ្រង់ច្រើនជាងមុនៗទៅទៀត។ ក្នុងប្រវត្ដិសាស្ត្រ ការថ្វាយបង្គំបរិសុទ្ធមិនដែលបានលើកតម្កើងនៅលើផែនដីដូចឥឡូវនេះទេ។ (អេសា. ២:២-៤) កាលណាមានការផ្លាស់ប្ដូរក្នុងការពន្យល់បទគម្ពីរ ឬរបៀបរៀបចំផ្សេងៗក្នុងអង្គការរបស់ព្រះ យើងពិតជាចង់ធ្វើតាមការផ្លាស់ប្ដូរនោះ។ យើងរំភើបចិត្តដោយឃើញទីសំអាងដែលបញ្ជាក់ថា នៅតែមានសេចក្ដីបង្រៀនកាន់តែច្រើនឡើងៗពីព្រះ ដែលប្រៀបដូចជាពន្លឺ។ (សុ. ៤:១៨) ប្រសិនបើយើងពិបាកយល់ស្តីអំពីការផ្លាស់ប្ដូរណាមួយ យើងសុំព្រះយេហូវ៉ាឲ្យជួយយើងដើម្បីស្វែងយល់ពីចំណុចនោះ។ ទំរាំពេលនោះ យើងនៅតែចេះស្ដាប់បង្គាប់ ហើយរក្សាចិត្តស្មោះគ្រប់លក្ខណៈរបស់យើង។
ចុះយ៉ាងណាវិញ បើបុគ្គលម្នាក់មិនបានរក្សាចិត្តស្មោះគ្រប់លក្ខណៈរបស់ខ្លួន?
១៥. តើមានតែអ្នកណាដែលអាចនាំឲ្យអ្នកលែងរក្សាចិត្តស្មោះគ្រប់លក្ខណៈ?
១៥ សំណួរនេះនាំយើងគិតឲ្យបានដិតដល់ មែនទេ? ដូចយើងបានរៀនពីអត្ថបទមុន ចិត្តស្មោះគ្រប់លក្ខណៈពិតជាសំខាន់ចាំបាច់មែន។ បើគ្មានចិត្តស្មោះគ្រប់លក្ខណៈ នោះយើងមិនមានចំណងមេត្រីភាពជាមួយនឹងព្រះយេហូវ៉ា ថែមទាំងមិនមានសេចក្ដីសង្ឃឹមពិតប្រាកដផង។ ចូរចាំកុំភ្លេចចំណុចតទៅនេះ ពោលគឺ មានតែបុគ្គលម្នាក់គត់ក្នុងសកលលោកដែលអាចនាំឲ្យអ្នកលែងរក្សាចិត្តស្មោះគ្រប់លក្ខណៈ។ បុគ្គលនោះគឺរូបអ្នកផ្ទាល់។ យ៉ូបបានយល់ច្បាស់អំពីសេចក្ដីពិតនោះ។ គាត់បានមានប្រសាសន៍ថា៖ «រហូតដល់ថ្ងៃស្លាប់ ខ្ញុំមិនព្រមលះចោលចិត្តស្មោះគ្រប់លក្ខណៈរបស់ខ្ញុំឡើយ»។ (ទំនុក. ២៦:១; ព.ថ.) ប្រសិនបើអ្នកប្ដេជ្ញាចិត្តដូចយ៉ូប ព្រមទាំងរក្សាឲ្យមានចំណងមិត្តភាពជិតស្និទ្ធជាមួយនឹងព្រះយេហូវ៉ា នោះនឹងជួយអ្នកឲ្យរក្សាចិត្តស្មោះគ្រប់លក្ខណៈ។—យ៉ា. ៤:៨
១៦, ១៧. (ក) ប្រសិនបើបុគ្គលម្នាក់ប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរ តើគាត់មិនគួរធ្វើអ្វី? (ខ) ផ្ទុយទៅវិញ តើគាត់គួរធ្វើអ្វី?
១៦ យ៉ាងណាក្ដី អ្នកខ្លះមិនបានរក្សាចិត្តស្មោះគ្រប់លក្ខណៈរបស់ខ្លួនឡើយ។ សព្វថ្ងៃនេះគ្រិស្តសាសនិកខ្លះមានទម្លាប់ប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរ ដូចបានកើតឡើងនៅសម័យពួកសាវ័កដែរ។ ប្រសិនបើអ្នកធ្លាប់ធ្វើដូច្នោះ តើគួរអស់សង្ឃឹមទេ? មិនគួរអស់សង្ឃឹមឡើយ។ តើអ្នកអាចធ្វើអ្វី? សូមពិនិត្យមើលអ្វីដែលយើងមិនត្រូវធ្វើជាមុនសិន។ មនុស្សទាំងអស់មានទំនោរចិត្តលាក់អំពើខុសឆ្គងរបស់ខ្លួនពីមាតាបិតា គ្រិស្តសាសនិកគ្នីគ្នា ឬពួកអ្នកចាស់ទុំ។ យ៉ាងណាក៏ដោយ គម្ពីររំលឹកយើងឲ្យដឹងថា៖ «អ្នកណាដែលគ្របបាំងការរំលងរបស់ខ្លួន នោះនឹងមិនចំរើនឡើងទេ តែអ្នកណាដែលលន់តួ ហើយលះបង់អំពើនោះ នឹងប្រទះបានសេចក្ដីមេត្ដាករុណាវិញ»។ (សុ. ២៨:១៣) អស់អ្នកដែលខំគ្របបាំងអំពើខុសឆ្គង នោះធ្វើខុសដែលគួរឲ្យសោកស្ដាយមែន ពីព្រោះគ្មានអ្វីដែលអាចលាក់បាំងពីព្រះឡើយ។ (សូមអាន ហេព្រើរ ៤:១៣) អ្នកខ្លះជាមនុស្សមុខពីរ ធ្វើពុតជាអ្នកដែលកំពុងបម្រើព្រះយេហូវ៉ា ខណៈដែលខ្លួនកំពុងតែធ្វើអំពើខុសឆ្គងធ្ងន់ធ្ងរ។ ការធ្វើជាមនុស្សមុខពីរ គ្មានចិត្តស្មោះគ្រប់លក្ខណៈសោះ តាមពិតជាទង្វើដែលផ្ទុយពីចិត្តស្មោះគ្រប់លក្ខណៈវិញ។ ព្រះយេហូវ៉ាមិនពេញចិត្តនឹងការថ្វាយបង្គំរបស់អ្នកដែលកំពុងតែលាក់បាំងអំពើខុសឆ្គងធ្ងន់ធ្ងរឡើយ។ ផ្ទុយទៅវិញ ការលាក់ពុតបែបនេះនាំឲ្យទ្រង់មានចិត្តខឹង។—សុ. ២១:២៧; អេសា. ១:១១-១៦
១៧ កាលណាគ្រិស្តសាសនិកម្នាក់ប្រព្រឹត្តអំពើខុសទំនងធ្ងន់ធ្ងរ នោះមានការណែនាំយ៉ាងជាក់លាក់ក្នុងគម្ពីរអំពីអ្វីដែលគាត់ត្រូវធ្វើ។ គាត់ត្រូវតែសុំជំនួយពីពួកអ្នកចាស់ទុំក្នុងក្រុមជំនុំ។ ព្រះយេហូវ៉ាបានតែងតាំងពួកអ្នកចាស់ទុំ ជាបុគ្គលដែលអាចជួយអស់អ្នកដែលបានបង្ខូចចំណងមេត្រីភាពជាមួយនឹងព្រះ ដែលប្រៀបដូចជាជំងឺម្យ៉ាង។ (សូមអាន យ៉ាកុប ៥:១៤) សូមកុំឲ្យការភ័យខ្លាចការទូន្មានប្រដៅ ឬការកែតម្រង់ណាដែលអ្នកអាចទទួល បញ្ឈប់អ្នកពីការដេញតាមវិធីដែលអាចជួយអ្នកឲ្យមានចំណងមេត្រីភាពជាមួយព្រះវិញឡើយ។ យ៉ាងណាមិញ បុគ្គលដែលមានប្រាជ្ញាសុខចិត្តរងឈឺចាប់ជាបណ្ដោះអាសន្នដែលមកពីការចាក់ថ្នាំ ឬក៏ការវះកាត់ ដើម្បីព្យាបាលជំងឺដែលអាចនាំឲ្យគាត់ស្លាប់ មែនទេ?—ហេ. ១២:១១
១៨, ១៩. (ក) តើគំរូរបស់ដាវីឌបង្ហាញថា យើងអាចមានចិត្តស្មោះគ្រប់លក្ខណៈវិញយ៉ាងដូចម្ដេច? (ខ) ស្តីអំពីចិត្តស្មោះគ្រប់លក្ខណៈរបស់អ្នក តើអ្នកតាំងចិត្តធ្វើអ្វី?
១៨ តើអាចសង្ឃឹមឲ្យមានចំណងមេត្រីភាពជាមួយព្រះយេហូវ៉ាដូចពីមុនទេ? ប្រសិនបើបាត់បង់ចិត្តស្មោះគ្រប់លក្ខណៈ តើអាចមានវិញទេ? សូមពិចារណាម្ដងទៀតអំពីគំរូរបស់ដាវីឌ ដែលបានប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរ។ គាត់លោភចង់បានភរិយារបស់បុរសម្នាក់ទៀត ប្រព្រឹត្តការផិតក្បត់ ថែមទាំងរៀបផែនការដើម្បីសម្លាប់ស្វាមីដែលគ្មានទោសនោះ។ ពិតជាពិបាកឲ្យយើងគិតថា នៅពេលនោះដាវីឌជាបុរសដែលមានចិត្តស្មោះគ្រប់លក្ខណៈ មែនទេ? ប៉ុន្តែ តើស្ថានការណ៍នោះនាំឲ្យគាត់អស់សង្ឃឹមទេ? ដាវីឌត្រូវការការទូន្មានប្រដៅយ៉ាងម៉ឺងម៉ាត់ ហើយគាត់បានទទួលមែន។ ក្រោយមក ព្រះយេហូវ៉ាបានបង្ហាញសេចក្ដីមេត្ដាករុណាដល់គាត់ ដោយសារគាត់បានកែប្រែចិត្តយ៉ាងស្មោះ។ ដាវីឌបានរៀនពីការទូន្មានប្រដៅនោះ ហើយមានចិត្តស្មោះគ្រប់លក្ខណៈវិញដោយស្ដាប់បង្គាប់ព្រះ មិនថាមានអ្វីកើតឡើងក៏ដោយ។ ជីវិតរបស់ដាវីឌបានបង្ហាញពីអ្វីដែលយើងអាននៅសៀវភៅសុភាសិត ២៤:១៦ ដែលថា៖ «ដ្បិតមនុស្សសុចរិត ទោះបើគេដួលដល់៧ដងក៏ដោយ គង់តែនឹងក្រោកឡើងវិញបាន»។ តើមានលទ្ធផលអ្វី? សូមពិចារណាអ្វីដែលព្រះយេហូវ៉ាបានថ្លែងអំពីដាវីឌទៅសាឡូម៉ូនបន្ទាប់ពីដាវីឌបានទទួលមរណភាព។ (សូមអាន ពង្សាវតារក្សត្រទី១ ៩:៤) ព្រះបាននឹកចាំពីដាវីឌ ជាបុរសដែលមានចិត្តស្មោះគ្រប់លក្ខណៈ។ ព្រះយេហូវ៉ាពិតជាអាចសម្អាតអ្នកដែលប្រែចិត្តយ៉ាងស្មោះ ពីស្នាមដែលបណ្ដាលមកពីអំពើខុសឆ្គងធ្ងន់ធ្ងរ។—អេសា. ១:១៨
១៩ ត្រូវហើយ អ្នកនឹងទៅជាមនុស្សដែលមានចិត្តស្មោះគ្រប់លក្ខណៈដោយស្ដាប់បង្គាប់ព្រះដោយសេចក្ដីស្រឡាញ់។ សូមរក្សាឲ្យមានការស៊ូទ្រាំដោយចិត្តភក្ដី ហើយបើប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរ សូមកែប្រែចិត្តយ៉ាងស្មោះ។ ចិត្តស្មោះគ្រប់លក្ខណៈរបស់យើងពិតជាមានតម្លៃណាស់! សូមឲ្យយើងម្នាក់ៗតាំងចិត្តដូចដាវីឌ ដែលថា៖ «ចំណែកទូលបង្គំៗនឹងដើរដោយចិត្តគ្រប់លក្ខណ៍[ឬ«ចិត្តស្មោះគ្រប់លក្ខណៈ»]របស់ទូលបង្គំតទៅ»។—ទំនុក. ២៦:១១; ព.ថ.
[កំណត់សម្គាល់]
តើអ្នកនឹងឆ្លើយយ៉ាងណា?
• តើអ្នកអាចជាមនុស្សដែលមានចិត្តស្មោះគ្រប់លក្ខណៈយ៉ាងដូចម្ដេច?
• តើអ្នកអាចរក្សាចិត្តស្មោះគ្រប់លក្ខណៈតាមវិធីណាខ្លះ?
• តើអ្នកអាចមានចិត្តស្មោះគ្រប់លក្ខណៈវិញយ៉ាងដូចម្ដេច?
[ប្រអប់នៅទំព័រ១៨]
«ទង្វើល្អប្រសើរមែន»
ស្ត្រីម្នាក់មានផ្ទៃពោះប្រាំខែ បាននិយាយពាក្យទាំងនេះអំពីមនុស្សចម្លែកម្នាក់ដែលមានចិត្តសប្បុរសនិងចិត្តស្មោះ។ នាងបានចូលហាងកាហ្វេមួយ។ តែប៉ុន្មានម៉ោងក្រោយពីនាងបានចេញពីហាងកាហ្វេនោះ ស្រាប់តែភ្ញាក់ខ្លួនថាភ្លេចកាបូបលុយ។ ធម្មតានាងមិនដាក់លុយច្រើនក្នុងកាបូបទេ។ ប៉ុន្តែ នៅពេលនោះ ក្នុងកាបូបនាងមានលុយចំនួន២.០០០ដុល្លារឯណោះ។ ក្រោយមក នាងបានប្រាប់អ្នកកាសែតថា៖ «ខ្ញុំពិបាកចិត្តខ្លាំងមែនទែន ពេលបាត់កាបូបលុយ»។ ក៏ប៉ុន្តែ ស្ត្រីវ័យក្មេងម្នាក់បានឃើញកាបូបនោះ ហើយស្វះស្វែងរកម្ចាស់ភ្លាមៗ។ ដោយរកម្ចាស់មិនឃើញ នាងបានយកកាបូបនោះទៅឯប៉ុស្តិ៍នគរបាល ហើយទីបំផុតក្រុមនគរបាលក៏បានរកឃើញទីលំនៅរបស់ស្ត្រីដែលមានផ្ទៃពោះនោះ។ ដោយចិត្តអបអរ ម្ចាស់កាបូបនិយាយថា៖ «ទង្វើនេះ ពិតជាទង្វើល្អប្រសើរមែន»។ ហេតុអ្វីបានជាស្ត្រីវ័យក្មេងខំប្រឹងខ្នះខ្នែងជូនកាបូបលុយទៅស្ត្រីនោះវិញ? អត្ថបទក្នុងកាសែតនោះបានរៀបរាប់ថា នាងជាសាក្សីព្រះយេហូវ៉ា នាង«បានបង្ហាញចិត្តស្មោះបែបនោះ ដោយសារសាសនាដែលនាងបានកាន់តាំងពីក្មេងមក»។
[រូបភាពនៅទំព័រ១៩]
ប្អូនៗយុវវ័យអាចរក្សាចិត្តស្មោះគ្រប់លក្ខណៈ ពេលមានការល្បងល
[រូបភាពនៅទំព័រ២០]
ដាវីឌមិនបានរក្សាចិត្តស្មោះគ្រប់លក្ខណៈអស់មួយរយៈ ប៉ុន្តែ ក្រោយមកគាត់មានចិត្តស្មោះគ្រប់លក្ខណៈវិញ