បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w05 ១/៣ ទំ. ៧-១២
  • ចូរដើរដោយមានចិត្ដគ្រប់ល័ក្ខណ៍

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ចូរដើរដោយមានចិត្ដគ្រប់ល័ក្ខណ៍
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៥
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • «ទូល​បង្គំ​បាន​ដើរ​តាម​ចិត្ត​គ្រប់​លក្ខណ៍​របស់​ទូល​បង្គំ»
  • ‹សូម​សម្រាំង​ចិត្ត​ថ្លើម​របស់​ទូល​បង្គំ›
  • ‹សេចក្ដី​សប្បុរស​នៃ​ទ្រង់​នៅ​ចំពោះ​មុខ​ទូល​បង្គំ›
  • «ទូល​បង្គំ​មិន​បាន​អង្គុយ​រួម​ជា​មួយ​នឹង​មនុស្ស​ភូតភរ​ឡើយ»
  • ‹ទូល​បង្គំ​នឹង​ថ្លែង​ប្រាប់​ពី​គ្រប់​ទាំង​ការ​អស្ចារ្យ​របស់​ទ្រង់›
  • ‹ទូល​បង្គំ​ស្រឡាញ់​ដំណាក់​ទ្រង់›
  • ‹សូម​កុំ​ដក​ជីវិត​ទូល​បង្គំ›
  • «សូម​លោះ​ហើយ​មេត្ដា​ប្រោស​ដល់​ទូល​បង្គំ​ផង»
  • រក្សាចិត្ដស្មោះគ្រប់លក្ខណៈ ដោយមូលហេតុអ្វី?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
  • តើអ្នកនឹងកាន់ខ្ជាប់តាមចិត្ដស្មោះគ្រប់លក្ខណៈរបស់អ្នកទេ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
  • ចូររក្សាចិត្តស្មោះឥតងាករេ!
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៩
  • យើងនឹងប្រព្រឹត្តដោយចិត្តស្មោះគ្រប់លក្ខណៈ!
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១០
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៥
w05 ១/៣ ទំ. ៧-១២

ចូរ​ដើរ​ដោយ​មាន​ចិត្ត​គ្រប់​ល័ក្ខណ៍

«ចំណែក​ទូល​បង្គំៗនឹង​ដើរ​ដោយ​ចិត្ត​គ្រប់​លក្ខណ៍​របស់​ទូល​បង្គំ​ត​ទៅ»។—ទំនុកដំកើង ២៦:១១

១, ២​. (ក) ហេតុ​អ្វី​បាន​ជា​ចិត្ត​គ្រប់​ល័ក្ខណ៍​របស់​មនុស្ស​ទាក់ទង​នឹង​រឿង​សិទ្ធិ​គ្រប់គ្រង​របស់​ព្រះ? (ខ) តើ​បុគ្គល​វិញ្ញាណ​និង​មនុស្ស​អាច​បង្ហាញ​ថា​ពួក​គេ​គាំទ្រ​ខាង​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច?

នៅ​សួនច្បារ​អេដែន ពេល​ដែល​សាតាំង​បាន​ប្រឆាំង​នឹង​ព្រះ វា​បាន​ចោទ​ប្រកាន់​ដោយ​ទម្លាក់​ការ​សង្ស័យ​ទៅ​លើ​សិទ្ធិ​របស់​ទ្រង់​ក្នុង​ការ​គ្រប់គ្រង​លើ​មនុស្ស​និង​បុគ្គល​វិញ្ញាណ។ ក្រោយ​មក​ទៀត វា​ក៏​បាន​ចោទ​ប្រកាន់​ថា​មនុស្ស​បំរើ​ព្រះ​ដរាប​ណា​ដែល​ខ្លួន​គេ​បាន​ទទួល​ផល​ប្រយោជន៍​តែ​ប៉ុណ្ណោះ។ (យ៉ូប ១:៩​-​១១; ២:៤) ហេតុ​ដូច្នេះ ចិត្ត​គ្រប់​ល័ក្ខណ៍​របស់​មនុស្ស​បាន​ត្រូវ​ពាក់​ព័ន្ធ​នឹង​រឿង​ដែល​ថា តើ​ព្រះ​យេហូវ៉ា​មាន​សិទ្ធិ​គ្រប់គ្រង​លើ​សកល​លោក​ឬ​ក៏​អត់។

២ ទោះ​ជា​សិទ្ធិ​គ្រប់គ្រង​របស់​ព្រះ​មិន​ពឹង​ទៅ​លើ​ចិត្ត​គ្រប់​ល័ក្ខណ៍​របស់​មនុស្ស​ជាតិ​និង​បុត្រ​វិញ្ញាណ​របស់​ទ្រង់​ក៏​ដោយ ក៏​ពួក​គេ​អាច​បង្ហាញ​ជំហរ​របស់​ខ្លួន​ក្នុង​រឿង​នេះ​បាន។ តើ​យ៉ាង​ដូច​ម្ដេច? គឺ​ដោយ​សម្រេច​ចិត្ត​ដើរ​ដោយ​មាន​ចិត្ត​គ្រប់​ល័ក្ខណ៍​ឬ​ក៏​ចៀស​ចេញ។ អាស្រ័យ​ហេតុ​នេះ ចិត្ត​គ្រប់​ល័ក្ខណ៍​របស់​មនុស្ស​ម្នាក់​អាច​យក​ជា​មូលដ្ឋាន​ត្រឹម​ត្រូវ​សំរាប់​វិនិច្ឆ័យ​អ្នក​នោះ​ឯង។

៣​. (ក) តើ​យ៉ូប​និង​ដាវីឌ​ចង់​ឲ្យ​ព្រះ​យេហូវ៉ា​ពិនិត្យ​និង​វិនិច្ឆ័យ​អ្វី? (ខ) តើ​មាន​សំនួរ​អ្វី​ចោទ​ឡើង​ទាក់ទង​នឹង​ចិត្ត​គ្រប់​ល័ក្ខណ៍​នោះ?

៣ យ៉ូប​បាន​ពោល​ដោយ​មាន​ទំនុក​ចិត្ត​ទាំង​ស្រុង​ថា៖ «សូម​ឲ្យ​[ព្រះ​យេហូវ៉ា]ថ្លឹង​ខ្ញុំ​ដោយ​ជញ្ជីង​ត្រឹម​ត្រូវ ដើម្បី​ឲ្យ​ទ្រង់​បាន​ជ្រាប​គំនិត​ទៀងត្រង់[ឬ«ចិត្ត​គ្រប់​ល័ក្ខណ៍», ព.ថ.]របស់​ខ្ញុំ»។ (យ៉ូប ៣១:៦) ស្តេច​ដាវីឌ ស្តេច​ស្រុក​អ៊ីស្រាអែល​ពី​បុរាណ​បាន​អធិស្ឋាន​សុំ​ព្រះ​យេហូវ៉ា​ពិនិត្យ​ចិត្ត​គ្រប់​ល័ក្ខណ៍​របស់​ទ្រង់​ថា៖ «ឱ​ព្រះ​យេហូវ៉ា​អើយ! សូម​ទ្រង់​វិនិច្ឆ័យ​ឲ្យ​ទូល​បង្គំ ដ្បិត​ទូល​បង្គំ​បាន​ដើរ​តាម​ចិត្ត​គ្រប់​លក្ខណ៍របស់​ទូល​បង្គំ ក៏​បាន​ទុក​ចិត្ត​នឹង​ព្រះ​យេហូវ៉ា​ឥត​ល្អៀង​ឡើយ»។ (ទំនុកដំកើង ២៦:១, កំណែ​ជា​អក្សរ​ទ្រេត) គឺ​ជា​ការ​សំខាន់​ណាស់​ដែល​យើង​ដើរ​ដោយ​មាន​ចិត្ត​គ្រប់​ល័ក្ខណ៍​ដែរ! ប៉ុន្តែ តើ​ចិត្ត​គ្រប់​ល័ក្ខណ៍​ជា​អ្វី? ហើយ​តើ​ការ​ដើរ​ដោយ​មាន​ចិត្ត​គ្រប់​ល័ក្ខណ៍​មាន​ន័យ​ដូច​ម្ដេច? តើ​អ្វី​នឹង​ជួយ​ឲ្យ​យើង​ដើរ​ដោយ​មាន​ចិត្ត​គ្រប់​ល័ក្ខណ៍​ជានិច្ច​នោះ?

«ទូល​បង្គំ​បាន​ដើរ​តាម​ចិត្ត​គ្រប់​លក្ខណ៍​របស់​ទូល​បង្គំ»

៤​. តើ​ចិត្ត​គ្រប់​ល័ក្ខណ៍​ជា​អ្វី?

៤ ចិត្ត​គ្រប់​ល័ក្ខណ៍​រួម​បញ្ចូល​អត្ថន័យ​ថា ទៀងត្រង់ ឥត​កន្លែង​បន្ទោស សុចរិត និង​ឥត​ទោស​កំហុស។ ក៏​ប៉ុន្តែ ចិត្ត​គ្រប់​ល័ក្ខណ៍​គឺ​មិន​ត្រឹម​តែ​ជា​ការ​ប្រព្រឹត្ត​ត្រឹម​ត្រូវ​ប៉ុណ្ណោះ​ទេ តែ​សំដៅ​ទៅ​ភាព​ត្រឹម​ត្រូវ​ខាង​សីលធម៌ និង​មាន​ចិត្ត​ស្មោះ​ភក្ដី​ទាំង​ស្រុង​ចំពោះ​ព្រះ។ សាតាំង​បាន​ទម្លាក់​ការ​សង្ស័យ​ទៅ​លើ​បំណង​ចិត្ត​របស់​យ៉ូប ពេល​ដែល​វា​ទូល​ព្រះ​យេហូវ៉ា​ថា៖ «ចូរ​ទ្រង់​គ្រាន់​តែ​លូក​ព្រះ​ហស្ត​ទៅ​ពាល់​ដល់​ឆ្អឹង​នឹង​សាច់[យ៉ូប]ចុះ! នោះ​គាត់​នឹង​ប្រមាថ​ដល់​ទ្រង់​នៅ​ចំពោះ​ព្រះ​ភក្ដ្រ»។ (យ៉ូប ២:៥) ចិត្ត​គ្រប់​ល័ក្ខណ៍​តម្រូវ​ឲ្យ​មាន​ការ​ប្រព្រឹត្ត​ត្រឹម​ត្រូវ​ព្រម​ជា​មួយ​នឹង​ការ​មាន​បំណង​ចិត្ត​ត្រឹម​ត្រូវ​ដែរ។

៥​. តើ​អ្វី​បង្ហាញ​ថា​ចិត្ត​គ្រប់​ល័ក្ខណ៍​មិន​មាន​ន័យ​ថា​យើង​ត្រូវ​ជា​មនុស្ស​គ្រប់​ល័ក្ខណ៍​នោះ?

៥ ក៏​ប៉ុន្តែ ការ​រក្សា​ចិត្ត​គ្រប់​ល័ក្ខណ៍​មិន​មាន​ន័យ​ថា យើង​ត្រូវ​ជា​មនុស្ស​គ្រប់​ល័ក្ខណ៍​នោះ​ទេ។ ស្តេច​ដាវីឌ​ជា​មនុស្ស​ឥត​គ្រប់​ល័ក្ខណ៍ ហើយ​ទ្រង់​ធ្លាប់​មាន​កំហុស​ធ្ងន់ធ្ងរ​មួយ​ចំនួន​ក្នុង​ពេល​ដែល​ទ្រង់​មាន​ព្រះ​ជន្ម​រស់។ ប៉ុន្តែ ព្រះ​គម្ពីរ​ចែង​ថា​ដាវីឌ​ជា​មនុស្ស​ដែល​ដើរ«ដោយ​ចិត្ត​ស្មោះ[ឬ«ចិត្ត​គ្រប់​ល័ក្ខណ៍», ព.ថ.]»។ (ពង្សាវតារក្សត្រទី១ ៩:៤) តើ​ហេតុ​អ្វី? ពីព្រោះ​ដាវីឌ​ស្រឡាញ់​ព្រះ​យេហូវ៉ា។ ចិត្ត​ដាវីឌ​គឺ​ស្មោះ​ភក្ដី​ចំពោះ​ព្រះ។ ដាវីឌ​ព្រម​ទទួល​ស្គាល់​កំហុស​របស់​ទ្រង់ ព្រម​ទទួល​ការ​កែ​តម្រង់ ហើយ​ក៏​បាន​ឈប់​ដើរ​គន្លង​ចាស់។ ប្រាកដ​ហើយ ចិត្ត​គ្រប់​ល័ក្ខណ៍​របស់​ដាវីឌ​គឺ​ឃើញ​ជាក់​ស្តែង​ដោយសារ​ទ្រង់​ស្រឡាញ់​ហើយ​មាន​ចិត្ត​ស្មោះ​ភក្ដី​ទាំង​ស្រុង​ចំពោះ​ព្រះ​យេហូវ៉ា។—ចោទិយកថា ៦:៥, ៦

៦, ៧​. តើ​ការ​ដើរ​ដោយ​មាន​ចិត្ត​គ្រប់​ល័ក្ខណ៍​មាន​ន័យ​ដូច​ម្ដេច?

៦ ចិត្ត​គ្រប់​ល័ក្ខណ៍​មិន​មែន​ជា​លក្ខណៈ​ដែល​យើង​ត្រូវ​បង្ហាញ​ក្នុង​តែ​រឿង​សាសនា​ឬ​រឿង​ពិសេស​ណា​មួយ​ប៉ុណ្ណោះ​ឡើយ តែ​នោះ​ក៏​ត្រូវ​បង្ហាញ​ក្នុង​គ្រប់​ការ​ប្រព្រឹត្ត​ក្នុង​ជីវិត​យើង។ ដាវីឌ​បាន«ដើរ»ដោយ​មាន​ចិត្ត​គ្រប់​ល័ក្ខណ៍។ ព្រះ​គម្ពីរ​មួយ​បកស្រាយ​ថា៖ «ពាក្យ‹ដើរ›ជា​កិរិយា​ស័ព្ទ​សំដៅ​លើ‹វិថី​ជីវិត​›ឬ‹របៀប​រស់​នៅ›»។ (The New Interpreter’s Bible) អ្នក​តែង​ទំនុក​បាន​ច្រៀង​អំពី«អ្នក​ដែល​ផ្លូវ​ប្រព្រឹត្ត​របស់​ខ្លួន​បាន​គ្រប់​លក្ខណ៍»ថា៖ «មាន​ពរ​ហើយ! អស់​អ្នក​ដែល​រក្សា​ទុក​នូវ​សេចក្ដី​បន្ទាល់​របស់​ទ្រង់ ជា​អ្នក​ដែល​ស្វែង​រក​ទ្រង់​ឲ្យ​អស់​ពី​ចិត្ត អើ! ពួក​នោះ​មិន​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ឡើយ គឺ​គេ​ដើរ​តាម​ផ្លូវ​របស់​ទ្រង់​វិញ»។ (ទំនុកដំកើង ១១៩:១​-​៣) ចិត្ត​គ្រប់​ល័ក្ខណ៍​តម្រូវ​ឲ្យ​ខំ​ប្រឹង​ធ្វើ​តាម​ព្រះ​ហឫទ័យ​របស់​ព្រះ​ជានិច្ច​ហើយ​ដើរ​តាម​ផ្លូវ​ទ្រង់។

៧ ការ​ដើរ​ដោយ​មាន​ចិត្ត​គ្រប់​ល័ក្ខណ៍​តម្រូវ​ឲ្យ​មាន​ចិត្ត​ស្មោះ​ភក្ដី​ចំពោះ​ព្រះ ទោះ​បើ​ស្ថិត​ក្នុង​កាលៈទេសៈ​ពិបាក​ក៏​ដោយ។ នៅ​ពេល​ដែល​យើង​ស៊ូ​ទ្រាំ​នឹង​ការ​ល្បងល កាន់​ជំហរ​ឲ្យ​បាន​មាំមួន​នៅ​ចំពោះ​មុខ​ការ​លំបាក ឬ​ទប់​ចិត្ត​មិន​បណ្ដោយ​តាម​ការ​ល្បួង​ពី​លោកីយ៍​ដ៏​អាក្រក់​នេះ ចិត្ត​គ្រប់​ល័ក្ខណ៍​របស់​យើង​គឺ​អាច​ឃើញ​ជាក់​ស្តែង។ យើង​ធ្វើ​ឲ្យ​‹ព្រះទ័យ​ព្រះ​យេហូវ៉ា​បាន​រីករាយ› ដោយសារ​ទ្រង់​អាច​តប​ឆ្លើយ​ចំពោះ​អ្នក​ដែល​តិះដៀល​ដល់​ទ្រង់។ (សុភាសិត ២៧:១១) អាស្រ័យ​ហេតុ​នេះ យើង​អាច​តាំង​ចិត្ត​ដូច​យ៉ូប​ថា៖ «ខ្ញុំ​មិន​ព្រម​លះ​ចោល[«ចិត្ត​គ្រប់​ល័ក្ខណ៍», ព.ថ.]ឡើយ​ដរាប​ដល់​ខ្ញុំ​ស្លាប់!»។ (យ៉ូប ២៧:៥) ទំនុក​ទី២៦​បង្ហាញ​នូវ​អ្វី​ដែល​នឹង​ជួយ​យើង​ដើរ​ដោយ​មាន​ចិត្ត​គ្រប់​ល័ក្ខណ៍។

‹សូម​សម្រាំង​ចិត្ត​ថ្លើម​របស់​ទូល​បង្គំ›

៨​. តើ​យើង​រៀន​អ្វី​ពី​ការ​ទូល​អង្វរ​របស់​ដាវីឌ​ដែល​សុំ​ឲ្យ​ព្រះ​យេហូវ៉ា​ពិនិត្យ​ចិត្ត​ថ្លើម​នោះ?

៨ ដាវីឌ​បាន​អធិស្ឋាន​ថា៖ «ឱ​ព្រះ​យេហូវ៉ា​អើយ! សូម​ពិនិត្យ​ទូល​បង្គំ​មើល ព្រម​ទាំង​ល្បងល​ទូល​បង្គំ ហើយ​សាក[ឬ«សម្រាំង», ព.ថ.]ចិត្ត​ថ្លើម​របស់​ទូល​បង្គំ​ផង»។ (ទំនុកដំកើង ២៦:២, កំណែ​ជា​អក្សរ​ទ្រេត) ថ្លើម​ស្ថិត​ក្នុង​រូប​កាយ​មនុស្ស។ ក្នុង​ន័យ​អត្ថបដិរូប ថ្លើម​តំណាង​អារម្មណ៍​និង​គំនិត​ដែល​កប់​យ៉ាង​ជ្រៅ​នៅ​ក្នុង​ចិត្ត​មនុស្ស។ ហើយ​ចិត្ត​សំដៅ​ទៅ​ធាតុ​ពិត​របស់​មនុស្ស​ម្នាក់ រួម​ទាំង​បំណង​ចិត្ត អារម្មណ៍ និង​សតិ​បញ្ញា។ នៅ​ពេល​ដែល​ដាវីឌ​សុំ​ព្រះ​យេហូវ៉ា​ពិនិត្យ​ទ្រង់ នេះ​ជា​ការ​សុំ​ឲ្យ​ព្រះ​ពិនិត្យ​អារម្មណ៍​និង​គំនិត​ដែល​កប់​យ៉ាង​ជ្រៅ​នៅ​ក្នុង​ចិត្ត​របស់​ដាវីឌ។

៩​. តើ​ព្រះ​យេហូវ៉ា​សម្រាំង​ចិត្ត​ថ្លើម​របស់​យើង​យ៉ាង​ដូច​ម្ដេច?

៩ ដាវីឌ​បាន​អង្វរ​ព្រះ​ឲ្យ​សម្រាំង​ចិត្ត​ថ្លើម​របស់​ទ្រង់។ តើ​ព្រះ​យេហូវ៉ា​សម្រាំង​ធាតុ​ពិត​របស់​យើង​យ៉ាង​ដូច​ម្ដេច? ដាវីឌ​បាន​ច្រៀង​ថា៖ «ទូល​បង្គំ​នឹង​សរសើរ​ដល់​ព្រះ​យេហូវ៉ា​ដែល​ទ្រង់​ជួយ​គំនិត[ឬ«ផ្ដល់​យោបល់​ដល់», ខ.ស.]ទូល​បង្គំ អើ! ចិត្ត​ក៏​បង្គាប់​ដល់​ទូល​បង្គំ​នៅ​វេលា​យប់​ដែរ»។ (ទំនុកដំកើង ១៦:៧) តើ​នេះ​មាន​ន័យ​ដូច​ម្ដេច? នេះ​មាន​ន័យ​ថា​ឱវាទ​របស់​ព្រះ​បាន​ជ្រួត​ជ្រាប​ដក់​ជាប់​យ៉ាង​ជ្រៅ​ក្នុង​ចិត្ត​ដាវីឌ ហើយ​ហាក់​ដូច​ជា​បង្គាប់​ឲ្យ​កែ​ប្រែ​ចិត្ត​គំនិត។ យើង​ក៏​អាច​ធ្វើ​ដូច្នេះ​ដែរ បើ​យើង​រំពឹង​គិត​ដោយ​មាន​កតញ្ញូ​ធម៌​ទៅ​លើ​ឱវាទ​ដែល​យើង​ទទួល​តាម​រយៈ​ព្រះ​បន្ទូល​របស់​ព្រះ អ្នក​តំណាង​របស់​ទ្រង់ ហើយ​និង​អង្គការ​ទ្រង់ រួច​ឲ្យ​អ្វី​ទាំង​នោះ​ជ្រួត​ជ្រាប​ដក់​ជាប់​យ៉ាង​ជ្រៅ​ទៅ​ក្នុង​ចិត្ត​យើង។ ការ​អធិស្ឋាន​ទូល​សុំ​ព្រះ​យេហូវ៉ា​ជា​ទៀងទាត់​ឲ្យ​សម្រាំង​ចិត្ត​យើង​តាម​វិធី​នេះ នឹង​ជួយ​យើង​ដើរ​ដោយ​មាន​ចិត្ត​គ្រប់​ល័ក្ខណ៍។

‹សេចក្ដី​សប្បុរស​នៃ​ទ្រង់​នៅ​ចំពោះ​មុខ​ទូល​បង្គំ›

១០​. តើ​អ្វី​បាន​ជួយ​ដាវីឌ​ដើរ​តាម​សេចក្ដី​ពិត​របស់​ព្រះ?

១០ ដាវីឌ​បន្ត​ថា៖ «ដ្បិត​សេចក្ដី​សប្បុរស​នៃ​ទ្រង់​នៅ​ចំពោះ​ភ្នែក​ទូល​បង្គំ ហើយ​ទូល​បង្គំ​បាន​ដើរ​តាម​សេចក្ដី​ពិត​របស់​ទ្រង់»។ (ទំនុកដំកើង ២៦:៣, កំណែ​ជា​អក្សរ​ទ្រេត) ដាវីឌ​ជ្រាប​យ៉ាង​ច្បាស់​អំពី​សេចក្ដី​សប្បុរស​ដែល​ព្រះ​បាន​បង្ហាញ​នោះ ហើយ​ដាវីឌ​បាន​រំពឹង​គិត​ដោយ​មាន​កតញ្ញូ​ធម៌​អំពី​ការ​ប្រព្រឹត្ត​ទាំង​នោះ។ ដាវីឌ​បាន​ច្រៀង​ថា៖ «ព្រលឹង​អញ​អើយ! ចូរ​សរសើរ​ដល់​ព្រះ​យេហូវ៉ា​ចុះ! ហើយ​កុំ​ឲ្យ​ភ្លេច​បណ្ដា​ព្រះ​គុណ​ណា​មួយ​របស់​ទ្រង់​ឡើយ»។ ដោយ​ចាំ​ពី«ព្រះ​គុណ»មួយ​របស់​ព្រះ ដាវីឌ​បាន​ច្រៀង​បន្ត​ថា៖ «ព្រះ​យេហូវ៉ា​ទ្រង់​សំរេច​កិច្ចការ​ដ៏​សុចរិត ហើយ​នឹង​សេចក្ដី​យុត្ដិធម៌ ចំពោះ​អស់​អ្នក​ណា​ដែល​ត្រូវ​គេ​សង្កត់​សង្កិន ទ្រង់​បាន​សំដែង​ឲ្យ​ម៉ូសេ​ស្គាល់​អស់​ទាំង​ផ្លូវ​របស់​ទ្រង់ ហើយ​ឲ្យ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ស្គាល់​អស់​ទាំង​កិច្ចការ​របស់​ទ្រង់​ដែរ»។ (ទំនុកដំកើង ១០៣:២, ៦, ៧) ប្រហែល​ជា​ដាវីឌ​បាន​គិត​អំពី​ពេល​ដែល​អ៊ីស្រាអែល​ត្រូវ​សង្កត់​សង្កិន​ដោយ​ជនជាតិ​អេស៊ីប​នៅ​សម័យ​លោក​ម៉ូសេ។ បើ​ដូច្នេះ ការ​រំពឹង​គិត​ទៅ​លើ​វិធី​ដែល​ព្រះ​យេហូវ៉ា​បង្ហាញ​ឲ្យ​ម៉ូសេ​ស្គាល់​ផ្លូវ​របស់​ទ្រង់​ពេល​ដែល​រំដោះ​រាស្ត្រ​ទ្រង់ ច្បាស់​ជា​បាន​លើក​ទឹក​ចិត្ត​ដាវីឌ​ហើយ​ពង្រឹង​ការ​តាំង​ចិត្ត​ឲ្យ​ដើរ​តាម​សេចក្ដី​ពិត​របស់​ព្រះ។

១១​. តើ​អ្វី​អាច​ជួយ​យើង​ដើរ​ដោយ​មាន​ចិត្ត​គ្រប់​ល័ក្ខណ៍?

១១ ការ​សិក្សា​ព្រះ​បន្ទូល​របស់​ព្រះ​ជា​ទៀងទាត់​ហើយ​ការ​រំពឹង​គិត​អំពី​អ្វី​ដែល​យើង​រៀន​នោះ ក៏​នឹង​ជួយ​យើង​ឲ្យ​ដើរ​ដោយ​មាន​ចិត្ត​គ្រប់​ល័ក្ខណ៍​ដែរ។ ជា​ឧទាហរណ៍ ការ​នឹក​ចាំ​ថា​យ៉ូសែប​បាន​រត់​ពេល​ដែល​ប្រពន្ធ​របស់​លោក​ប៉ូទីផារ​ខំ​ល្បួង​លួងលោម​ឲ្យ​ធ្វើ​អំពើ​អសីលធម៌​នោះ ពិត​ជា​នឹង​លើក​ទឹក​ចិត្ត​យើង​ឲ្យ​រត់​ពី​ការ​ល្បួង​ដូច​គ្នា​នៅ​កន្លែង​ធ្វើ​ការ នៅ​សាលា​រៀន ឬ​កន្លែង​ណា​មួយ​ផ្សេង​ទៀត។ (លោកុប្បត្តិ ៣៩:៧​-​១២) ចុះ​ពេល​ដែល​យើង​ត្រូវ​ទាក់ទាញ​ដោយ​ការ​មាន​ឱកាស​រក​លុយ​បាន​ច្រើន មាន​មុខ​មាត់​ធំដុំ ឬ​មាន​អំណាច​ក្នុង​លោកីយ៍​នេះ? យើង​មាន​គំរូ​របស់​ម៉ូសេ​ដែល​មិន​ចង់​បាន​ជីវិត​រុងរឿង​នៅ​ស្រុក​អេស៊ីប​ឡើយ។ (ហេព្រើរ ១១:២៤​-​២៦) ការ​ចង​ចាំ​អំពី​ការ​ស៊ូ​ទ្រាំ​របស់​យ៉ូប ច្បាស់​ជា​នឹង​ជួយ​ពង្រឹង​កម្លាំង​របស់​យើង​ឲ្យ​រក្សា​ភាព​ស្មោះ​ត្រង់​នឹង​ព្រះ​យេហូវ៉ា​ទោះ​ជា​មាន​ជំងឺ​ឬ​ជួប​នឹង​រឿង​អភ័ព្វ​ក្ដី។ (យ៉ាកុប ៥:១១) ចុះ​បើ​យើង​ទទួល​ការ​បៀតបៀន? បើ​យើង​ចាំ​បទ​ពិសោធន៍​របស់​ដានីយ៉ែល​ពេល​ដែល​នៅ​ក្នុង​រូង​សិង្ហ នោះ​នឹង​ធ្វើ​ឲ្យ​យើង​មាន​ចិត្ត​អង់អាច​ក្លាហាន​យ៉ាង​ពិត​ប្រាកដ!—ដានីយ៉ែល ៦:១៦​-​២២

«ទូល​បង្គំ​មិន​បាន​អង្គុយ​រួម​ជា​មួយ​នឹង​មនុស្ស​ភូតភរ​ឡើយ»

១២, ១៣​. តើ​យើង​គួរ​ចៀស​ឆ្ងាយ​ពី​ពួក​ម៉ាក​បែប​ណា?

១២ ដាវីឌ​បាន​រៀប​រាប់​អំពី​ចំណុច​មួយ​ទៀត​ដែល​ពង្រឹង​នូវ​ចិត្ត​គ្រប់​ល័ក្ខណ៍​របស់​ទ្រង់​គឺ​ថា៖ «ទូល​បង្គំ​មិន​បាន​អង្គុយ​រួម​ជា​មួយ​នឹង​មនុស្ស​ភូតភរ​ឡើយ ក៏​មិន​បាន​សមាគម​ជា​មួយ​នឹង​មនុស្ស​មាន​ពុត​ដែរ ទូល​បង្គំ​ស្អប់​ចំពោះ​ជំនុំ​នៃ​ពួក​មនុស្ស​ដែល​ប្រព្រឹត្ត​អាក្រក់ ក៏​មិន​ព្រម​អង្គុយ​ជា​មួយ​នឹង​ពួក​មាន​ចិត្ត​អាក្រក់​ឡើយ»។ (ទំនុកដំកើង ២៦:៤, ៥, កំណែ​ជា​អក្សរ​ទ្រេត) ដាវីឌ​មិន​ព្រម​អង្គុយ​ជា​មួយ​នឹង​មនុស្ស​ទុច្ចរិត​សោះ​ឡើយ។ ទ្រង់​ស្អប់​ពួក​ម៉ាក​អាក្រក់។

១៣ ចុះ​យើង​វិញ? តើ​យើង​ក៏​មិន​ព្រម​អង្គុយ​ជា​មួយ​នឹង​មនុស្ស​ភូតភរ​តាម​រយៈ​កម្មវិធី​ទូរទស្សន៍ វីដេអូ ភាពយន្ត វិបសែថ៍​អ៊ិនថឺណិត និង​វិធី​ផ្សេង​ទៀត​ទេ? តើ​យើង​ចៀស​ឆ្ងាយ​ពី​មនុស្ស​មាន​ពុត​ទេ? មនុស្ស​ខ្លះ​នៅ​សាលា​ឬ​នៅ​កន្លែង​ធ្វើ​ការ​ប្រហែល​ជា​ធ្វើ​ពុត​ជា​មិត្ត​របស់​យើង​ដោយ​មាន​គោល​បំណង​អាក្រក់។ តើ​យើង​ពិត​ជា​ចង់​មាន​ភាព​ស្និទ្ធស្នាល​ជា​មួយ​នឹង​មនុស្ស​ដែល​មិន​ដើរ​តាម​សេចក្ដី​ពិត​របស់​ព្រះ​ទេ? ទោះ​ជា​អ្នក​ក្បត់​ជំនឿ​អះអាង​ថា​ខ្លួន​ស្មោះ​ក៏​ដោយ តែ​ពួក​គេ​ក៏​ប្រហែល​ជា​លាក់​បំណង​ដែល​ចង់​បង្វែរ​យើង​ចេញ​ពី​ព្រះ​យេហូវ៉ា​នោះ។ ចុះ​បើ​មាន​អ្នក​ក្នុង​ក្រុមជំនុំ​ដែល​មាន​មុខ​ពីរ? ពួក​គេ​ក៏​ជា​អ្នក​មាន​ពុត​ដែរ។ បង​ប្រុស​ចេសុន ដែល​ឥឡូវ​ជា​អ្នក​ងារ​ជំនួយ​ធ្លាប់​មាន​ពួក​ម៉ាក​បែប​នេះ​ពេល​ដែល​គាត់​នៅ​ក្មេង។ គាត់​ប្រាប់​ថា៖ «មាន​ថ្ងៃ​មួយ ពួក​ម៉ាក​ខ្ញុំ​ម្នាក់​ប្រាប់​ថា ‹យើង​អាច​ធ្វើ​អ្វី​ក៏​បាន​ឥឡូវនេះ ពីព្រោះ​ពេល​ដែល​ពិភពលោក​ថ្មី​មក​ដល់​យើង​នឹង​ស្លាប់ យើង​លែង​ដឹង​ខ្លួន ហើយ​យើង​នឹង​មិន​មាន​អារម្មណ៍​ស្ដាយ​ដោយសារ​មិន​ដឹង​ថា ពិភពលោក​ថ្មី​គឺ​សប្បាយ​ប៉ុន​ណា​នោះ›។ សំដី​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ភ្ញាក់​ខ្លួន​ដូច​គេ​ជះ​ទឹកកក​ដាក់​មុខ​អ៊ីចឹង។ ខ្ញុំ​មិន​ចង់​ស្លាប់​ពេល​ដែល​ពិភពលោក​ថ្មី​មក​ដល់​ទេ»។ ចេសុន​បាន​ប្រព្រឹត្ត​ដោយ​ប្រាជ្ញា​ហើយ​ផ្ដាច់​ទំនាក់ទំនង​ជា​មួយ​នឹង​ពួក​គេ។ សាវ័ក​ប៉ុល​ព្រមាន​ថា៖ «កុំ​ឲ្យ​ច្រឡំ​ឡើយ ពីព្រោះ​ពួក​ម៉ាក​អាក្រក់​តែង​នឹង​បង្ខូច​កិរិយា​ល្អ»។ (កូរិនថូសទី១ ១៥:៣៣) គឺ​ជា​ការ​សំខាន់​ណាស់​ដែល​យើង​ចៀស​ឆ្ងាយ​ពី​ពួក​ម៉ាក​អាក្រក់!

‹ទូល​បង្គំ​នឹង​ថ្លែង​ប្រាប់​ពី​គ្រប់​ទាំង​ការ​អស្ចារ្យ​របស់​ទ្រង់›

១៤, ១៥​. តើ​យើង​អាច«ដើរ​ក្រឡឹង​អាសនា[ព្រះ​យេហូវ៉ា]»យ៉ាង​ដូច​ម្ដេច?

១៤ ដាវីឌ​បន្ត​ថា៖ «ទូល​បង្គំ​នឹង​លាង​ដៃ​ជា​សំគាល់​ថា ឥត​មាន​ទោស​ទេ យ៉ាង​នោះ ឱ​ព្រះ​យេហូវ៉ា​អើយ! ទូល​បង្គំ​នឹង​ដើរ​ក្រឡឹង​អាសនា​ទ្រង់»។ តើ​ហេតុ​អ្វី? «ដើម្បី​នឹង​បាន​បន្លឺ​សំឡេង​អរ​ព្រះ​គុណ ហើយ​ថ្លែង​ប្រាប់​ពី​គ្រប់​ទាំង​ការ​អស្ចារ្យ​របស់​ទ្រង់»។ (ទំនុកដំកើង ២៦:៦, ៧, កំណែ​ជា​អក្សរ​ទ្រេត) ដាវីឌ​ចង់​រក្សា​ភាព​ស្អាត​ស្អំ​ខាង​សីលធម៌ ដើម្បី​អាច​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​និង​ប្រកាស​ប្រាប់​អំពី​ភក្ដីភាព​របស់​ទ្រង់​ចំពោះ​ព្រះ។

១៥ នៅ​ឯ​រោង​ឧបោសថ​និង​នៅ​ព្រះ​វិហារ​ដែល​មាន​ក្រោយ​មក​នោះ អ្វី​ទាំង​អស់​ដែល​ទាក់ទង​នឹង​ការ​ថ្វាយ​បង្គំ​ពិត​គឺ«ជា​គំរូ ហើយ​ជា​ស្រមោល​ពី​របស់​នៅ​ស្ថានសួគ៌​វិញ»។ (ហេព្រើរ ៨:៥; ៩:២៣) អាសនា​តំណាង​ព្រះ​ហឫទ័យ​របស់​ព្រះ​យេហូវ៉ា​ក្នុង​ការ​ទទួល​យក​យញ្ញបូជា​របស់​ព្រះ​យេស៊ូ​គ្រីស្ទ​ដើម្បី​លោះ​មនុស្ស​ជាតិ។ (ហេព្រើរ ១០:៥​-​១០) យើង​លាង​ដៃ​របស់​យើង​ជា​សម្គាល់​ថា​ឥត​មាន​ទោស ហើយ«ដើរ​ក្រឡឹង​អាសនា[ព្រះ​យេហូវ៉ា]»ដោយ​មាន​ជំនឿ​ទៅ​លើ​យញ្ញបូជា​នោះ។—យ៉ូហាន ៣:១៦​-​១៨

១៦​. តើ​ការ​ប្រកាស​ប្រាប់​អ្នក​ឯ​ទៀត​អំពី​ការ​អស្ចារ្យ​របស់​ព្រះ​មាន​ប្រយោជន៍​អ្វី​ដល់​យើង?

១៦ ពេល​ដែល​យើង​គិត​អំពី​ប្រយោជន៍​ដែល​យើង​ទទួល​តាម​រយៈ​តម្លៃ​លោះ​នោះ ចិត្ត​យើង​ពិត​ជា​ពោរពេញ​ទៅ​ដោយ​កតញ្ញូ​ធម៌​ចំពោះ​ព្រះ​យេហូវ៉ា​និង​ព្រះ​រាជបុត្រា​តែ​មួយ​របស់​ទ្រង់ មែន​ទេ? ដូច្នេះ ដោយ​អរ​ព្រះ​គុណ​ក្នុង​ចិត្ត ចូរ​យើង​ប្រាប់​អ្នក​ឯ​ទៀត​អំពី​ការ​អស្ចារ្យ​របស់​ព្រះ តាំង​ពី​ការ​បង្កើត​បុរស​ទី​មួយ​នៅ​សួន​អេដែន រហូត​ដល់​បាន​តាំង​ឬ​ស្ថាបនា​របស់​ទាំង​អស់​ឡើង​វិញ​ក្នុង​ពិភពលោក​ថ្មី​របស់​ព្រះ។ (លោកុប្បត្តិ ២:៧; កិច្ចការ ៣:២១) ម្ល៉ោះ​ហើយ កិច្ចការ​ព្រះ​រាជាណាចក្រ​ដែល​ជា​ការ​ប្រកាស​ផ្សាយ​និង​បញ្ចុះបញ្ចូល​ឲ្យ​មាន​សិស្ស ពិត​ជា​ការពារ​យើង​ខាង​វិញ្ញាណ​យ៉ាង​ល្អ​ប្រសើរ​ណាស់! (ម៉ាថាយ ២៤:១៤; ២៨:១៩, ២០) បើ​ចូល​រួម​ឲ្យ​បាន​ច្រើន​ក្នុង​កិច្ចការ​នេះ នោះ​ជួយ​យើង​រក្សា​សេចក្ដី​សង្ឃឹម​របស់​យើង​អំពី​អនាគត​ដ៏​ភ្លឺ​ស្វាង ហើយ​ក៏​ជួយ​យើង​រក្សា​ជំនឿ​ទៅ​លើ​សេចក្ដី​សន្យា​របស់​ព្រះ​ឲ្យ​រឹង​មាំ ថែម​ទាំង​ជួយ​រក្សា​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះ​យេហូវ៉ា​និង​មនុស្ស​ឯ​ទៀត​ផង​ដែរ។

‹ទូល​បង្គំ​ស្រឡាញ់​ដំណាក់​ទ្រង់›

១៧, ១៨​. តើ​យើង​គួរ​មាន​ចិត្ត​គំនិត​បែប​ណា​ចំពោះ​កិច្ច​ប្រជុំ​គ្រីស្ទាន​ពិត?

១៧ រោង​ឧបោសថ​ព្រម​ទាំង​អាសនា​សំរាប់​ថ្វាយ​តង្វាយ គឺ​ជា​មណ្ឌល​សំរាប់​ការ​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​នៅ​ស្រុក​អ៊ីស្រាអែល។ ដាវីឌ​បាន​អធិស្ឋាន​បញ្ជាក់​នូវ​ការ​ពេញ​ព្រះ​ហឫទ័យ​នឹង​កន្លែង​នោះ​ដោយ​ថា៖ «ឱ​ព្រះ​យេហូវ៉ា​អើយ! ទូល​បង្គំ​ស្រឡាញ់​ទី​ឈប់​សំរាក​នៅ​ដំណាក់​ទ្រង់ ជា​ទី​សណ្ឋិត​នៅ​នៃ​សិរី​ល្អ​ទ្រង់»។—ទំនុកដំកើង ២៦:៨, កំណែ​ជា​អក្សរ​ទ្រេត

១៨ តើ​យើង​ស្រឡាញ់​កន្លែង​ណា​ដែល​ជួប​ជុំ​គ្នា​ដើម្បី​រៀន​អំពី​ព្រះ​យេហូវ៉ា​ទេ? រាល់​សាល​ប្រជុំ​មាន​កម្មវិធី​ណែនាំ​អំពី​រឿង​ខាង​វិញ្ញាណ ហើយ​ហេតុ​នេះ​ជា​មណ្ឌល​ថ្វាយ​បង្គំ​ពិត​នៅ​ក្នុង​សហគមន៍។ ម្យ៉ាង​ទៀត យើង​មាន​មហា​សន្និបាត​ប្រចាំ​ឆ្នាំ សន្និបាត​តាម​មណ្ឌល និង​ថ្ងៃ​សន្និបាត​ពិសេស​ផង​ដែរ។ «សេចក្ដី​បន្ទាល់[ឬ«ដំបូន្មាន», ខ.ស.]»របស់​ព្រះ​យេហូវ៉ា​បាន​ត្រូវ​ពិភាក្សា​នៅ​ឯ​ប្រជុំ​ទាំង​នោះ។ បើ​យើង​រៀន​ឲ្យ​‹ស្រឡាញ់​ដំបូន្មាន​នោះ​យ៉ាង​ក្រៃលែង› យើង​នឹង​រំភើប​ចិត្ត​ទៅ​កិច្ច​ប្រជុំ​ហើយ​ក៏​នឹង​ស្ដាប់​ដោយ​យក​ចិត្ត​ទុក​ដាក់។ (ទំនុកដំកើង ១១៩:១៦៧) ការ​រួបរួម​ជា​មួយ​នឹង​អ្នក​ជឿ​គ្នីគ្នា​ដែល​យក​ចិត្ត​ទុក​ដាក់​នឹង​ប្រយោជន៍​យើង ហើយ​ជួយ​យើង​បន្ត​ដើរ​ដោយ​មាន​ចិត្ត​គ្រប់​ល័ក្ខណ៍ នេះ​ពិត​ជា​ធ្វើ​ឲ្យ​យើង​សប្បាយ​ចិត្ត​ណាស់!—ហេព្រើរ ១០:២៤, ២៥

‹សូម​កុំ​ដក​ជីវិត​ទូល​បង្គំ›

១៩​. តើ​ដាវីឌ​មិន​ចង់​មាន​បាប​អ្វី​ខ្លះ?

១៩ ដោយសារ​ដាវីឌ​យល់​ដឹង​ច្បាស់​អំពី​លទ្ធផល​ដែល​មក​ពី​ការ​ឈប់​ដើរ​តាម​សេចក្ដី​ពិត​របស់​ព្រះ នោះ​ដាវីឌ​ទូល​អង្វរ​ថា៖ «សូម​កុំ​ដក​ព្រលឹង​ទូល​បង្គំ​ចេញ​ជា​មួយ​នឹង​ពួក​មាន​បាប ឬ​ជីវិត​ទូល​បង្គំ​ជា​មួយ​នឹង​មនុស្ស​ដែល​កំចាយ​ឈាម ដែល​សុទ្ធតែ​មាន​ការ​អាក្រក់​ជាប់​នៅ​ដៃ​គេ ហើយ​ដៃ​ស្ដាំ​របស់​គេ​ពេញ​ដោយ​សំណូក​ផង​នោះ​ឡើយ»។ (ទំនុកដំកើង ២៦:៩, ១០, កំណែ​ជា​អក្សរ​ទ្រេត) ដាវីឌ​មិន​ចង់​ឲ្យ​ព្រះ​រាប់​ទ្រង់​ក្នុង​ចំណោម​មនុស្ស​ទុច្ចរិត​ដែល​ធ្វើ​អំពើ​អាក្រក់​ឬ​ស៊ីសំណូក​ឡើយ។

២០, ២១​. តើ​អ្វី​អាច​នាំ​ឲ្យ​យើង​ដើរ​ក្នុង​ផ្លូវ​របស់​មនុស្ស​ទុច្ចរិត?

២០ សព្វ​ថ្ងៃ​នេះ ពិភពលោក​គឺ​ពោរពេញ​ទៅ​ដោយ​អំពើ​អសីលធម៌។ ទូរទស្សន៍ ទស្សនាវដ្ដី និង​ភាពយន្ត​អូស​ទាញ​មនុស្ស​ឲ្យ​ប្រព្រឹត្ត​អំពើ​អាក្រក់ គឺ​អំពើ«សហាយ​ស្មន់ ស្មោកគ្រោក អាសអាភាស»។ (កាឡាទី ៥:១៩) មនុស្ស​ខ្លះ​បាន​ចាប់​ផ្ដើម​ញៀន​មើល​រូប​អាសអាភាស ហើយ​ជា​ច្រើន​ដង នោះ​បាន​នាំ​ឲ្យ​ប្រព្រឹត្ត​អំពើ​អសីលធម៌។ ជា​ពិសេស យុវជន​ងាយ​ទទួល​ឥទ្ធិពល​ពី​អ្វីៗទាំង​នេះ។ នៅ​ប្រទេស​ខ្លះ ការ​ណាត់​ជួប​ដើរ​លេង​ជា​គូ​ជា​ទម្លាប់​ធម្មតា ហើយ​ក្មេង​ជំទង់ៗត្រូវ​បញ្ចុះបញ្ចូល​ឲ្យ​គិត​ថា​ខ្លួន​ឯង​ត្រូវ​មាន​គូ​ដូច​គេ​ឯង​ដែរ។ យុវជន​ជា​ច្រើន​មាន​គូ​ស្នេហ៍​ទោះ​ជា​ពុំ​ទាន់​មាន​អាយុ​គ្រប់​ច្បាប់​ល្មម​រៀប​ការ​ក៏​ដោយ។ ដើម្បី​ចំអែត​នូវ​កាមតណ្ហា​ដែល​ចាប់​ផ្ដើម​ពុះ​កញ្ជ្រោល​ឡើង នោះ​ពួក​គេ​លង់​ខ្លួន​ទៅ​ក្នុង​អំពើ​អសីលធម៌។

២១ មនុស្ស​ពេញ​វ័យ​ក៏​អាច​ចាញ់​ឥទ្ធិពល​អាក្រក់​បាន​ដែរ។ ការ​រក​ស៊ី​មិន​ទៀងត្រង់ ហើយ​ការ​ស្វែង​រក​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន​នោះ​បង្ហាញ​ថា ខ្លួន​គ្មាន​ចិត្ត​គ្រប់​ល័ក្ខណ៍​ឡើយ។ ការ​ដើរ​តាម​លោកីយ៍​នេះ​នឹង​ធ្វើ​ឲ្យ​យើង​ឃ្លាត​ឆ្ងាយ​ពី​ព្រះ​យេហូវ៉ា។ ចូរ​យើង«ស្អប់​អំពើ​អាក្រក់ ហើយ​ស្រឡាញ់​អំពើ​ល្អ» ថែម​ទាំង​បន្ត​ដើរ​ដោយ​មាន​ចិត្ត​គ្រប់​ល័ក្ខណ៍។—អេម៉ុស ៥:១៥

«សូម​លោះ​ហើយ​មេត្ដា​ប្រោស​ដល់​ទូល​បង្គំ​ផង»

២២​-​២៤​. (ក) តើ​អ្នក​ទទួល​ការ​លើក​ទឹក​ចិត្ត​អ្វី​ពី​ពាក្យ​បញ្ចប់​នៅ​ទំនុក​ទី២៦? (ខ) តើ​អត្ថបទ​បន្ទាប់​នឹង​ពន្យល់​អំពី​អន្ទាក់​អ្វី?

២២ ដាវីឌ​បាន​បញ្ចប់​សេចក្ដី​អធិស្ឋាន​ដោយ​ថា៖ «ចំណែក​ទូលបង្គំៗនឹង​ដើរ​ដោយ​ចិត្ត​គ្រប់​លក្ខណ៍​របស់​ទូល​បង្គំ​ត​ទៅ សូម​លោះ​ហើយ​មេត្ដា​ប្រោស​ដល់​ទូល​បង្គំ​ផង ជើង​ទូល​បង្គំ​ឈរ​នៅ​ក្នុង​ផ្លូវ​ទៀងត្រង់​ហើយ ទូល​បង្គំ​នឹង​លើក​សរសើរ​ដល់​ព្រះ​យេហូវ៉ា​នៅ​ក្នុង​ពួក​ជំនុំ​ទាំង​ប៉ុន្មាន»។ (ទំនុកដំកើង ២៦:១១, ១២, កំណែ​ជា​អក្សរ​ទ្រេត) ក្នុង​នោះ​ដាវីឌ​រៀប​រាប់​អំពី​ការ​តាំង​ចិត្ត​ដើម្បី​រក្សា​ចិត្ត​គ្រប់​ល័ក្ខណ៍​ហើយ​ក៏​បាន​សុំ​ព្រះ​ប្រោស​លោះ​ផង​ដែរ។ នេះ​លើក​ទឹក​ចិត្ត​យើង​ណាស់! ទោះ​ជា​យើង​ជា​មនុស្ស​ឥត​គ្រប់​ល័ក្ខណ៍​ក៏​ដោយ ក៏​ព្រះ​យេហូវ៉ា​នឹង​ជួយ​យើង​បើ​យើង​តាំង​ចិត្ត​ដើរ​ដោយ​មាន​ចិត្ត​គ្រប់​ល័ក្ខណ៍។

២៣ ចូរ​ឲ្យ​របៀប​រស់​នៅ​របស់​យើង​បង្ហាញ​ថា យើង​គោរព​ហើយ​ក៏​យល់​តម្លៃ​នៃ​ការ​គ្រប់គ្រង​របស់​ព្រះ​ក្នុង​គ្រប់​ការ​ប្រព្រឹត្ត​របស់​យើង​ក្នុង​ជីវិត។ យើង​ម្នាក់ៗអាច​អធិស្ឋាន​សុំ​ព្រះ​យេហូវ៉ា​ពិនិត្យ​ហើយ​សម្រាំង​គំនិត​និង​អារម្មណ៍​ដែល​កប់​យ៉ាង​ជ្រៅ​ក្នុង​ចិត្ត​យើង។ យើង​អាច​រក្សា​ឲ្យ​សេចក្ដី​ពិត​របស់​ទ្រង់​នៅ​ចំពោះ​មុខ​យើង​ជានិច្ច បើ​សិក្សា​ព្រះ​បន្ទូល​របស់​ព្រះ​ដោយ​យក​ចិត្ត​ទុក​ដាក់។ ដូច្នេះ ចូរ​យើង​ចៀស​វាង​ពួក​ម៉ាក​អាក្រក់ ហើយ​សរសើរ​ព្រះ​យេហូវ៉ា​ក្នុង​ពួក​ជំនុំ​វិញ។ ចូរ​យើង​ខ្នះខ្នែង​ក្នុង​កិច្ចការ​ព្រះ​រាជាណាចក្រ​ជា​ការ​ផ្សព្វផ្សាយ​និង​បញ្ចុះបញ្ចូល​ឲ្យ​មាន​សិស្ស ព្រម​ទាំង​មិន​ឲ្យ​លោកីយ៍​នេះ​បង្ក​គ្រោះថ្នាក់​ដល់​ចំណង​មិត្តភាព​ដ៏​មាន​តម្លៃ​បំផុត​របស់​យើង​ជា​មួយ​នឹង​ព្រះ។ ពេល​ដែល​យើង​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ដើរ​ដោយ​មាន​ចិត្ត​គ្រប់​ល័ក្ខណ៍ យើង​អាច​ជឿជាក់​ថា​ព្រះ​យេហូវ៉ា​នឹង​មេត្ដា​ប្រោស​ដល់​យើង។

២៤ ដោយសារ​ចិត្ត​គ្រប់​ល័ក្ខណ៍​រួម​បញ្ចូល​គ្រប់​ការ​ប្រព្រឹត្ត​ក្នុង​ជីវិត​យើង នោះ​យើង​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​នឹង​អន្ទាក់​មួយ​ដែល​ប្រកប​ដោយ​គ្រោះថ្នាក់ គឺ​ការ​ពិសា​ស្រា​ហួស​ប្រមាណ។ អត្ថបទ​បន្ទាប់​នឹង​ពន្យល់​រឿង​នេះ។

តើ​អ្នក​នៅ​ចាំ​បាន​ទេ?

• ហេតុ​អ្វី​បាន​ជា​ចិត្ត​គ្រប់​ល័ក្ខណ៍​របស់​មនុស្ស​និង​បុគ្គល​វិញ្ញាណ​អាច​យក​ជា​មូលដ្ឋាន​ត្រឹម​ត្រូវ​សំរាប់​វិនិច្ឆ័យ​ពួក​គេ?

• តើ​ចិត្ត​គ្រប់​ល័ក្ខណ៍​ជា​អ្វី? តើ​ការ​ដើរ​ដោយ​មាន​ចិត្ត​គ្រប់​ល័ក្ខណ៍​រួម​បញ្ចូល​អ្វី?

• តើ​អ្វី​នឹង​ជួយ​យើង​ដើរ​ដោយ​មាន​ចិត្ត​គ្រប់​ល័ក្ខណ៍?

• ដើម្បី​រក្សា​ចិត្ត​គ្រប់​ល័ក្ខណ៍ តើ​យើង​ត្រូវ​ប្រុង​ប្រយ័ត្ន​និង​ចៀស​វាង​ពី​គ្រោះថ្នាក់​អ្វី?

[រូបភាព​នៅ​ទំព័រ​១០]

តើ​អ្នក​ទទួល​ប្រយោជន៍​ពី​ការ​រៀបចំ​របស់​ព្រះ​យេហូវ៉ា​ដើម្បី​ជួយ​អ្នក​ដើរ​ដោយ​មាន​ចិត្ត​គ្រប់​ល័ក្ខណ៍​ទេ?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក