ខុសនិងត្រូវ តើអ្នកគួរសម្រេចយ៉ាងដូចម្ដេច?
តើអ្នកណាមានសិទ្ធិកំណត់ខ្នាតតម្រាអំពីអ្វីដែលខុសនិងអ្វីដែលត្រូវ? សំនួរនេះបានត្រូវចោទឡើងនៅដើមប្រវត្ដិសាស្ត្រមនុស្សជាតិ។ យោងទៅតាមព្រះគម្ពីរនៅសៀវភៅលោកុប្បត្តិប្រាប់ថានៅក្នុងសួនអេដែន ព្រះបានកំណត់ដើមឈើមួយជា«ដើមសំរាប់ដឹងខុសត្រូវ»។ (លោកុប្បត្តិ ២:៩) ព្រះបានបង្គាប់បុរសស្ត្រីពីរនាក់ដំបូងថាកុំបរិភោគផ្លែពីដើមនោះឡើយ។ ក៏ប៉ុន្តែអារក្សសាតាំង ដែលជាសត្រូវរបស់ព្រះបាននិយាយថា បើបរិភោគផ្លែពីដើមនោះ ភ្នែកពួកគេ«នឹងបានភ្លឺឡើង» ហើយក៏«នឹងបានដូចជាព្រះដែរ ព្រមទាំងដឹងការខុសត្រូវផង»។—លោកុប្បត្តិ ២:១៦,១៧; ៣:១,៥; វិវរណៈ ១២:៩
អ័ដាមនិងអេវ៉ាត្រូវធ្វើការសម្រេចចិត្តមួយ គឺតើពួកគេគួរគោរពតាមខ្នាតតម្រារបស់ព្រះឬទេស្តីអំពីអ្វីដែលល្អនិងអ្វីដែលអាក្រក់? ឬក៏តើគួរធ្វើតាមខ្នាតតម្រារបស់ខ្លួនវិញ? (លោកុប្បត្តិ ៣:៦) អ័ដាមនិងអេវ៉ាបានសម្រេចចិត្តមិនស្ដាប់បង្គាប់ព្រះ ហើយបរិភោគផ្លែពីដើមនោះ។ ពេលដែលពួកគេធ្វើដូច្នេះ តើមានន័យយ៉ាងណា? ដោយសារអ័ដាមនិងអេវ៉ាមិនព្រមគោរពតាមកំរិតដែលព្រះបានដាក់ទៅលើពួកគេ នោះជាការអះអាងថាពួកគេព្រមទាំងកូនចៅនឹងមានជីវិតល្អជាង បើពួកគេបង្កើតខ្នាតតម្រាចំពោះការខុសនិងត្រូវដោយខ្លួនឯង។ តើមនុស្សបានទទួលជោគជ័យប៉ុនណាក្នុងការខំធ្វើជាព្រះនោះ?
មតិខុសៗគ្នា
សព្វវចនាធិប្បាយមួយប្រាប់អំពីសេចក្ដីបង្រៀនរបស់កំពូលបញ្ញវន្តពីសម័យបុរាណរហូតដល់បច្ចុប្បន្នកាល បន្ទាប់ពីនោះក៏បានរៀបរាប់ថា តាំងពីសម័យទស្សនវិទូក្រិចឈ្មោះសូក្រាតរហូតមកដល់សតវត្សរ៍ទី២០ ធ្លាប់មាន«ការប្រកែកគ្នាម្ដងហើយម្ដងទៀតអំពីសំនួរថា តើអំពើល្អជាអ្វី? ហើយតើអ្វីទៅជាខ្នាតតម្រាដើម្បីឲ្យដឹងខុសនិងត្រូវ?»។—Encyclopædia Britannica
ជាឧទាហរណ៍ នៅសតវត្សរ៍ទី៥មុនស.យ.នាប្រទេសក្រិចមានគ្រូល្បីឈ្មោះមួយក្រុមហៅថាក្រុមសូភីស។ ពួកគេធ្លាប់បង្រៀនថា ខ្នាតតម្រាដើម្បីដឹងខុសនិងត្រូវគឺអាស្រ័យទៅលើប្រជាមតិ។ គ្រូម្នាក់ធ្លាប់ប្រាប់ថា៖ «អ្វីដែលប្រជាជននៅទីក្រុងនោះចាត់ទុកថាល្អត្រឹមត្រូវ នោះគឺល្អត្រឹមត្រូវសំរាប់ទីក្រុងនោះឯង ដរាបណាដែលប្រជាជនក្នុងទីក្រុងនោះនៅតែចាត់ទុកថាល្អត្រឹមត្រូវ»។ បើលោកចូឌីក្នុងអត្ថបទមុនគិតតាមមតិនេះ គាត់គួរយកលុយដែលគាត់បានរកឃើញនោះ ដោយសារមនុស្សភាគច្រើនក្នុងសហគមន៍ឬ«ក្រុង»របស់គាត់ទំនងជានឹងធ្វើដូច្នេះដែរ។
លោកអ៊ីម៉ានយូអែល កាន ទស្សនវិទូល្បីឈ្មោះម្នាក់នៅសតវត្សរ៍ទី១៨បានបញ្ជាក់ទស្សនៈខុសពីនេះវិញ។ ទស្សនាវដ្ដីមួយប្រាប់ថា៖ «លោកអ៊ីម៉ានយូអែល កាន និងអ្នកឯទៀតដូចលោកដែរ . . . បានបញ្ជាក់ថាមនុស្សម្នាក់ៗមានសិទ្ធិសម្រេចចិត្តដោយខ្លួនឯង»។ (Issues in Ethics) ដូច្នេះ បើលោកចូឌីគិតតាមទស្សនៈរបស់លោកកានវិញ បញ្ហាដែលថាតើគាត់គួរយកលុយនោះឬក៏អត់ នេះជារឿងផ្ទាល់ខ្លួនដែលគាត់ត្រូវសម្រេចដោយមិនចាំបាច់គិតពីប្រជាមតិនោះទេ ឲ្យតែគាត់មិនបំពានទៅលើសិទ្ធិរបស់អ្នកឯទៀត។ គាត់មិនគួរឲ្យមនុស្សដទៃមានឥទ្ធិពលទៅលើខ្នាតតម្រាសីលធម៌របស់គាត់ឡើយ។
ដូច្នេះ តើលោកចូឌីបានសម្រេចចិត្តធ្វើយ៉ាងណា? គាត់បានសម្រេចចិត្តធ្វើខុសពីមតិទាំងពីរនោះ។ លោកចូឌីបានធ្វើតាមសេចក្ដីបង្រៀនរបស់ព្រះយេស៊ូគ្រីស្ទ ដែលសីលធម៌របស់ទ្រង់ជាទីកោតសរសើររបស់គ្រីស្ទាននិងសាសនាឯទៀតផងដែរ។ ព្រះយេស៊ូបង្រៀនថា៖ «អស់ទាំងការអ្វីដែលអ្នករាល់គ្នាចង់ឲ្យមនុស្សលោកប្រព្រឹត្តនឹងខ្លួន នោះត្រូវឲ្យអ្នកប្រព្រឹត្តនឹងគេដូច្នោះដែរ»។ (ម៉ាថាយ ៧:១២) លោកចូឌីបានធ្វើឲ្យស្ត្រីនោះនឹកអស្ចារ្យក្នុងចិត្តណាស់ ពេលដែលបានប្រគល់លុយ៨២.០០០ដុល្លារនោះទៅឲ្យគាត់។ ពេលស្ត្រីនោះសួរលោកចូឌីអំពីមូលហេតុគាត់មិនបានយកលុយនោះ លោកចូឌីបានពន្យល់ថាគាត់ជាស្មរបន្ទាល់ព្រះយេហូវ៉ាហើយក៏ប្រាប់ថា៖ «លុយនោះមិនមែនរបស់ខ្ញុំទេ»។ លោកចូឌីចាត់ទុកការស្ដាប់តាមបង្គាប់របស់ព្រះយេស៊ូក្នុងព្រះគម្ពីរនៅម៉ាថាយ ១៩:១៨ជាអ្វីសំខាន់ណាស់ ដែលខនោះចែងថា៖ «កុំឲ្យលួចឲ្យសោះ»។
តើប្រជាមតិគួរឲ្យទុកចិត្តឬ?
មនុស្សខ្លះទំនងជានឹងចាត់ទុកលោកចូឌីជាមនុស្សល្ងង់ខ្លៅ ដោយសារគាត់ប្រព្រឹត្តទៀងត្រង់ដូច្នេះ។ ប៉ុន្តែ ប្រជាមតិមិនមែនគួរឲ្យទុកចិត្តទេ។ ជាឧទាហរណ៍ ប្រសិនបើអ្នករស់ក្នុងសង្គមដូចនៅសម័យបុរាណដែលចាត់ទុកថា ការបូជាទារកថ្វាយព្រះជាអ្វីសមរម្យនោះ តើនោះមានន័យថាការបូជាទារកជាទង្វើត្រឹមត្រូវទេ? (ពង្សាវតារក្សត្រទី២ ១៦:៣) ចុះបើអ្នកកើតក្នុងសង្គមមួយដែលចាត់ទុកការស៊ីសាច់មនុស្សជាទង្វើដ៏ល្អត្រឹមត្រូវហើយថ្លៃថ្នូរទៀតនោះ? តើនោះមានន័យថាការស៊ីសាច់មនុស្សមិនមែនជាការខុសឬ? ទោះជាមានមនុស្សជាច្រើនធ្វើអ្វីមួយក៏ពិតមែន ក៏នេះមិនមានន័យថាទង្វើនោះគឺត្រឹមត្រូវទេ។ ព្រះគម្ពីរបានព្រមានតាំងពីសម័យបុរាណអំពីអន្ទាក់នេះថា៖ «កុំឲ្យតាមពួកមានគ្នាច្រើន ដើម្បីប្រព្រឹត្តសេចក្ដីអាក្រក់»។—និក្ខមនំ ២៣:២
ព្រះយេស៊ូគ្រីស្ទបានបញ្ជាក់ហេតុមួយទៀតដែលយើងត្រូវប្រុងប្រយ័ត្នចំពោះប្រជាមតិ ដោយមិនយកនោះមកធ្វើជាខ្នាតតម្រាដើម្បីឲ្យដឹងខុសនិងត្រូវទេ។ ព្រះយេស៊ូបានប្រាប់ឲ្យដឹងថា សាតាំងជា«ចៅហ្វាយរបស់លោកីយនេះ»។ (យ៉ូហាន ១៤:៣០; លូកា ៤:៦) សាតាំងប្រើអំណាចរបស់វាដើម្បី«នាំលោកីយទាំងមូល»ឲ្យវង្វេង។ (វិវរណៈ ១២:៩) ហេតុនេះ បើអ្នកយកតែប្រជាមតិធ្វើជាខ្នាតតម្រាដើម្បីដឹងខុសនិងត្រូវនោះ អ្នកប្រហែលជាកំពុងតែយល់ស្របនឹងសីលធម៌របស់សាតាំង ហើយនោះនឹងនាំឲ្យជួបក្ដីអន្តរាយជាក់ជាពុំខាន។
តើអ្នកអាចទុកចិត្តគំនិតខ្លួនឯងបានទេ?
បើដូច្នេះ តើមនុស្សម្នាក់ៗគួរសម្រេចចិត្តដោយខ្លួនឯងអំពីអ្វីដែលខុសនិងអ្វីដែលត្រូវឬ? ព្រះគម្ពីរប្រាប់ថា៖ «កុំឲ្យពឹងផ្អែកលើយោបល់របស់ខ្លួនឡើយ»។ (សុភាសិត ៣:៥) តើហេតុអ្វី? ពីព្រោះមនុស្សគ្រប់រូបបានឆ្លងអ្វីអាក្រក់មួយពីឪពុកម្ដាយដំបូងបង្អស់ ដែលអាចធ្វើឲ្យមនុស្សមានគំនិតខុសវិញ។ នៅពេលដែលអ័ដាមហើយអេវ៉ាប្រឆាំងនឹងព្រះនោះ ពួកគេបានយល់ស្របនឹងខ្នាតតម្រារបស់អ្នកក្បត់ព្រះដែលប្រកបដោយអាត្មានិយម គឺសាតាំងហើយពួកគេក៏បានយកវាធ្វើជាឪពុកដែរ។ រួចមកកូនចៅទាំងឡាយបានឆ្លងអ្វីមួយពីឪពុកម្ដាយដំបូងបង្អស់ នោះគឺចិត្តដែលជាគ្រឿងបញ្ឆោតដែលស្គាល់អ្វីដែលត្រូវ តែមានភាពទន់ទោរទៅរកអ្វីដែលខុស។—លោកុប្បត្តិ ៦:៥; រ៉ូម ៥:១២; ៧:២១-២៤
សព្វវចនាធិប្បាយមួយកត់សម្គាល់អំពីសីលធម៌ថា៖ «ហាក់ដូចជាគ្មានអ្វីចំឡែកឡើយដែលមនុស្សស្គាល់អ្វីដែលគួរប្រព្រឹត្តឲ្យសមស្របតាមសីលធម៌ តែក្រោយមកបែរជាធ្វើអ្វីដែលជាប្រយោជន៍ខ្លួនឯងវិញ។ សីលធម៌នៅបស្ចិមប្រទេសមានបញ្ហាខ្លាំងណាស់ក្នុងការរកមូលហេតុឲ្យមនុស្សទាំងនេះធ្វើអ្វីដែលត្រឹមត្រូវ»។ (Encyclopædia Britannica) ព្រះគម្ពីរប្រាប់យ៉ាងត្រឹមត្រូវថា៖ «ចិត្តជាគ្រឿងបញ្ឆោតលើសជាងទាំងអស់ ហើយក៏អាក្រក់ហួសល្បត់ផង តើអ្នកណានឹងអាចស្គាល់បាន?»។ (យេរេមា ១៧:៩) តើអ្នកទុកចិត្តមនុស្សដែលអាក្រក់ថែមទាំងពូកែបញ្ឆោតគេឬ?
ពិតមែនថា សូម្បីតែអ្នកដែលមិនជឿលើព្រះអាចធ្វើអ្វីដែលត្រឹមត្រូវខាងសីលធម៌បាន ហើយក៏អាចបង្កើតសីលធម៌ដ៏ថ្លៃថ្នូរនិងមានប្រយោជន៍ទៀតផង។ ក៏ប៉ុន្តែ គោលការណ៍ល្អប្រសើរដែលជាមូលដ្ឋាននៃសីលធម៌របស់ពួកគេ ច្រើនតែយកគំរូតាមខ្នាតតម្រាសីលធម៌ក្នុងព្រះគម្ពីរ។ ទោះជាមនុស្សបែបនេះមិនជឿថាមានព្រះក៏ដោយ តែគំនិតរបស់ពួកគេបង្ហាញថាពីកំណើតពួកគេមានលទ្ធភាពយកតម្រាប់តាមបុគ្គលិកលក្ខណៈរបស់ព្រះបាន។ នេះជាភស្តុតាងបញ្ជាក់អ្វីដែលព្រះគម្ពីរប្រាប់ថា មនុស្សបានត្រូវបង្កើតមក‹ឲ្យចំនឹងរូបអង្គព្រះ›។ (លោកុប្បត្តិ ១:២៧; កិច្ចការ ១៧:២៦-២៨) សាវ័កប៉ុលប្រាប់ថាមនុស្ស៖ ‹សំដែងថា ក្រិត្យវិន័យបានកត់ទុកក្នុងចិត្តគេហើយ›។—រ៉ូម ២:១៥
ការស្គាល់អ្វីដែលត្រូវគឺស្រួល តែការប្រមូលកម្លាំងចិត្តប្រព្រឹត្តអ្វីដែលត្រូវគឺពិបាកជាងឆ្ងាយ។ តើអ្វីអាចជួយឲ្យមនុស្សម្នាក់មានកម្លាំងចិត្តធ្វើអ្វីដែលត្រូវនោះ? ដោយសារមនុស្សប្រព្រឹត្តតាមចិត្តជំរុញនោះ ការបណ្ដុះឲ្យមានសេចក្ដីស្រឡាញ់ចំពោះអ្នកនិពន្ធព្រះគម្ពីរ គឺព្រះយេហូវ៉ា នោះអាចជួយមនុស្សពង្រឹងកម្លាំងចិត្តឲ្យធ្វើអ្វីដែលត្រឹមត្រូវ។—ទំនុកដំកើង ២៥:៤, ៥
វិធីទទួលបានកម្លាំងចិត្តដើម្បីធ្វើល្អ
ជំហានទីមួយក្នុងការបណ្ដុះឲ្យមានសេចក្ដីស្រឡាញ់ចំពោះព្រះ គឺត្រូវយល់ថាបង្គាប់របស់ទ្រង់គឺសមហេតុសមផលនិងមានប្រយោជន៍។ សាវ័កយ៉ូហានប្រាប់ថា៖ «នេះហើយជាសេចក្ដីស្រឡាញ់ដល់ព្រះ គឺឲ្យយើងកាន់តាមអស់ទាំងបញ្ញត្តរបស់ទ្រង់ ឯបញ្ញត្តទ្រង់នោះមិនមែនជាបន្ទុកដ៏ធ្ងន់ទេ»។ (យ៉ូហានទី១ ៥:៣) ជាឧទាហរណ៍ ព្រះគម្ពីរមានឱវាទដ៏ល្អដែលអាចជួយយុវជនស្គាល់ខុស ស្គាល់ត្រូវ ហើយអាចសម្រេចថាតើគួរផឹកស្រា សេពថ្នាំញៀន ឬរួមភេទមុនរៀបការ។ ព្រះគម្ពីរក៏អាចជួយប្ដីប្រពន្ធឲ្យស្គាល់នូវវិធីដោះស្រាយទំនាស់ ហើយក៏ផ្ដល់ការណែនាំដ៏ល្អស្តីអំពីការចិញ្ចឹមអប់រំកូន។a ពេលដែលអនុវត្តតាមខ្នាតតម្រាព្រះគម្ពីរ មនុស្សទាំងចាស់ទាំងក្មេងទទួលប្រយោជន៍ មិនថាមកពីស្រទាប់ណាក្នុងសង្គម មានកំរិតវប្បធម៌ប៉ុនណា ឬមកពីប្រទេសណាក៏ដោយ។
យើងមានកម្លាំងធ្វើការបើបរិភោគអាហារដែលមានជីវជាតិល្អ។ នេះដូចគ្នាដែរ ការអានព្រះបន្ទូលរបស់ព្រះផ្ដល់កម្លាំងចិត្តឲ្យយើងរស់នៅសមស្របតាមខ្នាតតម្រារបស់ទ្រង់។ ព្រះយេស៊ូបានប្រដូចព្រះបន្ទូលរបស់ព្រះទៅនឹងនំប៉័ងដែលទ្រទ្រង់ជីវិត។ (ម៉ាថាយ ៤:៤) ព្រះយេស៊ូក៏បានមានបន្ទូលថា៖ «អាហារខ្ញុំ គឺត្រង់ដែលខ្ញុំធ្វើតាមព្រះហឫទ័យនៃព្រះដែលចាត់ឲ្យខ្ញុំមក»។ (យ៉ូហាន ៤:៣៤) ការទទួលនូវព្រះបន្ទូលរបស់ព្រះបានជួយព្រះយេស៊ូទប់ទល់នឹងការល្បួងហើយធ្វើការសម្រេចចិត្តដែលប្រកបដោយប្រាជ្ញា។—លូកា ៤:១-១៣
នៅដើមដំបូង អ្នកប្រហែលជានឹងពិបាកក្រេបជញ្ជក់នូវចំណេះពីព្រះបន្ទូលរបស់ព្រះនិងប្រព្រឹត្តតាមខ្នាតតម្រារបស់ទ្រង់។ ប៉ុន្តែ សូមចាំពីពេលដែលអ្នកនៅក្មេង អ្នកប្រហែលជាមិនចូលចិត្តរសជាតិអាហារដែលមានជីវជាតិល្អទេ។ ដើម្បីអាចធំធាត់ អ្នកត្រូវទម្លាប់ខ្លួនឲ្យចូលចិត្តអាហារដែលមានជីវជាតិល្អ។ នេះដូចគ្នាដែរ ប្រហែលជាត្រូវការពេលយូរទើបអ្នកចាប់ផ្ដើមចូលចិត្តខ្នាតតម្រារបស់ព្រះ។ បើអ្នកតស៊ូ អ្នកនឹងចាប់ផ្ដើមស្រឡាញ់ខ្នាតតម្រាទាំងនោះ ហើយមានជំនឿមុតមាំ។ (ទំនុកដំកើង ៣៤:៨; ធីម៉ូថេទី២ ៣:១៥-១៧) អ្នកនឹងរៀនទុកចិត្តព្រះយេហូវ៉ាហើយក៏នឹងត្រូវជំរុញឲ្យ«ប្រព្រឹត្តការល្អ»។—ទំនុកដំកើង ៣៧:៣
អ្នកប្រហែលជាមិនជួបនឹងកាលៈទេសៈដូចលោកចូឌីនោះទេ។ យ៉ាងណាក៏ដោយ ជារៀងរាល់ថ្ងៃអ្នកធ្វើការសម្រេចចិត្តអំពីសីលធម៌ក្នុងរឿងតូចតាចនិងរឿងធំដែរ។ ហេតុនេះព្រះគម្ពីរជំរុញចិត្តអ្នកថា៖ «ចូរទីពឹងដល់ព្រះយេហូវ៉ាឲ្យអស់អំពីចិត្ត កុំឲ្យពឹងផ្អែកលើយោបល់របស់ខ្លួនឡើយ ត្រូវឲ្យទទួលស្គាល់ទ្រង់នៅគ្រប់ទាំងផ្លូវឯងចុះ នោះទ្រង់នឹងដំរង់អស់ទាំងផ្លូវច្រករបស់ឯង»។ (សុភាសិត ៣:៥, ៦) ការទម្លាប់ខ្លួនឲ្យពឹងដល់ព្រះយេហូវ៉ាមិនត្រឹមតែមានប្រយោជន៍ឥឡូវនេះទេ ប៉ុន្តែនឹងផ្ដល់លទ្ធភាពឲ្យអ្នកទទួលជីវិតជារៀងរហូត ពីព្រោះការស្ដាប់បង្គាប់ព្រះយេហូវ៉ាជាមាគ៌ាដែលនាំទៅឯជីវិត។—ម៉ាថាយ ៧:១៣, ១៤
[កំណត់សម្គាល់]
a ឱវាទល្អៗពីព្រះគម្ពីរស្តីអំពីរឿងទាំងនេះនិងរឿងសំខាន់ៗឯទៀត គឺមានក្នុងសៀវភៅចំណងជើងថាសំនួរទាំងឡាយដែលយុវជនសួរចម្លើយដែលមានប្រសិទ្ធភាព (ជាភាសាអង់គ្លេស) ហើយគន្លឹះនៃសុភមង្គលគ្រួសារបោះពុម្ពដោយស្មរបន្ទាល់ព្រះយេហូវ៉ា។
[ឃ្លាអក្សរធំនៅទំព័រ៥]
ជួនកាលប្រជាមតិទទួលឥទ្ធិពលពីអ្វីដែលយើងមើលពុំឃើញ
[រូបភាពនៅទំព័រ៦]
ព្រះគម្ពីរមិនត្រឹមតែជួយឲ្យស្គាល់ខុស ស្គាល់ត្រូវប៉ុណ្ណោះទេ តែក៏ជំរុញឲ្យយើងធ្វើអ្វីត្រឹមត្រូវដែរ