អត្ថបទសិក្សា ៣០
ចូរជួយមនុស្សដែលមិនកាន់សាសនាឲ្យស្រឡាញ់ព្រះ
«ខ្ញុំបានធ្វើដូចមនុស្សគ្រប់ប្រភេទ ដើម្បីខ្ញុំអាចសង្គ្រោះពួកគេខ្លះតាមគ្រប់មធ្យោបាយទាំងអស់»។—១កូ. ៩:២២
ចម្រៀងលេខ៨២ «ចូរឲ្យមនុស្សទាំងអស់ឃើញពន្លឺរបស់អ្នក»
សេចក្ដីសង្ខេបa
១. ក្នុងអំឡុងប៉ុន្មានទសវត្សរ៍កន្លងទៅនេះ តើមានការផ្លាស់ប្ដូរអ្វី?
អស់រាប់ពាន់ឆ្នាំមកហើយ តាមមើលទៅមនុស្សភាគច្រើនក្នុងពិភពលោកនេះមានជំនឿលើសាសនាផ្សេងៗ។ ប៉ុន្តែនៅប៉ុន្មានទសវត្សរ៍កន្លងទៅនេះ មានការផ្លាស់ប្ដូរដ៏គួរឲ្យកត់សម្គាល់។ មនុស្សកាន់តែច្រើនឡើងៗ មិនមានជំនឿលើសាសនាទេ។ តាមពិត នៅប្រទេសខ្លះប្រជាជនភាគច្រើននិយាយថាពួកគេមិនកាន់សាសនាណាមួយទេ។b—ម៉ាថ. ២៤:១២
២. ហេតុអ្វីមនុស្សជាច្រើនមិនជឿលើសាសនា?
២ ហេតុអ្វីចំនួនមនុស្សដែលមិនកាន់សាសនាcបន្តកើនឡើង? មនុស្សខ្លះប្រហែលជាផ្ដោតអារម្មណ៍លើការសប្បាយ ឬផ្ដោតអារម្មណ៍លើបញ្ហាដែលពួកគេមាន។ (លូក. ៨:១៤) អ្នកខ្លះធ្លាប់កាន់សាសនាណាមួយ តែឥឡូវពួកគេមិនជឿថាមានព្រះទេ។ អ្នកខ្លះទៀតជឿថាមានព្រះ ប៉ុន្តែពួកគេគិតថា ការមានជំនឿលើសាសនាគឺហួសសម័យ គ្មានប្រយោជន៍ មិនសមស្របនឹងវិទ្យាសាស្ត្រ និងមិនសមហេតុផល។ ពួកគេប្រហែលជាឮពីមនុស្សល្បីឈ្មោះតាមប្រព័ន្ធផ្សាយព័ត៌មាន មិត្តភក្ដិ ឬគ្រូបង្រៀនថាជីវិតទាំងឡាយគឺមកពីការវិវត្តន៍ តែពួកគេកម្រឮអំពីមូលហេតុដែលការមានជំនឿលើព្រះគឺសមហេតុសមផល។ មនុស្សខ្លះទៀត មិនចូលចិត្តពួកបព្វជិតដែលលោភលន់ចង់បានលុយនិងអំណាចទេ។ មួយវិញទៀត នៅកន្លែងខ្លះរដ្ឋាភិបាលដាក់កម្រិតលើសកម្មភាពសាសនា។
៣. តើគោលបំណងនៃអត្ថបទនេះគឺជាអ្វី?
៣ លោកយេស៊ូបង្គាប់យើងឲ្យ«ទៅបង្រៀនមនុស្សគ្រប់ជាតិសាសន៍ឲ្យក្លាយទៅជាអ្នកកាន់តាម»លោក។ (ម៉ាថ. ២៨:១៩) តើតាមរបៀបណាយើងអាចជួយបុគ្គលដែលមិនកាន់សាសនាឲ្យស្រឡាញ់ព្រះ និងទៅជាអ្នកកាន់តាមគ្រិស្ត? យើងត្រូវទទួលស្គាល់ថាប្រតិកម្មរបស់បុគ្គលណាម្នាក់ចំពោះដំណឹងដែលយើងផ្សាយ គឺអាស្រ័យលើកន្លែងដែលគាត់ធំឡើង។ ជាឧទាហរណ៍ មនុស្សដែលធំឡើងនៅទ្វីបអឺរ៉ុបប្រហែលជាមិនមានប្រតិកម្មដូចគ្នានឹងមនុស្សដែលមកពីទ្វីបអាស៊ីទេ។ ហេតុអ្វី? ពីព្រោះនៅទ្វីបអឺរ៉ុប មនុស្សជាច្រើនស្គាល់ព័ត៌មានខ្លះៗអំពីគម្ពីរ ហើយស៊ាំនឹងគំនិតដែលថាព្រះបានបង្កើតអ្វីៗទាំងអស់។ ប៉ុន្តែនៅទ្វីបអាស៊ី មនុស្សភាគច្រើនមិនសូវស្គាល់ឬមិនស្គាល់ទាល់តែសោះអំពីគម្ពីរ ហើយពួកគេប្រហែលជាមិនជឿថាមានអ្នកបង្កើតអ្វីៗទាំងអស់ទេ។ គោលបំណងនៃអត្ថបទនេះ គឺដើម្បីជួយយើងឲ្យដឹងអំពីរបៀបដែលយើងអាចជួយអស់អ្នកដែលយើងជួបក្នុងតំបន់ផ្សាយឲ្យស្រឡាញ់ព្រះ ទោះជាពួកគេមកពីណាឬមានជំនឿបែបណាក្ដី។
ចូររក្សាចិត្តគំនិតត្រឹមត្រូវ
៤. ហេតុអ្វីយើងអាចរក្សាចិត្តគំនិតត្រឹមត្រូវ?
៤ ចូរមានចិត្តគំនិតត្រឹមត្រូវ។ ជារៀងរាល់ឆ្នាំ បុគ្គលដែលមិនធ្លាប់កាន់សាសនាណាមួយបានក្លាយទៅជាសាក្សីព្រះយេហូវ៉ា។ ពួកគេជាច្រើនមានខ្នាតតម្រាសីលធម៌ខ្ពស់រួចហើយ ហើយស្អប់ខ្ពើមសាសនាដែលមានពុតត្បុត។ ពួកគេខ្លះទៀតមានខ្នាតតម្រាសីលធម៌ធូរលុង ហើយមានទម្លាប់អាក្រក់ដែលពួកគេត្រូវលះចោល។ ដោយមានជំនួយពីព្រះយេហូវ៉ា យើងអាចប្រាកដថាយើងនឹងរកឃើញពួកអ្នកដែល«មានចិត្តគំនិតត្រឹមត្រូវឲ្យបានជីវិតដែលគ្មានទីបញ្ចប់»។—សកម្ម. ១៣:៤៨; ១ធី. ២:៣, ៤
សូមផ្លាស់ប្ដូរពាក្យផ្សាយ ពេលជួបពួកអ្នកដែលមិនជឿលើគម្ពីរ (សូមមើលវគ្គ៥-៦)d
៥. ជាច្រើនដង តើអ្វីធ្វើឲ្យមនុស្សមានប្រតិកម្មល្អចំពោះដំណឹងដែលយើងផ្សាយ?
៥ ចូរបង្ហាញសេចក្ដីសប្បុរសនិងមិននិយាយអ្វីដែលធ្វើឲ្យអ្នកឯទៀតទើសចិត្ត។ ជាច្រើនដង មនុស្សមានប្រតិកម្មល្អចំពោះដំណឹងដែលយើងផ្សាយ មិនមែនដោយសារអ្វីដែលយើងនិយាយទេ ប៉ុន្តែដោយសាររបៀបដែលយើងនិយាយវិញ។ ពួកគេសប្បាយចិត្តពេលយើងបង្ហាញសេចក្ដីសប្បុរស និយាយអ្វីដែលមិនធ្វើឲ្យពួកគេទើសចិត្ត និងយកចិត្តទុកដាក់យ៉ាងស្មោះចំពោះពួកគេ។ យើងមិនបង្ខំពួកគេឲ្យស្ដាប់អ្វីដែលយើងនិយាយទេ។ ផ្ទុយទៅវិញ យើងព្យាយាមយល់អំពីមូលហេតុដែលពួកគេមានទស្សនៈបែបនេះចំពោះសាសនា។ ជាឧទាហរណ៍ មនុស្សខ្លះមិនចូលចិត្តនិយាយអំពីសាសនាជាមួយនឹងមនុស្សដែលគេមិនដែលស្គាល់ទេ។ មនុស្សខ្លះទៀត គិតថាការសួរអ្នកណាម្នាក់អំពីទស្សនៈរបស់គាត់ចំពោះព្រះគឺគ្មានសុជីវធម៌ឡើយ។ រីឯអ្នកផ្សេងទៀត ខ្មាសគេពេលអ្នកឯទៀតឃើញគាត់អានគម្ពីរ ជាពិសេសពេលអានជាមួយនឹងសាក្សីព្រះយេហូវ៉ា។ ទោះជាយ៉ាងណាក៏ដោយ យើងព្យាយាមយល់អារម្មណ៍របស់ពួកគេ។—២ធី. ២:២៤
៦. តើសាវ័កប៉ូលបង្ហាញយ៉ាងណាថាគាត់ចេះបត់បែនតាមកាលៈទេសៈ ហើយតើយើងអាចយកតម្រាប់គាត់យ៉ាងដូចម្ដេច?
៦ តើយើងអាចធ្វើអ្វី បើមើលទៅបុគ្គលណាម្នាក់មានអារម្មណ៍មិនស្រួល ពេលយើងប្រើពាក្យដូចជា៖ «គម្ពីរ» «ការបង្កើត» «ព្រះ» ឬ«សាសនា»? យើងអាចយកតម្រាប់សាវ័កប៉ូល ដោយផ្លាស់ប្ដូរពាក្យផ្សាយរបស់យើង។ ពេលនិយាយជាមួយនឹងជនជាតិយូដា ប៉ូលប្រើបទគម្ពីរដើម្បីវែកញែកជាមួយនឹងពួកគេ។ ប៉ុន្តែ ពេលគាត់និយាយជាមួយនឹងទស្សនវិទូជនជាតិក្រិចនៅអារីយ៉ូស គាត់មិនបាននិយាយថាអ្វីដែលគាត់និយាយគឺដកស្រង់ពីគម្ពីរទេ។ (សកម្ម. ១៧:២, ៣, ២២-៣១) តើយើងអាចយកតម្រាប់ប៉ូលយ៉ាងដូចម្ដេច? បើអ្នកជួបបុគ្គលណាម្នាក់ដែលមិនជឿលើគម្ពីរ ប្រហែលជាល្អបំផុតពេលអ្នកវែកញែកជាមួយនឹងគាត់ អ្នកមិនបញ្ជាក់ថាបទគម្ពីរណាមួយចែងបែបនេះឬបែបនោះទេ។ បើអ្នកឃើញថាបុគ្គលណាម្នាក់ប្រហែលជាមានអារម្មណ៍មិនស្រួលពេលគេឃើញគាត់អានគម្ពីរជាមួយនឹងអ្នក សូមព្យាយាមបង្ហាញខគម្ពីរដល់គាត់តាមរបៀបដែលមិនសូវលេចធ្លោ ដូចជាឲ្យគាត់មើលគម្ពីរពីគ្រឿងអេឡិចត្រូនិកជាដើម។
៧. ដើម្បីធ្វើតាមគំរូរបស់ប៉ូលដែលបានត្រូវរៀបរាប់នៅកូរិនថូសទី១ ៩:២០-២៣ តើយើងប្រហែលជាត្រូវធ្វើអ្វី?
៧ ចូរព្យាយាមយល់អំពីអ្នកឯទៀតនិងស្ដាប់ពួកគេ។ យើងត្រូវព្យាយាមយល់អំពីកត្ដាផ្សេងៗដែលមានឥទ្ធិពលលើមនុស្សដែលយើងជួប។ (សុភ. ២០:៥) សូមពិចារណាម្ដងទៀតអំពីគំរូរបស់ប៉ូល។ គាត់បានធំឡើងក្នុងចំណោមជនជាតិយូដា។ គាត់ច្បាស់ជាត្រូវផ្លាស់ប្ដូររបៀបផ្សព្វផ្សាយរបស់គាត់ ពេលគាត់ផ្សព្វផ្សាយដល់ជនជាតិដទៃដែលជាមនុស្សមិនសូវស្គាល់ ឬមិនស្គាល់ទាល់តែសោះអំពីព្រះយេហូវ៉ានិងបទគម្ពីរ។ យើងប្រហែលជាត្រូវធ្វើការស្រាវជ្រាវខ្លះឬសុំយោបល់ពីបងប្អូនដែលមានបទពិសោធន៍ក្នុងក្រុមជំនុំ ដើម្បីយើងអាចបង្ហាញចិត្តអាណិតមេត្ដានិងយល់ច្រើនជាងអំពីមនុស្សក្នុងតំបន់ផ្សាយរបស់យើង។—សូមអាន កូរិនថូសទី១ ៩:២០-២៣
៨. តើរបៀបមួយដើម្បីចាប់ផ្ដើមការសន្ទនាអំពីគម្ពីរគឺជាអ្វី?
៨ គោលដៅរបស់យើងគឺស្វែងរក‹អ្នកណាដែលសមនឹងទទួលយើងជាភ្ញៀវ›។ (ម៉ាថ. ១០:១១) ដើម្បីមានប្រសិទ្ធភាពក្នុងកិច្ចការនេះ យើងត្រូវសុំពួកអ្នកដែលយើងជួបប្រាប់អំពីទស្សនៈរបស់ពួកគេ ហើយស្ដាប់ពួកគេដោយយកចិត្តទុកដាក់។ បងប្រុសម្នាក់នៅប្រទេសអង់គ្លេសសួរមនុស្សដែលគាត់ជួបក្នុងកិច្ចបម្រើផ្សាយអំពីទស្សនៈរបស់ពួកគេស្តីអំពីរបៀបមានសុភមង្គលក្នុងចំណងអាពាហ៍ពិពាហ៍ របៀបចិញ្ចឹមអប់រំកូន ឬរបៀបស៊ូទ្រាំនឹងភាពអយុត្ដិធម៌។ បន្ទាប់ពីស្ដាប់យោបល់របស់ពួកគេ គាត់និយាយថា៖ «តើអ្នកគិតយ៉ាងណាអំពីយោបល់នេះដែលបានសរសេរជិត២.០០០ឆ្នាំមុន?»។ ក្រោយមក ដោយមិននិយាយពាក្យថា«គម្ពីរ» គាត់បង្ហាញពួកគេពីទូរស័ព្ទដៃរបស់គាត់នូវបទគម្ពីរដែលគាត់បានជ្រើសរើសយ៉ាងយកចិត្តទុកដាក់។
របៀបជួយមនុស្សដែលមិនកាន់សាសនាឲ្យស្រឡាញ់ព្រះ
៩. តើយើងអាចជួយមនុស្សដែលតាមធម្មតាមិននិយាយអំពីព្រះយ៉ាងដូចម្ដេច?
៩ បើយើងផ្សព្វផ្សាយដល់មនុស្សដែលតាមធម្មតាមិននិយាយអំពីព្រះ យើងអាចពិភាក្សាជាមួយនឹងពួកគេអំពីអ្វីដែលទាក់ទងនឹងជីវិតប្រចាំថ្ងៃរបស់ពួកគេ។ ជាឧទាហរណ៍ មនុស្សជាច្រើនកោតស្ងើចចំពោះធម្មជាតិ។ ដូច្នេះ យើងអាចនិយាយថា ‹អ្នកប្រហែលជាដឹងថាអ្វីៗជាច្រើនដែលអ្នកវិទ្យាសាស្ត្របង្កើត គឺពួកគេបានចម្លងពីអ្វីដែលមានក្នុងធម្មជាតិរួចហើយ។ ជាឧទាហរណ៍ អ្នកដែលបង្កើតមីក្រូហ្វូន ស្រាវជ្រាវអំពីត្រចៀក និងអ្នកដែលបង្កើតម៉ាស៊ីនថត ស្រាវជ្រាវអំពីភ្នែក។ ប៉ុន្តែ តើអ្នកគិតថាធម្មជាតិមកពីណា? តើអ្នកគិតថា ធម្មជាតិកើតឡើងដោយឯកឯង មានអ្នកបង្កើត ឬអ្វីផ្សេងទៀត?›។ បន្ទាប់ពីស្ដាប់គាត់ដោយយកចិត្តទុកដាក់ យើងអាចបន្ថែមថា ‹ពេលអ្នកវិទ្យាសាស្ត្រសិក្សាអំពីរបៀបដែលត្រចៀកនិងភ្នែកដំណើរការ យើងប្រហែលជាឆ្ងល់ថាតើពួកគេកំពុងស្វែងយល់អំពីរបៀបរៀបចំរបស់អ្នកណា? ខ្ញុំចាប់អារម្មណ៍នឹងអ្វីដែលកវីម្នាក់បានសរសេរ ពេលគាត់ថា៖ «ព្រះដែលទ្រង់បង្កើតត្រចៀក តើទ្រង់មិនឮទេឬ? ព្រះដែលសូនធ្វើភ្នែក តើទ្រង់មិនឃើញទេឬ? . . . គឺព្រះនោះឯង ដែលបង្រៀនឲ្យមនុស្សមានចំណេះ»។ អ្នកវិទ្យាសាស្ត្រខ្លះក៏យល់ស្របនឹងពាក្យទាំងនេះ ហើយជឿថាមានបុគ្គលម្នាក់ដែលបានបង្កើតអ្វីៗទាំងអស់›។ (ទំនុក. ៩៤:៩, ១០) បន្ទាប់មក យើងអាចបង្ហាញវីដេអូពីគេហទំព័រjw.org®ដែលមានចំណងជើងថា «តើមនុស្សស្រករប្អូននិយាយយ៉ាងណាអំពីជំនឿលើព្រះ?» (សូមចុច«សៀវភៅផ្សេងៗ» ▸ «វីដេអូ» ▸ «គម្ពីរ» ហើយមើលក្រោមផ្នែក«ការបង្កើត») ឬយើងអាចស្នើផ្ដល់សៀវភៅស្តើងដែលមានចំណងជើងថា តើជីវិតទាំងឡាយមានអ្នកបង្កើតឬទេ?
១០. តើយើងអាចចាប់ផ្ដើមការសន្ទនាជាមួយនឹងបុគ្គលដែលមិនសូវចង់និយាយអំពីព្រះយ៉ាងដូចម្ដេច?
១០ មនុស្សភាគច្រើនចង់មានអនាគតល្អប្រសើរជាង។ ប៉ុន្តែ មនុស្សជាច្រើនបារម្ភថាផែនដីនឹងត្រូវបំផ្លាញឬថាមិនអាចរស់នៅបានទៀត។ បងប្រុសម្នាក់ដែលជាអ្នកធ្វើដំណើរត្រួតពិនិត្យនៅប្រទេសន័រវែស និយាយថាមនុស្សដែលមិនសូវចង់និយាយអំពីព្រះ ច្រើនតែសុខចិត្តនិយាយជាមួយនឹងយើងអំពីស្ថានភាពពិភពលោក។ ក្រោយពីសួរសុខទុក្ខម្ចាស់ផ្ទះ គាត់សួរថា៖ «តើអ្នកគិតថា ការមានអនាគតល្អប្រសើរជាងគឺអាស្រ័យទៅលើអ្វី? តើនេះអាស្រ័យលើអ្នកនយោបាយ អ្នកវិទ្យាសាស្ត្រ ឬអ្វីផ្សេងទៀត?»។ ក្រោយពីស្ដាប់ចម្លើយរបស់ម្ចាស់ផ្ទះយ៉ាងយកចិត្តទុកដាក់ គាត់អានឬដកស្រង់ពាក្យក្នុងបទគម្ពីរដែលប្រាប់អំពីអនាគតដ៏ល្អប្រសើរ។ បុគ្គលខ្លះចាប់អារម្មណ៍នឹងសេចក្ដីសន្យាក្នុងគម្ពីរដែលថាផែនដីនឹងស្ថិតស្ថេរជាដរាប ហើយថាមនុស្សល្អនឹងរស់នៅលើផែនដីជារៀងរហូត។—ទំនុក. ៣៧:២៩; សាស្ដ. ១:៤
១១. ហេតុអ្វីយើងគួរព្យាយាមប្រើពាក្យផ្ដើមផ្សេងៗ ហើយតើយើងអាចធ្វើតាមគំរូរបស់ប៉ូលដែលបានត្រូវរៀបរាប់នៅរ៉ូម ១:១៤-១៦យ៉ាងដូចម្ដេច?
១១ យើងគួរប្រើពាក្យផ្ដើមផ្សេងៗក្នុងកិច្ចបម្រើផ្សាយ។ ហេតុអ្វី? ពីព្រោះមនុស្សម្នាក់ៗគឺខុសៗគ្នា។ អ្វីដែលបុគ្គលម្នាក់ចាប់អារម្មណ៍ ប្រហែលជាធ្វើឲ្យម្នាក់ទៀតមិនចូលចិត្តនិងថែមទាំងមិនចង់ស្ដាប់ទៅវិញ។ អ្នកខ្លះសប្បាយចិត្តនិយាយអំពីព្រះនិងគម្ពីរ រីឯអ្នកខ្លះទៀតសប្បាយចិត្តបើយើងនិយាយអំពីរឿងផ្សេងៗជាមុនសិន។ ទោះជាយ៉ាងណាក៏ដោយ យើងគួរព្យាយាមផ្សព្វផ្សាយដល់មនុស្សគ្រប់ប្រភេទ។ (សូមអាន រ៉ូម ១:១៤-១៦) តែយើងគួរចាំថា ព្រះយេហូវ៉ាជាបុគ្គលដែលធ្វើឲ្យសេចក្ដីពិតដុះលូតលាស់ឡើងក្នុងចិត្តរបស់មនុស្សដែលស្រឡាញ់សេចក្ដីសុចរិត។—១កូ. ៣:៦, ៧
របៀបផ្សព្វផ្សាយអំពីសេចក្ដីពិតដល់មនុស្សដែលមិនជឿលើព្រះ
អ្នកផ្សព្វផ្សាយអំពីរាជាណាចក្រជាច្រើននាក់បង្ហាញការយកចិត្តទុកដាក់ចំពោះបុគ្គលដែលមកពីប្រទេសដែលមិនកាន់គ្រិស្តសាសនា ហើយប្រាប់ពួកគេអំពីប្រាជ្ញាដែលមាននៅក្នុងគម្ពីរ (សូមមើលវគ្គ១២-១៣)
១២. ចំពោះមនុស្សពីទ្វីបអាស៊ីដែលមិនដែលគិតយ៉ាងដិតដល់អំពីគំនិតថាតើជីវិតទាំងឡាយមានអ្នកបង្កើតឬយ៉ាងណាទេ តើយើងអាចធ្វើអ្វីដើម្បីជួយពួកគេ?
១២ នៅទូទាំងពិភពលោក អ្នកផ្សព្វផ្សាយជាច្រើនជួបមនុស្សដែលមិនជឿថាមានព្រះទេ ហើយនេះរួមបញ្ចូលអ្នកដែលមកពីកន្លែងដែលរដ្ឋាភិបាលដាក់កម្រិតលើសកម្មភាពផ្សេងៗដែលជាប់ទាក់ទងនឹងសាសនា។ នៅប្រទេសមួយចំនួននាទ្វីបអាស៊ី មនុស្សជាច្រើនមិនដែលគិតយ៉ាងដិតដល់អំពីគំនិតថាតើជីវិតទាំងឡាយមានអ្នកបង្កើតឬយ៉ាងណាទេ។ អ្នកខ្លះចង់ដឹង ហើយព្រមទទួលយកការស្នើសុំបង្រៀនគម្ពីរតែម្ដង ប៉ុន្តែអ្នកខ្លះទៀតមិនសូវចាប់អារម្មណ៍រៀនអ្វីថ្មីទេ។ តើយើងអាចជួយបុគ្គលបែបនេះយ៉ាងដូចម្ដេច? អ្នកផ្សព្វផ្សាយខ្លះដែលមានបទពិសោធន៍ច្រើនបានទទួលលទ្ធផលល្អ ពេលគាត់ចាប់ផ្ដើមការសន្ទនាដោយបង្ហាញការយកចិត្តទុកដាក់ចំពោះម្ចាស់ផ្ទះ ហើយបន្ទាប់មកពេលសមរម្យគាត់រៀបរាប់អំពីរបៀបដែលគោលការណ៍គម្ពីរណាមួយបានធ្វើឲ្យជីវិតគាត់ល្អប្រសើរជាង។
១៣. តើអ្វីអាចជួយមនុស្សឲ្យមានចំណាប់អារម្មណ៍លើគម្ពីរ? (សូមមើលរូបភាពនៅក្រប)
១៣ អ្វីដែលធ្វើឲ្យមនុស្សជាច្រើនចាប់អារម្មណ៍ជាងគេ គឺគោលការណ៍ដែលប្រកបដោយប្រាជ្ញាដែលមាននៅក្នុងគម្ពីរ។ (សាស្ដ. ៧:១២) នៅក្រុងញូវយ៉ក បងស្រីម្នាក់ដែលផ្សព្វផ្សាយដល់មនុស្សដែលនិយាយភាសាចិនកុកងឺ និយាយថា៖ «ខ្ញុំព្យាយាមបង្ហាញចំណាប់អារម្មណ៍ចំពោះមនុស្ស ហើយស្ដាប់ពួកគេ។ បើខ្ញុំដឹងថាពួកគេជាជនអន្ដោប្រវេសន៍ ខ្ញុំប្រហែលជាសួរថា ‹តើការរើមកទីនេះយ៉ាងម៉េចដែរ? តើអ្នករកការងារបានហើយឬនៅ? តើមនុស្សនៅទីនេះបង្ហាញភាពរាក់ទាក់ចំពោះអ្នកទេ?›»។ ជួនកាលនេះបើកឱកាសឲ្យគាត់ចាប់ផ្ដើមនិយាយអំពីសេចក្ដីបង្រៀនណាមួយពីគម្ពីរ។ បើជាការសមរម្យ បងស្រីនោះបន្ថែមថា៖ «តើអ្នកគិតថាយើងអាចធ្វើអ្វីដើម្បីមានទំនាក់ទំនងល្អជាមួយនឹងអ្នកឯទៀត? ខ្ញុំសុំបង្ហាញអ្នកនូវសុភាសិតមួយពីគម្ពីរ។ សុភាសិតនោះចែងថា៖ ‹ការចាប់ផ្ដើមប្រកាន់គ្នា នោះប្រៀបដូចជាបើកទំនប់ទឹក ដូច្នេះ ចូរលើកការទាស់គ្នាចេញ មុនដែលកើតមានការប្រឈ្លោះគ្នាផង›។ តើអ្នកគិតថាយោបល់នេះអាចជួយយើងឲ្យមានទំនាក់ទំនងល្អជាមួយនឹងអ្នកឯទៀតឬទេ?»។ (សុភ. ១៧:១៤) ការសន្ទនាបែបនេះអាចជួយយើងឲ្យសម្គាល់ថាអ្នកណាចង់ដឹងថែមទៀត។
១៤. តើបងប្រុសម្នាក់ដែលនៅអាស៊ីជួយបុគ្គលដែលមិនជឿថាមានព្រះយ៉ាងដូចម្ដេច?
១៤ ចុះយ៉ាងណាចំពោះពួកអ្នកដែលនិយាយថាពួកគេមិនជឿថាមានព្រះ? នៅអាស៊ី បងប្រុសម្នាក់ដែលមានបទពិសោធន៍ច្រើនក្នុងការផ្សព្វផ្សាយដល់មនុស្សដែលមិនកាន់សាសនាណាមួយ ពន្យល់ថា៖ «តាមធម្មតាពេលបុគ្គលណាម្នាក់នៅទីនេះនិយាយថា ‹ខ្ញុំមិនជឿថាមានព្រះទេ› គាត់ចង់មានន័យថាគាត់មិនជឿថាគួរគោរពបូជាព្រះដែលមនុស្សជាច្រើននៅប្រទេសនេះគោរពបូជាទេ។ ដូច្នេះ តាមធម្មតាខ្ញុំយល់ស្របនឹងអ្នកនោះថាព្រះភាគច្រើនជាស្នាដៃរបស់មនុស្ស ហើយមិនមែនជាព្រះពិតប្រាកដទេ។ ច្រើនដងខ្ញុំអានយេរេមា ១៦:២០ដែលចែងថា៖ ‹តើមានទំនងឲ្យមនុស្សធ្វើព្រះសំរាប់ខ្លួន ដែលមិនមែនជាព្រះពិតដែរឬ?›។ បន្ទាប់មកខ្ញុំសួរថា៖ ‹តើតាមរបៀបណាយើងអាចសម្គាល់ថាព្រះណាជាព្រះពិត ហើយព្រះណាជាស្នាដៃរបស់មនុស្ស?›។ ខ្ញុំស្ដាប់ចម្លើយរបស់ពួកគេដោយយកចិត្តទុកដាក់ រួចមកខ្ញុំអានអេសាយ ៤១:២៣ដែលចែងថា៖ ‹ចូរសំដែងប្រាប់ពីការដែលត្រូវកើតមកនៅខាងមុខនោះ ដើម្បីឲ្យយើងរាល់គ្នាបានដឹងថាឯងរាល់គ្នាជាព្រះមែន›។ បន្ទាប់មក ខ្ញុំបង្ហាញឧទាហរណ៍មួយអំពីរបៀបដែលព្រះយេហូវ៉ាបានប្រកាសទុកជាមុនអំពីថ្ងៃអនាគត»។
១៥. តើយើងអាចរៀនអ្វីពីគំរូរបស់បងប្រុសម្នាក់នៅអាស៊ីខាងកើត?
១៥ បងប្រុសម្នាក់ពីអាស៊ីខាងកើតរៀបរាប់អំពីរបៀបដែលគាត់ធ្វើការត្រឡប់ទៅជួប។ គាត់និយាយថា៖ «ខ្ញុំបង្ហាញពួកគេអំពីឧទាហរណ៍ខ្លះក្នុងគម្ពីរដែលបង្ហាញអំពីប្រាជ្ញា ការសម្រេចនៃទំនាយផ្សេងៗ និងច្បាប់ធម្មជាតិក្នុងសកលលោក។ រួចមកខ្ញុំបង្ហាញពួកគេថាអ្វីទាំងអស់នេះបង្ហាញថាមានព្រះដែលមានជីវិតរស់នៅនិងដែលជាអ្នកបង្កើតដ៏មានប្រាជ្ញា។ ពេលបុគ្គលណាម្នាក់ចាប់ផ្ដើមគិតថា ប្រហែលជាអាចមានព្រះមែន ខ្ញុំចាប់ផ្ដើមបង្ហាញគាត់នូវអ្វីដែលគម្ពីរចែងអំពីព្រះយេហូវ៉ា»។
១៦. យោងទៅតាមហេប្រឺ ១១:៦ ហេតុអ្វីសិស្សគម្ពីរត្រូវមានជំនឿលើព្រះនិងគម្ពីរ ហើយតើយើងអាចជួយពួកគេឲ្យមានជំនឿបែបនេះយ៉ាងដូចម្ដេច?
១៦ ពេលយើងបង្រៀនមនុស្សដែលមិនកាន់សាសនា យើងត្រូវបន្តជួយពួកគេឲ្យកាន់តែជឿជាក់ថាមានព្រះ។ (សូមអាន ហេប្រឺ ១១:៦) ម្យ៉ាងទៀត យើងត្រូវជួយពួកគេឲ្យមានជំនឿទៅលើគម្ពីរ។ នេះប្រហែលជាតម្រូវឲ្យយើងពន្យល់ជាច្រើនដងអំពីសេចក្ដីបង្រៀនផ្សេងៗ។ រាល់ដងដែលយើងសិក្សាជាមួយនឹងបុគ្គលបែបនេះ យើងប្រហែលជាត្រូវពិគ្រោះអំពីភ័ស្តុតាងដែលបញ្ជាក់ថាគម្ពីរគឺជាបណ្ដាំរបស់ព្រះ។ នេះប្រហែលជារួមបញ្ចូលការសន្ទនាយ៉ាងខ្លីអំពីទំនាយក្នុងគម្ពីរដែលបានត្រូវសម្រេច ភាពត្រឹមត្រូវខាងវិទ្យាសាស្ត្រនិងប្រវត្ដិសាស្ត្រ ឬអំពីប្រាជ្ញាក្នុងគម្ពីរ។
១៧. តើសេចក្ដីស្រឡាញ់របស់យើងអាចមានឥទ្ធិពលយ៉ាងណាលើមនុស្ស?
១៧ យើងជួយមនុស្សឲ្យក្លាយទៅជាអ្នកកាន់តាមគ្រិស្តដោយបង្ហាញសេចក្ដីស្រឡាញ់ចំពោះពួកគេ មិនថាពួកគេកាន់សាសនាឬមិនកាន់សាសនាក្ដី។ (១កូ. ១៣:១) គោលដៅរបស់យើងកាលដែលយើងបង្រៀនមនុស្ស គឺជួយពួកគេឲ្យយល់ថាព្រះស្រឡាញ់យើងទាំងអស់គ្នា ហើយចង់ឲ្យយើងស្រឡាញ់លោក។ ជារៀងរាល់ឆ្នាំ មនុស្សរាប់ពាន់នាក់ដែលពីមុនមិនសូវចាប់អារម្មណ៍ឬដែលមិនចាប់អារម្មណ៍នឹងសាសនាទាល់តែសោះ ទទួលការជ្រមុជទឹក ដោយសារពួកគេបានរៀនឲ្យចេះស្រឡាញ់ព្រះ។ ដូច្នេះ ចូរមានទស្សនៈត្រឹមត្រូវ ហើយបង្ហាញសេចក្ដីស្រឡាញ់និងការយកចិត្តទុកដាក់ចំពោះមនុស្សគ្រប់ប្រភេទ។ ចូរស្ដាប់ពួកគេ។ ចូរព្យាយាមយល់អំពីមូលហេតុដែលពួកគេមានគំនិតនិងអារម្មណ៍បែបនោះ។ តាមរយៈគំរូរបស់អ្នក ចូរបង្រៀនពួកគេឲ្យក្លាយទៅជាអ្នកកាន់តាមគ្រិស្ត។
ចម្រៀងលេខ៧៦ តើអ្នកសប្បាយចិត្តទេ?
a សព្វថ្ងៃនេះជាងពេលមុនៗទៅទៀត យើងជួបមនុស្សដែលមិនកាន់សាសនាណាមួយ។ ក្នុងអត្ថបទនេះ យើងនឹងពិចារណាអំពីរបៀបដែលយើងអាចផ្សព្វផ្សាយអំពីសេចក្ដីពិតដល់ពួកគេ និងរបៀបដែលយើងអាចជួយពួកគេបណ្ដុះឲ្យមានទំនុកចិត្តលើគម្ពីរ ហើយមានជំនឿលើព្រះយេហូវ៉ា។
b យោងទៅតាមការស្ទង់មតិមួយចំនួន ប្រទេសទាំងនោះរួមមាន៖ អាល់បានី អូស្ដ្រាលី អូទ្រីស អាស៊ែបៃហ្សង់ កាណាដា ចិន សាធារណរដ្ឋឆែក ដាណឺម៉ាក បារាំង អាល្លឺម៉ង់ ហុងកុង អៀរឡង់ អ៊ីស្រាអែល ជប៉ុន ហូឡង់ ន័រវែស កូរ៉េខាងត្បូង អេស្ប៉ាញ ស៊ុយអែត ស្វីស ចក្រភពអង់គ្លេស និងវៀតណាម។
c ការពន្យល់ពាក្យ: ក្នុងអត្ថបទនេះ ពាក្យមនុស្សដែលមិនកាន់សាសនាសំដៅទៅលើបុគ្គលដែលមិនមែនជាសមាជិកសាសនាណាមួយ ឬមិនជឿថាមានព្រះ។
d ការពណ៌នាអំពីរូបភាព: បងប្រុសម្នាក់ផ្សព្វផ្សាយដល់អ្នករួមការងារនៅមន្ទីរពេទ្យជាមួយនឹងគាត់ ហើយក្រោយមកបុគ្គលនោះចូលមើលគេហទំព័រjw.org។