តើអ្នកបានរៀបចំឲ្យហើយជាស្រេច ដើម្បីប្រឈមមុខនឹងការព្យាបាលជម្ងឺដែលសាកល្បងនូវជំនឿរបស់អ្នកឬទេ?
សូមទុកពត៌មាននេះនៅកន្លែងមួយដែលអ្នកអាចរកឃើញយ៉ាងឆាប់ ពេលដែលត្រូវការ
១ មនុស្សឥតសូវគិតអំពីលទ្ធភាពដែលថា គេនឹងត្រូវតែដេកពេទ្យថ្ងៃនេះឬក៏ថ្ងៃស្អែកទេ។ យ៉ាងណាក៏ដោយ‹គ្រានិងព្រឹត្ដិការណ៍ដ៏មើលមិនឃើញជាមុនមានមកលើយើងគ្រប់គ្នា›។ (សាស្ដា ៩:១១) សូម្បីតែក្នុងករណីដែលអ្នកមិនព្រមទទួលការព្យាបាលរបស់ពេទ្យ ដើម្បីថែទាំសុខភាពរបស់អ្នកក៏ដោយ ចុះបើសិនជាអ្នកមានគ្រោះថ្នាក់ ហើយមិនដឹងខ្លួន និងត្រូវគេបញ្ជូនទៅមន្ទីរពេទ្យជាបន្ទាន់ តើអ្នកនឹងធ្វើយ៉ាងណាទៅ ដើម្បីការពារខ្លួនអ្នកកុំឲ្យមានការបញ្ចូលឈាមនោះ? គឺពិតមែនដែលថា គ្រោះថ្នាក់មួយឬក៏ភាពអន់ថយនៃសុខភាពអាចនាំឲ្យអ្នកប្រឈមមុខយ៉ាងលឿននូវការសាកល្បងនូវជំនឿរបស់អ្នក។
២ បើសិនជាអ្នកដឹងថា ខ្លួននៅពេទ្យដោយសារហេតុណាមួយ តើអ្នកនឹងធ្វើយ៉ាងណាដើម្បីរក្សាភាពស្មោះត្រង់របស់អ្នក បើមនុស្សម្នាក់ប្រាប់អ្នកថា អ្នកនឹងស្លាប់ជាមិនខាន បើសិនជាអ្នកមិនទទួលការបញ្ចូលឈាមនោះ? តើអ្នកនឹងជឿភ្លាមទេ ថាការអះអាងនោះពិតជាអ្វីដែលនឹងកើតឡើងចំពោះអ្នក? តើអ្នកបានតាំងចិត្តជាស្រេចហើយឬនៅ ថាអ្នកមិនចង់ទទួលការបញ្ចូលឈាម? តើអ្នកបានរៀបចំជាស្រេចដើម្បីប្រឈមមុខការសាកល្បងនូវជំនឿរបស់អ្នក និង‹ជៀសវាងចំពោះឈាម›ឬទេ?—កិច្ចការ ១៥:២៨, ២៩
៣ ដើម្បីបដិសេធដោយជោគជ័យនូវការបញ្ចូលឈាម ដែលអ្នកមិនចង់បាននិងជាអ្វីមួយដែលនាំឲ្យស្មោកគ្រោកខាងវិញ្ញាណ នោះអ្នកត្រូវតែមានជំនឿស៊ប់ជាមុន។ ជំនឿបែបនេះ ត្រូវតែមានមូលដ្ឋានទៅលើការយល់ដឹងយ៉ាងច្បាស់ នូវអ្វីដែលព្រះគម្ពីរចែងអំពីឈាម។ ពុំនោះសោត ដោយសារអារម្មណ៍របស់អ្នកនៅពេលនោះឯង អ្នកនឹងអាចត្រូវបំភ័យដោយអ្នកណាម្នាក់ ដែលអះអាងថាគេដឹងច្រើនជាងអ្នកអំពីបញ្ហានោះ។ តើអ្នកប្រហែលជានឹងត្រូវនាំឲ្យជឿខុសថា គ្រូពេទ្យចេះជាងព្រះអំពីឈាមទេ? ប្រាកដហើយ ក្នុងកាលៈទេសៈបែបនោះ អ្នកនឹង«ប្រយ័ត [តាំងចិត្តយ៉ាងមាំមួន ព.ថ.]» ដោយចង់ប្រព្រឹត្ត«សេចក្ដីដែលទៀងត្រង់នៅព្រះនេត្រព្រះយេហូវ៉ា» មិនថាមនុស្សនិយាយយ៉ាងណាក៏ដោយ។ (ចោទិយកថា ១២:២៣-២៥) ក៏ប៉ុន្តែ តើអ្នកត្រូវតែប្រឈមមុខបញ្ហានោះម្នាក់ឯងឬ?—សាស្ដា ៤:៩-១២
ក្រុមផ្ដល់ពត៌មានពេទ្យនិងគណៈកម្មាធិការខាងសម្ព័ន្ធការពេទ្យ
៤ សមាគមយើងបានរៀបចំក្រុមផ្ដល់ពត៌មានពេទ្យនៅទីក្រុងប៊្រុគ្លីន ដើម្បីប្រយោជន៍ដល់អ្នកណាដែលត្រូវការជំនួយ ពេលប្រឈមមុខនឹងបញ្ហាខាងការបញ្ចូលឈាម។ សមាគមយើងក៏បានរៀបចំគណៈកម្មាធិការខាងសម្ព័ន្ធការពេទ្យ១០០ក្រុម នៅទីក្រុងធំៗនៅសហរដ្ឋអាមេរិក។ សមាសភាពនៃគណៈកម្មាធិការទាំងនេះគឺជាអ្នកចាស់ទុំជាង៦០០នាក់ ដែលបានត្រូវបង្ហាត់បង្រៀនជាពិសេសសំរាប់កិច្ចការនេះ។
៥ ក្រុមផ្ដល់ពត៌មានពេទ្យមានសមត្ថភាពធ្វើការស្រាវជ្រាវ ក្នុងឯកសារវេជ្ជសាស្ត្រជាង៣.៦០០ប្រភេទទូទាំងពិភពលោក ដើម្បីរកពត៌មានស្តីពីលទ្ធភាពទទួលការវះកាត់និងព្យាបាលដោយប្រសិទ្ធភាពហើយដោយគ្មានការបញ្ចូលឈាម។ ក្រោយនោះ ក្រុមនេះផ្ដល់ពត៌មានអំពីជំនឿនថ្មីខាងវេជ្ជសាស្ត្រ ទៅដល់គណៈកម្មាធិការខាងសម្ព័ន្ធការពេទ្យ មណ្ឌលថែទាំសុខភាព និងគ្រូពេទ្យមួយចំនួន។ (ជួនកាល ក្រុមផ្ដល់ពត៌មានពេទ្យបានផ្ញើអត្ថបទវេជ្ជសាស្ត្រ ដែលបង្ហាញពីវិធីព្យាបាលដែលមិនប្រើឈាមទេ ហើយដោយធ្វើដូច្នោះ បានដោះស្រាយជំទាស់អូសបន្លាយនៅមន្ទីរពេទ្យមួយ)។ ក្រុមនោះក៏ជំរាបគណៈកម្មាធិការផ្សេងៗឲ្យដឹងពីការសម្រេចផ្សេងៗពីតុលាការ ដែលអាចជួយចៅក្រមក្នុងការពិនិត្យរឿងក្ដីរបស់យើង ដោយការយល់ធ្លុះជ្រៅច្រើនជាង។ ក្រុមនោះក៏រក្សាទុកបញ្ជីអំពីគ្រូពេទ្យជាង៧.០០០នាក់ដែលព្រមសហការណ៍ ដើម្បីឲ្យគណៈកម្មាធិការទាំងប៉ុន្មានអាចប្រើឯកសារថ្មីៗ ពេលដែលមានបញ្ហាចំពោះការបញ្ចូលឈាម។
៦ ក្រុមផ្ដល់ពត៌មានពេទ្យក៏ត្រួតពិនិត្យនូវការបង្ហាត់បង្រៀន និងកិច្ចការរបស់គណៈកម្មាធិការខាងសម្ព័ន្ធការពេទ្យដែរ។ ជាញឹកញយគណៈកម្មាធិការខាងសម្ព័ន្ធការពេទ្យធ្វើការអធិប្បាយ ដែលផ្ដល់ពត៌មានដល់បុគ្គលិកមន្ទីរពេទ្យក្នុងទីក្រុងដែលគណៈកម្មាធិការស្ថិតនៅ។ ពួកគេក៏ស្ទង់មតិបុគ្គលិកទាំងនោះ ដើម្បីរកគ្រូពេទ្យថែមទៀតដែលសុខចិត្តព្យាបាលជម្ងឺយើងដោយមិនប្រើឈាម។ បងប្អូនទាំងនោះប្រុងប្រៀបដើម្បីជួយអ្នក ក៏ប៉ុន្តែ មានជំហានខ្លះៗដ៏ចាំបាច់ដែលអ្នកត្រូវតែយកចិត្តទុកដាក់ជាមុនសិន ដើម្បីរៀបចំមូលដ្ឋានឲ្យបងប្អូនទាំងនោះជួយអ្នកដោយប្រសិទ្ធិភាពច្រើនបំផុត។
តើអ្នកបានយកជំហានដ៏ចាំបាច់ទាំងនោះហើយឬនៅ?
៧ ទីមួយ ចូរធ្វើឲ្យប្រាកដថា គ្រប់សមាជិកក្នុងក្រុមគ្រួសារអ្នក មានលិខិតបង្គាប់គ្រូពេទ្យផ្ទាល់ខ្លួន ដែលត្រូវបំពេញសព្វគ្រប់ ទាំងមានចុះថ្ងៃខែ ហត្ថលេខា និងឈ្មោះសាក្សី។ បងប្អូនខ្លះដែលទៅដល់ពេទ្យទាំងកាន់ប័ណ្ណដែលគ្មានចុះថ្ងៃខែ ឬក៏គ្មានឈ្មោះសាក្សី ត្រូវគេចោទប្រកាន់ចំពោះសុពលភាពនៃប័ណ្ណនោះ។ ហើយ បើសិនយើងមានកូនដែលមិនទាន់ទទួលបុណ្យជ្រមុជទឹក តើគេទាំងអស់គ្នាមានប័ណ្ណសម្គាល់ខ្លួនដែលបានត្រូវបំពេញហើយឬនៅ? បើមិនដូច្នោះទេ បើសិនជាមានអាសន្នណាកើតឡើងដល់កូនរបស់អ្នក តើបុគ្គលិកមន្ទីរពេទ្យនឹងដឹងយ៉ាងណាអំពី ជំហររបស់អ្នកចំពោះឈាមនិងដឹងយ៉ាងណាថា គេគួរទូរស័ព្ទទៅរកអ្នកណា?
៨ ចូរធ្វើឲ្យប្រាកដថា សមាជិកគ្រប់ៗរូបមានកាតនេះជាប់ខ្លួនគ្រប់ពេលវេលា។ ចូរឆែកមើលថាកូនអ្នកមានកាតនោះជាប់ខ្លួន មុនដែលគេចេញទៅសាលាជារៀងរាល់ថ្ងៃ សូម្បីតែមុនដែលគេទៅកន្លែងលេងកំសាន្តដែរ។ យើងទាំងអស់គ្នាត្រូវតែធ្វើឲ្យប្រាកដថា ឯកសារទាំងនេះនៅជាប់ខ្លួនយើងជានិច្ច ពេលយើងនៅកន្លែងធ្វើការ ពេលវិស្សមកាល ឬក៏នៅសន្និបាតគ្រីស្ទាន។ កុំទៅណាដោយគ្មានកាតនេះឲ្យសោះ!
៩ ចូរគិតអំពីអ្វីដែលអាចកើតមានឡើង បើសិនជាអ្នកទៅដល់ពេទ្យ ផ្នែកការសង្គ្រោះបន្ទាន់ដោយមានបញ្ហាធ្ងន់ខាងសុខភាព ទាំងមិនដឹងខ្លួនឬមិនអាចនិយាយបានទេ។ បើសិនជាអ្នកគ្មានប័ណ្ណនោះជាប់ខ្លួន ហើយអត់ទាន់មានសាច់ញាតិឬអ្នកចាស់ទុំណានៅពេទ្យ ដើម្បីនិយាយជំនួសអ្នក និងគ្រូពេទ្យអះអាងថាអ្នក‹ត្រូវការឈាម› នោះអ្នកទំនងជានឹងទទួលការបញ្ចូលឈាមហើយ។ ជារឿងអភ័ព្វមែន ដែលនេះបានកើតឡើងដល់អ្នកខ្លះ។ ក៏ប៉ុន្តែ ពេលយើងមានកាតនោះជាប់ខ្លួន វានឹងនិយាយជំនួសយើងនិងប្រាប់ពីឆន្ទៈរបស់យើង។
១០ នេះជាមូលហេតុដែលកាតនេះ គឺប្រសើរជាងខ្សែដៃឬខ្សែក ព្រោះប្រាប់ពីវិធីព្យាបាលដែលយើងចង់បាន។ ខ្សែដៃនិងខ្សែកមិនពន្យល់អំពីមូលហេតុពីព្រះគម្ពីរដែលយើងកាន់ជំហរនោះទេ ថែមទាំងគ្មានចុះហត្ថលេខាដែលឲ្យសុពលភាពចំពោះអ្វីដែលបានត្រូវរៀបរាប់។ តុលាការនៅប្រទេសកាណាដាបានសម្រេចអំពីប័ណ្ណរបស់បងស្រីម្នាក់ថា: [អ្នកជម្ងឺ]បានជ្រើសរើសតាមវិធីតែមួយគត់ដែលអាចធ្វើទៅបាន ដើម្បីជំរាបគ្រូពេទ្យនិងអ្នកឯទៀតដែលបំរើខាងការថែទាំសុខភាព ក្នុងករណីដែលគាត់នឹងបាត់បង់ស្មារតី ឬក៏មិនអាចទាក់ទងដោយប្រាប់ពីចំណង់របស់ខ្លួនថា គាត់មិនចង់ទទួលការបញ្ចូលឈាមទេ»។ ដូច្នេះកុំទៅណាដោយគ្មានកាតនោះទេ!
១១ សេចក្ដីបង្គាប់ជូនគ្រូពេទ្យនោះ បានត្រូវរៀបចំច្រើនតែសំរាប់ករណីអាសន្ន ហេតុនេះហើយក្នុងពេលដែលអ្នកជ្រើសរើសការវះកាត់វិញ គឺជាការល្អបើសិនជាអ្នកសរសេរបណ្ដាំផ្ទាល់ខ្លួនមួយដោយខ្លួនឯង ដែលបញ្ជាក់ច្បាស់ជាង(ដោយមានមូលដ្ឋានទៅលើសេចក្ដីបង្គាប់ជូនគ្រូពេទ្យ) ដើម្បីឲ្យអ្នកអាចរួមបញ្ចូលពត៌មានល្អិតល្អន់ ដូចជាប្រភេទនៃការវះកាត់និងឈ្មោះរបស់គ្រូពេទ្យនិងមន្ទីរពេទ្យ។ អ្នកមានសិទ្ធិធ្វើដូច្នេះ ហើយតាមវិធីនោះអាចធានាថា អ្នកនឹងទទួលការព្យាបាលតាមចំណង់របស់អ្នក។ ទោះជាអ្នកនិងគ្រូពេទ្យនោះមិនសង្ឃឹមថា នឹងមានបញ្ហាធំក៏ដោយ សូមជួយពន្យល់ថា គេត្រូវតែតាមសេចក្ដីបង្គាប់នោះក្នុងករណីដែលមានបញ្ហាកើតឡើងដោយមិនដឹងជាមុន។—សុភាសិត ២២:៣
១២ ជំហានបន្ទាប់ដ៏សំខាន់គឺថា អ្នកត្រូវតែនិយាយជាមួយបុគ្គលិកពេទ្យ ដែលអ្នកនឹងត្រូវតែទាក់ទងក្នុងការព្យាបាលដែលអ្នកជ្រើសរើស ឬក៏ក្នុងការព្យាបាលជាបន្ទាន់។ តើអ្នកគួរនិយាយជាមួយអ្នកណាជាពិសេស?
ចូរនិយាយជាមួយបុគ្គលិកពេទ្យ
១៣ ក្រុមគ្រូពេទ្យ: នេះគឺជាពេលមួយដែលយើងមិនត្រូវចុះចាញ់នឹងការខ្លាចចំពោះមនុស្សឡើយ។ (សុភាសិត ២៩:២៥) បើសិនជាអ្នកបញ្ចេញអាកប្បកិរិយាដូចជាអ្នកមិនប្រាកដក្នុងចិត្តចំពោះជំហរខ្លួន នោះប្រហែលជាគេនឹងគិតថា អ្នកមិនស្មោះទេ។ ពេលដែលអ្នកជ្រើសរើសឬក៏ត្រូវការជាបន្ទាន់នូវការវះកាត់ នោះអ្នកឬក៏សាច់ញាតិជិតជាងគេរបស់អ្នក ត្រូវសួរប្រធានក្រុមគ្រូពេទ្យវះកាត់សំនួរត្រង់ៗខ្លះ ដោយចិត្តមោះមុត។ សំនួរមួយដ៏សំខាន់គឺថា តើក្រុមគ្រូពេទ្យនោះនឹងគោរពតាមឆន្ទៈរបស់អ្នកជម្ងឺក្នុងគ្រប់កាលៈទេសៈឬទេ ក្នុងការព្យាបាលដោយមិនប្រើឈាមនោះ? បើសិនជាគ្មានការធានាបែបនោះ អ្នកនឹងមិនត្រូវការពារយ៉ាងល្អទេ។
១៤ ចូរប្រាប់ឲ្យត្រង់អំពីឆន្ទៈរបស់អ្នកដោយជំនឿស៊ប់ទាំងប្រកបដោយសេចក្ដីថ្លៃថ្នូរ។ ចូរប្រាប់ឲ្យបានក្បោះក្បាយថា អ្នកចង់ឲ្យបញ្ហារបស់អ្នកត្រូវព្យាបាលតាមវិធីផ្សេងទៀត ដែលមិនប្រើឈាម។ ចូរពិគ្រោះដោយចិត្តនឹងនអំពីប័ណ្ណសេចក្ដីបង្គាប់ជូនគ្រូពេទ្យរបស់អ្នក ព្រមទាំងឯកសារដែលឲ្យពេទ្យរួចពីការទទួលខុសត្រូវ។ បើសិនជាគ្រូពេទ្យវះកាត់នោះមិនព្រមប្រព្រឹត្តតាមឆន្ទៈរបស់អ្នក នោះអ្នកអាចសន្សំពេលវេលា បើសិនជាអ្នកសូមអ្នកត្រួតពិនិត្យមន្ទីរពេទ្យនោះ ឲ្យរកគ្រូពេទ្យមួយទៀតឲ្យអ្នក។ នោះគឺជាផ្នែកមួយនៃមុខងាររបស់គាត់។
១៥ គ្រូពេទ្យចាក់ថ្នាំសន្តំ: ក្នុងចំណោមគ្រូពេទ្យទាំងអស់ដែលអ្នកត្រូវតែនិយាយជាមួយមុនមានការវះកាត់នោះ អ្នកត្រូវតែនិយាយជាមួយគ្រូពេទ្យចាក់ថ្នាំសន្តំជាដាច់ខាត។ គ្រូពេទ្យចាក់ថ្នាំសន្តំគឺជាអ្នកដែលធ្វើការសម្រេចអំពីរឿងដូចជាការបញ្ចូលឈាម ពីព្រោះមុខងាររបស់គាត់គឺជាការទ្រទ្រង់ជីវិតរបស់អ្នក ពេលដែលគ្រូពេទ្យមួយទៀតកំពុងតែវះកាត់។ ម្ល៉ោះហើយ អ្នកមិនអាចត្រូវការពារទាំងស្រុងទេ បើគ្រាន់តែនិយាយជាមួយគ្រូពេទ្យវះកាត់ប៉ុណ្ណោះនោះ។ ដូច្នេះ អ្នកត្រូវតែនិយាយជាមួយគ្រូពេទ្យចាក់ថ្នាក់សន្តំ និងជួយឲ្យគាត់ជឿជាក់ថានោះជាជំហររបស់អ្នក ដោយចង់ដឹងថា តើគេនិងគោរពតាមឆន្ទៈរបស់អ្នកឬក៏អត់។—សូមប្រៀបមើល លូកា ១៨:៣-៥
១៦ តាមមើលទៅ ទម្លាប់ធម្មតាគឺថា គ្រូពេទ្យចាក់ថ្នាំសន្តំនឹងទៅលេងអ្នកជម្ងឺយ៉ាងខ្លីនៅពេលយប់ជ្រៅ មុនដែលគេនឹងទទួលការវះកាត់។ នេះគឺខកពេលហើយ បើសិនជាគាត់ប្រឆាំងនឹងជំហររបស់អ្នក។ ទាមទារឲ្យគ្រូពេទ្យវះកាត់ជ្រើសរើសគ្រូពេទ្យចាក់ថ្នាំសន្តំដែលនឹងព្រមតាមអ្នក និងដែលអ្នកអាចនិយាយជាមួយគាត់តាំងពីមុនអ្នកនឹងត្រូវវះកាត់។ ម្ល៉ោះហើយ អ្នកនឹងមានពេលរកគ្រូពេទ្យមួយទៀត បើសិនជាគ្រូពេទ្យទីមួយមិនព្រមតាមការសំរេចចិត្តរបស់អ្នក។ កុំឲ្យអ្នកណាបញ្ចុះបញ្ចូលអ្នកឲ្យបោះចោលសិទ្ធិជ្រើសយកគ្រូពេទ្យចាក់ថ្នាំសន្តំ ដែលយល់ព្រមធ្វើតាមចិត្តរបស់អ្នកសំរាប់ការវះកាត់។
១៧ ចំពោះគ្រូពេទ្យទាំងអស់នេះ អ្នកត្រូវតែបញ្ជាក់យ៉ាងច្បាស់នូវជំហររបស់អ្នកដែលអ្នកមិនព្រមលះចោលនោះគឺថា: កុំបញ្ចូលឈាម។ ចូរសូមឲ្យទទួលការព្យាបាលផ្សេងទៀតដែលមិនប្រើឈាម។ ចូរប្រាប់ពីអ្វីផ្សេងទៀតដែលអាចត្រូវប្រើជំនួសឈាមចំពោះបញ្ហារបស់អ្នក។ បើសិនជាក្រុមគ្រូពេទ្យគិតថា វិធីផ្សេងនោះគ្មានប្រយោជន៍ទេ នោះសូមឲ្យគេស្រាវជ្រាវវិធីផ្សេងទៀតក្នុងឯកសារវេជ្ជសាស្ត្រ។ ធានាឲ្យគេដឹងថា បើសិនជាគេចង់បាន នោះអ្នកអាចទទួលនូវពត៌មានខ្លះដោយសូមឲ្យអ្នកចាស់ទុំរបស់អ្នក ទាក់ទងគណៈកម្មាធិការខាងសម្ព័ន្ធការពេទ្យដែលនៅជិតតំបន់នោះ។
ការប្រើសិទ្ធិរបស់អ្នក
១៨ ចូរពិនិត្យពិច័យនូវឯកសារឲ្យពេទ្យរួចពីការទទួលខុសត្រូវ និងឯកសារកិច្ចព្រមព្រៀងដែលមន្ទីរពេទ្យ សូមឲ្យអ្នកចុះហត្ថលេខាពេលអ្នកចូលពេទ្យ។ ជួនកាល ក្រោយពីឯកសារនោះប្រាប់ថា មន្ទីរពេទ្យនោះនឹងគោរពតាមឆន្ទៈរបស់អ្នក នោះមានវគ្គបន្ទាប់ដែលប្រាប់ថា អ្នកចុះហត្ថលេខាយល់ព្រមឲ្យពេទ្យធ្វើការព្យាបាល ដែលគេអះអាងថាអាចសង្គ្រោះជីវិត ពេលដែលគេប្រទះបញ្ហា។ នោះអាចរួមបញ្ចូលឈាម។ អ្នកមានសិទ្ធិកែប្រែប្រយោគបែបនោះ ដើម្បីកុំឲ្យរួមបញ្ចូលឈាមឬក៏គូសចោលប្រយោគនោះតែម្ដង។ គិលានុបដ្ឋាយិកានិងប្រហែលជាប្រាប់អ្នកថា អ្នកធ្វើនោះមិនបានទេ ក៏ប៉ុន្តែអ្នកអាចធ្វើបាន! ចូរពន្យល់គេថា ឯកសារបែបនោះគឺជាកិច្ចសន្យាមួយ ហើយអ្នកមិនអាចចុះហត្ថលេខាកិច្ចសន្យាមួយ បើសិនជាអ្នកមិនយល់ព្រមនឹងនោះទេ។ បើសិនជាអ្នកណាម្នាក់ខំបង្ខំឲ្យអ្នកចុះហត្ថលេខា ទោះជាអ្នកមិនចង់ក៏ដោយ នោះចូរសូមនិយាយជាមួយអ្នកត្រួតពិនិត្យ ឬក៏អ្នកតំណាងអ្នកជម្ងឺសំរាប់មណ្ឌលថែទាំសុខភាពនោះ។
១៩ តើអ្នកអាចធ្វើអ្វីៗបែបនោះបានទេ? អ្នកពិតជាអាចធ្វើមែន។ ដូច្នេះ ចូរយល់ដឹងពីសិទ្ធិរបស់អ្នក ជាអ្នកជម្ងឺម្នាក់។ សិទ្ធិមនុស្សមិនត្រូវចោលនៅមុខទ្វារ ពេលអ្នកចូលពេទ្យនោះទេ។ អ្នកមិនចាំបាច់បោះចោលសិទ្ធិនោះ ដើម្បីទទួលការព្យាបាលទេ។ កុំឲ្យអ្នកណាបញ្ចុះបញ្ចូលអ្នកឲ្យជឿថា អ្នកត្រូវបោះបង់ចោលសិទ្ធិនោះទេ។
២០ សិទ្ធិមួយបែបនេះត្រូវហៅថា សិទ្ធិឲ្យយល់ដឹងមុនដែលយល់ព្រម។ នោះមានន័យថា គេមិនអាចប្រើវិធីព្យាបាលណាមួយដោយគ្មានការអនុញ្ញាតពីអ្នកឡើយ។ អ្នកអាចថែមទាំងបដិសេធការព្យាបាលទាំងអស់ បើសិនជាអ្នកចង់ធ្វើអ៊ីចឹង។ មុនដែលអ្នកយល់ព្រមចំពោះការព្យាបាលណាមួយ អ្នកត្រូវតែទទួលការពន្យល់យ៉ាងច្បាស់អំពីអ្វីដែលក្រុមគ្រូពេទ្យនោះមានបំណងធ្វើ រួមបញ្ចូលអ្វីដែលអាចបង្កគ្រោះថ្នាក់។ ក្រោយនោះ ពួកគេត្រូវប្រាប់អ្នកអំពីវិធីព្យាបាលផ្សេងទៀតដែលអ្នកអាចទទួលបាន។ រួចមក ក្រោយគេបានពន្យល់ប្រាប់អ្នកហើយ អ្នកអាចជ្រើសរើសវិធីព្យាបាលតាមតែចិត្តរបស់អ្នក។
២១ ដើម្បីដឹងច្បាស់អំពីអ្វីដែលអ្នកកំពុងតែយល់ព្រមនឹងទទួលនោះ អ្នកត្រូវតែសួរសំនួរល្អៗអំពីអ្វីក៏ដោយដែលអ្នកមិនយល់ ជាពិសេសពេលបុគ្គលិកមន្ទីរពេទ្យប្រើពាក្យពិបាកយល់ឬក៏ពាក្យវេជ្ជសាស្ត្រ។ ជាឧទាហរណ៍ បើសិនជាគ្រូពេទ្យប្រើពាក្យ«ប្លាស្មា» អ្នកប្រហែលជាអាចយល់ច្រឡំដោយស្មានថា គាត់និយាយអំពី«វត្ថុរាវបង្កើនចំណុះប្លាស្មា» ក៏ប៉ុន្តែ គាត់មិនបាននិយាយសំដៅទៅលើនោះទេ។ មុនដែលអ្នកយល់ព្រម សូមសួរថា៖ «តើនោះគឺជាសារជាតិមួយនៃឈាមទេ?»។ ចូរសួរនូវគ្រប់បែបបទនៃការព្យាបាលរបស់គាត់ថា៖ «តើការព្យាបាលនេះរួមបញ្ចូលការប្រើប្រាស់នូវសារជាតិឈាមទេ?»។ បើសិនជាគាត់ប្រាប់ពីឧបករណ៍មួយដែលគាត់ចង់ប្រើនោះ ចូរសួរថា៖ «តើឈាមរបស់ខ្ញុំនឹងត្រូវបូមទុកពេលដែលឧបករណ៍នេះនឹងត្រូវប្រើទេ?»។
២២ ក៏ប៉ុន្តែ តើអ្នកគួរធ្វើយ៉ាងណាបើសិនជាអ្នកបានធ្វើតាមជំហានទាំងអស់ដូចខាងលើនេះ ប៉ុន្តែពួកគេនៅតែមិនព្រមឬក៏រហូតដល់ប្រឆាំងជំហររបស់អ្នក? កុំស្ទាក់ស្ទើរក្នុងការសូមជំនួយ។ អ្នកខ្លះបានចាំយូរពេកមុនដែលគេសុំជំនួយ ហើយបានប្រថុយជីវិតខ្លួន។
ជំនួយដែលមានប្រយោជន៍ក្នុងពេលដែលមានសេចក្ដីត្រូវការ
២៣ សូមកត់សម្គាល់នូវទម្រង់ការសំរាប់ការទទួលនូវជំនួយដែលត្រូវការ: (១) ភ្លាមៗពេលដែលអ្នកឬក៏អ្នកដែលជាទីស្រឡាញ់របស់អ្នកនឹងត្រូវវះកាត់ដោយសារជ្រើសរើសឬក៏ការសង្គ្រោះជាបន្ទាន់ ក្នុងករណីដែលមានការប្រឆាំងពីព្រោះមន្ទីរពេទ្យចង់ប្រើឈាម។ (២) បើសិនជាសុខភាពរបស់អ្នកឬក៏អ្នកដែលជាទីស្រឡាញ់របស់អ្នកចុះខ្សោយយ៉ាងខ្លាំង។ (៣) បើសិនជាក្នុងករណីនៃកូនក្មេង (ឬក៏មនុស្សពេញវ័យ) មានគ្រូពេទ្យ គិលានុបដ្ឋាយិកា ឬក៏អ្នកត្រួតពិនិត្យដែលនិយាយថា គេនឹងសូមដីកាតុលាការ អ៊ីចឹងចូរ:
២៤ ទូរស័ព្ទទៅជួបអ្នកចាស់ទុំតាមតំបន់របស់អ្នក បើសិនជាអ្នកមិនទាន់ធ្វើដូច្នេះ។ (គឺពិតមែនដែលថា ដោយសារជំហររបស់យើងស្តីពីឈាម នោះផ្លូវប្រព្រឹត្តដែលប្រកបទៅដោយប្រាជ្ញាគឺជាការប្រាប់ដល់អ្នកចាស់ទុំនៅពេលណាដែលយើងត្រូវតែទៅមណ្ឌលថែទាំសុខភាព)។ ជាបន្តបន្ទាប់ បើសិនជាចាំបាច់ អ្នកចាស់ទុំនឹងទូរស័ព្ទហៅគណៈកម្មាធិការខាងសម្ព័ន្ធការពេទ្យដែលនៅជិតតំបន់។ សមាជិកខ្លះនៃគណៈកម្មាធិការខាងសម្ព័ន្ធការពេទ្យអាចទៅមន្ទីរពេទ្យពេលនោះ ដើម្បីជួយអ្នកបើសិនជាអ្នកចង់ឲ្យគេទៅ។—អេសាយ ៣២:១, ២
២៥ អ្នកចាស់ទុំទាំងនេះដែលរួមគណៈកម្មាធិការខាងសម្ព័ន្ធការពេទ្យដឹងថា គ្រូពេទ្យណានៅតំបន់របស់អ្នកនឹងព្រមតាម ហើយគេអាចជួយអ្នកទាក់ទងគ្រូពេទ្យទាំងនោះ និងចាប់ផ្ដើមទាក់ទងគ្រូពេទ្យឬក៏មណ្ឌលឯទៀតខាងការថែទាំសុខភាព ដើម្បីជួយអ្នក។ បើសិនជាអត់មាននៅតំបន់របស់អ្នក នោះអ្នកចាស់ទុំនឹងទាក់ទងនឹងគណៈកម្មាធិការផ្សេងទៀតដែលនៅជិតជាងគេ។ ហើយបើសិនជានៅតែរកមិនបាន នោះគេនឹងហៅក្រុមផ្ដល់ពត៌មានពេទ្យ។ ពួកគេក៏អាចរៀបចំឲ្យអ្នកជួបគ្រូពេទ្យម្នាក់ដែលនឹងព្រមតាម ដែលអាចពន្យល់ដល់ក្រុមគ្រូពេទ្យរបស់អ្នក នូវអ្វីដែលគេអាចធ្វើដោយមិនប្រើឈាម។ បងប្រុសៗក្នុងគណៈកម្មាធិការខាងសម្ព័ន្ធពេទ្យ បានត្រូវបង្ហាត់បង្រៀនដើម្បីទាក់ទងបញ្ហាបែបនេះ។
២៦ សមាជិកនៃគណៈកម្មាធិការខាងសម្ព័ន្ធការពេទ្យក៏សុខចិត្តជួយអ្នកឬក៏សាច់ញាតិរបស់អ្នក និយាយជាមួយគ្រូពេទ្យឬក៏អ្នកត្រួតពិនិត្យម្នាក់ ក៏ប៉ុន្តែ អ្នកត្រូវតែសុំជំនួយនោះជាមុន។ គឺជាក់ស្តែងហើយដែលថា បងប្រុសៗទាំងនេះមិនអាចធ្វើការសម្រេចសំរាប់អ្នកទេ ប៉ុន្តែ តាមធម្មតាគេអាចជួយអ្នកក្នុងការពិចារណានូវទស្សនៈរបស់សមាគមយើងចំពោះរឿងទាំងនេះ និងប្រាប់ឲ្យអ្នកដឹងអំពីជំរើសរបស់អ្នកទាំងខាងវិធីព្យាបាលនិងខាងផ្លូវច្បាប់។
២៧ បើសិនជាក្រុមគ្រូពេទ្យនោះមិនសុខចិត្តព្រមតាម នោះចូរនិយាយជាមួយអ្នកត្រួតពិនិត្យពេទ្យសូមឲ្យប្ដូរអ្នកទាំងនោះ ដាក់បុគ្គលិកផ្សេងទៀតដែលនឹងគោរពតាមឆន្ទៈរបស់អ្នក។ បើសិនជាអ្នកត្រួតពិនិត្យស្ទាក់ស្ទើរហើយគ្រាន់តែក្នុងករណី ដែលអ្នកប្រាកដជាមានគ្រូពេទ្យវះកាត់មួយទៀតនៅកន្លែងផ្សេង និងអ្នកអាចត្រូវបញ្ជូនទៅនោះ អ៊ីចឹងអ្នកអាចជ្រើសរើសឲ្យអ្នកត្រួតពិនិត្យនូវសេចក្ដីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរមួយ ដែលមានទាំងចុះថ្ងៃខែនិងចុះហត្ថលេខាអ្នក ដែលរាយឈ្មោះគ្រូពេទ្យទាំងប៉ុន្មានដែលមិនព្រមតាម ថែមទាំងប្រាប់គេថាត្រូវឈប់ព្យាបាលអ្នក។
២៨ តើអ្នកអាចធ្វើដូច្នេះបានទេ? ពិតជាអាចមែន អ្នកមានសិទ្ធិធ្វើដូច្នេះ។ ហើយបើសិនជាក្រោយមករឿងនេះចូលដល់ចៅក្រមតុលាការ សេចក្ដីថ្លែងការណ៍ជាលាយលក្ខណ៍អក្សររបស់អ្នកអាចមានប្រយោជន៍ច្រើន ក្នុងការជួយឲ្យគាត់ព្រមតាមឆន្ទៈរបស់អ្នក។ នេះក៏អាចបើកផ្លូវតាមច្បាប់ឲ្យគ្រូពេទ្យវះកាត់ឯទៀតស្នើជួយអ្នកដែរ។ ហើយដែលសំខាន់បំផុតនោះ អាចជួយឲ្យអ្នកទទួលនូវការព្យាបាលដែលអ្នកត្រូវការមុនដែលសុខភាពអ្នកចុះអន់ថយដល់ម្ល៉េះដែលអាចមានគ្រោះថ្នាក់ដល់ជីវិត។ កុំចាំយូរពេក!
២៩ ទោះបីយើងមិនអាចប្រាប់អ្នកណាថា គេត្រូវរកការធានារ៉ាប់រងចំពោះសុខភាពក៏ដោយ យើងត្រូវតែប្រាប់ថា តាមធម្មតាយើងមានបញ្ហាធំក្នុងការសូមគ្រូពេទ្យម្នាក់ដែលច្រើនតែព្រមតាមយើងឲ្យជួយអ្នក ដែលគ្មានការធានារ៉ាប់រងគ្រប់គ្រាន់ខាងសុខភាព ឬក៏គ្មានការធានារ៉ាប់រងទាល់តែសោះ។
ចូរប្រយ័ត្ននឹងសំនួរដែលបង្កប់អត្ថន័យ
៣០ អ្នកត្រូវដឹងថា មានសំនួរខ្លះដែលគ្រូពេទ្យនឹងអ្នកឯទៀតសួរដែលគេមិនតែងតែសួរដោយមានបំណងល្អនោះឡើយ។ សំនួរដែលគ្រូពេទ្យ(និងអ្នកឯទៀត)សួរច្រើនជាងគេជា:
• «តើអ្នកសុខចិត្តស្លាប់(ឲ្យកូនរបស់អ្នកស្លាប់) ជាជាងទទួល‹ការបញ្ចូលឈាមដែលអាចសង្គ្រោះជីវិតទេ›?»។
៣១ បើសិនជាអ្នកនិយាយថា អ្នកសុខចិត្ត នោះគឺត្រឹមត្រូវតាមសាសនា។ ក៏ប៉ុន្តែ ការតបឆ្លើយបែបនោះច្រើនតែត្រូវគេយល់ច្រឡំ និងជួនកាលអាចនាំឲ្យតុលាការសម្រេចរឿងក្ដីប្រឆាំងនឹងអ្នក។ អ្នកត្រូវតែនឹកចាំថា អ្នកមិនមែនកំពុងតែចូលរួមក្នុងកិច្ចផ្សព្វផ្សាយនៅពេលនោះទេ។ ផ្ទុយទៅវិញ អ្នកកំពុងតែនិយាយអំពីការព្យាបាលជម្ងឺវិញ។ ដូច្នេះ អ្នកត្រូវតែកែប្រែទៅតាមអ្នកដែលកំពុងតែស្ដាប់អ្នក មិនថាអ្នកស្ដាប់នោះបំរើខាងផ្នែកវេជ្ជសាស្ត្រឬក៏ផ្នែកច្បាប់ក៏ដោយ។—ទំនុកដំកើង ៣៩:១; កូល៉ុស ៤:៥, ៦
៣២ ចំពោះចៅក្រមម្នាក់ ឬក៏អ្នកត្រួតពិនិត្យខាងមន្ទីរពេទ្យ ពាក្យដែលអ្នកឆ្លើយថា«សុខចិត្តស្លាប់»នោះ អាចមានន័យថាអ្នកចង់ទៅជាទុក្ករបុគ្គល ឬក៏ចង់បូជាកូនរបស់អ្នកដើម្បីជំនឿរបស់អ្នក។ តាមធម្មតា ក្នុងកាលៈទេសៈនេះ ការនិយាយប្រាប់គេអំពីសេចក្ដីសង្ឃឹមរបស់អ្នកចំពោះដំណើររស់ឡើងវិញ នឹងមិនជួយអ្នកទេ។ គេនឹងចាត់ទុកអ្នកជាបុគ្គលដែលនិយមជ្រុលផ្នែកសាសនា ហើយអត់ចេះគិតគូរសម្រេចដោយសមហេតុសមផលពេលដែលមានរឿងជីវិតស្លាប់រស់កើតមានឡើង។ ក្នុងករណីកូនក្មេងវិញ គេនឹងចាត់ទុកអ្នកជាមាតាបិតាដែលមិនយកចិត្តទុកដាក់ទៅលើកូន ទាំងមិនព្រមទទួលនូវការព្យាបាលដែលគេអះអាងថាអាចសង្គ្រោះជីវិតបាន។
៣៣ ក៏ប៉ុន្តែ អ្នកមិនបដិសេធការព្យាបាលតែម្ដងទេ។ អ្នកគ្រាន់តែមិនយល់ព្រមចំពោះគ្រូពេទ្យអំពីវិធីនៃការព្យាបាលនោះ។ ការកាន់ជំហរបែបនេះច្រើនតែនឹងធ្វើឲ្យគេយល់ត្រឹមត្រូវវិញ។ ម្យ៉ាងវិញទៀត គឺជាការនិយាយបន្លំពេលគេរៀបរាប់ ដូចជាការបញ្ចូលឈាមប្រកបទៅដោយសុវត្ថិភាព និងគឺជាវិធីព្យាបាលតែមួយគត់ដែលគេអាចសង្គ្រោះជីវិត។ (សូមមើលសៀវភៅស្តើង តើឈាមអាចសង្គ្រោះជីវិតអ្នកតាមរបៀបណា? ទំព័រ៧-២២ ជាភាសាអង់គ្លេស) ដូច្នេះ អ្នកត្រូវបញ្ជាក់ចំណុចនោះយ៉ាងច្បាស់លាស់។ តើអ្នកអាចធ្វើដូច្នេះតាមរបៀបណា? អ្នកអាចឆ្លើយថា:
• «ខ្ញុំមិនចង់ស្លាប់ទេ (ខ្ញុំមិនចង់ឲ្យកូនរបស់ខ្ញុំស្លាប់ទេ)។ បើសិនជាខ្ញុំចង់ស្លាប់ (ចង់ឲ្យកូនរបស់ខ្ញុំស្លាប់) នោះខ្ញុំនឹងនៅតែផ្ទះវិញ។ ក៏ប៉ុន្តែ ខ្ញុំបានមកទីនេះដើម្បីទទួលការព្យាបាលឲ្យរស់ (ឲ្យកូនខ្ញុំរស់)។ អ្វីដែលខ្ញុំចង់បានគឺជាការព្យាបាលផ្សេងទៀត (ការព្យាបាលសំរាប់កូនរបស់ខ្ញុំ) ដែលមិនប្រើឈាមទេ។ វិធីព្យាបាលផ្សេងទៀតគឺមាន»។
៣៤ សំនួរមួយចំនួនទៀតដែលគ្រូពេទ្យនិងចៅក្រមច្រើនតែសួរ គឺជា:
• «តើអ្វីនឹងកើតឡើងដល់អ្នកបើសិនជាមានដីកាបង្ខំឲ្យគេបញ្ចូលឈាម? តើអ្នកត្រូវទទួលខុសត្រូវទេ?»។
• «បើសិនជាអ្នកយល់ព្រមឬក៏ត្រូវគេបង្ខំឲ្យមានការបញ្ចូលឈាម តើអ្នកនឹងត្រូវបណ្ដេញចេញពីសាសនារបស់អ្នកឬក៏លែងទទួលជីវិតជារៀងរហូតទេ? តើក្រុមជំនុំរបស់អ្នកនឹងគិតយ៉ាងណា?»។
៣៥ បងស្រីម្នាក់បានឆ្លើយប្រាប់ចៅក្រមម្នាក់ថា នាងនឹងមិនទទួលខុសត្រូវចំពោះអ្វីដែលគាត់សម្រេចធ្វើនោះទេ។ ទោះជាសំដីនោះគឺត្រឹមត្រូវមួយផ្នែក ចៅក្រមបានយល់ពាក្យនោះជាការនិយាយថា ដោយសារបងស្រីនោះមិនទទួលខុសត្រូវ នោះគាត់នឹងមើលខុសត្រូវជំនួសបងស្រីនោះវិញ។ ដូច្នេះ ចៅក្រមបានកាត់ក្ដីឲ្យបញ្ចូលឈាមទៅ។
៣៦ អ្នកត្រូវតែយល់ថា ពេលដែលគេសួរសំនួរបែបនេះ អ្នកខ្លះកំពុងតែរកវិធីដើម្បីបំពានទៅលើការបដិសេធរបស់អ្នកចំពោះការបញ្ចូលឈាម។ កុំបើកផ្លូវឲ្យគេធ្វើអ៊ីចឹងដោយមិនដឹងខ្លួនឲ្យសោះ! ដូច្នេះ តើយ៉ាងដូចម្ដេចដែលយើងអាចជៀសវាងពីការយល់ច្រឡំ? អ្នកអាចឆ្លើយថា:
• «បើសិនជាមានការព្យាយាមបញ្ចូលឈាមតាមវិធីណាក៏ដោយ នោះមិនខុសពីការរំលោភខ្ញុំទេ។ ខ្ញុំនឹងរងទុក្ខអស់មួយជីវិតខាងផ្លូវចិត្តនិងខាងវិញ្ញាណដោយសារការរំលោភនេះ ដែលខ្ញុំមិនចង់បាន។ ខ្ញុំនឹងទប់ទល់អស់ពីកម្លាំងចំពោះការរំលោភទៅលើរាងកាយរបស់ខ្ញុំ ដោយគ្មានការយល់ព្រមនោះ។ ខ្ញុំនឹងខិតខំអស់ពីសមត្ថភាពដើម្បីប្ដឹងជាសាធារណៈអំពីអ្នកដែលបានពាធាខ្ញុំ ដូចជាក្នុងករណីនៃការរំលោភអ៊ីចឹង»។
៣៧ យើងត្រូវតែប្រើពាក្យសំដីដ៏ខ្លាំងនឹងចំៗបែបនេះឲ្យដឹងថា ការបង្ខំឲ្យមានការបញ្ចូលឈាម គឺជាការរំលោភដ៏គួរឲ្យខ្ពើមមកលើរាងកាយរបស់យើង។ នេះមិនមែនជារឿងស្រាលទេ។ ដូច្នេះ ចូរតាំងចិត្តឲ្យនៅមាំមួន។ ធ្វើឲ្យគេដឹងច្បាស់ថា អ្នកចង់បានការព្យាបាលផ្សេងទៀតដែលមិនប្រើឈាមទេ។
តើអ្នកនឹងធ្វើអ្វីដើម្បីរៀបចំជាស្រេច?
៣៨ យើងបានសើរើនូវអ្វីខ្លះៗដែលអ្នកត្រូវធ្វើដើម្បីការពារខ្លួនឯងនិងក្រុមគ្រួសាររបស់អ្នក ពីការបញ្ចូលឈាមដែលអ្នកមិនចង់បាននោះ។ (ក្រោយមក យើងសង្ឃឹមថា យើងនឹងអាចផ្ដល់ពត៌មានល្អិតល្អន់ថែមទៀតអំពីអ្វីដែលអ្នកត្រូវធ្វើ ដើម្បីដោះស្រាយបញ្ហាដែលកើតឡើង ពេលកូនង៉ាឬក៏កុមារត្រូវគេគំរាមកំហែងឲ្យបញ្ចូលឈាម)។ យើងក៏បានឃើញអ្វីដែលសមាគមយើងបានធ្វើ ដើម្បីផ្ដល់ជំនួយក្នុងពេលដែលមានសេចក្ដីត្រូវការ។ តើអ្នកត្រូវធ្វើអ្វីចំពោះពត៌មាននេះដើម្បីធ្វើឲ្យប្រាកដថា អ្នកបានរៀបចំជាស្រេច ឲ្យប្រឈមមុខនឹងការព្យាបាលដែលសាកល្បងនូវជំនឿ?
ទីមួយ: ពិគ្រោះគ្នាជាក្រុមគ្រួសារ ដើម្បីធ្វើការហាត់ចំពោះរឿងនេះ និងដើម្បីដឹងថា អ្នកនឹងនិយាយអ្វីហើយធ្វើអ្វី ជាពិសេសក្នុងករណីមានរឿងអាសន្ននោះ។
ក្រោយនោះ: ចូរមើលឲ្យដឹងថា អ្នកមានឯកសារទាំងអស់ដែលអ្នកត្រូវការ។
បន្ទាប់មក: អធិស្ឋានទូលព្រះយេហូវ៉ាដើម្បីជួយគាំទ្រជំហរដ៏មាំមួនរបស់អ្នក ឲ្យ‹ជៀសវាងពីឈាម›។ ការស្ដាប់បង្គាប់ច្បាប់របស់ទ្រង់ក៏ធានាថា យើងនឹងបំពេញព្រះហឫទ័យរបស់ទ្រង់ឲ្យបានជីវិតជារៀងរហូត។—កិច្ចការ ១៥:២៩; សុភាសិត ២៧:១១, ១២
[ប្រអប់នៅទំព័រ៥]
បើសិនជាបញ្ហាសុខភាពណាចុះខ្សោយដល់ម្ល៉េះ ដែលមានការគំរាមកំហែងឲ្យបញ្ចូលឈាម នោះឆែកមើលប្រអប់នេះឲ្យដឹងថាអ្នកត្រូវធ្វើអ្វី:
១. ហៅអ្នកចាស់ទុំក្នុងក្រុមជំនុំរបស់អ្នកឲ្យមកជួយអ្នក។
២. សុំអ្នកចាស់ទុំហៅគណៈកម្មាធិការខាងសម្ព័ន្ធការពេទ្យដែលនៅជិតជាងគេ បើសិនជានោះគឺចាំបាច់។
៣. គណៈកម្មាធិការខាងសម្ព័ន្ធការពេទ្យអាចជួយអ្នកក្នុងការនិយាយជាមួយគ្រូពេទ្យនិងអ្នកឯទៀត។
៤. គណៈកម្មាធិការខាងសម្ព័ន្ធការពេទ្យអាចជួយអ្នកទាក់ទងគ្រូពេទ្យឯទៀត ឲ្យជួបគ្រូពេទ្យវះកាត់របស់អ្នក ដើម្បីប្រាប់អំពីវិធីព្យាបាលផ្សេងទៀត។
៥. គណៈកម្មាធិការខាងសម្ព័ន្ធការពេទ្យក៏អាចជួយអ្នកប្ដូរទៅមន្ទីរពេទ្យមួយទៀត ដែលនឹងព្រមតាមអ្នក ដើម្បីទទួលការព្យាបាល។