ចូរការពារកូនរបស់អ្នកពីការប្រើឈាម
១ «មើល! កូនចៅជាមរដកមកពីព្រះយេហូវ៉ា»។ (ទំនុក. ១២៧:៣) បើអ្នកជាមាតាបិតាដែលមានមរតកដ៏ថ្លៃវិសេសនេះពីព្រះយេហូវ៉ា នោះអ្នកក៏មានភារកិច្ចដែលគួរឲ្យពេញចិត្តនិងធ្ងន់ធ្ងរផងដែរក្នុងការអប់រំបង្រៀន ចិញ្ចឹម និងការពារកូនរបស់អ្នក។ ជាឧទាហរណ៍ តើអ្នកបានព្យាយាមអស់ពីសមត្ថភាពដើម្បីការពារកូនរបស់អ្នកពីការបញ្ចូលឈាមឬទេ? តើកូនរបស់អ្នកនឹងប្រព្រឹត្តតបយ៉ាងណា បើមានគេខំបញ្ចូលឈាម? តើអ្នកធ្លាប់ពិគ្រោះជាក្រុមគ្រួសារអំពីអ្វីដែលអ្នកនឹងធ្វើ ដើម្បីដោះស្រាយដោយមានប្រសិទ្ធភាពនូវបញ្ហាជាបន្ទាន់ពេលដែលមានគេខំបញ្ចូលឈាមទេ?
២ ការជួយក្រុមគ្រួសាររបស់អ្នកឲ្យរៀបចំសំរាប់បញ្ហាទាំងនេះមិនចាំបាច់ជាហេតុធ្វើឲ្យខ្វល់ខ្វាយ ឬតានតឹងចិត្តឥតអំពើនោះឡើយ។ អ្នកមិនអាចរៀបចំទុកជាមុនសំរាប់បញ្ហាសព្វបែបយ៉ាងដែលអាចកើតឡើងក្នុងជីវិតនោះទេ ប៉ុន្តែ មានអ្វីជាច្រើនដែលអ្នកជាមាតាបិតាអាចធ្វើទុកជាមុនដើម្បីការពារកូនរបស់អ្នកពីការបញ្ចូលឈាម។ ការមិនយកចិត្តទុកដាក់ទៅលើភារកិច្ចនេះអាចនាំឲ្យកូនរបស់អ្នកត្រូវគេបញ្ចូលឈាម ពេលកំពុងតែទទួលការព្យាបាលដោយពេទ្យ។ តើអ្នកអាចរៀបចំទុកជាមុនយ៉ាងដូចម្ដេច?
៣ ជំនឿមុតមាំគឺសំខាន់: អ្នកត្រូវគិតឲ្យបានជ្រៅជ្រះដើម្បីដឹងថា តើជំនឿរបស់ខ្លួនគឺមុតមាំប៉ុនណាស្តីអំពីច្បាប់របស់ព្រះអំពីឈាម។ តើអ្នកកំពុងតែបង្រៀនកូនរបស់អ្នកឲ្យចេះស្ដាប់បង្គាប់តាមព្រះយេហូវ៉ាក្នុងរឿងនេះ ដូចជាអ្នកបង្រៀនពួកគេអំពីច្បាប់របស់ទ្រង់ស្តីអំពីភាពទៀងត្រង់ សីលធម៌ អព្យាក្រឹតភាព និងរឿងឯទៀតក្នុងជីវិតឬទេ? តើយើងពិតជាចង់ធ្វើតាមច្បាប់របស់ព្រះនៅចោទិយកថា ១២:២៣ ដែលថា៖ «ចូរប្រយ័ត[ឬ«ចូរតាំងចិត្ត», ព.ថ.] កុំឲ្យតែបរិភោគឈាមប៉ុណ្ណោះ»ឬ? ចោទិយកថា ១២:២៥ ក៏ចែងទៀតថា៖ «គឺមិនត្រូវឲ្យឯងបរិភោគ ដើម្បីឲ្យឯងបានសប្បាយ ព្រមទាំងកូនចៅឯងតរៀងទៅផង ដោយឯងប្រព្រឹត្តតាមសេចក្ដីដែលទៀងត្រង់នៅព្រះនេត្រព្រះយេហូវ៉ា»។ គ្រូពេទ្យប្រហែលជាអះអាងថា ឈាមនឹងធ្វើឲ្យកូនរបស់អ្នកដែលកំពុងតែឈឺនោះ បានជាហើយ«សប្បាយ»ឡើងវិញ ប៉ុន្តែ អ្នកត្រូវតាំងចិត្តឲ្យបានរឹងមាំដើម្បីបដិសេធពីការប្រើឈាមសំរាប់ខ្លួនអ្នកនិងកូនរបស់អ្នកផងដែរ មុនដែលមានរឿងសង្គ្រោះបន្ទាន់កើតឡើង ដោយចាត់ទុកចំណងមេត្រីភាពរបស់អ្នកជាមួយព្រះយេហូវ៉ាជាអ្វីដែលមានតម្លៃជាងការព្យាបាលណាដែលបំពានច្បាប់របស់ទ្រង់ ទោះជាពួកគេអះអាងថានេះនឹងជួយអ្នកជម្ងឺរស់ឲ្យបានយូរក៏ដោយ។ រឿងនេះជាប់ទាក់ទងនឹងព្រះគុណរបស់ព្រះនៅឥឡូវនេះ និងជីវិតជារៀងរហូតនៅអនាគតទៀតផង!
៤ ពិតមែនហើយ ស្មរបន្ទាល់ព្រះយេហូវ៉ាចង់រស់។ ពួកគេមិនចង់ស្លាប់ទេ។ ពួកគេចង់រស់ដើម្បីសរសើរព្រះយេហូវ៉ានិងធ្វើតាមព្រះហឫទ័យរបស់ទ្រង់។ នេះជាហេតុមួយដែលពួកគេទៅមន្ទីរពេទ្យនិងនាំកូនទៅពេទ្យដើម្បីទទួលការព្យាបាល។ ពួកគេសុំគ្រូពេទ្យឲ្យព្យាបាលពួកគេ ហើយពេលគ្រូពេទ្យប្រាប់ថា ការបញ្ចូលឈាមគឺជាវិធីធម្មតា ឬជាវិធីព្យាបាលតាមវេជ្ជសាស្ត្រ នោះស្មរបន្ទាល់ព្រះយេហូវ៉ាសុំការព្យាបាលដោយមិនប្រើឈាមវិញ។ មានការព្យាបាលជាច្រើនយ៉ាងណាស់ក្រៅពីការបញ្ចូលឈាម។ គ្រូពេទ្យដែលមានបទពិសោធន៍កំពុងតែប្រើវិធីទាំងនេះ។ ការព្យាបាលបែបនេះមិនមែនជាការព្យាបាលបោកប្រាស់ឡើយ តែជាការព្យាបាលនិងមានវិធីសាស្ត្រដ៏ត្រឹមត្រូវតាមវេជ្ជសាស្ត្រក្នុងឯកសារវេជ្ជសាស្ត្រដែលនាំមុខគេ។ គ្រូពេទ្យរាប់ពាន់នាក់ទូទាំងផែនដីកំពុងតែជួយស្មរបន្ទាល់ព្រះយេហូវ៉ាដោយផ្ដល់ការព្យាបាលតាមវេជ្ជសាស្ត្រដ៏ល្អដោយមិនប្រើឈាម ទោះជានៅតែពិបាករកគ្រូពេទ្យដែលសុខចិត្តព្យាបាលកូនរបស់ស្មរបន្ទាល់ដោយមិនប្រើឈាមក៏ដោយ។
៥ ការរកគ្រូពេទ្យម្នាក់ដែលសុខចិត្តព្យាបាលដោយមិនប្រើឈាម: គ្រូពេទ្យនានាមានការខ្វល់ខ្វាយច្រើនស្តីអំពីការព្យាបាលអ្នកជម្ងឺ ហើយពេលអ្នកសុំពួកគេឲ្យព្យាបាលកូនរបស់អ្នកដោយមិនប្រើឈាម នេះនាំឲ្យរឹតតែពិបាកទៀត។ គ្រូពេទ្យខ្លះនឹងព្រមព្យាបាលមនុស្សពេញវ័យដោយគោរពជំនឿរបស់ពួកគេ និងមិនប្រើឈាមទេ ឲ្យតែអ្នកជម្ងឺបំពេញឯកសារឲ្យគ្រូពេទ្យរួចពីការទទួលខុសត្រូវ។ គ្រូពេទ្យខ្លះប្រហែលជានឹងព្រមព្យាបាលកូនដែលមិនទាន់គ្រប់អាយុ តែបង្ហាញថាខ្លួនជាកូនដែលមានគំនិតចាស់ទុំ ដោយព្រោះតុលាការខ្លះបានទទួលស្គាល់ថា កូនមិនទាន់គ្រប់អាយុដែលមានគំនិតចាស់ទុំនោះ មានសិទ្ធិសម្រេចចិត្តអំពីវិធីព្យាបាលដែលខ្លួនចង់បាន។ (សូមមើលទស្សនាវដ្ដីប៉មយាម ជាភាសាអង់គ្លេស ពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៩១ ទំព័រ១៦-១៧ ដើម្បីទទួលការពន្យល់ថែមទៀតអំពីអ្វីទៅដែលអាចចាត់ទុកថាជាកូនមិនគ្រប់អាយុដែលមានគំនិតចាស់ទុំ) ក៏ប៉ុន្តែ គ្រូពេទ្យប្រហែលជាមិនព្រមព្យាបាលកូនតូច ជាពិសេសកូនង៉ា លើកលែងតែអនុញ្ញាតឲ្យប្រើឈាម។ ការពិត មានគ្រូពេទ្យតិចណាស់ដែលសុខចិត្តធានាមួយរយភាគរយថា ពួកគេនឹងមិនប្រើឈាមសោះក្នុងគ្រប់កាលៈទេសៈពេលកំពុងតែព្យាបាលកូនក្មេង។ ដោយសារច្បាប់និងវេជ្ជសាស្ត្រ គ្រូពេទ្យភាគច្រើនគិតថា ពួកគេមិនអាចធានាដូច្នេះទេ។ យ៉ាងណាក៏ដោយ គ្រូពេទ្យរឹតតែច្រើននាក់ចង់ព្យាបាលកូនរបស់ពួកស្មរបន្ទាល់ព្រះយេហូវ៉ាឲ្យអស់ពីសមត្ថភាពដោយមិនប្រើឈាម។
៦ ចុះយ៉ាងណាវិញ បើកាលណាអ្នកខំរកគ្រូពេទ្យល្អសំរាប់កូនអ្នក ហើយអ្នករកឃើញគ្រូពេទ្យម្នាក់ដែលធ្លាប់ជួយស្មរបន្ទាល់ព្រះយេហូវ៉ាបានច្រើននាក់ដោយព្យាបាលជម្ងឺដូចគ្នានេះដោយមិនប្រើឈាម ប៉ុន្តែ គាត់មានអារម្មណ៍ថាគាត់មិនអាចធានាអ្នកមួយរយភាគរយថា គាត់នឹងមិនប្រើឈាមសោះនោះទេដោយព្រោះច្បាប់។ យ៉ាងណាក៏ដោយ គាត់ធានាថា ការព្យាបាលនេះនឹងមិនត្រូវមានការប្រើឈាមទេ។ អ្នកប្រហែលជានឹងសម្រេចចិត្តថា នេះជាជម្រើសល្អបំផុត។ ក្នុងករណីនេះ អ្នកប្រហែលជាអាចសន្និដ្ឋានថា អ្នកនឹងអនុញ្ញាតឲ្យគាត់ព្យាបាលកូនអ្នកបាន។ ប៉ុន្តែ ចូរបញ្ជាក់យ៉ាងច្បាស់ឲ្យគ្រូពេទ្យច្រឡំពុំបានថា ក្នុងការអនុញ្ញាតឲ្យគាត់ព្យាបាលកូនរបស់អ្នក អ្នកក៏នៅតែមិនអនុញ្ញាតឲ្យគ្រូពេទ្យបញ្ចូលឈាមទេ។ បើអ្នកធ្វើយ៉ាងនេះ អ្នកត្រូវទទួលខុសត្រូវខ្លួនឯងដោយមិនចាត់ទុកការសម្រេចចិត្តរបស់អ្នកជាការលះបង់ជំនឿទេ។
៧ ពិតណាស់ បើអ្នកអាចរកវិធីព្យាបាលផ្សេងទៀតដែលនឹងកាត់បន្ថយឬក៏បំបាត់ទាំងស្រុងនូវបញ្ហាខាងការបញ្ចូលឈាម អ្នកទំនងជានឹងជ្រើសរើសវិធីព្យាបាលដែលមិនអាចឈានទៅដល់ការបញ្ចូលឈាមនោះទេ។ អ្នកត្រូវព្យាយាមរកគ្រូពេទ្យឬពេទ្យវះកាត់ណាដែលសុខចិត្តព្យាយាមច្រើនជាងគេបំផុតដើម្បីព្យាបាលដោយមិនបញ្ចូលឈាម។ របៀបការពារល្អបំផុតគឺដោយគិតឃើញបញ្ហាដែលអាចកើតឡើងទុកជាមុន។ ចូរខំប្រឹងរកទុកជាមុននូវគ្រូពេទ្យដែលនឹងជួយអ្នក។ កាលបើអាចធ្វើទៅបាន កុំសុំការព្យាបាលពីគ្រូពេទ្យនិងមន្ទីរពេទ្យណាដែលមិនព្រមគោរពជំនឿរបស់អ្នក។
៨ នៅប្រទេសឯទៀត កត្ដាសំខាន់មួយដែលជួយពេទ្យឲ្យសម្រេចថា តើគេនឹងបញ្ចូលឈាមឬក៏អត់ គឺអាស្រ័យទៅលើវិធីដែលអ្នកជម្ងឺនឹងបង់លុយសំរាប់ការព្យាបាលនោះ។ ពេលមាតាបិតាមានការធានារ៉ាប់រងសំរាប់សុខភាព ឬក៏ទទួលជំនួយឯទៀតដែលអនុញ្ញាតឲ្យរកគ្រូពេទ្យតាមចិត្ត កូនអាចត្រូវការពារពីគ្រូពេទ្យនិងបុគ្គលិកដែលមិនគោរពជំនឿរបស់យើង។ ការព្យាបាលនិងការថែទាំដែលក្រុមគ្រួសារទទួលពីគ្រូពេទ្យ ច្រើនតែអាស្រ័យដោយហេតុថា តើពួកគេមានលុយគ្រប់គ្រាន់ឬយ៉ាងណា? ម្យ៉ាងទៀត ដែលមន្ទីរពេទ្យឬគ្រូពេទ្យព្រមទទួលកូនដែលផ្លាស់ពីកន្លែងផ្សេងឲ្យមកទទួលការព្យាបាលនោះ ច្រើនតែអាស្រ័យលើសមត្ថភាពរបស់មាតាបិតាដើម្បីបង់លុយសំរាប់ការព្យាបាល។ ហើយមាតាដែលជិតសម្រាលកូនអើយ! គឺសំខាន់ណាស់ដែលអ្នកថែទាំសុខភាពខ្លួនឲ្យបានដិតដល់ក្នុងកំឡុងពេលដែលមានគភ៌នោះ។ នេះនឹងជួយបង្ការការសម្រាលកូនមិនគ្រប់ខែ និងបញ្ហាផ្សេងទៀត ដ្បិតការព្យាបាលសំរាប់បញ្ហាកូនមិនគ្រប់ខែច្រើនតែមានការបញ្ចូលឈាម។
៩ ជួនកាល គ្រូពេទ្យតវ៉ាថា ស្មរបន្ទាល់ព្រះយេហូវ៉ាមិនបានប្រាប់អំពីការមិនចង់បញ្ចូលឈាមពីមុនទេ ចាំទាល់តែហួសពេល។ យើងមិនគួរធ្វើដូច្នេះទេ ពីព្រោះអ្វីដែលមាតាបិតាគ្រីស្ទានត្រូវធ្វើមុនបង្អស់ ពេលទៅមន្ទីរពេទ្យឬសុំគ្រូពេទ្យព្យាបាលនោះ គឺពួកគេត្រូវប្រាប់ថា ពួកគេមិនចង់ទទួលការបញ្ចូលឈាមឡើយ។ បើមានការវះកាត់នោះ សុំជួបពិភាក្សាជាមួយគ្រូពេទ្យចាក់ថ្នាំសណ្ដំទុកជាមុន។ គ្រូពេទ្យវះកាត់ប្រហែលជាអាចជួយរៀបចំការប្រជុំនេះ។ មុនដែលបំពេញកិច្ចសន្យាជាមួយពេទ្យ ត្រូវពិនិត្យមើលឯកសារឲ្យបានដិតដល់។ អ្នកមានសិទ្ធិធ្វើការកែប្រែអ្វីដែលអ្នកមិនយល់ព្រម។ ដើម្បីឲ្យបានប្រាកដ ចូរសរសេរលើក្រដាសបំពេញឲ្យបានច្បាស់ៗដូចតទៅនេះថា៖ អ្នកមិនចង់ទទួលការបញ្ចូលឈាមសោះនៅគ្រប់កាលៈទេសៈ ដោយសារជំនឿសាសនារបស់អ្នកនិងដោយផ្អែកលើហេតុវេជ្ជសាស្ត្រ។
១០ ជំនួយពីអង្គការរបស់ព្រះយេហូវ៉ា: តើអង្គការរបស់ព្រះយេហូវ៉ាមានសំវិធានការអ្វីខ្លះដែលជួយយើងការពារកូនរបស់យើងពីការបញ្ចូលឈាម? មានសំវិធានការជាច្រើន។ សមាគមរបស់យើងបានបោះពុម្ពអ្វីៗជាច្រើន ប្រយោជន៍អប់រំយើងអំពីឈាមនិងការព្យាបាលដែលមិនប្រើឈាម។ អ្នកបានពិនិត្យមើលសន្លឹកបន្ថែមក្នុងកិច្ចបំរើព្រះរាជាណាចក្រយើង ខែមិថុនា ឆ្នាំ២០០១ ដែលមានចំណងជើងថា«តើអ្នកបានរៀបចំឲ្យហើយជាស្រេច ដើម្បីប្រឈមមុខ នឹងការព្យាបាលជម្ងឺដែលសាកល្បងនូវជំនឿរបស់អ្នកឬទេ?» និងប្រកាសនវត្ថុឯទៀតអំពីរឿងនេះ។ ម្យ៉ាងទៀត អ្នកមានបងប្អូនប្រុសស្រីរបស់អ្នកក្នុងក្រុមជំនុំដែលអាចផ្ដល់ជំនួយនិងការគាំទ្រជាច្រើន។ ពេលមានបញ្ហាធំ អ្នកចាស់ទុំអាចរៀបចំឲ្យមានអ្នកជួយយាមអ្នកជម្ងឺ២៤ម៉ោងនៅមន្ទីរពេទ្យបាន ល្អបំផុតបើជាអ្នកចាស់ទុំម្នាក់ជាមួយមាតាឬបិតា ឬក៏សាច់ញាតិជិតណាម្នាក់របស់អ្នកជម្ងឺ។ នេះគឺពីព្រោះ ធម្មតា គ្រូពេទ្យបញ្ចូលឈាមក្រោយពីសាច់ញាតិនិងមិត្តភក្ដិបានទៅផ្ទះដេក។
១១ នៅរាជធានីភ្នំពេញ មានគណៈកម្មាធិការខាងសម្ព័ន្ធការពេទ្យ។ ក្រុមជំនុំទាំងឡាយបានត្រូវគណៈមួយកំណត់ឲ្យ ដែលជាបងប្អូនប្រុសៗដែលបានត្រូវបង្ហាត់បង្រៀនឲ្យអាចជួយបាន។ តាមរយៈអ្នកចាស់ទុំក្នុងក្រុមជំនុំរបស់អ្នក ចូរសុំបងប្អូនគណៈកម្មាធិការនេះមកជួយពេលចាំបាច់។ យើងមិនគួរទាក់ទងពួកគាត់អំពីរឿងតូចតាចទេ តែបើមានអារម្មណ៍ថាមានបញ្ហាធំជិតកើតឡើងនោះ កុំស្ទាក់ស្ទើរសុំពួកគាត់មកជួយ។ ពួកគាត់អាចប្រាប់ពីគ្រូពេទ្យណាខ្លះដែលព្យាបាលដោយមិនប្រើឈាម និងក៏អាចប្រាប់ពីវិធីព្យាបាលដែលមិនប្រើឈាមដែរ។ កាលបើមានលទ្ធភាពនិងកាលបើចាំបាច់នោះ បងប្អូនទាំងនេះអាចរៀបចំទៅមន្ទីរពេទ្យតែម្ដងដើម្បីដោះស្រាយបញ្ហានោះ។
១២ «អ្នកណាដែលរំពឹងគិតពីដំណើរអ្វី នោះនឹងបានសេចក្ដីល្អចេញពីនោះមក ហើយអ្នកណាដែលទុកចិត្តដល់ព្រះយេហូវ៉ា នោះសប្បាយហើយ»។ (សុ. ១៦:២០) មាតាបិតាទាំងឡាយអើយ! ចូររៀបចំឲ្យបានត្រឹមត្រូវដើម្បីការពារកូនរបស់អ្នកពីការបញ្ចូលឈាម ដែលអាចបង្ខូចភាពខាងវិញ្ញាណរបស់កូន។ (សុ. ២២:៣) កូនក្មេងទាំងឡាយអើយ! ចូរប្រព្រឹត្តតាមការអប់រំដែលអ្នកបានទទួលពីមាតាបិតាចំពោះការរៀបចំទាំងនេះរួចហើយចូរផ្ដិតសេចក្ដីបង្រៀននោះឲ្យដិតជាប់នៅក្នុងចិត្តគំនិតវិញ។ ជាក្រុមគ្រួសារ ចូរ«[«តាំងចិត្ត», ព.ថ.]កុំបរិភោគឈាម . . . ដើម្បីឲ្យបានសប្បាយ» គឺសប្បាយដោយព្រោះអ្នកនឹងទទួលព្រះពរពីព្រះយេហូវ៉ានិងពេញព្រះហឫទ័យទ្រង់ជាទីបំផុត។—ចោទិ. ១២:២៣-២៥