ការផ្សាយដំណឹងល្អនៅថ្ងៃបុណ្យ
១ មនុស្សរាប់លាននាក់ធ្វើបុណ្យចូលឆ្នាំនិងពិធីផ្សេងៗទៀត ប៉ុន្តែពិធីទាំងនោះមិនទាក់ទងនឹងជំនឿគ្រីស្ទានឡើយ។ មនុស្សជាច្រើនជឿស្មោះអស់ពីចិត្តថា ព្រះសព្វព្រះហឫទ័យនឹងទង្វើនោះ។ តើយើងអាចធ្វើអ្វីដើម្បីឲ្យដំណឹងល្អជំរុញទឹកចិត្តមនុស្សក្នុងកំលុងពេលថ្ងៃបុណ្យ?
២ ចូរចេះយល់ចិត្ត: អ្នកចាស់ទុំមានការរៀបចំពិសេសសម្រាប់កិច្ចផ្សព្វផ្សាយនៅថ្ងៃបុណ្យពីព្រោះយើងភាគច្រើនអត់ធ្វើការថ្ងៃនោះ។
៣ កាលដែលយើងធ្វើបន្ទាល់ យើងទំនងជានឹងជួបមនុស្សមួយចំនួនដែលរវល់ធ្វើម្ហូបនឹងទទួលភ្ញៀវ។ យើងត្រូវចេះយល់ចិត្តគេដោយនិយាយយ៉ាងចំហើយខ្លី ពីព្រោះយើងដឹងថានេះជាថ្ងៃពិសេសសម្រាប់គេ។ ប្រសិនបើយើងបង្ហាញការគួរសមចំពោះម្ចាស់ផ្ទះនៅថ្ងៃបុណ្យ នោះក៏អាចបើកឱកាសឲ្យយើងធ្វើបន្ទាល់ថែមទៀតនៅថ្ងៃក្រោយ។
៤ យើងមិនចូលរួមពិធីបុណ្យសាសនារបស់លោកីយ៍ទេ ហើយយើងក៏មិនជូនពរដែលទាក់ទងនឹងបុណ្យសាសនាតបទៅវិញដែរ។ ហេតុនេះហើយបានជាយើងត្រូវប្រុងប្រយ័ត្ននឹងសម្ដីរបស់យើងនៅពេលម្ចាស់ផ្ទះជូនពរយើង។ បើមានគេជូនពរយើងនៅថ្ងៃបុណ្យនោះ យើងមិនចាំបាច់ពន្យល់អំពីមូលហេតុដែលយើងមិនជូនពរតបទៅវិញទេ តែក្នុងករណីភាគច្រើនយើងអាចបង្ហាញការគួរសមដោយអរគុណម្ចាស់ផ្ទះវិញ។ ប្រសិនបើមនុស្សសួរពីជំនឿយើង យើងអាចពន្យល់ប្រាប់គេថាយើងគោរពព្រះយេស៊ូគ្រីស្ទ ដោយសារនេះជាតម្រូវការមួយចំពោះអស់អ្នកដែលគោរពប្រតិបត្ដិព្រះវរបិតា។ (យ៉ូន. ៥:២៣) ប៉ុន្តែ មានទំនៀមទម្លាប់ជាច្រើនដែលទាក់ទងពិធីបុណ្យនោះមិនបង្ហាញការគោរពប្រតិបត្ដិដល់ព្រះគ្រីស្ទឬព្រះវរបិតាឡើយ។ បើមានគេចង់ដឹងព័ត៌មានថែមទៀតនៅពេលនោះឬថ្ងៃក្រោយ យើងក៏អាចអានជាមួយគេចំណុចខ្លះៗពីកូនសៀវភៅប្រធានបទគម្ពីរសម្រាប់ការពិគ្រោះ ក្រោមចំណងជើងពិធីបុណ្យផ្សេងៗ។
៥ ពាក្យផ្ដើម: ដោយសារពិធីបុណ្យសម្រាប់ចូលឆ្នាំថ្មីទាក់ទងនឹងសាសនា នៅពេលនេះយើងប្រហែលជានឹងជួបមនុស្សដែលព្រមនិយាយពីរឿងព្រះ។ ដូច្នេះ ពាក្យផ្ដើមរបស់យើងអាចសំដៅទៅលើរឿងព្រះ។ ជាឧទាហរណ៍ យើងក៏អាចនិយាយថា៖ «មនុស្សរាប់លាននាក់ទូទាំងផែនដីកំពុងតែធ្វើបុណ្យចូលឆ្នាំថ្មី តើអ្នកគិតថាការធ្វើបុណ្យនេះនាំឲ្យមនុស្សចូលទៅជិតព្រះទេ?»។ ទោះជាម្ចាស់ផ្ទះគិតថាការធ្វើបុណ្យនេះគឺល្អឬមិនល្អក៏ដោយ ក្រោយយើងស្ដាប់សម្ដីរបស់គេហើយ យើងអាចនិយាយថា៖ «មនុស្សជាច្រើនចង់បានទំនាក់ទំនងយ៉ាងជិតស្និទ្ធនឹងព្រះ ដោយព្រោះគិតថាព្រះគង់នៅឆ្ងាយពីគេ។ យើងសប្បាយចិត្តពីព្រោះព្រះអង្គទ្រង់ផ្ទាល់អញ្ជើញឲ្យយើងស្វែងរកទ្រង់»។ បន្ទាប់មកយើងនិយាយតទៅទៀត។
៦ យើងអាចនិយាយផ្សេងវិញទៀតបានថា៖ «នៅពេលចូលឆ្នាំថ្មី យើងតែងតែឮមនុស្សនិយាយថានៅឆ្នាំថ្មីគេសង្ឃឹមថានឹងមានភាពសម្បូណ៌សប្បាយ។ តើអ្នកគិតថាព្រះនឹងនាំឲ្យមនុស្សនៅលើផែនដីយើងនេះមានសុភមង្គលនិងភាពសុខសាន្តនៅសម័យយើងនេះទេ?»។ បន្ទាប់មក យើងអាចពន្យល់ថាព្រះយេស៊ូជា«ម្ចាស់នៃមេត្រីភាព»ដែលបានទាយទុកមក។ (អេសា. ៩:៦, ៧) ព្រះបានតែងតាំងព្រះគ្រីស្ទជាអ្នកគ្រប់គ្រងក្នុងរាជរដ្ឋាភិបាលរបស់ទ្រង់។ ហេតុនេះហើយបានជាបន្ដិចទៀត ព្រះគ្រីស្ទនឹងចាត់វិធានការនាំឲ្យផែនដីយើងមានភាពសុខសាន្តជាស្ថាពរ។—ដា. ២:៤៤; វិវរ. ២១:៣-៥
៧ ទោះបីជាមនុស្សជាច្រើនមិនអើពើនឹងសារព្រះរាជាណាចក្រ និងចូលចិត្តធ្វើថ្ងៃបុណ្យដែលទាក់ទងនឹងសាសនាមិនពិតក៏ដោយ ព្រះយេហូវ៉ានឹងប្រទានពរមកលើការខិតខំរបស់យើងឲ្យស្វែងរកមនុស្សដែលចង់ដឹងពីសេចក្ដីពិត ដ្បិតព្រះវរបិតា«ទ្រង់រកពួកអ្នកយ៉ាងនោះ ឲ្យបានថ្វាយបង្គំទ្រង់»ហើយទ្រង់នឹងនាំឲ្យគេស្គាល់អង្គការរបស់ទ្រង់ដែរ។—យ៉ូន. ៤:២៣, ២៤