តើអ្នកអាចបំរើព្រះយេហូវ៉ាដោយធ្វើជាអ្នកត្រួសត្រាយទេ?
១ នៅឯមហាសន្និបាតប៉ុន្មានឆ្នាំមុននេះ អ្នកថ្លែងបានសួរថា៖ «តើអ្នកអាចត្រួសត្រាយបានទេ? តើអ្នកនឹងត្រួសត្រាយឬទេ?»។ អ្នកថ្លែងបានបញ្ជាក់ថា សំនួរទាំងនោះគឺសំខាន់ ពីព្រោះអើម៉ាគេដូនគឺជិតដល់ហើយ។ ហេតុនេះ កិច្ចផ្សព្វផ្សាយគឺសំខាន់ជាងមុនទៅទៀត។—១កូ. ៧:២៩ក
២ ពិតមែនថា ការត្រួសត្រាយគឺពិបាក ហើយតម្រូវឲ្យចេះលត់ដំខ្លួនថែមទាំងមានរបៀបរៀបរយជានិច្ច។ ក៏ប៉ុន្តែ ការដែលយើងខំប្រឹងធ្វើក្នុងកិច្ចបំរើគឺ«មិនមែនឥតប្រយោជន៍ទេ»។ (១កូ. ១៥:៥៨) តើយើងអាចនិយាយដូចគ្នាដែរអំពីអ្វីផ្សេងទៀតដែលយើងធ្វើ ដែលអាចស៊ីពេលវេលានិងកម្លាំងរបស់យើងឬទេ? សេចក្ដីស្រឡាញ់ចំពោះព្រះយេហូវ៉ាជំរុញគ្រីស្ទានទាំងឡាយឲ្យខ្នះខ្នែងក្នុងកិច្ចបំរើទ្រង់ ហើយការខ្នះខ្នែងក្នុងកិច្ចបំរើព្រះយេហូវ៉ាបាននាំឲ្យបងប្អូនជាច្រើនធ្វើជាអ្នកត្រួសត្រាយ។—១យ៉ូន. ៥:៣; វិវរ. ៤:១១
៣ យុវជនជាច្រើនដែលជាអ្នកបំរើព្រះយេហូវ៉ាហើយទើបតែចប់ការសិក្សានៅមហាវិទ្យាល័យ កំពុងតែមានចំណាប់អារម្មណ៍យ៉ាងខ្លាំងទៅលើការត្រួសត្រាយ។ នេះគឺសមរម្យមែន ដ្បិត គ្មានការងារណាផ្សេងទៀតដែលសំខាន់ជាងកិច្ចបំរើពេញពេលទេ មែនទេ? (ម៉ាថ. ៦:៣៣) ដំណឹងល្អអំពីព្រះរាជាណាចក្ររបស់ព្រះត្រូវផ្សាយជាចាំបាច់។ នេះជាកិច្ចការរបស់ព្រះយេហូវ៉ា ហើយពេលដែលចូលរួមក្នុងកិច្ចការនេះពេញពេលតាំងពីក្មេងមក នោះជាឯកសិទ្ធិប្រសើរឯកមែន!—ម៉ាថ. ២៤:១៤
៤ តើអ្នករាល់គ្នាដែលជាមាតាបិតាលើកទឹកចិត្តកូនឲ្យចូលរួមកិច្ចបំរើពេញពេលឬទេ? តើកូនរបស់អ្នកយល់ច្បាស់ថា អ្នកចង់ឲ្យពួកគេចូលរួមកិច្ចការដ៏មានប្រយោជន៍នេះដោយអស់ពីចិត្ត ពីព្រលឹង ពីគំនិត និងកម្លាំងឬទេ? (ម៉ាក. ១២:៣០) យុវជនជាច្រើននាក់ដែលជាអ្នកផ្សាយត្រៀមលក្ខណៈដើម្បីធ្វើជាអ្នកត្រួសត្រាយពេញពេលមុនដែលចប់ការសិក្សានៅសាលារៀន ដោយធ្វើជាអ្នកត្រួសត្រាយជំនួយរាល់ដងឲ្យតែមានឱកាស។ ភាពស្មោះត្រង់បែបនេះប្រាកដជាធ្វើឲ្យព្រះយេហូវ៉ាមានព្រះទ័យរីករាយណាស់!—សុ. ២៧:១១
៥ ពិតហើយ មិនមែនមនុស្សទាំងអស់មានកាលៈទេសៈអំណោយផលឲ្យធ្វើជាអ្នកត្រួសត្រាយឡើយ។ ក៏ប៉ុន្តែ មិនថាចាស់ឬក្មេង មានគ្រួសារហើយឬនៅលីវក្ដី តើអ្នកធ្លាប់អធិស្ឋាន គិតឲ្យបានដិតដល់អំពីលទ្ធភាពដែលអ្នកអាចបំរើព្រះយេហូវ៉ាដោយធ្វើជាអ្នកត្រួសត្រាយផ្សាយដំណឹងល្អឬទេ? (កូល. ៣:២៣) គូស្វាមីភរិយាជាច្រើនដែលនៅក្មេងនៅឡើយ កំពុងតែព្យាយាមបង្កើននូវកិច្ចផ្សព្វផ្សាយ ដើម្បីឲ្យស្វាមីឬភរិយាឬក៏ទាំងពីរនាក់អាចត្រួសត្រាយបាន។
៦ បើអ្នកពុំអាចត្រួសត្រាយពេញពេលនៅឥឡូវនេះបាន តើអ្នកអាចធ្វើជាអ្នកត្រួសត្រាយជំនួយបានឬទេ? អ្នកផ្សាយខ្លះក្នុងក្រុមជំនុំរបស់អ្នកប្រហែលជាកំពុងតែត្រួសត្រាយជំនួយក្នុងកំឡុងខែតុលា ហើយបងប្អូនឯទៀតប្រហែលជាកំពុងតែត្រៀមលក្ខណៈត្រួសត្រាយជំនួយក្នុងកំឡុងខែវិច្ឆិកា។ តើអ្នកអាចចូលរួមជាមួយនឹងពួកគេបានទេ? ទោះជាអ្នកបំរើស្មោះត្រង់របស់ព្រះយេហូវ៉ាទាំងអស់គ្នាអាចទទួលពរជាច្រើនក៏ពិតមែន ក៏មានពរថែមទៀតដែលអាចត្រូវទទួលដោយអ្នកដែលអាចចំណាយពេលច្រើនជាងក្នុងកិច្ចបំរើព្រះរាជាណាចក្រ ដោយស្វែងរកអ្នកដែលមានលក្ខណៈដូចចៀម។—កិច្ច. ២០:៣៥