ចូរស្គាល់បងប្អូនរបស់អ្នកឲ្យបានច្បាស់
១ ទំនាក់ទំនងរបស់យើងជាមួយអ្នកជឿគ្នីគ្នាមិនត្រឹមតែការចូលរួមកិច្ចប្រជុំជាមួយគ្នានៅឯសាលប្រជុំប៉ុណ្ណោះទេ។ យើងជាអ្នកធ្វើតាមព្រះហឫទ័យរបស់ព្រះ ហើយនេះធ្វើឲ្យយើងមានទំនាក់ទំនងខាងវិញ្ញាណជាមួយនឹងព្រះយេស៊ូ។ (ម៉ាក. ៣:៣៤, ៣៥) ម្ល៉ោះហើយ ទំនាក់ទំនងនោះនាំឲ្យយើងរួមចំណែកជាក្រុមគ្រួសារខាងវិញ្ញាណជាមួយនឹងអ្នកឯទៀតក្នុងក្រុមជំនុំគ្រីស្ទានពិត គឺថាបងប្អូនប្រុសស្រីខាងវិញ្ញាណរបស់យើងដែលបានត្រូវបង្គាប់ឲ្យស្រឡាញ់នោះ។ (យ៉ូន. ១៣:៣៥) ដូច្នេះ អ្នកដែលមានទំនាក់ទំនងជាមួយ«ពួកដំណាក់ព្រះ» គួរព្យាយាមស្គាល់គ្នាឲ្យបានច្បាស់។—អេភ. ២:១៩
២ ចូរស្គាល់ឈ្មោះរបស់បងប្អូនអ្នក: តើអ្នកស្គាល់ឈ្មោះរបស់បងប្អូនប្រុសស្រីគ្រប់រូបក្នុងក្រុមសិក្សាសៀវភៅតាមក្រុមជំនុំរបស់អ្នកដែរឬទេ? តាមធម្មតា ក្រុមនេះគឺតូចល្មម ដើម្បីបង្កភាពងាយស្រួលឲ្យស្គាល់ឈ្មោះរបស់អ្នកចូលរួមទាំងអស់ឬក៏ភាគច្រើន។ បើអ្នកមិនស្គាល់ឈ្មោះរបស់ពួកគេផង តើអ្នកអាចនិយាយថាអ្នកស្គាល់ពួកគេច្បាស់យ៉ាងដូចម្ដេចបាន?
៣ ចុះយ៉ាងណាវិញចំពោះការស្គាល់អ្នកឯទៀត រួមទាំងកូនក្មេងដែលចូលរួមប្រជុំនៅសាលប្រជុំ? យើងប្រហែលជាមានភាពទន់ទោរទៅរកការសេពគប់ជាមួយតែមិត្តភក្ដិមួយចំនួនតូចដដែលៗប៉ុណ្ណោះ។ ទោះជាការសេពគប់ជាញឹកញយជាមួយបុគ្គលខ្លះៗគឺមិនខុសក៏ដោយ ប៉ុន្តែយើងមិនគួរសួរសុខទុក្ខឬលើកទឹកចិត្តតែបងប្អូនមួយចំនួនប៉ុណ្ណោះទេ។ យើងគួរ‹បើកចិត្តទូលាយឡើង› ដោយព្យាយាមស្គាល់បងប្អូនប្រុសស្រីទាំងឡាយរបស់យើងឲ្យបានច្បាស់។ (២កូ. ៦:១១-១៣) នេះច្បាស់ជាបានន័យថា យើងត្រូវស្គាល់ឈ្មោះរបស់ពួកគេ។
៤ បងប្អូនដែលដឹកនាំកិច្ចប្រជុំក្រុមជំនុំគួរខំប្រឹងស្គាល់ឈ្មោះរបស់អស់អ្នកដែលចូលរួម។ ការហៅឈ្មោះរបស់អ្នកណាម្នាក់ពីវេទិកាបណ្ដាលឲ្យគាត់មានអារម្មណ៍ថាចម្លើយរបស់គាត់មានតម្លៃ ហើយម្យ៉ាងទៀត ក៏អាចជួយអ្នកឯទៀតស្គាល់ឈ្មោះគាត់ដែរ។ ការពិត តែងតែមានអ្នកថ្មីឬភ្ញៀវមកចូលរួម ហើយនេះធ្វើឲ្យពិបាកស្គាល់ឈ្មោះរបស់គេម្នាក់ៗ។ យ៉ាងណាក៏ដោយ ការព្យាយាមយ៉ាងស្មោះជានិច្ច នឹងជួយលើកទឹកចិត្តអ្នកឯទៀតហើយបង្ហាញថាយើងយកចិត្តទុកដាក់ទៅលើពួកគេផ្ទាល់។—រ៉ូម ១:១១, ១២
៥ ចូរផ្ដើមស្គាល់បងប្អូនយ៉ាងច្បាស់: ធម្មតា អ្នកត្រួតពិនិត្យតាមមណ្ឌលអាចស្គាល់បងប្អូនប្រុសស្រីជាច្រើននាក់យ៉ាងច្បាស់។ តើពួកគាត់ធ្វើយ៉ាងដូចម្ដេច? ពួកគាត់ធ្វើតាមវិធីបីយ៉ាងដ៏សំខាន់: (១) ពួកគាត់ផ្សព្វផ្សាយជារឿយៗជាមួយបងប្អូន (២) ពេលបងប្អូនអញ្ជើញមកផ្ទះ នោះពួកគាត់យល់ព្រមបើកាលៈទេសៈអនុញ្ញាត និង(៣) នៅសាលប្រជុំ ពួកគាត់ផ្ដើមសួរសុខទុក្ខទាំងមនុស្សពេញវ័យនិងកូនក្មេង។
៦ តើអ្នកឃើញវិធីដែលអាចបើកចិត្តឲ្យទូលាយឡើងក្នុងការសេពគប់ និងស្គាល់បងប្អូនរបស់អ្នកច្បាស់ជាងទេ? យើងពិតជាអាចអញ្ជើញអ្នកឯទៀតផ្សព្វផ្សាយជាមួយយើងបាន។ ការផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយ ត្រឡប់ទៅជួប បង្រៀនសិស្សព្រះគម្ពីរ ឬធ្វើបន្ទាល់ចែកចាយទស្សនាវដ្ដីតាមថ្នល់ជាវិធីដ៏ប្រសើរដើម្បីស្គាល់គ្នាឲ្យបានច្បាស់។ ការអញ្ជើញអ្នកឯទៀតឲ្យមកផ្ទះយើង ប្រហែលដើម្បីបរិភោគបន្ដិចបន្តួចឬឲ្យភេសជ្ជៈម្ដងកាលក៏ជាការល្អដែរ។ ការផ្ដើមនិយាយជាមួយអ្នកថ្មីឬអ្នកអៀនប្រៀនមិនគ្រាន់តែលើកទឹកចិត្តពួកគេ តែក៏ទទួលបានលទ្ធផលល្អប្រសើរផងដែរ។—កិច្ច. ២០:៣៥; ១ថែ. ៥:១១
៧ ប៉ុលបានស្គាល់បងប្អូនរបស់គាត់យ៉ាងច្បាស់។ ការដែលគាត់លើកឈ្មោះពួកគេក្នុងសំបុត្រទាំងប៉ុន្មានរបស់គាត់ ជាភស្តុតាងបញ្ជាក់ថា គាត់យកចិត្តទុកដាក់ទៅលើពួកគេដោយមិនគិតប្រយោជន៍ខ្លួន និងមានសេចក្ដីស្រឡាញ់ដ៏ស្មោះចំពោះពួកគេ។ (១ថែ. ២:១៧; ២ធី. ៤:១៩, ២០) បើយើងទាំងអស់គ្នាខំប្រឹងស្គាល់បងប្អូនឲ្យបានច្បាស់ នោះយើងគ្រប់គ្នានឹងទទួលពរ។