តើអ្នកណាដែលមានលក្ខណៈគ្រប់គ្រាន់ដើម្បីផ្សព្វផ្សាយ?
១ ចំពោះកិច្ចបម្រើផ្សាយ តើអ្នកធ្លាប់មានអារម្មណ៍ដូចម៉ូសេទេ? គាត់បានពោលថា៖ «ឱព្រះអម្ចាស់អើយ ទូលបង្គំជាអ្នកមិនសូវមានវោហារទេ គឺតាំងតែពីដើមរៀងមក ហើយឥឡូវនេះដែលទ្រង់បានមានបន្ទូលនឹងទូលបង្គំជាអ្នកបំរើទ្រង់ នោះក៏នៅតែគ្មានដដែល»។ (និក្ខ. ៤:១០) ប្រសិនបើអ្នកមានអារម្មណ៍បែបនេះ អ្នកអាចមានចិត្តស្ទាក់ស្ទើរមិនហ៊ានផ្សព្វផ្សាយទេ។ ក៏ប៉ុន្តែ លោកយេស៊ូ«បានបង្គាប់យើងឲ្យផ្សព្វផ្សាយប្រាប់បណ្ដាជន ថែមទាំងឲ្យធ្វើជាសាក្សីបញ្ជាក់សព្វគ្រប់»។ (សកម្ម. ១០:៤២) ដូច្នេះ តើតាមរបៀបណាដែលយើងអាចក្លាយទៅជាអ្នកផ្សព្វផ្សាយដំណឹងល្អដែលមានលក្ខណៈគ្រប់គ្រាន់?
២ ការរៀនសូត្រចេះច្រើនខាងពិភពលោកនេះមិនធ្វើឲ្យយើងមានលក្ខណៈគ្រប់គ្រាន់ដើម្បីបំពេញកិច្ចបម្រើផ្សាយទេ។ ប៉ុលបាននិយាយថា៖ «ព្រះមិនបានហៅមនុស្សជាច្រើនដែលជាអ្នកប្រាជ្ញតាមទស្សនៈមនុស្ស» ហើយថា៖ «ប្រាជ្ញារបស់ពិភពលោកនេះជាអ្វីដែលផ្ដេសផ្ដាសចំពោះព្រះ»។ (១កូ. ១:២៦; ៣:១៩) លោកយេស៊ូបានជ្រើសរើសសាវ័ករបស់លោកពីចំណោមមនុស្សនៃវណ្ណៈកម្មករ យ៉ាងហោចណាស់បួននាក់ដែលមានមុខរបរជាពួកអ្នកនេសាទ។ ពួកមេដឹកនាំសាសនាដែលមានចិត្តមានះចាត់ទុកពួកសាវ័កជាមនុស្ស«មិនបានរៀនសូត្រ»។ បើគិតតាមទស្សនៈខាងពិភពលោកនេះ ពួកសាវ័កពុំមានលក្ខណៈគ្រប់គ្រាន់ដើម្បីផ្សព្វផ្សាយទេ។ ប៉ុន្តែ សុន្ទរកថាដ៏ល្អរបស់ពេត្រុសនៅបុណ្យថ្ងៃទី៥០ បានជំរុញ៣.០០០នាក់ឲ្យទទួលការជ្រមុជទឹក!—សកម្ម. ២:១៤, ៣៧-៤១; ៤:១៣
៣ ព្រះយេហូវ៉ាធ្វើឲ្យយើងមានលក្ខណៈគ្រប់គ្រាន់ដើម្បីផ្សព្វផ្សាយ : ប៉ុលបានប្រកាសថា៖ «តែព្រះធ្វើឲ្យយើងមានគុណសម្បត្ដិគ្រប់គ្រាន់វិញ»។ (២កូ. ៣:៥) ព្រះយេហូវ៉ាជាប្រភពនៃប្រាជ្ញា បានបង្រៀនមនុស្សច្រើនលាននាក់ឲ្យផ្សព្វផ្សាយសេចក្ដីពិតអំពីរាជាណាចក្រព្រះដល់អ្នកឯទៀត។ (អេសា. ៥៤:១៣) មនុស្ស២៨៩.៦៧៨នាក់បានទទួលការជ្រមុជទឹកឆ្នាំមុន គឺជា«សំបុត្របញ្ជាក់»ដ៏រស់រវើកថាកិច្ចការនេះមានប្រសិទ្ធភាព ហើយមានផលផ្លែ។ (២កូ. ៣:១-៣) មានមូលហេតុឲ្យយើងផ្សព្វផ្សាយដោយចិត្តក្លាហាននិងដោយជឿជាក់អំពីអ្វីៗដែលយើងបានរៀនពីព្រះយេហូវ៉ា។
៤ អង្គការរបស់ព្រះយេហូវ៉ាបានរៀបចំកម្មវិធីអប់រំទូទាំងពិភពលោកសម្រាប់ពួកអ្នកផ្សព្វផ្សាយ។ តាមរយៈបទគម្ពីរនិងសៀវភៅផ្សេងៗដែលមានមូលដ្ឋានលើគម្ពីរ យើងត្រូវបានអប់រំឲ្យក្លាយទៅជា«មានសមត្ថភាពពេញលេញ និងត្រៀមលក្ខណៈសព្វគ្រប់»ដើម្បីផ្សព្វផ្សាយដំណឹងល្អ។ (២ធី. ៣:១៦, ១៧) មនុស្សជាច្រើនបានកោតសរសើរអំពីចំណេះដឹងដែលមាននៅក្នុងសៀវភៅផ្សេងៗរបស់អង្គការយើង។ ជាឧទាហរណ៍ ទស្សនាវដ្ដីមួយនៅប្រទេសស៊ុយអែតចែងថា៖ ‹ជំនឿសាសនាដែលត្រូវបានផ្សព្វផ្សាយដោយសាក្សីព្រះយេហូវ៉ា គឺមានចំណេះដឹងខាងគម្ពីរយ៉ាងជ្រៅជ្រះគួរឲ្យកោតស្ងើច ហើយមានព័ត៌មានដែលមនុស្សគ្រប់សាសន៍ចង់ដឹង›។
៥ ដោយមានការណែនាំដែលបានផ្ដល់នៅឯកិច្ចប្រជុំប្រចាំសប្ដាហ៍ទាំងប្រាំ មានកម្មវិធីសម្រាប់ការអាននិងការសិក្សាគម្ពីរ ឱវាទដែលយើងទទួលពីសាលាកិច្ចបម្រើផ្សាយ ជំនួយពីបងប្អូនឯទៀតដែលមានបទពិសោធន៍ក្នុងកិច្ចផ្សព្វផ្សាយ ហើយសំខាន់បំផុត គឺមានការគាំទ្រពីសកម្មពលបរិសុទ្ធរបស់ព្រះយេហូវ៉ា នោះយើងអាចមានទំនុកចិត្តថា ព្រះយេហូវ៉ាចាត់ទុកយើង ជាអ្នកដែលមានលក្ខណៈពេញលេញដើម្បីផ្សព្វផ្សាយ។ «យើងនិយាយដោយចិត្តស្មោះក្នុងនាមជាអ្នកកាន់តាមគ្រិស្តនៅចំពោះមុខព្រះ និងក្នុងនាមជាអ្នកដែលព្រះបានចាត់ឲ្យទៅ»។—២កូ. ២:១៧
៦ ប្រសិនបើយើងឆ្លៀតយកប្រយោជន៍យ៉ាងពេញលេញពីការអប់រំដែលព្រះផ្ដល់ឲ្យតាមរយៈអង្គការរបស់លោក នោះគ្មានហេតុឲ្យយើងស្ទាក់ស្ទើរឬមានអារម្មណ៍ខ្លាចឡើយ។ យើងអាចផ្សព្វផ្សាយប្រាប់អ្នកដទៃដោយអំណរ ទាំងជឿជាក់ថា ព្រះយេហូវ៉ានឹងឲ្យពរដល់ការខំប្រឹងរបស់យើង។—១កូ. ៣:៦