តើខ្ញុំមានលក្ខណៈគ្រប់គ្រាន់ដើម្បី ផ្សព្វផ្សាយឬទេ?
១. ហេតុអ្វីយើងមិនគួរមានអារម្មណ៍ថាខ្លួនគ្មានលក្ខណៈគ្រប់គ្រាន់ដើម្បីផ្សព្វផ្សាយ?
១ ប្រសិនបើអ្នកធ្លាប់សួរខ្លួនបែបនេះ សូមកុំព្រួយ! មិនមែនដោយសារការរៀនសូត្រឬសមត្ថភាពផ្ទាល់ខ្លួនទេ ដែលធ្វើឲ្យយើងមានលក្ខណៈគ្រប់គ្រាន់ជាអ្នកបម្រើព្រះនោះ។ សិស្សដំបូងខ្លះៗត្រូវបានរៀបរាប់ថាជាអ្នកដែល«មិនបានរៀនសូត្រ»។ យ៉ាងណាក៏ដោយ ពួកគាត់ជាអ្នកផ្សព្វផ្សាយដំណឹងល្អដែលមានប្រសិទ្ធភាព ពីព្រោះពួកគាត់បានតាំងចិត្តធ្វើតាមគំរូរបស់លោកយេស៊ូ។—សកម្ម. ៤:១៣; ១ពេ. ២:២១
២. តើការបង្រៀនរបស់លោកយេស៊ូមានលក្ខណៈយ៉ាងណា?
២ របៀបលោកយេស៊ូបង្រៀន: ការបង្រៀនរបស់លោកយេស៊ូគឺឥតស្មុគស្មាញ មានប្រយោជន៍ ហើយស្រួលយល់។ សំណួរ រឿងប្រៀបប្រដូច និងការនិយាយឥតស្មុគស្មាញរបស់លោក បានទាក់ទាញស្មារតីរបស់ពួកអ្នកស្ដាប់។ (ម៉ាថ. ៦:២៦) លោកបានបង្ហាញចំណាប់អារម្មណ៍ដ៏ស្មោះចំពោះមនុស្ស។ (ម៉ាថ. ១៤:១៤) បន្ថែមទៀត លោកយេស៊ូបានមានប្រសាសន៍ដោយទំនុកចិត្តនិងមានអំណាច ដោយដឹងថា ព្រះយេហូវ៉ាបានចាត់លោកឲ្យមក និងឲ្យអំណាចលោកដើម្បីសម្រេចកិច្ចការផ្សព្វផ្សាយ។—លូក. ៤:១៨
៣. តើព្រះយេហូវ៉ាជួយយើងឲ្យបំពេញកិច្ចបម្រើផ្សាយយ៉ាងដូចម្ដេច?
៣ ព្រះយេហូវ៉ាជួយយើង: តាមរយៈបណ្ដាំនិងអង្គការរបស់លោក នោះគ្រូដ៏ឧត្តមបំផុតរបស់យើងផ្ដល់ការអប់រំដែលយើងត្រូវការ ដើម្បីផ្សព្វផ្សាយដំណឹងល្អដោយប្រសិទ្ធភាព។ (អេ. ៥៤:១៣) ពីព្រោះព្រះយេហូវ៉ាបានកត់ទុកវិធីដែលលោកយេស៊ូបានបង្រៀន យើងអាចពិនិត្យមើលនិងយកតម្រាប់តាមវិធីរបស់លោក។ ព្រះយេហូវ៉ាឲ្យយើងនូវសកម្មពលបរិសុទ្ធរបស់លោក និងបង្ហាត់បង្រៀនយើងតាមរយៈប្រជុំផ្សេងៗក្នុងក្រុមជំនុំ។ (យ៉ូន. ១៤:២៦) មិនតែប៉ុណ្ណោះ ព្រះយេហូវ៉ាក៏ផ្ដល់ឲ្យយើងនូវបងប្អូនអ្នកផ្សាយដែលមានបទពិសោធន៍ ដើម្បីជួយយើងឲ្យមានប្រសិទ្ធភាពក្នុងកិច្ចការនេះផងដែរ។
៤. ហេតុអ្វីយើងមានហេតុឲ្យមានអារម្មណ៍ថា យើងមានលក្ខណៈគ្រប់គ្រាន់ដើម្បីផ្សព្វផ្សាយដំណឹងល្អដល់អ្នកដទៃ?
៤ យើងមានគ្រប់ហេតុឲ្យមានអារម្មណ៍ថាខ្លួនមានលក្ខណៈគ្រប់គ្រាន់ដើម្បីផ្សព្វផ្សាយ ពីព្រោះ«ព្រះធ្វើឲ្យយើងមានគុណសម្បត្ដិគ្រប់គ្រាន់វិញ»។ (២កូ. ៣:៥) កាលដែលយើងទុកចិត្តលើព្រះយេហូវ៉ានិងឆ្លៀតយកប្រយោជន៍ពីវិធានការរបស់ព្រះ នោះយើងនឹង«មានសមត្ថភាពពេញលេញ និងត្រៀមលក្ខណៈសព្វគ្រប់ដើម្បីធ្វើការល្អគ្រប់យ៉ាង»។—២ធី. ៣:១៧