ចូរ«ដើរតាមលំអានដាន»របស់លោក
១ លោកយេស៊ូមិនបានទទួលការអប់រំខ្ពស់ ដូចជានៅឯសាលានៃពួករ៉ាប៊ីទេ តែលោកជាអ្នកផ្សាយដ៏ល្អបំផុតក្នុងប្រវត្ដិសាស្ត្រមនុស្ស។ គួរឲ្យសប្បាយចិត្តមែន ដែលកិច្ចបម្រើផ្សាយរបស់លោកយេស៊ូ បានកត់ទុកជាលាយលក្ខណ៍អក្សរដើម្បីប្រយោជន៍យើង។ យើងត្រូវតែ«ដើរតាមលំអានដាន»របស់លោកយេស៊ូ ដើម្បីឲ្យយើងក្លាយទៅជាអ្នកផ្សាយដែលមានប្រសិទ្ធភាព។—១ពេ. ២:២១
២ បង្ហាញសេចក្ដីស្រឡាញ់ចំពោះមនុស្ស : ការយកចិត្តទុកដាក់ដោយក្ដីស្រឡាញ់ចំពោះមនុស្សជាអ្វីដែលបានជំរុញចិត្តលោកយេស៊ូ។ (ម៉ាក. ៦:៣០-៣៤) មនុស្សជាច្រើននៅតំបន់ផ្សាយរបស់យើងកំពុងតែ«ឈឺចាប់»។ ពួកគេពិតជាត្រូវការសេចក្ដីពិតមែន! (រ៉ូម ៨:២២) ដោយជញ្ជឹងគិតអំពីស្ថានភាពដ៏លំបាករបស់ពួកគេ ហើយទឹកចិត្តរបស់ព្រះយេហូវ៉ាក្នុងការចង់ជួយពួកគេនោះ នេះនឹងជំរុញយើងឲ្យព្យាយាមផ្សព្វផ្សាយតទៅទៀត។ (២ពេ. ៣:៩) ម្យ៉ាងទៀត មនុស្សនឹងចាប់អារម្មណ៍រឹតតែច្រើន ពេលកត់សម្គាល់ថាយើងយកចិត្តទុកដាក់យ៉ាងស្មោះចំពោះពួកគេ។
៣ ផ្សាយនៅគ្រប់ឱកាស : លោកយេស៊ូបានឆ្លៀតគ្រប់ឱកាសដើម្បីផ្សាយដំណឹងល្អ។ (ម៉ាថ. ៤:២៣; ៩:៩; យ៉ូន. ៤:៧-១០) ស្រដៀងគ្នាដែរ ពេលដែលយើងបំពេញកិច្ចការប្រចាំថ្ងៃរបស់យើង គប្បីឲ្យយើងប្រុងប្រៀបខ្លួនជាមុន ដើម្បីឆ្លៀតឱកាសប្រាប់អ្នកឯទៀតអំពីសេចក្ដីពិត។ បងប្អូនខ្លះទុកគម្ពីរនិងសៀវភៅផ្សេងទៀតក្បែរខ្លួន នៅកន្លែងធ្វើការ សាលារៀន ពេលធ្វើដំណើរ និងពេលទៅផ្សារជាដើម ដើម្បីអាចផ្សាយដល់អ្នកឯទៀត។
៤ ចូរផ្សាយអំពីរាជាណាចក្រព្រះ : ដំណឹងល្អពីរាជាណាចក្រព្រះ គឺជាសាច់រឿងនៃកិច្ចផ្សព្វផ្សាយរបស់លោកយេស៊ូ។ (លូ. ៤:៤៣) ទោះបីពាក្យផ្សាយរបស់យើងមិនលើកបញ្ជាក់យ៉ាងចំៗពីរាជាណាចក្រព្រះក៏ដោយ យើងនៅតែចង់ជួយម្ចាស់ផ្ទះឲ្យយល់ថា មនុស្សយើងពិតជាត្រូវការរាជាណាចក្រព្រះមែន។ សូម្បីតែពេលយើងនិយាយអំពីស្ថានភាពដ៏អាក្រក់ក្នុងពិភពលោកដែលបញ្ជាក់ថាយើងកំពុងតែរស់នៅជាន់ក្រោយបង្អស់ក៏ដោយ តែការ«ថ្លែងប្រាប់ពីសេចក្ដីដែលបណ្ដាលឲ្យរីករាយចិត្ត» គួរជាសារដែលសំខាន់ចម្បង។—រ៉ូម ១០:១៥
៥ ពឹងពាក់ទៅលើបណ្ដាំរបស់ព្រះ : លោកយេស៊ូតែងតែពឹងទៅលើបទគម្ពីរក្នុងកិច្ចបម្រើផ្សាយរបស់លោក។ លោកមិនបានបង្រៀនអ្វីដោយអាងលើខ្លួនឯងឡើយ។ (យ៉ូន. ៧:១៦, ១៨) លោកបានអានបណ្ដាំរបស់ព្រះហើយបានអនុវត្តតាមផង ដើម្បីការពារខ្លួនពីការល្បងលរបស់សាតាំង។ (ម៉ាថ. ៤:១-៤) យើងក៏ត្រូវអានគម្ពីរប្រចាំថ្ងៃហើយអនុវត្តតាមដែរ ទើបយើងអាចបង្រៀនអ្នកឯទៀតដោយប្រសិទ្ធភាព។ (រ៉ូម ២:២១) ពេលឆ្លើយសំណួរក្នុងកិច្ចបម្រើផ្សាយ គប្បីឲ្យយើងពន្យល់នូវរបៀបដែលបទគម្ពីរគាំទ្រអ្វីដែលយើងបានលើកនោះ ហើយបើអាចធ្វើទៅបាន អានពីគម្ពីរតែម្ដង។ យើងចង់ឲ្យម្ចាស់ផ្ទះយល់ឃើញថា យើងផ្សាយអំពីគំនិតព្រះ មិនមែនគំនិតផ្ទាល់ខ្លួនឡើយ។
៦ ចូរបង្រៀនឲ្យមានអានុភាពលើចិត្ត : ក្រោយពីពួកសង្គ្រាជនិងផារិស៊ីបានសួរទាហានពីមូលហេតុដែលពួកគេមិនបានចាប់ខ្លួនលោកយេស៊ូ នោះពួកគេឆ្លើយថា៖ «មិនដែលមានអ្នកណានិយាយដូចអ្នកនោះទេ»។ (យ៉ូន. ៧:៤៦) លោកយេស៊ូមិនគ្រាន់តែនិយាយពីចំណុចផ្សេងៗប៉ុណ្ណោះទេ តែលោកបានបង្រៀនតាមវិធីដែលមានអានុភាពលើចិត្តអ្នកស្ដាប់។ (លូ. ២៤:៣២) លោកបានប្រើឧទាហរណ៍និទស្សន៍អំពីជីវិតប្រចាំថ្ងៃ ដើម្បីជួយពួកគេឲ្យយល់សាររបស់លោក។ (ម៉ាថ. ១៣:៣៤) លោកមិនបានប្រាប់ព័ត៌មានច្រើនពេកទេ។ (យ៉ូន. ១៦:១២) លោកបាននាំឲ្យអ្នកស្ដាប់សរសើរព្រះយេហូវ៉ាជាជាងលោក។ ដូចលោកយេស៊ូ យើងអាចក្លាយទៅជាអ្នកបង្រៀនល្អ ឲ្យតែយើង‹ប្រុងប្រយ័តនឹងសេចក្ដីបង្រៀន›របស់យើងជានិច្ច។—១ធី. ៤:១៦
៧ ចូរតស៊ូទោះជាមនុស្សមិនចាប់អារម្មណ៍ឬប្រឆាំងយើង : ទោះបីលោកយេស៊ូបានធ្វើការដ៏អស្ចារ្យជាច្រើនក្ដី នៅតែមានមនុស្សជាច្រើនដែលមិនស្ដាប់លោក។ (លូ. ១០:១៣) សូម្បីតែសមាជិកគ្រួសារខ្លួនឯងក៏ស្មានថា លោក«វង្វេងស្មារតី»ដែរ។ (ម៉ាក. ៣:២១) យ៉ាងណាក៏ដោយ លោកយេស៊ូនៅតែបានតស៊ូ។ លោករក្សាឲ្យមានទស្សនៈល្អត្រឹមត្រូវដោយសារលោកជឿជាក់ថា លោកមានសេចក្ដីពិតដែលអាចប្រោសមនុស្សឲ្យបានរួច។ (យ៉ូន. ៨:៣២) ដោយសារមានជំនួយពីព្រះយេហូវ៉ា យើងក៏ប្ដេជ្ញាចិត្តមិនចុះចាញ់ឬណាយចិត្តឡើយ។—២កូ. ៤:១
៨ ចូរធ្វើការលះបង់ដើម្បីរួមចំណែកឲ្យបានពេញលេញ : លោកយេស៊ូបានលះបង់ការរស់នៅយ៉ាងស្រណុកសុខស្រួលដើម្បីផ្សាយដំណឹងល្អ។ (ម៉ាថ. ៨:២០) លោកបានផ្សព្វផ្សាយយ៉ាងនឿយហត់ ជួនកាលរហូតដល់យប់ក៏មាន។ (ម៉ាក. ៦:៣៥, ៣៦) លោកដឹងថា នៅសល់ពេលបន្ដិចបន្តួចទេ សម្រាប់បង្ហើយការងារខ្លួន។ ដោយសារ«ពេលវេលាចង្អៀតណាស់» នោះយើងក៏ត្រូវការលះបង់ប្រយោជន៍ផ្ទាល់ខ្លួនដែលរួមទាំងពេលវេលា កម្លាំង និងធនធាន ក្នុងការយកតម្រាប់តាមលោកយេស៊ូ។—១កូ. ៧:២៩-៣១
៩ ពួកគ្រិស្តសាសនិកនៅសតវត្សរ៍ទី១មានប្រសិទ្ធភាពជាអ្នកផ្សាយ ពីព្រោះពួកគេបានរៀនពីលោកយេស៊ូ។ (កិច្ច. ៤:១៣) យើងក៏អាចបំពេញកិច្ចបម្រើផ្សាយយើងយ៉ាងពេញលេញដែរ បើយើងយកតម្រាប់តាមអ្នកផ្សាយដ៏ល្អបំផុតក្នុងប្រវត្ដិសាស្ត្រមនុស្ស។—២ធី. ៤:៥
[សំណួរសម្រាប់អត្ថបទសិក្សា]
១. តើយើងអាចក្លាយទៅជាអ្នកផ្សាយដែលមានប្រសិទ្ធភាពយ៉ាងដូចម្ដេច?
២. តើអ្វីនឹងជួយយើងឲ្យធ្វើតាមគំរូរបស់គ្រិស្តក្នុងការបង្ហាញក្ដីស្រឡាញ់ចំពោះមនុស្ស?
៣. តើលោកយេស៊ូឆ្លៀតឱកាសផ្សាយនៅពេលណាខ្លះ?
៤. តើយើងអាចធ្វើយ៉ាងណាដើម្បីឲ្យសារពីរាជាណាចក្រព្រះទៅជាសាច់រឿងនៃកិច្ចផ្សព្វផ្សាយរបស់យើង?
៥. ដើម្បីឲ្យយើងមានប្រសិទ្ធភាពក្នុងកិច្ចបម្រើផ្សាយ តើការប្រើគម្ពីរសំខាន់ប៉ុណ្ណា?
៦. តើលោកយេស៊ូបានធ្វើយ៉ាងណាដើម្បីឲ្យមានអានុភាពទៅលើចិត្តអ្នកស្ដាប់?
៧. ហេតុអ្វីបានជាលោកយេស៊ូតស៊ូក្នុងកិច្ចបម្រើផ្សាយ?
៨, ៩. តើយើងអាចយកតម្រាប់តាមលោកយេស៊ូក្នុងការលះបង់ប្រយោជន៍ខ្លួនដើម្បីផ្សាយដំណឹងល្អ យ៉ាងដូចម្ដេច?