របៀបប្រើគ្រប់ឱកាសឲ្យកើតប្រយោជន៍ច្រើនបំផុត
១ ការមានកិច្ចការដ៏ច្រើនក្នុងកិច្ចបម្រើព្រះយេហូវ៉ា នោះនាំឲ្យយើងជាប់រវល់មែន! (១កូ. ១៥:៥៨) យើងទទួលស្គាល់ថា យើងត្រូវសិក្សាផ្ទាល់ខ្លួន និងជាក្រុមគ្រួសារ អានគម្ពីររាល់ថ្ងៃ រៀបចំកិច្ចប្រជុំហើយចូលរួមកិច្ចប្រជុំនៃក្រុមជំនុំ និងចូលរួមឲ្យបានទៀងទាត់ក្នុងកិច្ចបម្រើផ្សាយ។ ពួកអ្នកត្រួតពិនិត្យមានភារកិច្ចទៅពង្រឹងកម្លាំងចិត្តបងប្អូន និងបំពេញភារកិច្ចផ្សេងទៀតក្នុងក្រុមជំនុំ។ បងប្អូនខ្លះក៏មានភារកិច្ចធ្ងន់ធ្ងរក្នុងក្រុមគ្រួសារដែរ។ ដើម្បីធ្វើអ្វីៗទាំងអស់ឲ្យបានល្អត្រឹមត្រូវ ម្នាក់ៗចាំបាច់មានតុល្យភាព និងមានកាលវិភាគផ្ទាល់ខ្លួនឲ្យបានល្អ។
២ សម្រេចថាអ្វីដែលសំខាន់បំផុត: ការដែលយើង«ប្រើគ្រប់ឱកាសឲ្យកើតប្រយោជន៍ច្រើនបំផុត» អាស្រ័យទៅលើការចេះវិនិច្ឆ័យឲ្យបានល្អ។ (អេភ. ៥:១៥, ១៦) យើងត្រូវចេះចាត់ទុក«ការអ្វីដែលសំខាន់ជាង»ហើយសរសេរទុកជាអាទិភាព។ (ភី. ១:១០) ក្រុមគ្រួសារមួយដែលគោរពប្រណិប័តន៍ព្រះយេហូវ៉ាបានរៀបរាប់ថា៖ «ជីវិតយើងបំពេញទៅដោយសេចក្ដីពិត . . . សេចក្ដីពិតមិនគ្រាន់តែជាផ្នែកនៃជីវិតរបស់យើងទេ តែគឺជាជីវិតរបស់យើងតែម្ដង។ អ្វីផ្សេងទៀតយើងចាត់ទុកជាបន្ទាប់បន្សំ»។ ការចាត់ទុកការគោរពប្រណិប័តន៍ព្រះយេហូវ៉ា និងកិច្ចបម្រើលោកជាអ្វីទី១ក្នុងជីវិតរបស់យើងម្នាក់ៗ នោះគឺសំខាន់ចាំបាច់។
៣ សម្គាល់អ្វីដែលបង្ខាតពេល: ក្នុងមួយសប្ដាហ៍មាន១៦៨ម៉ោង យើងត្រូវចេះប្រើពេលវេលាដែលយើងមានឲ្យបានល្អ។ ដើម្បីមានពេលគ្រប់គ្រាន់ធ្វើកិច្ចការក្នុងការគោរពប្រណិប័តន៍ព្រះ យើងត្រូវចេះសម្គាល់និងចេះកាត់បន្ថយសកម្មភាពណាដែលបង្ខាតពេល។ បងប្អូនខ្លះដឹងថាខ្លួនចំណាយពេលច្រើនហួសប្រមាណក្នុងការសេពគប់គ្នា មើលទូរទស្សន៍ កម្សាន្តលំហែកាយ និងប្រើកុំព្យូទ័រ។ យើងគួរពិនិត្យមើលកិច្ចការប្រចាំថ្ងៃរបស់យើងឲ្យបានដិតដល់ ដើម្បីចេះប្រើពេលឲ្យបានល្អជាង។ ការចេះសម្គាល់ តម្រូវឲ្យយើងចេះកំណត់ពេលទៅលើសកម្មភាពណាដែលមិនសំខាន់ចាំបាច់។
៤ បណ្ដុះឲ្យមានទម្លាប់ល្អ: ទោះជាយើងមានកាលៈទេសៈបែបណាក៏ដោយ យើងម្នាក់ៗអាចប្រើគ្រប់ឱកាសដើម្បីធ្វើកិច្ចការដែលទាក់ទងនឹងកិច្ចបម្រើព្រះ។ បងប្អូនខ្លះយល់ឃើញថា រាល់ថ្ងៃបើពួកគាត់ចាប់ផ្ដើមបំពេញកិច្ចការពីព្រលឹមបន្ដិច នោះពួកគាត់អាចធ្វើកិច្ចការបានច្រើនជាង។ បើយើងចំណាយពេលច្រើនពេកក្នុងការធ្វើដំណើរ ឬរង់ចាំអ្នកឯទៀត យើងអាចយកពេលនោះដើម្បីអានគម្ពីរ រៀបចំកិច្ចប្រជុំ ឬស្ដាប់សំឡេងអានដែលថតពីសៀវភៅរបស់អង្គការយើង។ បើយើងចេះកំណត់ពេលវេលាឲ្យបានទៀងទាត់ដើម្បីគោរពប្រណិប័តន៍ព្រះជាក្រុមគ្រួសារ នោះក្រុមគ្រួសារនឹងទទួលប្រយោជន៍។ បើសមាជិកក្រុមគ្រួសារម្នាក់ៗមកទាន់ពេល នោះធ្វើឲ្យពួកគាត់ចំណេញពេលខ្លះ។
៥ ជារៀងរាល់ថ្ងៃ យើងគួរទទួលស្គាល់ថា«នៅសល់ពេលវេលាតែបន្ដិចទេ»។ (១កូ. ៧:២៩) ជីវិតរបស់យើងអាស្រ័យទៅលើការចេះប្រើពេលវេលាដ៏មានតម្លៃដែលនៅសល់នោះ។ បើយើងប្រើគ្រប់ឱកាសឲ្យកើតប្រយោជន៍ច្រើនបំផុត នោះយើងនឹងទទួលពរ ហើយយើងក៏អាចចាត់ទុកអ្វីៗដែលទាក់ទងនឹងរាជាណាចក្ររបស់ព្រះជាអ្វីដែលសំខាន់បំផុតក្នុងជីវិត!—ម៉ាថ. ៦:៣៣