ចូរប្រើប្រាស់ពេលវេលារបស់អ្នកដោយប្រាជ្ញា
១ ដោយសារយើងមានចិត្តចង់ផ្គាប់ព្រះហឫទ័យព្រះយេហូវ៉ា នោះជំរុញយើងឲ្យផ្ដោតចិត្តប្រមូលអារម្មណ៍លើសកម្មភាពផ្សេងៗខាងវិញ្ញាណ។ ព្រះបន្ទូលទ្រង់ណែនាំយើងឲ្យ‹ស្វែងរកនគរព្រះជាមុនសិន›និង«ពិចារណាមើលថា ការអ្វីប្រសើរជាងគេ»។ (ម៉ាថ. ៦:៣៣; ភីល.[ភី.] ១:១០, ខ.ស.) តើយើងអាចលៃយកឱកាសឲ្យទាន់ពេលវេលាដើម្បីបំពេញកិច្ចការព្រះរាជាណាចក្រនិងទុកកិច្ចការផ្សេងៗឯទៀតជារឿងបន្ទាប់បន្សំបានយ៉ាងដូចម្ដេច?—អេភ. ៥:១៥-១៧
២ ចូរទុកកិច្ចការខាងព្រះរាជាណាចក្រជាអាទិភាព: ចូររៀបចំកាលវិភាគមួយដើម្បីកុំឲ្យខាតពេលទៅលើអ្វីៗដែលមិនចាំបាច់។ ជារៀងរាល់ដើមខែបងប្អូនខ្លះគ្រោងទុកនៅលើប្រតិទិនរបស់ពួកគាត់នូវពេលវេលាដ៏ជាក់លាក់សំរាប់កិច្ចបំរើផ្សាយ។ ដូច្នោះពួកគាត់ប្រុងប្រយ័ត្នដោយមិនអនុញ្ញាតឲ្យអ្វីផ្សេងទៀតមកជ្រៀតជ្រែកគម្រោងការទាំងនោះឡើយ។ យើងក៏អាចធ្វើដូចគ្នាដែរក្នុងការលៃយកឱកាសសំរាប់កិច្ចប្រជុំ ការសិក្សាផ្ទាល់ខ្លួន និងសន្និបាតនានា។ បងប្អូនជាច្រើនមានកាលវិភាគប្រចាំថ្ងៃដែលចាប់ផ្ដើមឬបញ្ចប់ដោយការអានព្រះគម្ពីរ។ ចូរកំណត់ពេលវេលាឲ្យបានជាក់លាក់សំរាប់កិច្ចការសំខាន់នីមួយៗ។ ហើយកុំអនុញ្ញាតឲ្យរឿងដែលមិនចាំបាច់មកជ្រៀតជ្រែកពេលវេលានោះបានឡើយ។—សាស. ៣:១; ១កូ. ១៤:៤០
៣ កុំប្រើប្រាស់លោកីយ៍នេះហួសប្រមាណ: នៅប្រទេសខ្លះមានភាពងាយស្រួលក្នុងការស្វែងរកការកំសាន្តផ្សេងៗ។ មនុស្សជាច្រើនចំណាយពេលច្រើនហួសប្រមាណទៅលើការមើលទូរទស្សន៍ឬលេងកុំព្យូទ័រ។ ក៏ប៉ុន្តែ ការជក់ចិត្តនឹងការកំសាន្តហើយនិងផលិតផលទំនើបៗនៃលោកីយ៍នេះ នឹងនាំឲ្យមានការខកចិត្តជាមិនខាន។ (១យ៉ូន. ២:១៥-១៧) ដូច្នេះហើយ ព្រះគម្ពីរដាស់តឿនយើងកុំឲ្យប្រើប្រាស់លោកីយ៍នេះហួសខ្នាតឡើយ។ (១កូ. ៧:៣១) ដោយធ្វើតាមឱវាទដ៏ប្រកបដោយប្រាជ្ញានោះ អ្នកអាចបង្ហាញព្រះយេហូវ៉ាថាអ្នកចាត់ទុកការថ្វាយបង្គំទ្រង់ជាអាទិភាពក្នុងជីវិតរបស់អ្នក។—ម៉ាថ. ៦:១៩-២១
៤ របបលោកីយ៍នេះកំពុងតែមកជិតដល់ទីបញ្ចប់ហើយ។ អស់អ្នកដែលចាត់ទុកកិច្ចការខាងព្រះរាជាណាចក្រជាអាទិភាពក្នុងជីវិតនឹងមានសុភមង្គលហើយធ្វើឲ្យព្រះទ្រង់សព្វព្រះហឫទ័យផងដែរ។ (សុ. ៨:៣២-៣៥; យ៉ា. ១:២៥) ពេលវេលាជាធនធានដ៏មានតម្លៃ។ ដូច្នេះចូរឲ្យយើងប្រើប្រាស់ធនធាននេះប្រកបដោយប្រាជ្ញាចុះ!