ចូររក្សានាទីរបស់ការកំសាន្តឲ្យបានត្រឹមត្រូវ
១ ក្នុងសម័យដ៏ពិបាកនេះ យើងទាំងអស់គ្នាត្រូវឈប់សំរាកម្ដងម្កាល។ គឺជាត្រឹមត្រូវដែលយើងមានការកំសាន្តខ្លះដែរ។ ក៏ប៉ុន្តែ ការចំណាយពេលច្រើនពេកទៅលើការសំរាក ការកំសាន្ត និងការទៅលេងពួកម៉ាក អាចនាំឲ្យមនុស្សម្នាក់ចំណាយពេលកាន់តែតិចទៅៗទៅលើអ្វីៗខាងវិញ្ញាណ។ យើងត្រូវរក្សានាទីរបស់ការកំសាន្តឲ្យបានត្រឹមត្រូវ។ (ម៉ាថាយ ៥:៣) តើយើងអាចធ្វើអ៊ីចឹងយ៉ាងដូចម្ដេច? គឺដោយធ្វើតាមឱវាទនៅអេភេសូរ ៥:១៥-១៧
២ ដាក់កំរិត: ប៉ុលបានសរសេរថា គ្រីស្ទានត្រូវ«ប្រយ័តដោយមធ្យ័ត»នឹងរបៀបដែលគេប្រើជីវិតខ្លួន។ តុល្យភាពនិងសមត្ថភាពទប់ចិត្តគឺជាចាំបាច់ដើម្បីដាក់កំរិតទៅលើពេលដែលយើងចំណាយទៅលើការកំសាន្តសំរាក ដើម្បីកុំឲ្យលើសពីអ្វីដែលគឺជាការចាំបាច់នោះ។ គឺជាការល្អបើសិនជាយើងគិតឲ្យបានជ្រៅជ្រះ អំពីរបៀបយើងប្រើពេលទំនេររបស់យើង។ ការកំសាន្តត្រូវមានប្រយោជន៍ដល់យើង ជាជាងនាំឲ្យយើងគិតថាយើងបានខាតពេលឬក៏ធ្វើឲ្យយើងអស់កម្លាំងពេក។ បើសិនជាក្រោយយើងបានចូលរួមការកំសាន្តណាមួយ យើងមានអារម្មណ៍ថា ការកំសាន្តនោះគ្មានន័យ មិននាំឲ្យយើងពេញចិត្ត និងថែមទាំងនាំឲ្យយើងបន្ទោសខ្លួនបន្ដិចបន្តួចដែរ នេះបញ្ជាក់ថា យើងត្រូវកែប្រែរបៀបដែលយើងចំណាយពេលរបស់ខ្លួន។
៣ ចូរគិតឲ្យបានសមហេតុសមផល: ប៉ុលបានជូនឱវាទអំពីការ«លៃយកឱកាសឲ្យទាន់ពេល» សំរាប់អ្វីដ៏សំខាន់ជាងក្នុងជីវិត មិនមែនទៅជា‹ឥតសមហេតុសមផល›នោះទេ។ គ្រីស្ទានដែលបានថ្វាយខ្លួនចំពោះព្រះហើយ មិនអាចដាក់អាទិភាពទៅលើការកំសាន្តក្នុងជីវិតគេទេ។ ទោះជាការកំសាន្តនិងការសំរាកអាចនាំឲ្យយើងមានកម្លាំងកាយឡើងវិញក៏ដោយ ប្រភពនៃកម្លាំងខាងវិញ្ញាណគឺជាព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះ។ (អេសាយ ៤០:២៩-៣១) យើងទទួលព្រះវិញ្ញាណរបស់ព្រះតាមរយៈកិច្ចការព្រះធិបតេយ្យ ដូចជាការសិក្សាព្រះគម្ពីរ ការទៅកិច្ចប្រជុំ និងការផ្សព្វផ្សាយ មិនមែនតាមរយៈការកំសាន្តទេ។
៤ ដាក់អាទិភាព: ប៉ុលបានណែនាំគ្រីស្ទានឲ្យ«ខំឲ្យយល់បំណងព្រះហឫទ័យព្រះអម្ចាស់វិញ»។ ព្រះយេស៊ូបានបង្រៀនថា កិច្ចការរបស់យើងត្រូវដាក់អាទិភាពទៅលើព្រះរាជាណាចក្ររបស់ព្រះក្នុងជីវិតរបស់យើង។ (ម៉ាថាយ ៦:៣៣) គឺសំខាន់ដែលមុនបង្អស់យើងធ្វើអ្វីដែលនឹងជួយយើងបំពេញតាមការថ្វាយខ្លួនចំពោះព្រះយេហូវ៉ា។ បន្ទាប់មក ការកំសាន្តអាចមាននាទីឲ្យបានត្រឹមត្រូវវិញ។ បើសិនជាអ៊ីចឹង ការកំសាន្តនឹងមានអានុភាពល្អមកលើយើង ហើយយើងក៏នឹងពេញចិត្តនឹងការកំសាន្តនោះជាងទៀតផង។—សាស្ដា ៥:១២