តើអ្នកចាត់ទុកអ្វីជាអាទិភាពក្នុងជីវិត?
១ តើអ្នកនឹងឆ្លើយសំណួរនោះយ៉ាងដូចម្ដេច? ពិតមែន យើងទាំងអស់គ្នាមានបំណងស្វែងរកព្រះរាជាណាចក្ររបស់ព្រះជាមុនសិន។ (ម៉ាថ. ៦:៣៣) ក៏ប៉ុន្តែ យើងគួរសួរខ្លួនឯងថា ‹តើការជ្រើសរើសរបស់ខ្ញុំបង្ហាញថាខ្ញុំបានចាត់ទុកផលប្រយោជន៍ព្រះរាជាណាចក្រព្រះសំខាន់បំផុតទេ?›។ ព្រះគម្ពីរលើកទឹកចិត្តយើងថា៖ «ចូរល្បងខ្លួនមើលចុះ!»។ (២កូ. ១៣:៥) តើតាមរបៀបណាដែលយើងអាចល្បងលខ្លួនមើល ដើម្បីឲ្យដឹងថាយើងកំពុងតែចាត់ទុកព្រះរាជាណាចក្រព្រះជាអាទិភាពនោះ?
២ ពេលវេលារបស់យើង: យើងអាចចាប់ផ្ដើមពិនិត្យពិចារណាថាតើយើងចំណាយពេលដើម្បីធ្វើអ្វីខ្លះ? (អេភ. ៥:១៥, ១៦) តើយើងចំណាយពេលប៉ុន្មានទៅលើការជួបជុំសំណេះសំណាលគ្នា មើលទូរទស្សន៍ ប្រើប្រព័ន្ធអ៊ីនធឺណិត ឬចំណាយពេលធ្វើអ្វីមួយដើម្បីកម្សាន្តចិត្ត? បើយើងកត់ទុកចំនួនម៉ោងដែលយើងបានចំណាយទៅលើរឿងទាំងនោះ និងប្រៀបធៀបទៅនឹងពេលដែលយើងបានចំណាយទៅលើសកម្មភាពផ្សេងៗក្នុងការថ្វាយបង្គំព្រះ យើងប្រហែលជាភ្ញាក់ផ្អើលជាមិនខាន។ តើយើងធ្វើការថែមម៉ោងហើយធ្វេសប្រហែសទៅលើកិច្ចបម្រើបរិសុទ្ធ ព្រោះតែមានគោលដៅចង់បានជីវិតស្រួលប្រាសចាកក្ដីលំបាកទេ? តើញឹកញាប់ប៉ុណ្ណាដែលយើងខកខានទៅកិច្ចប្រជុំ ឬផ្សព្វផ្សាយ ដើម្បីទៅធ្វើដំណើរកម្សាន្តនៅថ្ងៃសៅរ៍និងថ្ងៃអាទិត្យ?
៣ កំណត់អ្វីដែលគួរមានអាទិភាព: យើងភាគច្រើនមិនមានពេលគ្រប់គ្រាន់ដើម្បីធ្វើអ្វីៗទាំងអស់ដែលយើងចង់ធ្វើទេ។ ដូច្នេះដើម្បីចាត់ទុកប្រយោជន៍ព្រះរាជាណាចក្រព្រះជាមុនសិន យើងត្រូវចេះប្រមាណថាអ្វីដែលគួរមានអាទិភាព រួចហើយធ្វើកាលវិភាគ«អស់ទាំងសេចក្ដីដែលប្រសើរ[«ជាង»]»។ (ភី. ១:១០; ខ.ស.) ទាំងនេះរួមបញ្ចូលការសិក្សាព្រះបន្ទូលរបស់ព្រះ ចូលរួមកិច្ចបម្រើផ្សាយ ចិញ្ចឹមបីបាច់ក្រុមគ្រួសារ និងចូលរួមកិច្ចប្រជុំគ្រិស្តសាសនិក។ (ទំនុក. ១:១, ២; រ៉ូម ១០:១៣, ១៤; ១ធី. ៥:៨; ហេ. ១០:២៤, ២៥) សកម្មភាពផ្សេងៗទៀត ដូចជាការបង្ហាត់ខ្លួនប្រាណដោយចេះប្រមាណ និងការកម្សាន្តសប្បាយដែលល្អ សុទ្ធតែជាសកម្មភាពដែលនាំឲ្យទទួលប្រយោជន៍។ (ម៉ាក. ៦:៣១; ១ធី. ៤:៨) ក៏ប៉ុន្តែ កិច្ចការទាំងនោះមិនត្រូវប៉ះពាល់ដល់អ្វីដែលសំខាន់ជាងទេ។
៤ ប្អូនប្រុសម្នាក់ស្វែងរកប្រយោជន៍ព្រះរាជាណាចក្រព្រះជាមុនសិន ដោយចាប់ផ្ដើមចូលរួមកិច្ចបម្រើពេញពេល ជាជាងចំណាយពេលទៅលើការអប់រំជាន់ខ្ពស់ដើម្បីអាជីពរបស់ខ្លួន។ គាត់បានរៀនភាសាមួយទៀតហើយរើទៅនៅកន្លែងដែលមានសេចក្ដីត្រូវការច្រើនជាង។ គាត់បាននិយាយថា៖ «ទីនេះ ជាកន្លែងដែលធ្វើឲ្យខ្ញុំសប្បាយចិត្តបំផុតក្នុងជីវិត។ កិច្ចបម្រើផ្សាយពិតជាទីពេញចិត្តខ្ញុំណាស់! ខ្ញុំគ្រាន់តែចង់ឲ្យយុវវ័យគ្រប់រូបធ្វើបែបនេះ នោះនឹងបានពិសោធន៍នូវអារម្មណ៍ដូចដែលខ្ញុំមានដែរ។ គ្មានអ្វីដែលប្រសើរជាងការបម្រើព្រះយេហូវ៉ាឲ្យអស់ពីអ្វីដែលយើងមានទេ»។ ប្រាកដមែន ការចាត់ទុកព្រះរាជាណាចក្រព្រះសំខាន់ជាមុននាំមកនូវរង្វាន់ ក៏ប៉ុន្តែសំខាន់ជាងនេះទៅទៀត គឺយើងផ្គាប់ព្រះហឫទ័យព្រះវរបិតានៅស្ថានសួគ៌របស់យើង។—ហេ. ៦:១០