កសាងជីវិតរបស់អ្នកនៅជុំវិញកិច្ចបំរើព្រះយេហូវ៉ា
១ ព្រះយេស៊ូបានប្រដូចពួកអ្នកឮបន្ទូលទ្រង់ទៅនឹងអ្នកសាងសង់ពីរប្រភេទ។ បុគ្គលម្នាក់បានកសាងផ្លូវជីវិតរបស់គាត់លើថ្មជាការស្ដាប់បង្គាប់តាមព្រះគ្រីស្ទ ហើយអាចទប់ទល់នឹងការប្រឆាំងនិងសេចក្ដីទុក្ខលំបាកដែលប្រៀបដូចជាព្យុះសង្ឃរា ។ បុគ្គលម្នាក់ទៀតបានសាងសង់លើដីខ្សាច់ជាការមិនស្ដាប់បង្គាប់យ៉ាងកំណាញ់ ហើយមិនបានទប់ទល់នឹងការបង្ខិតបង្ខំដែលមានមកនោះទេ។ (ម៉ាថាយ ៧:២៤-២៧) ការរស់នៅនាគ្រាទីបញ្ចប់នៃប្រព័ន្ធនេះ នោះយើងពិសោធនូវព្យុះសង្ឃរាជាច្រើនដែលជាព្រឹត្ដិការណ៍ដ៏អាក្រក់។ នៅខាងមុខឆាប់ៗនេះ នោះពពកខ្មៅនៃសេចក្ដីវេទនាជាខ្លាំង គឺកំពុងតែផ្គុំឡើងយ៉ាងលឿន។ តើយើងនឹងកាន់ខ្ជាប់ដរាបដល់ទីបញ្ចប់ដោយមានជំនឿនៅដដែលឬទេ? (ម៉ាថាយ ២៤:៣, ១៣, ២១) អ្វីៗជាច្រើនក៏ពឹងទៅលើរបៀបដែលយើងកំពុងតែកសាងជីវិតរបស់យើងឥឡូវនេះ។ ដូច្នេះហើយ ជាការបន្ទាន់ដែលយើងសួរខ្លួនថា៖ ‹តើខ្ញុំកំពុងតែកសាងយ៉ាងមុតមាំនូវជីវិតគ្រីស្ទានខ្ញុំ ជុំវិញកិច្ចបំរើព្រះដោយស្ដាប់បង្គាប់ទ្រង់ឬទេ?›
២ តើការកសាងជីវិតរបស់យើងជុំវិញកិច្ចបំរើព្រះយេហូវ៉ា នោះមានន័យយ៉ាងណា? នេះមានន័យថា ការចាត់ទុកព្រះយេហូវ៉ាជាទីសំខាន់បំផុតក្នុងជីវិតរបស់យើង។ នេះទាក់ទងការចាត់ទុកព្រះរាជាណាចក្រជាអ្វីដែលយើងយកចិត្តទុកដាក់ជាចម្បង។ នេះគឺទាក់ទងការស្ដាប់បង្គាប់តាមព្រះក្នុងគ្រប់ការទាំងអស់នៃជីវិតប្រចាំថ្ងៃ។ នេះគឺតម្រូវឲ្យយើងសិក្សាព្រះគម្ពីរយ៉ាងអស់ពីចិត្ត ដោយខ្លួនឯង ជាក្រុមគ្រួសារ និងតាមក្រុមជំនុំ ហើយចូលរួមកិច្ចបំរើផ្សាយរបស់យើងយ៉ាងអស់ពីចិត្តដែរ ដោយចាត់ទុករបស់ទាំងនេះជាអាទិភាពរបស់យើង។ (សាស្ដា ១២:១៣; ម៉ាថាយ ៦:៣៣) ដំណើរដ៏ស្ដាប់បង្គាប់បែបនេះនឹងមានជាលទ្ធផលនូវជំនឿដ៏មុតមាំដូចថ្ម ដែលនឹងមិនរលំពេលមានព្យុះសង្ឃរាជាព្រឹត្ដិការណ៍ដ៏អាក្រក់ ដែលអាចផ្ទុះឡើងនោះឡើយ។
៣ ជាការធ្វើឲ្យរីករាយណាស់ ដោយឃើញមនុស្សជាច្រើនលាននាក់ដែលទុកចិត្ត នោះកសាងជីវិតនិងសេចក្ដីសង្ឃឹមរបស់គេសំរាប់អនាគតនៅជុំវិញការបំរើព្រះ ដូចជាព្រះយេស៊ូបានធ្វើអ៊ីចឹងដែរ។ (យ៉ូហាន ៤:៣៤) ពួកគេធ្វើតាមតារាងដែលមិនកែប្រែ កាលដែលធ្វើការខាងព្រះធិបតេយ្យ ហើយជាលទ្ធផលក៏ទទួលពរយ៉ាងវិសេស។ ម្ដាយម្នាក់បានពន្យល់ពីរបៀបដែលនាងនិងប្ដីរបស់នាង បានចិញ្ចឹមអប់រំយ៉ាងជោគជ័យនូវកូនប្រុសពីរនាក់របស់គាត់ឲ្យបំរើព្រះយេហូវ៉ា៖ «យើងបានបំពេញជីវិតរបស់យើងដោយសេចក្ដីពិត ដោយទៅមហាសន្និបាតទាំងអស់ ដោយរៀបចំនិងទៅឯកិច្ចប្រជុំ ហើយដោយធ្វើឲ្យកិច្ចបំរើផ្សាយជាផ្នែកដ៏ទៀងទាត់ក្នុងជីវិតរបស់យើង»។ ប្ដីរបស់នាងបាននិយាយបន្ថែមថា៖ «សេចក្ដីពិតមិនមែនជាផ្នែកមួយនៃជីវិតរបស់យើងនោះទេ តែគឺជាជីវិតរបស់យើងវិញ។ អ្វីៗទាំងអស់ឯទៀតគឺនៅជុំវិញសេចក្ដីពិតនេះឯង»។ តើអ្នកបានធ្វើអ៊ីចឹងដែរ ដោយចាត់ទុកកិច្ចបំរើរបស់ព្រះយេហូវ៉ា ជាអ្វីដ៏សំខាន់បំផុតក្នុងក្រុមគ្រួសាររបស់អ្នកឬទេ?
៤ បង្កើតឡើងនូវតារាងដែលអាចសម្រេចបានប្រចាំសប្ដាហ៍: អង្គការរបស់ព្រះយេហូវ៉ាជួយយើងឲ្យធ្វើតាមកាលវិភាគដ៏ល្អខាងវិញ្ញាណ ដោយចាត់ចែងមានកិច្ចប្រជុំប្រាំក្នុងមួយសប្ដាហ៍។ ពួកគ្រីស្ទានដែលកសាងជីវិតរបស់គេនៅជុំវិញការថ្វាយបង្គំព្រះយេហូវ៉ា នោះចាត់ចែងរឿងខាងលោកីយ៍និងខាងក្រុមគ្រួសារតាមរបៀបណា ដើម្បីឲ្យអាចទៅឯកិច្ចប្រជុំដ៏ជាចាំបាច់ទាំងអស់នេះ។ ពួកគេមិនអនុញ្ញាតឲ្យរឿងដែលមិនសូវសំខាន់មករំខានគេពីការទៅប្រជុំយ៉ាងទៀងទាត់នោះឡើយ។—ភីលីព ១:១០; ហេព្រើរ ១០:២៥
៥ ពួកគ្រីស្ទានដែលមានគំនិតចាស់ទុំនោះទទួលស្គាល់ថា ដូចជាការសំខាន់នឹងទទួលអាហារទៀងទាត់នៅពេលជាក់លាក់រាល់ថ្ងៃជាយ៉ាងណា នោះក៏ជាការសំខាន់ក្នុងការធ្វើឲ្យមានតារាងជាក់លាក់សំរាប់ការសិក្សាផ្ទាល់ខ្លួននិងជាក្រុមគ្រួសារ ដែលរួមបញ្ចូលការរៀបចំសំរាប់កិច្ចប្រជុំ។ (ម៉ាថាយ ៤:៤) យ៉ាងហោចណាស់ តើអ្នកអាចលៃយក១៥ទៅ២០នាទីរៀងរាល់ថ្ងៃសំរាប់ការសិក្សាផ្ទាល់ខ្លួនឬទេ? អ្វីដែលសំខាន់នោះគឺមិនត្រូវឲ្យអ្វីណាមួយមករំខានពេលវេលា ដែលបានទុកសំរាប់ការសិក្សានោះឡើយ។ ចូរធ្វើឲ្យជាទំលាប់យ៉ាងល្អចុះ។ នេះប្រហែលជាតម្រូវឲ្យងើបពីព្រលឹមរៀងរាល់ព្រឹកព្រលឹមជាងពេលដែលអ្នកងើបពីគេងឥឡូវនេះ។ អស់១៧.០០០នាក់ជាសមាជិកនៃក្រុមគ្រួសារបេតអែលដែលនៅជុំវិញពិភពលោក នោះងើបពីព្រលឹមរៀងរាល់ព្រឹកដើម្បីពិគ្រោះនូវបទគម្ពីរប្រចាំថ្ងៃ។ ប្រាកដហើយ ការងើបពីព្រលឹមតម្រូវឲ្យចូលគេងនៅពេលសមរម្យ ដើម្បីឲ្យភ្ញាក់ថ្ងៃស្អែកឡើងមានកម្លាំងល្អនិងបានសម្រាន្តល្អ។
៦ ប្រសិនបើអ្នកជាមេគ្រួសារ ចូរចាត់វិធានការដើម្បីគ្រោងការណ៍និងរៀបចំតារាងគ្រួសាររបស់អ្នក ស្តីអំពីសកម្មភាពខាងព្រះធិបតេយ្យ។ ក្រុមគ្រួសារខ្លះអានព្រះគម្ពីរ សៀវភៅប្រចាំឆ្នាំ ឬប្រកាសនវត្ថុផ្សេងៗទៀត កាលដែលគេសំរាកក្រោយពីទទួលទានអាហារពេលល្ងាចនោះ។ ឪពុកម្ដាយជាច្រើនដែលបានឃើញកូនរបស់ខ្លួនធំឡើងទៅជាពួកគ្រីស្ទានដែលមុតមាំខាងវិញ្ញាណ នោះមានប្រសាសន៍ថា កត្ដាមួយដែលនាំឲ្យគាត់មានជោគជ័យ គឺទំលាប់ក្នុងគ្រួសារ ដោយទុកពេលមួយយប់រៀងរាល់សប្ដាហ៍ ជាពេលវេលាដ៏ស្អាងចិត្តខាងវិញ្ញាណជាមួយគ្នា។ ឪពុកម្នាក់បែបនេះបាននិយាយថា៖ «ខ្ញុំគិតថាការរីកចំរើនខាងវិញ្ញាណរបស់កូនៗយើង នោះភាគច្រើនគឺដោយសារការសិក្សាក្នុងគ្រួសារនៅរាល់យប់ថ្ងៃពុធ ដែលបានចាប់ផ្ដើមប្រមាណ៣០ឆ្នាំមកហើយនេះ»។ កូនបីនាក់របស់គាត់បានទទួលបុណ្យជ្រមុជទឹកតាំងពីក្មេង ហើយក្រោយមកបានចូលធ្វើកិច្ចបំរើពេញពេល។ ក្រៅពីការសិក្សាជាគ្រួសារ នោះរបៀបនិយាយពេលធ្វើកិច្ចបំរើផ្សាយ ឬពេលដែលមានផ្នែកនៅឯកិច្ចប្រជុំក៏អាចហាត់បាន ហើយមានការដ៏ល្អឯទៀត ដែលអាចធ្វើបានជាមួយគ្នានោះ។
៧ នៅក្នុងតារាងប្រចាំសប្ដាហ៍របស់អ្នក តើអ្នក‹លៃយកពេលវេលា›សំរាប់ការផ្សព្វផ្សាយសារព្រះរាជាណាចក្រឬទេ? (កូល៉ុស ៤:៥) ភាគច្រើនយើងមានការរវល់ណាស់ ដោយមានភារកិច្ចមើលក្រុមគ្រួសារនិងភារកិច្ចខាងក្រុមជំនុំផងដែរ។ ប្រសិនបើយើងមិនធ្វើឲ្យមានការចាត់ចែងដ៏ជាក់លាក់ ដើម្បីចូលរួមក្នុងកិច្ចការផ្សព្វផ្សាយនិងកិច្ចការបង្រៀនរៀងរាល់សប្ដាហ៍ នោះនឹងជាការស្រួលណាស់ឲ្យរឿងផ្សេងៗមកបង្អាក់សកម្មភាពដ៏សំខាន់នេះ។ ម្ចាស់នៃវាលស្រែដ៏ធំធេងមានចិញ្ចឹមសត្វគោ បាននិយាយថា៖ «នៅឆ្នាំ១៩៤៤ខ្ញុំបានយល់ដឹងថា វិធីតែមួយគត់ដែលខ្ញុំអាចចូលរួមក្នុងកិច្ចបំរើនេះ គឺដោយរើសទុកមួយថ្ងៃសំរាប់កិច្ចការនេះ។ មកដល់សព្វថ្ងៃនេះ ខ្ញុំនៅតែឈប់មួយថ្ងៃរាល់សប្ដាហ៍សំរាប់កិច្ចបំរើនេះ»។ អ្នកចាស់ទុំគ្រីស្ទានម្នាក់ធ្លាប់ពិសោធថា ការមានតារាងមួយដ៏ច្បាស់លាស់សំរាប់ការធ្វើបន្ទាល់ បានជួយគាត់ចូលរួមក្នុងកិច្ចផ្សព្វផ្សាយនេះបាន១៥ម៉ោងជាមធ្យមក្នុងមួយខែ។ ប្រសិនបើគាត់មានកិច្ចការខាងលោកីយ៍ដែលត្រូវធ្វើនៅថ្ងៃសៅរ៍ នោះគាត់ចែកពេលនោះក្រោយពីកិច្ចបំរើផ្សាយនៅពេលព្រឹក។ តើអ្នកនិងក្រុមគ្រួសាររបស់អ្នកអាចរើសទុកយ៉ាងតិចបំផុតនោះ មួយថ្ងៃក្នុងមួយសប្ដាហ៍សំរាប់កិច្ចបំរើផ្សាយ ដោយចាត់ទុកការនេះជាផ្នែកមួយនៃជីវិតខាងវិញ្ញាណរបស់អ្នកបានទេ?—ភីលីព ៣:១៦
៨ ពិនិត្យពិច័យនូវទម្រង់ការជីវិតរបស់អ្នក: មានរបស់ជាច្រើនដែលប្រឆាំងនឹងការកសាងជីវិតរបស់យើងនៅជុំវិញកិច្ចបំរើរបស់ព្រះយេហូវ៉ានោះ។ ព្រឹត្ដិការណ៍ដ៏មើលមិនឃើញជាមុន ប្រហែលជាអាចរំខាននូវតារាងដែលបានគ្រោងទុកយ៉ាងប្រយ័ត្នប្រយែងរបស់យើង ស្តីអំពីការសិក្សា កិច្ចប្រជុំ និងកិច្ចបំរើផ្សាយ។ ហើយបច្ចាមិត្តរបស់យើង គឺសាតាំង នឹងខំធ្វើអស់ពីសមត្ថភាពរបស់វា ដើម្បី«ឃាត់យើងខ្ញុំ» ហើយធ្វើឲ្យខកខានដល់ផែនការណ៍របស់យើង។ (ថែស្សាឡូនីចទី១ ២:១៨; អេភេសូរ ៦:១២, ១៣) ចូរកុំឲ្យឧបសគ្គទាំងនេះមកធ្វើឲ្យអ្នកធ្លាក់ទឹកចិត្ត ដែលនឹងធ្វើឲ្យអ្នកចុះចាញ់នោះឡើយ។ ចូរធ្វើការកែសម្រួលណាដែលត្រូវការ ដើម្បីធ្វើតាមតារាងរបស់អ្នកខាងឯសកម្មភាពព្រះធិបតេយ្យ។ ការប្ដេជ្ញាចិត្តនិងការតស៊ូគឺត្រូវការជាចាំបាច់ ដើម្បីសម្រេចនូវអ្វីដែលពិតជាបានការ។
៩ យើងមិនត្រូវអនុញ្ញាតឲ្យអានុភាពខាងលោកីយ៍ និងអានុភាពពីសាច់ឈាមដ៏ឥតគ្រប់ល័ក្ខណ៍របស់យើងដែលរារាំងប្រឆាំង មកបន្ថែមបញ្ចូលនូវកិច្ចការដែលឥតទាក់ទងខាងវិញ្ញាណ ដែលអាចចាប់ផ្ដើមស៊ីកាន់តែច្រើនឡើងៗនូវពេលនិងការប្រុងស្មារតីរបស់យើង។ ការពិនិត្យពិច័យខ្លួនឯងគឺត្រូវការចាំបាច់ ដោយប្រើសំនួរដូចជា៖ ‹តើដំណើរជីវិតរបស់ខ្ញុំបានទៅជាឥតមានតុល្យភាព ឬក៏បានត្រូវរំខានបន្ដិចម្ដងៗឬទេ? តើខ្ញុំបានចាប់ផ្ដើមកសាងជីវិតរបស់ខ្ញុំជុំវិញរបស់ខាងលោកីយ៍នេះ ដែលកំពុងតែកន្លងទៅឬទេ? (យ៉ូហានទី១ ២:១៥-១៧) តើខ្ញុំចំណាយពេលប៉ុន្មានក្នុងការបំពេញចំណង់ចិត្តផ្ទាល់ខ្លួនដូចជា ការធ្វើដំណើរកំសាន្ត ការលេងកីឡា ឬការកំសាន្តឯទៀត ដែលរួមបញ្ចូលការមើលទូរទស្សន៍ ឬការមើលត្រួសៗតាមបណ្ដាញកុំព្យូទ័រ បើប្រៀបធៀបទៅនឹងពេលវេលាដែលខ្ញុំចំណាយធ្វើការខាងវិញ្ញាណនោះ?
១០ ប្រសិនបើអ្នកគិតថាជីវិតរបស់អ្នកក្លាយទៅជាច្របូកច្របល់ នឹងសកម្មភាពជាច្រើនដែលឥតសំខាន់ នោះតើនឹងត្រូវធ្វើយ៉ាងណា? ដូចជាប៉ុលបានអធិស្ឋានសូមឲ្យបងប្អូនរបស់គាត់នឹងត្រូវបាន‹កែតម្រូវ› ឬក៏‹ឲ្យមានការតម្រង់ត្រឹមត្រូវ› នោះចូរអង្វររកជំនួយពីព្រះយេហូវ៉ា ដើម្បីឲ្យមានកិច្ចបំរើទ្រង់ជាទីសំខាន់បំផុតម្ដងទៀត។ (កូរិនថូសទី២ ១៣:៩, ១១) រួចមក ចូរប្ដេជ្ញាចិត្តរស់នៅឲ្យស្របតាមសេចក្ដីដែលអ្នកបានសម្រេច ហើយធ្វើការកែតម្រូវដែលត្រូវការចាំបាច់នោះទៅ។ (កូរិនថូសទី១ ៩:២៦, ២៧) ព្រះយេហូវ៉ានឹងជួយអ្នកឲ្យជៀសវាងពីការបែរទៅខាងស្ដាំឬខាងឆ្វេង ស្តីអំពីកិច្ចបំរើដោយស្ដាប់បង្គាប់ទ្រង់។—ប្រៀបមើល អេសាយ ៣០:២០, ២១
១១ ចូរនៅរវល់ក្នុងកិច្ចបំរើព្រះដែលនាំឲ្យមានអំណរ: មនុស្សជាច្រើនលាននាក់ខំស្វែងរកនូវសុភមង្គល ក៏ប៉ុន្តែគ្រាន់តែរកឃើញថា កាលដែលទីបញ្ចប់នៃជីវិតជិតមកដល់ នោះវត្ថុទ្រព្យដែលគេបានខំរកនោះ ឥតបាននាំឲ្យគេមានសុភមង្គលជាស្ថាពរនោះឡើយ។ នេះគឺជាអ្វីដ៏«អសារឥតការទទេ»។ (សាស្ដា ២:១១) ផ្ទុយទៅវិញ នៅពេលដែលយើងរក្សាជីវិតរបស់យើងដោយមានព្រះយេហូវ៉ាជាទីសំខាន់បំផុត ‹ដោយទុកទ្រង់នៅពីមុខយើងជាដរាប› នោះយើងនឹងពិសោធនូវការស្កប់ស្កល់ចិត្តដ៏ជ្រាលជ្រៅ។ (ទំនុកដំកើង ១៦:៨, ១១) នេះគឺអ៊ីចឹង ពីព្រោះព្រះយេហូវ៉ាគឺទ្រង់ហើយជាហេតុដែលយើងមានអត្ថិភាពនេះ។ (វិវរណៈ ៤:១១) បើឥតមានទ្រង់ជាព្រះដែលមានបំណងដ៏ឧត្តមទេ នោះជីវិតគ្មានន័យឡើយ។ ការបំរើព្រះយេហូវ៉ាគឺបំពេញជីវិតរបស់យើងដោយសកម្មភាពដែលបានការ ដែលមានបំណង ដែលនឹងមានប្រយោជន៍ដល់យើងនិងដល់អ្នកដទៃតាមរបៀបជាស្ថាពរ ត្រូវហើយ គឺតាមរបៀបដែលមានជានិច្ច។
១២ គឺជាការសំខាន់កុំឲ្យទៅជាមានចិត្តឥតអើពើ ហើយបាត់នូវភាពជាបន្ទាន់ស្តីអំពីទីបញ្ចប់នៃលោកីយ៍របស់សាតាំង ដែលកាន់តែមកយ៉ាងលឿន។ ទស្សនៈរបស់យើងចំពោះអនាគត នោះមានឥទ្ធិពលលើការរស់នៅជារៀងរាល់ថ្ងៃរបស់យើង។ មនុស្សនៅសម័យរបស់លោកណូអេ ដែលឥតបានជឿថានឹងមានទឹកជំនន់ពេញពិភពលោក នោះ«ឥតបានដឹងខ្លួនឡើយ» គឺដោយទុកដាក់ជីវិតរបស់គេលើចំណង់ផ្ទាល់ខ្លួន ជាការស៊ីផឹក ហើយរៀបការ ដរាបដល់ទឹកជំនន់«ឡើង យកគេទៅទាំងអស់គ្នា»។ (ម៉ាថាយ ២៤:៣៧-៣៩) សព្វថ្ងៃនេះ អស់អ្នកដែលទុកដាក់ជីវិតរបស់គេទៅនឹងលោកីយ៍នេះ នឹងឃើញថាសេចក្ដីសង្ឃឹមសំរាប់អនាគតនឹងបែកបាក់នៅពីមុខគេ ដោយសារសេចក្ដីហិនវិនាសដ៏ធំបំផុត ដែលមនុស្សលោកធ្លាប់ពិសោធន៍ នោះគឺ«ថ្ងៃនៃព្រះយេហូវ៉ា»។—ពេត្រុសទី២ ៣:១០-១២
១៣ បើអ៊ីចឹង ចូរបន្តខំកសាងជីវិតរបស់អ្នកនៅជុំវិញព្រះយេហូវ៉ា ដែលមានព្រះជន្មរស់នៅ ហើយខំធ្វើតាមព្រះហឫទ័យរបស់ទ្រង់។ គ្មានការបណ្ដាក់ទុនណាដែលអ្នកអាចធ្វើក្នុងជីវិតនេះ ដែលមានអ្នកគាំទ្រអាចទុកចិត្តបានដូចព្រះយេហូវ៉ានោះឡើយ។ ទ្រង់មិនចេះភូតភរទេ ទ្រង់នឹងធ្វើសម្រេចនូវសេចក្ដីសន្យារបស់ទ្រង់។ (ទីតុស ១:២) ទ្រង់មិនចេះសោយទិវង្គតទេ ហើយគ្មានអ្វីដែលបានទុកនៅជាមួយនឹងព្រះយេហូវ៉ានឹងបាត់បង់ទៅនោះឡើយ។ (ហាបាគុក ១:១២; ធីម៉ូថេទី២ ១:១២) ជីវភាពរស់នៅដែលយើងកំពុងតែកសាងឥឡូវនេះ ដោយចេះស្ដាប់បង្គាប់និងដោយចិត្តជឿ នោះគ្រាន់តែជាការចាប់ផ្ដើមនៃជីវិតដែលនឹងមានជាអស់កល្បជានិច្ច ក្នុងកិច្ចបំរើដោយអំណរថ្វាយព្រះដ៏សប្បាយរបស់យើង!—ធីម៉ូថេទី១ ១:១១; ៦:១៩
[ឃ្លាអក្សរធំនៅទំព័រ៤]
«សេចក្ដីពិតមិនមែនជាផ្នែកមួយ នៃជីវិតរបស់យើងនោះទេ តែគឺជាជីវិតរបស់យើងវិញ។ អ្វីៗទាំងអស់ឯទៀត គឺនៅជុំវិញសេចក្ដីពិតនេះឯង»