ប្រអប់សំណួរ
◼ ពេលដែលក្រុមជំនុំមានរៀបចំធ្វើពិធីបុណ្យសព ប្រហែលនឹងមានការចោទជាសំណួរដូចជា :
តើអ្នកណាគួរនឹងថ្លែងសុន្ទរកថា? នេះជាការសម្រេចចិត្តរបស់សមាជិកនៃក្រុមគ្រួសារសព។ ពួកគាត់ប្រហែលជាអាចសុំបងប្រុសណាម្នាក់ដែលជាគំរូល្អក្នុងការថ្វាយបង្គំព្រះយេហូវ៉ា និងបានទទួលការជ្រមុជទឹកហើយឲ្យថ្លែងសុន្ទរកថា។ ប្រសិនបើឲ្យក្រុមអ្នកចាស់ទុំជួយរកអ្នកថ្លែងសុន្ទរកថា ធម្មតាពួកគាត់នឹងជ្រើសរើសអ្នកចាស់ទុំដែលមានសមត្ថភាពគ្រប់គ្រាន់ឲ្យថ្លែងសុន្ទរកថា ដែលមានមូលដ្ឋានទៅលើគោលចំណុចនៃសុន្ទរកថារបស់សាក្សីព្រះយេហូវ៉ា។ មិនជាការខុសទេឲ្យលើកឡើងនូវគំរូល្អរបស់បងប្រុសឬបងស្រីដែលបានទទួលមរណភាពនោះ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ មិនគួរលើកសរសើរបុគ្គលដែលបានស្លាប់ទៅនោះ ហួសហេតុពេកទេ។
តើសាលប្រជុំអាចប្រើបានឬទេ? អាចប្រើសាលប្រជុំបានប្រសិនបើមានការអនុញ្ញាតពីគណៈកម្មាធិការកិច្ចបម្រើក្រុមជំនុំ និងបើមិនរំខានដល់កិច្ចប្រជុំក្រុមជំនុំ។ ប្រសិនបើបុគ្គលដែលបានទទួលមរណភាពនោះ មានកេរ្ដិ៍ឈ្មោះល្អនិងជាសមាជិកឬជាកូនក្មេងនៃសមាជិកក្នុងក្រុមជំនុំ ក៏អាចអនុញ្ញាតឲ្យប្រើសាលបានដែរ។ ប៉ុន្តែ បើមនុស្សទូទៅដឹងឮថា ជាបុគ្គលដែលប្រព្រឹត្តខុសនឹងខ្នាតតម្រាក្នុងគម្ពីរ ឬការប្រព្រឹត្តខុសណាឯទៀតដែលបានបង្ខូចឈ្មោះក្រុមជំនុំ នោះអ្នកចាស់ទុំប្រហែលនឹងមិនអនុញ្ញាតឲ្យប្រើសាលប្រជុំទេ (សូមមើលសន្លឹកបន្ថែមនៃកិច្ចបម្រើព្រះរាជាណាចក្រយើងខែវិច្ឆិកា ឆ្នាំ២០០៧ ទំព័រ៤)។
ជាធម្មតាសាលប្រជុំមិនអនុញ្ញាតឲ្យប្រើសម្រាប់ធ្វើបុណ្យសពរបស់អ្នកដែលមិនមែនជាសាក្សីព្រះយេហូវ៉ាទេ។ ករណីលើកលែង ប្រសិនបើក្រុមគ្រួសារសពជាអ្នកចូលរួមយ៉ាងសកម្មជាមួយក្រុមជំនុំ និងបានទទួលការជ្រមុជទឹកហើយ ចំណែកបុគ្គលដែលបានទទួលមរណភាពនោះ ត្រូវបានបងប្អូនជាច្រើនក្នុងក្រុមជំនុំដឹងឮថា គាត់ចាប់អារម្មណ៍នឹងសេចក្ដីពិត ហើយមានកេរ្ដិ៍ឈ្មោះល្អក្នុងសង្គម ថែមទាំងក្នុងពិធីបុណ្យសពរបស់គាត់ក៏មិនរួមបញ្ចូលទំនៀមទម្លាប់ប្រពៃណីរបស់សាសនាមិនពិតទេនោះ។
ពេលដែលអនុញ្ញាតឲ្យប្រើសាលប្រជុំសម្រាប់ធ្វើបុណ្យសពហើយ ក្រុមអ្នកចាស់ទុំនឹងពិចារណាថា តើជាទំនៀមទម្លាប់នៃការដាក់មឈូសក្នុងសាលប្រជុំឬក៏យ៉ាងណានោះ? ពួកអ្នកចាស់ទុំប្រហែលនឹងអនុញ្ញាតឲ្យ ប្រសិនបើនោះជាទំនៀមទម្លាប់មែន។
ចុះយ៉ាងណាចំពោះការធ្វើបុណ្យសពរបស់មនុស្សក្នុងពិភពលោកនេះ? ប្រសិនបើបុគ្គលដែលបានទទួលមរណភាពនោះមានកេរ្ដិ៍ឈ្មោះល្អក្នុងសង្គម បងប្រុសយើងម្នាក់ប្រហែលជាអាចផ្ដល់ការសម្រាលទុក្ខដោយអានខគម្ពីរខ្លះៗនៅឯផ្ទះបុណ្យសពឬនៅកន្លែងបញ្ចុះសព។ ក្រុមជំនុំបដិសេធមិនទាក់ទងនឹងការធ្វើបុណ្យសពរបស់បុគ្គល ដែលត្រូវបានដឹងឮថា ជាមនុស្សគ្មានសីលធម៌ ប្រព្រឹត្តខុសច្បាប់ ឬមានរបៀបរស់នៅប្រឆាំងនឹងគោលការណ៍ក្នុងគម្ពីរជាដាច់ខាត។ បងប្រុសយើងក៏មិនគួរចូលរួមរៀបចំច្រឡូកច្រឡំជាមួយពួកសង្ឃ ឬពិធីបុណ្យសពណានៅក្នុងវិហារនៃបាប៊ីឡូនដ៏ជាធំនោះឡើយ។
ចុះយ៉ាងណាវិញបើបុគ្គលដែលបានទទួលមរណភាពនោះ ត្រូវបានបណ្ដាច់មិត្តភាព? ជាធម្មតាមិនគួរឲ្យទាក់ទងនឹងក្រុមជំនុំទេ។ ក៏មិនគួរអនុញ្ញាតឲ្យប្រើសាលប្រជុំដែរ។ ប្រសិនបើបុគ្គលនោះបានបង្ហាញភ័ស្តុតាងថាខ្លួនកែប្រែចិត្ត និងបានបង្ហាញថាចង់ចូលមិត្តភាពវិញ នោះមនសិការរបស់បងប្រុសម្នាក់ ប្រហែលជាអនុញ្ញាតឲ្យគាត់បើកអានខគម្ពីរខ្លះៗនៅផ្ទះបុណ្យសពឬនៅកន្លែងបញ្ចុះសពនោះ ដើម្បីជាការផ្សព្វផ្សាយដល់អ្នកឯទៀតដែលមិនមែនជាសាក្សីព្រះយេហូវ៉ានិងដើម្បីជាការសម្រាលទុក្ខដល់សាច់ញាតិ។ ទោះជាយ៉ាងណាក៏ដោយ មុននឹងធ្វើការសម្រេចចិត្តនេះ បងប្រុសដែលប្រកបទៅដោយប្រាជ្ញានឹងទៅពិគ្រោះជាមួយក្រុមអ្នកចាស់ទុំ ដើម្បីពិចារណាពីអ្វីដែលអាចធ្វើបាន ឬមិនបាន។ ក្នុងកាលៈទេសៈខ្លះគឺមិនប្រកបទៅដោយប្រាជ្ញាទេ បើបងប្រុសនោះទៅទាក់ទងធ្វើអ្វីខ្លះ ដូចក្នុងករណីខាងលើនោះ។ គឺជាការសមរម្យជាង បើឲ្យបងប្រុសដែលជាសមាជិកនៃក្រុមគ្រួសារសពថ្លែងសុន្ទរកថាដើម្បីសម្រាលទុក្ខចំពោះសាច់ញាតិវិញ។