កិច្ចប្រជុំពន្យុះឲ្យធ្វើកិច្ចការល្អ
១ លក្ខណៈដ៏សំខាន់ពីរនៃការថ្វាយបង្គំរបស់យើង គឺការទៅប្រជុំតាមក្រុមជំនុំនិងការចូលរួមកិច្ចផ្សាយ។ លក្ខណៈទាំងពីរនេះគឺស្របគ្នា។ លក្ខណៈមួយមានអនុភាពលើមួយទៀត។ កិច្ចប្រជុំគ្រីស្ទានពន្យុះឲ្យធ្វើកិច្ចការល្អ ហើយការផ្សាយដំណឹងព្រះរាជាណាចក្រនៃព្រះនិងកិច្ចការបង្កើតសិស្សជាកិច្ចការដ៏ល្អបំផុត។ (ហេព្រើរ ១០:២៤) ប្រសិនបើយើងឈប់ទៅប្រជុំ មិនយូរប៉ុន្មានទេយើងនឹងឈប់ទៅផ្សាយ ពីព្រោះគ្មានអ្វីពន្យុះចិត្តយើងឲ្យធ្វើដូច្នេះ។
២ នៅកិច្ចប្រជុំរៀងរាល់សប្ដាហ៍ យើងទទួលសេចក្ដីបង្រៀនខាងវិញ្ញាណ ដែលមានបំណងជំរុញទឹកចិត្តយើងឲ្យទៅផ្សាយ។ មានការបញ្ជាក់ម្ដងហើយម្ដងទៀតពីភាពបន្ទាន់នៃគ្រានេះ ដែលជំរុញយើងឲ្យយកសារនៃព្រះគម្ពីរដែលផ្ដល់នូវជីវិតទៅប្រាប់អ្នកដទៃ។ យើងបានត្រូវលើកទឹកចិត្តហើយពង្រឹងកម្លាំង ដើម្បីតស៊ូក្នុងកិច្ចការផ្សាយ។ (ម៉ាថាយ ២៤:១៣, ១៤) ដោយខំឆ្លៀតយកឱកាសឆ្លើយក្នុងកិច្ចប្រជុំ យើងនឹងទម្លាប់ខ្លួនយើងក្នុងការសម្ដែងជំនឿរបស់យើងទៅអ្នកដទៃ។ (ហេព្រើរ ១០:២៣) ដោយចុះឈ្មោះក្នុងសាលាកិច្ចបំរើព្រះធិបតេយ្យ យើងទទួលការហ្វឹកហ្វឺនឲ្យបានទៅជាអ្នកបំរើដ៏មានប្រសិទ្ធភាពថែមទៀត ហើយឲ្យចំរើនក្បួនបង្រៀនរបស់យើង។—ធីម៉ូថេទី២ ៤:២
៣ របៀបដែលការប្រជុំអប់រំកិច្ចបំរើពន្យុះយើងឲ្យទៅផ្សាយ៖ យើងទាំងអស់គ្នាបានត្រូវលើកទឹកចិត្តឲ្យមើលពត៌មានក្នុងកិច្ចបំរើព្រះរាជាណាចក្ររបស់យើង ទុកជាមុន។ ពត៌មាននេះនឹងជាប់នៅគំនិតរបស់យើង កាលណាយើងទៅឯការប្រជុំអប់រំកិច្ចបំរើ ហើយឃើញការសម្ដែងពីវេទិកា។ ពេលទៅកិច្ចផ្សាយ យើងអាចនឹកពីកិច្ចបំរើព្រះរាជាណាចក្រយើង នឹកឃើញការសម្ដែងដែលបានបង្ហាញមក ដោយហេតុនោះ ការផ្សាយនឹងមានប្រសិទ្ធភាពច្រើន។ នេះជាការពិសោធនៃពួកអ្នកផ្សាយជាច្រើន។
៤ បន្ទាប់ពីការប្រជុំអប់រំកិច្ចបំរើ អ្នកខ្លះបានណាត់ជួបជាមួយគ្នាដើម្បីទៅផ្សាយ។ ពួកអ្នកផ្សាយនៅចាំចំណុចសំរាប់ផ្សាយ ហើយមានចិត្តចង់សាកល្បងចំណុចនោះ ពីព្រោះកិច្ចប្រជុំទាំងនេះបានលើកទឹកចិត្តពួកគេឲ្យចូលរួមកិច្ចការផ្សាយរៀងរាល់សប្ដាហ៍។
៥ គ្មានអ្វីដែលអាចយកមកដាក់ជំនួសកិច្ចប្រជុំគ្រីស្ទានយើងទេ ដែលយើងមកជួបជុំជាមួយអ្នកថ្វាយបង្គំគ្នាឯង ហើយបានត្រូវពន្យុះឲ្យធ្វើកិច្ចការល្អ។ បើចង់ឲ្យកិច្ចបំរើយើងបានចំរើនឡើង យើងត្រូវតែទៅប្រជុំតាមក្រុមជំនុំឲ្យបានទៀងទាត់។ សូមឲ្យយើងសម្ដែងការអបអរដល់សំវិធានការដ៏អស្ចារ្យពីព្រះយេហូវ៉ា ដោយ«ឥតលែងប្រជុំគ្នា»។—ហេព្រើរ ១០:២៥