ព្រះយេហូវ៉ាប្រទានឥទ្ធិឫទ្ធិដ៏លើសលប់
១ ឯកសិទ្ធិដ៏មានតម្លៃនៃកិច្ចបំរើបរិសុទ្ធ—កិច្ចបំរើគ្រីស្ទាន—បានផ្ដល់ឲ្យពួកសិស្សទាំងឡាយរបស់ព្រះយេស៊ូ។ (ម៉ាថាយ ២៤:១៤; ២៨:១៩, ២០) ប៉ុន្តែ ភាពឥតគ្រប់ល័ក្ខណ៍របស់មនុស្ស និងការបង្ខិតបង្ខំពីលោកីយ៍នេះ ប្រហែលពេលខ្លះ បណ្ដាលឲ្យយើងចាត់ទុកខ្លួន ថាឥតមានសមត្ថភាពគ្រប់គ្រាន់។
២ ពេលរឿងនេះកើតឡើង យើងអាចទទួលការសម្រាលទុក្ខ ដោយសំបុត្ររបស់ប៉ុលដល់ពួកគ្រីស្ទានចាក់ប្រេងតាំងក្នុងក្រុងកូរិនថូស។ គាត់បានសរសេរថា៖ «យើងមានទ្រព្យសម្បត្ដិនេះនៅក្នុងភាជនៈដី»។ (កូរិនថូសទី២ ៤:៧) ប៉ុលមានការទុកចិត្តថា៖ «ដូច្នេះ ដែលមានការងារនេះ នោះយើងខ្ញុំមិនណាយចិត្តឡើយ»។ (កូរិនថូសទី២ ៤:១) ពិតហើយ គឺជាការពិបាកមួយសំរាប់យើងរាល់គ្នា មិនថាជាអ្នកចាក់ប្រេងតាំងឬជាបុគ្គលម្នាក់នៃ«ចៀមឯទៀត» ក្នុងការបន្តផ្សាយដំណឹងល្អ ហើយ«មិនណាយចិត្តឡើយ»។ យើងត្រូវការកម្លាំងពីព្រះ ដែលប្រទាន«ឥទ្ធិឫទ្ធិដ៏លើសលប់»។—យ៉ូហាន ១០:១៦; កូរិនថូសទី២ ៤:៧ខ
៣ គួរឲ្យលើកទឹកចិត្តណាស់ ស្មរបន្ទាល់ជាច្រើនគឺជាអ្នកផ្សាយដ៏ខ្នះខ្នែង ទោះជាប្រឈមនឹងការប្រឆាំងដ៏ខ្លាំង មានបញ្ហាខាងសុខភាពដ៏ធ្ងន់ ឬមានប្រាក់កាសបន្ដិចបន្តួចយ៉ាងណាក៏ដោយ។ យើងគ្រប់គ្នាត្រូវតែដឹងថា កិច្ចការរបស់យើងដើម្បីផ្សាយនេះ គឺមានព្រះយេហូវ៉ាជាអ្នកគាំទ្រ។ ជាជាងឲ្យការធ្លាក់ទឹកចិត្តឬការព្រួយបារម្ភមកធ្វើឲ្យយើងខ្សោយក្នុងការផ្សាយ នោះសូមឲ្យយើង«មានកំឡាំងឡើងក្នុងព្រះអម្ចាស់ ដោយឫទ្ធិបារមីរបស់ព្រះចេស្ដាទ្រង់»។—អេភេសូរ ៦:១០; សុភាសិត ២៤:១០
៤ របៀបដែលទទួលឥទ្ធិឫទ្ធិរបស់ព្រះ: សូមខំស៊ូទ្រាំនឹងសេចក្ដីអធិស្ឋាន ដោយសូមរកជំនួយនិងកម្លាំងរបស់ព្រះ។ (រ៉ូម ១២:១២; ភីលីព ៤:៦, ៧) រួចមក សូមទុកចិត្តលើព្រះយេហូវ៉ាដ៏អស់ពីចិត្តរបស់អ្នក ក្នុងការប្រទានឥទ្ធិឫទ្ធិដ៏លើសលុប។ (សុភាសិត ៣:៥) សូមអានរឿងពិសោធនៅសម័យទំនើបនេះ ក្នុងទស្សនាវដ្ដីរបស់យើង ពីព្រោះនេះនឹងផ្ដល់ទីសំអាង ថាព្រះយេហូវ៉ាគឺកំពុងជួយពួកអ្នកបំរើរបស់ទ្រង់សព្វថ្ងៃនេះ ឲ្យស៊ូទ្រាំនឹងសេចក្ដីទុក្ខលំបាក។ សូមចូលរួមឲ្យបានជិតស្និទ្ធជាមួយបងប្អូនក្នុងក្រុមជំនុំ ហើយកុំឲ្យបោះបង់ចោលកិច្ចប្រជុំឡើយ។—រ៉ូម ១:១១, ១២; ហេព្រើរ ១០:២៤, ២៥
៥ សូមឲ្យយើងទាំងអស់គ្នាធ្វើយ៉ាងណា ឲ្យបានទទួលឥទ្ធិឫទ្ធិរបស់ព្រះយេហូវ៉ា—ជាព្រះចេស្ដាដ៏លើសលុប ហើយនេះនឹងជួយយើងកុំឲ្យចុះញ៉មក្នុងកិច្ចការផ្សាយដ៏សំខាន់នៃព្រះរាជាណាចក្រ។