បង្ហាញការគោរពសំរាប់កន្លែងថ្វាយបង្គំនៃព្រះយេហូវ៉ា
១ នៅពេលដែលយើងជាភ្ញៀវក្នុងផ្ទះរបស់បុគ្គលណាម្នាក់ យើងបង្ហាញការគោរពដល់ផ្ទះរបស់គេ មិនធ្វើអ្វីឲ្យបាក់បែក ហើយយើងក៏មិនរំខានគម្រោងការណ៍ដ៏មានសណ្ដាប់ធ្នាប់នៃផ្ទះនោះដែរ។ យើងគួរតែប្រព្រឹត្តឲ្យកាន់តែគោរពជាងនេះទៅទៀត ពេលដែលយើងជាភ្ញៀវនៃព្រះយេហូវ៉ា! យើងគួរតែដឹងនូវរបៀបប្រព្រឹត្តក្នុងដំណាក់របស់ព្រះ។ (ទំនុកដំកើង ១៥:១; ធីម៉ូថេទី១ ៣:១៥) ទោះជាកិច្ចប្រជុំគ្រីស្ទានរបស់យើងធ្វើឡើងក្នុងសាលព្រះរាជាណាចក្រ ក្នុងផ្ទះរបស់អ្នកណាម្នាក់ ឬនៅកន្លែងសាធារណៈ យើងភាគច្រើនគឺតែងតែបង្ហាញការគោរពសំរាប់កន្លែងថ្វាយបង្គំរបស់យើង ទុកដូចជាដំណាក់នៃព្រះយេហូវ៉ាអញ្ចឹង ដែល«សិរីល្អនៃទ្រង់ខ្ពស់ជាងផែនដីនឹងផ្ទៃមេឃទៅទៀត»។—ទំនុកដំកើង ១៤៨:១៣
២ បងប្អូនខ្លះឥតមានការគោរពនៅឯកិច្ចប្រជុំ ដោយនិយាយឡូឡា ឬក៏ប្រព្រឹត្តហាក់បីដូចជា ពត៌មានដែលកំពុងសម្ដែងនោះ គឺឥតសំខាន់សោះ។ មនុស្សចាស់ខ្លះបាននិយាយដ៏ឥតចាំបាច់ក្នុងច្រកដើរ បន្ទប់ទឹក ឬនៅខាងក្រៅសាលព្រះរាជាណាចក្រ កាលដែលកំពុងមានកិច្ចប្រជុំ។ ពេលដែលទុកក្មេងឲ្យមើលប្អូនរបស់វា ជួនកាល ពីរនាក់នេះចាប់ផ្ដើមលេង ហើយឥតបានទទួលផលប្រយោជន៍ពីកម្មវិធីទេ។ ក្មេងខ្លះបានគេឃើញនៅក្រៅសាលព្រះរាជាណាចក្រក្រោយពីប្រជុំ លេង ដោយឡូឡាហួសហេតុ ព្រមទាំងធ្វើកាយវិការដូចការាត់តេដល់គ្នាទៅវិញទៅមក។ ក្នុងករណីខ្លះ ពួកគេបានរំខានដល់អ្នកជិតខាង ឬរំខានដល់ចរាចរណ៍ក្នុងកន្លែងចតឡាន ឬតាមថ្នល់។
៣ របៀបជៀសវាងឫកពារដ៏ឥតគោរព: ដោយយល់ដឹងនូវសេចក្ដីថ្លៃថ្នូរនិងភាពពិសិដ្ឋនៃការថ្វាយបង្គំរបស់យើង យ៉ាងប្រាកដហើយ យើងនឹងមិនចង់រំខានអ្នកដទៃ ដោយនិយាយខ្សិបៗ បរិភោគ ទំពារស្ករកៅស៊ូ ធ្វើឲ្យឮសូរក្រដាសក្រិកៗ ទៅបន្ទប់ទឹកដ៏ឥតចាំបាច់ ឬមកកិច្ចប្រជុំយឺតរាល់តែដង។ ឪពុកម្ដាយដែលចេះគោរព ហើយដ៏អបអរ នោះនឹងមិនអនុញ្ញាតឲ្យកូនចៅរបស់គេធ្វើប្រឡាក់ព្រំ គ្រឿងស្រោម ឬជញ្ជាំងនៃសាលព្រះរាជាណាចក្រឬនៅឯផ្ទះសំរាប់ក្រុមសិក្សា។ ប្រាកដហើយ យើងរាល់គ្នាយល់ស្របថា នេះគឺមិនជាកន្លែងសំរាប់ចរិយាដ៏ឥតសប្បុរសឬដ៏អាម៉ាស់មុខ ការនិយាយឥតសមរម្យ ពាក្យកំប្លែងដ៏ឥតគប្បីនៅឯកិច្ចប្រជុំរបស់យើងឡើយ។—អេភេសូរ ៥:៤
៤ ប្រសិនបើយើងចងចាំជានិច្ចអំពីគោលបំណងនៃកិច្ចប្រជុំ នោះយើងនឹងធ្វើឲ្យប្រាកដថា យើងនិងកូនរបស់យើងបង្ហាញការគោរពដ៏ត្រឹមត្រូវដល់ការថ្វាយបង្គំព្រះយេហូវ៉ា ក្នុងកន្លែងដែលយើង‹បានជ្រើសរើសនឹងប្រជុំ›។—ទំនុកដំកើង ៨៤:១០