សូមទៅកិច្ចប្រជុំ«ឲ្យកាន់តែខ្លាំងឡើង»
១ នៅគ្រប់ប្រវត្ដិសាស្ត្រនៃរាស្ត្ររបស់ព្រះយេហូវ៉ា ការប្រជុំគ្នាគឺជាការសំខាន់ដ៏ជីវិតសម្ព័ន្ធ។ ពួកអ៊ីស្រាអែលមានព្រះវិហារនិងសាលាប្រជុំជាមណ្ឌលសំរាប់ការថ្វាយបង្គំដ៏ពិត ការអប់រំពីព្រះ ហើយការរួបរួមដ៏សប្បាយ។ ដោយព្រោះមូលហេតុស្រដៀងគ្នានេះ ពួកគ្រីស្ទានពីដើមមិនបោះបង់ចោលការជួបជុំគ្នាឡើយ។ នៅថ្ងៃចុងក្រោយដ៏លំបាកនេះ កាលដែលសេចក្ដីតានតឹងនិងសេចក្ដីទុកវេទនា មានកាន់តែច្រើនឡើង យើងត្រូវការសេចក្ដីបន្ថែមកម្លាំងខាងវិញ្ញាណ ដែលបានត្រូវផ្ដល់ដោយសារកិច្ចប្រជុំក្នុងក្រុមជំនុំ ហើយយើងត្រូវការកិច្ចប្រជុំ«កាន់តែខ្លាំងឡើង»។ (ហេព្រើរ ១០:២៥) សូមកត់សម្គាល់នូវមូលហេតុបីយ៉ាង ដែលយើងត្រូវទៅកិច្ចប្រជុំ។
២ សំរាប់ការរួបរួម: ព្រះគម្ពីរជំរុញទឹកចិត្តយើង ឲ្យ«កំសាន្ត ហើយស្អាងចិត្តគ្នាទៅវិញទៅមក»។ (ថែស្សាឡូនីចទី១ ៥:១១) ការរួបរួមនៃរាស្ត្រព្រះ បំពេញចិត្តដោយគំនិតល្អ ហើយជំរុញទឹកចិត្តយើងឲ្យធ្វើការប្រព្រឹត្តល្អដែរ។ ប៉ុន្តែ បើសិនជាយើងញែកខ្លួនដាច់ពីគេ យើងនឹងតែងតែមានគំនិតល្ងង់ខ្លៅ គំនិតតែខ្លួនឯង ឬគំនិតឥតសីលធម៌ផង។—សុភាសិត ១៨:១
៣ សំរាប់ការអប់រំ: កិច្ចប្រជុំគ្រីស្ទានផ្ដល់កម្មវិធីដ៏មិនដែលដាច់នៃការអប់រំព្រះគម្ពីរ ដើម្បីរក្សាទុកសេចក្ដីស្រឡាញ់ចំពោះព្រះឲ្យនៅក្នុងចិត្តរបស់យើង។ កិច្ចប្រជុំផ្ដល់នូវការដឹកនាំដ៏មានប្រយោជន៍ ក្នុងការអនុវត្តតាម‹គ្រប់ទាំងដំបូន្មានរបស់ព្រះ›។ (កិច្ចការ ២០:២៧) កិច្ចប្រជុំជួយយើងឲ្យមានការប៉ិនប្រសប់ក្នុងការផ្សាយ ហើយការបង្រៀនដំណឹងល្អ ជាសមត្ថភាពដែលត្រូវការជាចាំបាច់នៅសព្វថ្ងៃនេះ ដើម្បីទទួលអំណរដ៏អស្ចារ្យនៃការស្វែងរក ហើយជួយពួកអ្នកណាដែលព្រមទទួលសេចក្ដីពិតពីព្រះគម្ពីរ។
៤ សំរាប់ការការពារ: នៅក្នុងលោកីយ៍ដ៏កំណាចនេះ ក្រុមជំនុំគ្រីស្ទាន គឺជាទីជម្រកខាងវិញ្ញាណដ៏ពិត—ជាជម្រកនៃសន្ដិភាពនិងសេចក្ដីស្រឡាញ់។ ពេលដែលយើងនៅឯកិច្ចប្រជុំ វិញ្ញាណបរិសុទ្ធនៃព្រះមានឥទ្ធិពលយ៉ាងខ្លាំងក្លាមកលើយើង ហើយបង្កើតផលផ្លែនៃ«សេចក្ដីស្រឡាញ់ អំណរអរ មេត្រីភាព អត់ធ្មត់ សុភាព សប្បុរស ស្មោះត្រង់ ស្លូតបូត ហើយដឹងខ្នាត»។ (កាឡាទី ៥:២២, ២៣) កិច្ចប្រជុំស្អាងចិត្តយើង ដើម្បីឲ្យយើងឈរមាំមួនហើយឲ្យមានសេចក្ដីខ្ជាប់ខ្ជួនក្នុងជំនឿ។ កិច្ចប្រជុំជួយយើងឲ្យរៀបចំប្រុងប្រៀបសំរាប់សេចក្ដីទុក្ខលំបាកទៅអនាគត។
៥ ដោយទៅកិច្ចប្រជុំឲ្យបានទៀងទាត់នោះ យើងពិសោធនូវអ្វីដែលបានរៀបរាប់ ដោយអ្នកសរសេរទំនុកដំកើង ដែលបានកត់ទុកនៅទំនុកដំកើង ១៣៣:១, ៣៖ «មើល! ដែលបងប្អូននៅមូលជាមួយគ្នា ដោយចិត្តព្រមព្រៀង នោះជាការល្អ ហើយសមគួរយ៉ាងណាទៅ»! ទីណាដែលមានរាស្ត្ររបស់ព្រះ ហើយមូលជាមួយគ្នា «ទីនោះព្រះយេហូវ៉ាបានប្រទានព្រះពរ គឺជាជីវិតដ៏នៅអស់កល្បជានិច្ច»។