ការធ្វើបន្ទាល់ដោយចរិយាល្អ
១ ក្នុងសង្គមដែលគ្មានខ្នាតតម្រានេះ ពួកក្មេងៗជាច្រើនបោះបង់ជីវិតរបស់គេទៅលើគ្រឿងញៀន អំពើឥតសីលធម៌ ការបះបោរ និងអំពើឃោរឃៅ។ ផ្ទុយទៅវិញ ចរិយាល្អរបស់ពួកក្មេងៗក្នុងក្រុមជំនុំគ្រីស្ទាន គឺឃើញដ៏គួរឲ្យលើកទឹកចិត្តណាស់ ហើយច្បាស់ជាអ្វីដ៏ល្អចំពោះព្រះយេហូវ៉ាមែន។ គឺធ្វើជាទីបន្ទាល់ដ៏ខ្លាំងខ្លាមួយ ដែលអាចទាញចិត្តអ្នកដទៃមករកសេចក្ដីពិត។—ពេត្រុសទី១ ២:១២
២ ការពិសោធន៍ជាច្រើនបង្ហាញថា ចរិយាល្អនៃយុវជនគ្រីស្ទាន គឺមានលទ្ធផលដ៏វិជ្ជមានទៅលើអ្នកក្រៅ។ ក្នុងការនិយាយអំពីក្មេងស្មរបន្ទាល់ម្នាក់ ដែលជាសិស្សរបស់គាត់ គ្រូម្នាក់ប្រាប់សិស្សទាំងអស់ថា ព្រះរបស់ក្មេងស្រីនេះ ព្រះយេហូវ៉ា គឺជាព្រះពិត។ គាត់បាននិយាយយ៉ាងនេះ ពីព្រោះក្មេងស្រីនេះមានចរិយាដ៏គោរពជានិច្ច។ គ្រូបង្រៀនម្នាក់ទៀត បានសរសេរទៅសមាគម ដោយមានប្រសាសន៍ថា៖ «ខ្ញុំសូមសរសើរអ្នកចំពោះយុវជនដ៏ល្អ ដែលមាននៅក្នុងសាសនារបស់អ្នក។ . . . យុវជនរបស់អ្នកជាគំរូដ៏ល្អមែន។ ពួកគេគោរពអ្នកចាស់ទុំ ចេះគួរសម ហើយស្លៀកពាក់សមរម្យ។ ហើយពួកគេមានចំណេះអំពីព្រះគម្ពីរយ៉ាងច្បាស់ទៀតផង! សាសនាពិតគួរតែអញ្ចឹងមែន»!
៣ គ្រូបង្រៀនម្នាក់ទៀតបានរំភើបចិត្តនឹងចរិយាល្អនៃក្មេងស្មរបន្ទាល់អាយុប្រាំពីឆ្នាំ ក្នុងថ្នាក់របស់គាត់។ គាត់ចាប់អារម្មណ៍នឹងចរិយាដ៏សុភាព ហើយដ៏រីករាយរបស់ក្មេងប្រុសនេះ ដែលធ្វើឲ្យក្មេងនោះខុសពីក្មេងឯទៀត។ គាត់មានចិត្តអស្ចារ្យនឹងអាកប្បកិរិយាដ៏មាំមួនរបស់ក្មេងនេះ ទៅលើជំនឿរបស់ខ្លួន ដែលមិនចេះខ្មាសដោយខុសប្លែកពីគេ ដោយព្រោះអ្វីដែលខ្លួនជឿ។ គ្រូនេះបានឃើញថា មនសិការរបស់ក្មេងនោះបានត្រូវអប់រំ ហើយក្មេងនោះអាច«ដឹងខុសត្រូវ»។ (ហេព្រើរ ៥:១៤) មិនយូរឡើយ ម្ដាយក្មេងប្រុសនេះទៅជួបគ្រូនោះ ហើយក៏ចាប់សិក្សាព្រះគម្ពីរជាមួយគ្រូនោះ។ ក្រោយមក គ្រូបង្រៀននេះបានធ្វើបុណ្យជ្រមុជទឹក ហើយក៏បានមកធ្វើជាអ្នកត្រួសត្រាយពេញពេល!
៤ យុវជនប្រុសម្នាក់បានត្រូវទាក់ទាញចិត្តដោយចរិយាល្អនៃស្មរបន្ទាល់ម្នាក់នៅសាលារបស់គាត់។ នាងពិតជាខុសប្លែកមែន ដែលចេះគួរសម ឧស្សាហ៍រៀនសូត្រ ហើយនាងមានសំលៀកបំពាក់ដ៏សមរម្យជានិច្ច។ ម្យ៉ាងទៀត មិនដូចស្រីៗឯទៀត នោះនាងមិនដែលចែចង់ជាមួយប្រុសៗឡើយ។ ក្មេងប្រុសនេះបានសួរនាងអំពីជំនឿរបស់នាង ហើយមានចិត្តអស្ចារ្យនូវអ្វីៗដែលគាត់បានរៀន។ គាត់បានចាប់ផ្ដើមរៀនព្រះគម្ពីរ ហើយមិនយូរប៉ុន្មានក៏ធ្វើបុណ្យជ្រមុជទឹក ហើយបានចូលរួមផ្សាយក្នុងកិច្ចបំរើពេញពេល ហើយបំរើនៅបេតអែល។
៥ បើអ្នកជាគ្រីស្ទានក្មេងម្នាក់ដែលមានចិត្តចង់ធ្វើបន្ទាល់ដល់អ្នកឯទៀត ចូរប្រុងប្រយ័ត្ននឹងចរិយារបស់អ្នកគ្រប់ជំពូក។ ចូរកុំយល់ស្របទៅលើអាកប្បកិរិយាលោកីយ៍ដែលគ្មានខ្នាតតម្រានេះ ហើយនិងទស្សនៈ ឬការរស់នៅឡើយ។ ចូររក្សាទុកគំរូឲ្យបានខ្ពង់ខ្ពស់ខាងពាក្យសំដី និងសំលៀកបំពាក់ មិនគ្រាន់តែពេលទៅផ្សាយ ហើយតាមកិច្ចប្រជុំក្រុមជំនុំឡើយ ប៉ុន្តែនៅសាលាហើយពេលដើរលេងកំសាន្តផងដែរ។ (ធីម៉ូថេទី១ ៤:១២) អ្នកនឹងមានការរីករាយដ៏ពិត ពេលដែលអ្នកណាម្នាក់ចាប់អារម្មណ៍នឹងសេចក្ដីពិត ពីព្រោះអ្នកបានឲ្យ‹ពន្លឺរបស់អ្នកបានភ្លឺឡើង› តាមរយៈកិរិយាល្អរបស់អ្នក។—ម៉ាថាយ ៥:១៦