ពួកយុវវ័យដែលកំពុងតែភ្លឺនៅកណ្ដាលគេដូចជាតួពន្លឺ
១ ព្រះយេស៊ូបានមានបន្ទូលទៅសិស្សរបស់ទ្រង់ថា៖ «អ្នករាល់គ្នាជាពន្លឺនៃលោកីយ»។ (ម៉ាថ. ៥:១៤, ១៦) ពួកគេនឹងលេចធ្លោដូចជាទីក្រុងមួយដែលស្ថិតនៅលើកំពូលភ្នំមើលទៅដូចជាចែងចាំងក្រោមពន្លឺព្រះអាទិត្យ។ សព្វថ្ងៃនេះគ្រីស្ទានវ័យក្មេងជាច្រើនកំពុងតែ«ភ្លឺនៅកណ្ដាលគេដូចជាតួពន្លឺនៅក្នុងលោក» ដោយសារចរិយាទៀងត្រង់និងការធ្វើបន្ទាល់ដោយចិត្តខ្នះខ្នែងរបស់ពួកគេ។—ភី. ២:១៥; ម៉ាឡ. ៣:១៨
២ នៅឯសាលា: តើប្អូនអាចធ្វើបន្ទាល់នៅឯសាលាតាមរបៀបណា? ប្អូនៗយុវវ័យខ្លះឆ្លៀតឱកាសពេលពិភាក្សានៅក្នុងថ្នាក់អំពីប្រធានបទផ្សេងៗដូចជាថ្នាំញៀន ការវិវត្ត និងរបបប៉ុលពតជាដើម។ នៅឯសាលាមួយសិស្សបានត្រូវតម្រូវឲ្យតែងសេចក្ដីស្តីអំពីភេរវកម្ម។ ប្អូនស្រីម្នាក់បានប្រើឱកាសនោះដើម្បីធ្វើបន្ទាល់អំពីព្រះរាជាណាចក្ររបស់ព្រះជាសេចក្ដីសង្ឃឹមពិតប្រាកដសំរាប់មនុស្សជាតិ។ អ្នកគ្រូបានកោតស្ញើចចំពោះអត្ថបទរបស់ប្អូនស្រីនោះដែលបានរៀបចំយ៉ាងល្អ ហើយនេះបានបើកផ្លូវឲ្យប្អូនធ្វើបន្ទាល់ថែមទៀត។
៣ របៀបមួយទៀតដែលប្អូនអាចភ្លឺនៅកណ្ដាលគេដូចជាតួពន្លឺគឺដោយសារចរិយានិងការស្លៀកពាក់សំអិតសំអាងខ្លួនដ៏សមរម្យ។ (១កូ. ៤:៩; ១ធី. ២:៩) ពេលដែលពួកសិស្សនិងគ្រូបង្រៀនឃើញថាអាកប្បកិរិយារបស់ប្អូនគឺខុសពីអ្នកដទៃ នោះចរិយាល្អរបស់ប្អូនប្រហែលជាទាក់ទាញចិត្តអ្នកខ្លះមករកសេចក្ដីពិត ហើយផ្ដល់ឱកាសឲ្យប្អូនប្រាប់ពួកគេអំពីសេចក្ដីពិតពីព្រះគម្ពីរ។ (១ពេ. ២:១២; ៣:១, ២) ការធ្វើស្របតាមគោលការណ៍របស់ព្រះប្រហែលមិនស្រួលទេ ប៉ុន្តែព្រះយេហូវ៉ានឹងប្រទានពរដល់ប្អូនយ៉ាងបរិបូរ។ (១ពេ. ៣:១៦, ១៧; ៤:១៤) ដើម្បីបង្កើតចំណាប់អារម្មណ៍ទៅលើដំណឹងល្អ ប្អូនអាចអានប្រកាសនវត្ថុព្រះគម្ពីរពេលសំរាកថ្ងៃត្រង់ ឬទុកប្រកាសនវត្ថុនោះនៅកន្លែងណាដែលអ្នកឯទៀតអាចមើលឃើញ។
៤ ការដែលប្អូនឲ្យពន្លឺរបស់ប្អូនបានភ្លឺនៅឯសាលា នោះនឹងពង្រឹងជំនឿរបស់ប្អូនហើយនឹងជួយឲ្យប្អូនមានមោទនភាពក្នុងការបំរើព្រះ។ (យេ. ៩:២៤) នេះក៏នឹងជួយការពារប្អូនផងដែរ។ ប្អូនស្រីម្នាក់បានមានប្រសាសន៍ថា៖ «ប្រយោជន៍មួយនៃការនិយាយអំពីជំនឿរបស់ខ្ញុំគឺពួកសិស្សឯទៀតមិនបង្ខំខ្ញុំឲ្យធ្វើអ្វីដែលមិនស្របតាមគោលការណ៍ព្រះគម្ពីរទេ»។
៥ ពង្រីកកិច្ចបំរើផ្សាយ: របៀបមួយទៀតដែលយុវជនជាច្រើនកំពុងតែភ្លឺនៅកណ្ដាលគេដូចជាតួពន្លឺនោះ គឺដោយពង្រីកកិច្ចបំរើផ្សាយរបស់គេ។ បន្ទាប់ពីបានបញ្ចប់ការសិក្សានៅវិទ្យាល័យ ប្អូនប្រុសម្នាក់បានផ្លាស់ទីលំនៅទៅបំរើនៅកន្លែងផ្សេងដែលត្រូវការអ្នកផ្សព្វផ្សាយព្រះរាជាណាចក្រច្រើនជាង។ គាត់នៅក្នុងក្រុមជំនុំតូចមួយដែលមានអ្នកចាស់ទុំតែម្នាក់ប៉ុណ្ណោះ។ គាត់បានសរសេរសំបុត្រទៅមិត្តភក្ដិម្នាក់ថា៖ «ខ្ញុំកំពុងតែមានជីវិតដ៏សប្បាយរីករាយនៅទីនេះ»។ «កិច្ចបំរើផ្សាយផ្ដល់នូវកម្លាំងចិត្តច្រើនណាស់! នៅផ្ទះនីមួយៗ យើងសន្ទនាប្រហែល២០នាទី ពីព្រោះគេចង់ស្ដាប់អំពីអ្វីដែលយើងអាចប្រាប់ពួកគេ»។ គាត់បន្ថែមទៀតថា៖ «ខ្ញុំចង់ឲ្យយុវវ័យគ្រប់រូបធ្វើអ្វីដូចនេះហើយមានអារម្មណ៍ដូចខ្ញុំដែរ។ គ្មានអ្វីប្រសើរជាងការបំរើព្រះដោយអស់អំពីសមត្ថភាពរបស់យើងទេ»។
៦ យើងពិតជាមានមោទនភាពចំពោះប្អូនជាយុវវ័យដែលកំពុងតែភ្លឺនៅកណ្ដាលគេដូចជាតួពន្លឺក្នុងលោកមែនហ្ន៎! (១ថែ. ២:២០) កាលដែលយើងបំរើព្រះអស់អំពីចិត្ត អស់អំពីព្រលឹង អស់អំពីគំនិត និងអស់អំពីកម្លាំង នោះយើងនឹង«ទទួលជា១រយភាគឡើង ក្នុងសម័យនេះ . . . ហើយដល់បរលោក[ឬ«ពិភពលោកខាងមុខ», ព.ថ.] នឹងបានជីវិតរស់អស់កល្បជានិច្ចផង»។—ម៉ាក. ១០:២៩, ៣០; ១២:៣០
[សំណួរសម្រាប់អត្ថបទសិក្សា]
១. តើព្រះគម្ពីរបង្ហាញថាបណ្ដាគ្រីស្ទាននឹងលេចធ្លោយ៉ាងណា? ហើយតើសព្វថ្ងៃនេះព្រះបន្ទូលនោះទាក់ទងនឹងគ្រីស្ទានជាយុវវ័យយ៉ាងដូចម្ដេច?
២. តើតាមរបៀបណាខ្លះដែលប្អូនអាចធ្វើបន្ទាល់ដល់គ្រូនិងសិស្សរួមថ្នាក់?
៣. តាមរយៈចរិយារបស់ប្អូននៅឯសាលា តើប្អូនអាចឲ្យពន្លឺរបស់ប្អូនបានភ្លឺយ៉ាងដូចម្ដេច?
៤. តើការធ្វើបន្ទាល់នៅឯសាលាមានប្រយោជន៍អ្វីខ្លះ?
៥. (ក) តើយុវវ័យខ្លះកំពុងតែពង្រីកកិច្ចបំរើផ្សាយរបស់គេយ៉ាងដូចម្ដេច? (ខ) តើអ្វីទៅជាគោលដៅខាងវិញ្ញាណរបស់ប្អូន?
៦. តើអ្វីដែលធ្វើឲ្យអ្នកមានមោទនភាពចំពោះប្អូនៗយុវវ័យនៅក្នុងក្រុមជំនុំរបស់អ្នក?