«ភ្លឺ . . . ដូចជាតួពន្លឺ»
១ ក្នុងគ្រាអន្ធការខាងវិញ្ញាណនិងខាងសីលធម៌នៃរបបលោកីយ៍នេះ អ្នកថ្វាយបង្គំព្រះពិតគឺព្រះយេហូវ៉ា ប្រហែលជាប្រាំមួយលាននាក់កំពុងតែ«ភ្លឺ . . . ដូចជាតួពន្លឺ» ក្នុង ២៣៤ ប្រទេសទូទាំងពិភពលោក។ (ភី. ២:១៥) ស្ថានភាពទាំងនេះធ្វើឲ្យគេស្រួលកត់សម្គាល់អំពីយើង។ តើយើងអាចសម្ដែងនូវពន្លឺជាសេចក្ដីពិតដែលមកពីព្រះយេហូវ៉ាយ៉ាងដូចម្ដេច?—២កូ. ៣:១៨
២ ការប្រព្រឹត្តរបស់យើង: អ្នកដទៃរហ័សកត់សម្គាល់ចរិយារបស់យើង។ (១ពេ. ២:១២) ស្ត្រីម្នាក់បានកត់សម្គាល់ថា អ្នកធ្វើការជាមួយគាត់ដែលជាស្មរបន្ទាល់ម្នាក់ មានចិត្តសប្បុរសចេះជួយអ្នកដទៃ ហើយមិនប្រើពាក្យសំដីអាក្រក់ឬព្រមស្ដាប់រឿងលេងសើចអាសអាភាសនោះទេ។ នៅពេលដែលអ្នកឯទៀតខំធ្វើឲ្យស្មរបន្ទាល់ម្នាក់នេះខឹង ដោយនិយាយពាក្យអាក្រក់ៗនៅមុខគាត់ ប៉ុន្តែគាត់នៅតែស្ងៀមហើយកាន់ជំហរមុតមាំចំពោះអ្វីដែលត្រឹមត្រូវវិញ។ តើចរិយារបស់ស្មរបន្ទាល់នេះមានអានុភាពអ្វីទៅលើស្ត្រីនេះ? ស្ត្រីនេះនៅចាំថា៖ «ខ្ញុំបានស្ងើចនឹងចរិយារបស់គាត់ខ្លាំងដល់ម្ល៉េះបានជាខ្ញុំចាប់ផ្ដើមសួរសំនួរអំពីព្រះគម្ពីរ។ ខ្ញុំបានចាប់ផ្ដើមសិក្សាព្រះគម្ពីរហើយក្រោយមកខ្ញុំបានទទួលបុណ្យជ្រមុជទឹក»។ គាត់និយាយទៀតថា៖ «គឺដោយព្រោះចរិយារបស់គាត់ដែលជំរុញឲ្យខ្ញុំពិនិត្យមើលជំនឿរបស់ស្មរបន្ទាល់ព្រះយេហូវ៉ា»។
៣ អាកប្បកិរិយារបស់យើងចំពោះអ្នកមានអំណាចគ្រប់គ្រង ទស្សនៈរបស់យើងចំពោះការប្រព្រឹត្តរបស់មនុស្សក្នុងលោកីយ៍ ហើយពាក្យសំដីសមរម្យរបស់យើង បណ្ដាលឲ្យអ្នកដទៃកត់សម្គាល់ឃើញថា ស្មរបន្ទាល់ព្រះយេហូវ៉ាជាមនុស្សដែលរស់នៅសមស្របទៅតាមខ្នាតតម្រាដ៏ខ្ពង់ខ្ពស់ក្នុងព្រះគម្ពីរ។ ការដ៏ល្អទាំងនេះអាចនាំឲ្យគេលើកដំកើងសិរីរបស់ព្រះយេហូវ៉ាហើយទាញចិត្តអ្នកឯទៀតឲ្យមកថ្វាយបង្គំទ្រង់ដែរ។
៤ ពាក្យសំដីរបស់យើង: ប្រាកដហើយ អស់អ្នកដែលឃើញចរិយាដ៏ល្អរបស់យើងប្រហែលមិនដឹងនូវមូលហេតុដែលយើងខុសប្លែកពីគេទេ លើកលែងតែយើងប្រាប់គេអំពីជំនឿរបស់យើង។ តើមនុស្សដែលធ្វើការជាមួយអ្នកឬក៏មិត្តរួមថ្នាក់ដឹងថា អ្នកជាស្មរបន្ទាល់ព្រះយេហូវ៉ាម្នាក់ទេ? តើអ្នកប្រើឱកាសពេលសន្ទនាធម្មតា ជាពេលល្អដើម្បីធ្វើបន្ទាល់ឬទេ? តើអ្នកប្ដេជ្ញាចិត្ត«ឲ្យពន្លឺរបស់អ្នករាល់គ្នា បានភ្លឺនៅមុខមនុស្សលោក» នូវគ្រប់ឱកាសដ៏សមរម្យឬទេ?—ម៉ាថ. ៥:១៤-១៦
៥ ការបំពេញមុខងារជាអ្នកដែលបញ្ចេញពន្លឺ តម្រូវឲ្យយើងមានគំនិតចេះពលីខ្លួន។ ការមានគំនិតចង់បំរើព្រះអស់ពីចិត្តនឹងជំរុញយើងជៀសវាងពីអ្វីៗដែលមិនសូវសំខាន់ ដើម្បីធ្វើឲ្យអស់ពីសមត្ថភាពក្នុងការងារដ៏ចាំបាច់ខាងការសង្គ្រោះជីវិត គឺជាការផ្សព្វផ្សាយនិងការបង្កើតឲ្យមានសិស្ស។—២កូ. ១២:១៥
៦ តាមការប្រព្រឹត្តនិងពាក្យសំដីរបស់យើង សូមបន្តបំភ្លឺដូចជាតួពន្លឺ។ បើយើងធ្វើដូច្នេះ ប្រហែលចិត្តរបស់អ្នកឯទៀតនឹងជំរុញឲ្យគេចូលរួមនឹងយើងក្នុងការលើកដំកើងសិរីរបស់ព្រះយេហូវ៉ាដែរ។