ចូរប្រកាសប្រាប់ដំណឹងល្អដោយចំណង់យ៉ាងខ្លាំង
១ «ខ្ញុំរំឭកចង់ឃើញអ្នករាល់គ្នា . . . ឯខ្ញុំៗប្រុងប្រៀប[មានចំណង់ខ្លាំង ព.ថ.]តែនឹងប្រាប់ដំណឹងល្អមកអ្នករាល់គ្នា»។ នេះជារបៀបដែលសាវ័កប៉ុលបានសម្ដែងអារម្មណ៍របស់គាត់ នៅដើមសំបុត្ររបស់គាត់ទៅកាន់ពួកបងប្អូននៅឯទីក្រុងរ៉ូម។ ហេតុអ្វីក៏ប៉ុលមានចំណង់ខ្លាំងទៅជួបពួកគេ? គាត់បាននិយាយថា៖ «ដើម្បីឲ្យបានផលខ្លះ ក្នុងពួកអ្នករាល់គ្នា . . . ដ្បិតខ្ញុំគ្មានសេចក្ដីខ្មាស ចំពោះដំណឹងល្អនៃព្រះគ្រីស្ទទេ ពីព្រោះជាព្រះចេស្ដានៃព្រះ សំរាប់នឹងជួយសង្គ្រោះ»។—រ៉ូម ១:១១-១៦
២ ប៉ុលបានបង្ហាញការមានចំណង់យ៉ាងខ្លាំងដូចនេះក្នុងការនិយាយជាមួយពួកអ្នកចាស់ទុំនៅទីក្រុងអេភេសូរ។ គាត់បានរំឭកពួកគេថា៖ «តាំងពីថ្ងៃដែលខ្ញុំចូលទៅស្រុកអាស៊ីមុនដំបូង . . . ខ្ញុំមិនបានខាននឹង . . . បង្រៀនដល់អ្នករាល់គ្នានៅកណ្ដាលជំនុំវិញ ហើយពីផ្ទះ១ទៅផ្ទះ១ផង ក៏ធ្វើបន្ទាល់អស់ពីចិត្ត ដល់ទាំងពួកសាសន៍យូដានឹងពួកសាសន៍ក្រេកផង»។ (កិច្ចការ ២០:១៨-២១) ទូទាំងតំបន់ផ្សាយដែលបានត្រូវប្រគល់ឲ្យប៉ុល នោះគាត់ប្ដេជ្ញាចិត្តនឹងផ្សាយដំណឹងល្អនៃសេចក្ដីសង្គ្រោះ និងបានផលខាងឯព្រះរាជាណាចក្រ។ នេះពិតជាគំរូល្អដ៏គួរត្រាប់តាមយ៉ាងណាទៅហ្ន៎!
៣ ប្រហែលជាយើងអាចសួរខ្លួនយើងថា៖ ‹តើខ្ញុំបង្ហាញការមានចំណង់យ៉ាងខ្លាំងដូច្នេះ ក្នុងការប្រកាសដំណឹងល្អក្នុងសហគមន៍របស់ខ្ញុំឬទេ? ជាជាងគិតពីកិច្ចផ្សព្វផ្សាយ ជាកាតព្វកិច្ចមួយតែប៉ុណ្ណោះ តើខ្ញុំមានចំណង់យ៉ាងខ្លាំង ក្នុងការចែកផ្សាយដំណឹងល្អ ដល់មនុស្សច្រើនបំផុតដែលអាចធ្វើទៅបានឬទេ? តើខ្ញុំបានពិចារណាទាំងអធិស្ឋាន អំពីកាលៈទេសៈរបស់ខ្ញុំផ្ទាល់ទេ? តើខ្ញុំបានសាកប្រើវិធីទាំងអស់ ដែលមានក្នុងតំបន់ផ្សាយរបស់យើង ដូចការផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយ តាមផ្លូវ នៅតំបន់ពាណិជ្ជកម្ម តាមទូរស័ព្ទ និងក្រៅផ្លូវការឬទេ›?
៤ ចូលរួមដោយចំណង់យ៉ាងខ្លាំងក្នុងកំឡុងខែមេសា: ខែមេសា ជាខែល្អសំរាប់ការបង្កបង្កើន នូវចំណែករបស់យើងផ្ទាល់ក្នុងកិច្ចផ្សព្វផ្សាយ។ ដោយចំនួនម៉ោងបានត្រូវកាត់បន្ថយ នោះគួរជួយអ្នកផ្សាយឲ្យបានច្រើនថែមទៀត ដើម្បីមានសមត្ថភាពត្រួសត្រាយជំនួយ។ ប្រហែលជាកាលៈទេសៈរបស់អ្នក នឹងឲ្យអ្នកបំរើជាអ្នកត្រួសត្រាយជំនួយ ក្នុងកំឡុងខែមេសានិងឧសភា។ ឬក៏ប្រហែលជាអ្នកអាចចុះឈ្មោះ ជាអ្នកត្រួសត្រាយពេញពេល ដោយព្រោះចំនួនម៉ោងបានត្រូវបន្ថយនោះ។ ប្រសិនបើអ្នកជាអ្នកផ្សាយនៃក្រុមជំនុំ តើអ្នកអាចចំណាយពេលច្រើនជាងធម្មតា ក្នុងកិច្ចបំរើ ក្នុងកំឡុងខែនេះនិងខែជាបន្ទាប់ ទាំងជួយគាំទ្រអ្នកដែលមានសមត្ថភាពត្រួសត្រាយពេញពេលឬទេ? ការនោះនឹងធ្វើឲ្យព្រះយេហូវ៉ា មានព្រះទ័យរីករាយណាស់!
៥ ដូចប៉ុលដែរ នោះអ្នកផ្សាយព្រះរាជាណាចក្រ គួរបន្តបង្ហាញការមានចំណង់យ៉ាងខ្លាំង ដោយការខិតខំពង្រីកចំណែកក្នុងកិច្ចផ្សព្វផ្សាយ។ ការធ្វើឲ្យអស់ពីចិត្តរបស់យើង ក្នុងកិច្ចបំរើ នោះនឹងផ្ដល់សេចក្ដីអំណរដ៏ពិតប្រាកដ។ នេះហើយជាអារម្មណ៍ដែលប៉ុល បានមានចំពោះកិច្ចបំរើដ៏ពិសិដ្ឋរបស់គាត់។ ជាការល្អ បើសិនជាយើងត្រាប់តាមគំរូដ៏ប្រសើររបស់គាត់នោះ។—រ៉ូម ១១:១៣; កូរិនថូសទី១ ៤:១៦