តើអ្នកនឹងនិយាយយ៉ាងណាទៅមនុស្សដែលមិនជឿថាមានព្រះ?
១ សាស្ដ្រាចារ្យម្នាក់ពីប្រទេសប៉ូឡូញ បានមានប្រសាសន៍ទៅបេសកជនម្នាក់នៅទ្វីបអាហ្វ្រិកថា៖ «ខ្ញុំមិនជឿថាមានព្រះទេ»។ ប៉ុន្តែ បងស្រីនោះបានពិភាក្សាជាមួយនឹងស្ត្រីហ្នឹង ហើយក៏បានផ្ដល់ឲ្យសៀវភៅ ជីវិត—បានកើតមានឡើងតាមរបៀបណា? តាមរបៀបវិវត្តន៍ ឬតាមការបង្កើត? (ភាសាអង់គ្លេស) ពេលដែលបេសកជននោះបានទៅជួបសាស្ដ្រាចារ្យនេះនៅសប្ដាហ៍ក្រោយ នោះគាត់បានប្រាប់នាងថា៖ «ខ្ញុំលែងជាបុគ្គលដែលមិនជឿថាមានព្រះទៀតហើយ!» ស្រីនេះបានអានសៀវភៅ ការបង្កើត ទាំងមូលហើយបានស្នើសុំសិក្សាព្រះគម្ពីរ។ តើអ្នកអាចធ្វើយ៉ាងណាដើម្បីឲ្យបានជោគជ័យ ក្នុងការផ្សព្វផ្សាយដល់មនុស្សដែលថាគេមិនជឿថាមានព្រះនោះ? មុនបង្អស់ សូមឲ្យយើងពិចារណានូវមូលហេតុផ្សេងៗ ដែលនាំឲ្យមនុស្សអះអាងអ៊ីចឹង។
២ កត្ដាដែលនាំឲ្យមិនជឿ: មិនមែនអ្នកទាំងអស់ដែលមិនជឿថាមានព្រះ បានត្រូវចិញ្ចឹមអប់រំឲ្យជឿអ៊ីចឹងនោះទេ។ គេជាច្រើនធ្លាប់កាន់សាសនាម្យ៉ាងហើយបានជឿលើព្រះទៀតផង។ ប៉ុន្តែ បញ្ហាដ៏ធ្ងន់ធ្ងរខាងសុខភាពឬក៏គ្រួសារ ឬក៏អំពើអយុត្ដិធម៌ណាមួយដែលគេបានពិសោធន៍ បានធ្វើឲ្យជំនឿរបស់គេទៅជាទន់ខ្សោយ។ ចំពោះអ្នកដទៃទៀត មុខវិជ្ជាផ្សេងៗដែលត្រូវបង្រៀននៅឯសាលានៃការអប់រំថ្នាក់ខ្ពស់ បានមានឥទ្ធិពលដ៏អវិជ្ជមានទៅលើទស្សនៈរបស់ពួកគេចំពោះព្រះ។ សូមកត់សម្គាល់នូវឧទាហរណ៍ជាបន្តបន្ទាប់នេះ អំពីមនុស្សមិនជឿថាមានព្រះ ដែលជាយថាហេតុបានបណ្ដុះឲ្យមានជំនឿមុតមាំទៅលើព្រះយេហូវ៉ា ហើយបានទៅជាស្មរបន្ទាល់របស់ទ្រង់។
៣ ស្ត្រីម្នាក់នៅទីក្រុងប៉ារីសបានកើតមកទាំងមានជម្ងឺឆ្អឹង ដែលធ្វើឲ្យរូបកាយកាន់តែខ្សោយ។ ទោះបីគាត់បានទទួលការជ្រមុជទឹកក្នុងសាសនាកាតូលិកក៏ដោយ ក៏គាត់បានមានប្រសាសន៍ថាខ្លួនមិនជឿថាមានព្រះទេ។ ពេលដែលគាត់បានសួរពួកដូនជីអំពីមូលហេតុ ដែលព្រះបានអនុញ្ញាតឲ្យគាត់កើតមកពិការអ៊ីចឹង គេបានឆ្លើយថា៖ «ពីព្រោះទ្រង់ស្រឡាញ់អ្នក»។ គាត់បានបដិសេធមិនព្រមទទួលគំនិតដ៏មិនសមហេតុផលនេះទេ។ ម្យ៉ាងទៀត សូមពិចារណាយុវជនម្នាក់នៅប្រទេសហ្វាំងឡង់ ដែលបានត្រូវគេធ្វើរោគវិនិច្ឆ័យថាគាត់មានជម្ងឺសាច់ដុំមួយដែលព្យាបាលមិនបានទេ ហើយត្រូវតែអង្គុយក្នុងកៅអីកង់សំរាប់មនុស្សពិការ។ ម្ដាយរបស់គាត់បាននាំគាត់ទៅជួបអ្នកកាន់សាសនាភិន្ដាកុសម្នាក់ ដែលបានអះអាងថាខ្លួនចេះព្យាបាលអ្នកជម្ងឺ។ ប៉ុន្តែ មិនបានមានការព្យាបាលដោយអព្ភូតហេតុនោះទេ។ ជាលទ្ធផល យុវបុរសនោះបានបាត់បង់នូវចំណាប់អារម្មណ៍របស់គាត់ទៅលើព្រះ ហើយបានទៅជាអ្នកដែលជឿថាគ្មានព្រះទេ។
៤ បុរសម្នាក់នៅប្រទេសហុងឌុយរ៉ាស បានត្រូវចិញ្ចឹមអប់រំជាអ្នកកាន់សាសនាកាតូលិក ក៏ប៉ុន្តែ គាត់ក៏បានសិក្សាទស្សនវិជ្ជាផ្នែកសង្គមនិយមនិងលទ្ធិបដិសេធព្រះ។ ដោយព្រោះសេចក្ដីបង្រៀនពីសកលវិទ្យាល័យបាននាំឲ្យជឿថា មនុស្សជាលទ្ធផលនៃការវិវត្តន៍ នោះគាត់បានលែងជឿថាមានព្រះ។ ស្រដៀងគ្នាដែរ នៅសហរដ្ឋអាមេរិកស្ត្រីម្នាក់បានត្រូវចិញ្ចឹមអប់រំជាអ្នកកាន់សាសនាមិតូដិស។ នៅមហាវិទ្យាល័យ ស្ត្រីនោះបានសិក្សាអំពីចិត្តសាស្ត្រ។ តើនេះបានមានអានុភាពយ៉ាងណាទៅលើជំនឿរបស់គាត់? គាត់បានមានប្រសាសន៍ថា៖ «ក្នុងរយៈពេលតែរដូវក្ដៅប៉ុណ្ណោះ ពួកគេបានបំផ្លិចបំផ្លាញអស់រលីងនូវជំនឿរបស់ខ្ញុំទៅលើសាសនា»។
៥ ការមានអានុភាពលើចិត្តរបស់អ្នកស្មោះត្រង់: មនុស្សជាច្រើនដែលនិយាយថាគេមិនជឿថាមានព្រះនោះ នឹងអបអរនូវការដឹងថាមានដំណោះស្រាយចំពោះបញ្ហាផ្សេងៗ ដូចជា សុខភាពមិនល្អ ការបែកបាក់ក្នុងក្រុមគ្រួសារ និងអយុត្ដិធម៌ជាដើម។ ពួកគេចាប់អារម្មណ៍យ៉ាងស្មោះចង់ស្វែងរកចម្លើយ ចំពោះសំនួរដូចជា៖ ‹ហេតុអ្វីក៏មានការអាក្រក់?› ‹ហេតុអ្វីមានរឿងអាក្រក់កើតឡើងដល់មនុស្សល្អ?› ហើយ‹តើអ្វីជាអត្ថន័យនៃជីវិត?›
៦ គូរស្វាមីភរិយាដែលកំពុងតែរស់នៅប្រទេសស្វីស ទាំងពីរនាក់បានត្រូវចិញ្ចឹមជាអ្នកមិនជឿថាមានព្រះទេ។ នៅលើកដំបូងដែលគេបានឮសេចក្ដីពិត ការតបរបស់គេគឺអវិជ្ជមាន។ ប៉ុន្តែ គេបានមានបញ្ហាគ្រួសារដ៏ធ្ងន់ធ្ងរហើយបានគិតអំពីការលែងលះគ្នា។ ពេលពួកស្មរបន្ទាល់ព្រះយេហូវ៉ាបានមកលេងម្ដងទៀត គាត់បានបង្ហាញស្វាមីភរិយានោះពីព្រះគម្ពីរ នូវរបៀបដោះស្រាយបញ្ហារបស់គេ។ ស្វាមីភរិយានោះបានភ្ញាក់ខ្លាំងចំពោះឱវាទដ៏មានប្រយោជន៍ ដែលមានក្នុងបទគម្ពីរ ហើយគេបានយល់ព្រមសិក្សាព្រះគម្ពីរ។ អាពាហ៍ពិពាហ៍របស់គេបានទៅជារឹងមាំ គេបានលូតលាស់ខាងវិញ្ញាណ ហើយបានទទួលបុណ្យជ្រមុជទឹក។
៧ អ្វីដែលអាចនិយាយចំពោះអ្នកដែលមិនជឿថាមានព្រះ: ពេលដែលមនុស្សម្នាក់ប្រាប់អ្នកថា ខ្លួនគេមិនជឿថាមានព្រះ ចូរខិតខំឲ្យដឹងអំពីមូលហេតុដែលគាត់និយាយដូច្នោះ។ តើនោះគឺដោយសារការអប់រំដែលគាត់បានទទួលពីបញ្ហាផ្សេងៗដែលគាត់ធ្លាប់មាន ឬក៏ដោយសារការលាក់ពុតខាងសាសនានិងសេចក្ដីបង្រៀនមិនពិតដែលគាត់បានឃើញនោះ? អ្នកប្រហែលជាអាចសួរគាត់ថា៖ «តើអ្នកបានមានទស្សនៈអ៊ីចឹងតាំងពីដើមមកឬ?» ឬក៏ «តើអ្វីជាហេតុដែលអ្នកបានសន្និដ្ឋានដូច្នោះ?» ចម្លើយរបស់គាត់នឹងជួយអ្នកសម្រេចចិត្ត ថាគួរនិយាយយ៉ាងណាទៅវិញ។ ពេលដែលមូលដ្ឋានដ៏ខ្លាំងក្លាគឺចាំបាច់ សៀវភៅ តើមានព្រះអាទិទេពដែលយកចិត្តទុកដាក់នឹងអ្នកឬទេ? (ភាសាអង់គ្លេស)ប្រហែលជាអ្វីដែលត្រូវការ។
៨ អ្នកប្រហែលជាអាចផ្ដើមការសន្ទនាជាមួយមនុស្សដែលមិនជឿថាមានព្រះ ដោយការសួរថា៖
▪ «តើអ្នកធ្លាប់ឆ្ងល់ថា៖ ‹បើសិនជាមានព្រះមួយអង្គ ហេតុអ្វីក៏មានការឈឺចាប់និងអយុត្ដិធម៌ច្រើនម្ល៉េះក្នុងពិភពលោក?› [ចាំឲ្យឆ្លើយ] តើខ្ញុំអាចបង្ហាញអ្នកនូវទស្សនៈនៃព្រះគម្ពីរអំពីរឿងនេះបានទេ?» អាន យេរេមា ១០:២៣។ ក្រោយពីបានអានហើយ នោះសួរពីយោបល់របស់គាត់ចំពោះបទគម្ពីរហ្នឹង។ ក្រោយនោះមក បង្ហាញគាត់ទំព័រ ១៦និង១៧ ក្នុងសៀវភៅស្តើង តើនឹងមានពិភពលោកមួយដែលគ្មានសង្គ្រាមទេ? ឬក៏ ជាជំនួស អ្នកអាចប្រើជំពូកទី១០ ក្នុងសៀវភៅព្រះអាទិទេព។ (ភាសាអង់គ្លេស) អញ្ជើញគាត់ឲ្យទទួលសៀវភៅនោះហើយអានពត៌មាននៅក្នុងនោះចុះ។ ដើម្បីបានយោបល់ថែមទៀត សូមមើលសៀវភៅការវែកញែក ទំព័រ១៥០-១៥១ (ភាសាអង់គ្លេស)។
៩ ច្បាស់ហើយ មិនមែនអស់អ្នកដែលមិនជឿថាមានព្រះ ដែលនឹងទទួលសេចក្ដីពិតនោះទេ។ ប៉ុន្តែ មានអ្នកជាច្រើនដែលសុខចិត្តពិចារណាទស្សនៈផ្សេងទៀត។ ប្រើការគិតហេតុផល ការនិយាយដើម្បីបញ្ចុះបញ្ចូល ហើយអ្វីដ៏សំខាន់បំផុត គឺឥទ្ធិពលនៃព្រះបន្ទូលរបស់ព្រះ ដើម្បីជួយគេមើលឃើញសេចក្ដីពិត។—កិច្ចការ ២៨:២៣, ២៤; ហេព្រើរ ៤:១២