«ចូរផ្សាយព្រះបន្ទូល . . . ជាបន្ទាន់»
១ បើសិនជាអ្នកទទួលវត្ថុមួយដែលបិទថា«បន្ទាន់» តើអ្នកនឹងមានទស្សនៈយ៉ាងណាទៅលើវា? ពាក្យ«បន្ទាន់»មានន័យថា«អ្វីដែលត្រូវការនូវការយកចិត្តទុកដាក់ភ្លាមៗ»។ ដូច្នេះ ដោយមានហេតុល្អសមគួរនោះ ប៉ុលបានប្រាប់ពួកគ្រីស្ទានឲ្យ«ផ្សាយព្រះបន្ទូល . . . ជាបន្ទាន់»។ (ធីម៉ូថេទី២ ៤:២, ព.ថ.) តើអ្នកស្ដាប់តាមដោយយកចិត្តទុកដាក់ភ្លាមៗទៅលើកិច្ចការនេះឬទេ?
២ ប្រហែលជាប៉ុលត្រូវគេរៀបរាប់ប្រាប់ថា បងប្អូនខ្លះរបស់គាត់ កំពុងតែបង្ហាញភាព‹ខ្ជិលខាងសេចក្ដីឧស្សាហ៍›ក្នុងកិច្ចការគ្រីស្ទាន។ (រ៉ូម ១២:១១) នេះបានដាក់កំរិតទៅលើលទ្ធផលពីការព្យាយាមរបស់គេ ព្រមទាំងអំណរដែលអាចត្រូវទទួលពីការជួយអ្នកដទៃ។
៣ ទស្សនៈរបស់ព្រះយេស៊ូចំពោះកិច្ចបំរើ: ព្រះយេស៊ូបានមានព្រះទ័យសប្បាយយ៉ាងណាទៅហ្ន៎ ក្នុងការបំពេញកិច្ចបំរើរបស់ទ្រង់! ទ្រង់បានមានបន្ទូលថា៖ «ឯអាហារខ្ញុំ គឺត្រង់ដែលខ្ញុំធ្វើតាមព្រះហឫទ័យនៃព្រះ ដែលចាត់ឲ្យខ្ញុំមក ព្រមទាំងបង្ហើយការរបស់ទ្រង់នោះឯង»។ គំរូរបស់ព្រះយេស៊ូបានជំរុញសិស្សរបស់ទ្រង់ ដែលទ្រង់បានលើកទឹកចិត្តដោយប្រាប់គេថា‹ស្រែបានក្រហមល្មមច្រូតហើយ›។ (យ៉ូហាន ៤:៣៤, ៣៥) ភាពបន្ទាន់ដែលត្រូវបានបង្ហាញទូទាំងកិច្ចបំរើរបស់ទ្រង់ គឺជាក់ស្តែងពេលទ្រង់មានបន្ទូលប្រាប់សិស្សទ្រង់ឲ្យ«អង្វរដល់ព្រះអម្ចាស់នៃចំរូត ឲ្យទ្រង់ចាត់អ្នកច្រូតមកក្នុងចំរូតទ្រង់»។ (ម៉ាថាយ ៩:៣៨) ព្រះយេស៊ូបានយល់ដឹងថា មុខងាររបស់ទ្រង់គឺដើម្បីផ្សព្វផ្សាយ ហើយទ្រង់បានតាំងព្រះទ័យមិនឲ្យអ្វីមកបង្ការទ្រង់ពីកិច្ចការនោះឡើយ។
៤ ចុះយ៉ាងណាវិញចំពោះយើង? សព្វថ្ងៃនេះ ការជឿនទៅមុខក្នុងកិច្ចផ្សព្វផ្សាយមានភាពបន្ទាន់ច្រើនបំផុត។ នៅកន្លែងច្រើនលើផែនដី ស្រែគឺទុំល្មមច្រូតបានហើយ។ សូម្បីតែនៅប្រទេសណាដែលមើលទៅដូចជាធ្វើបន្ទាល់យ៉ាងហ្មត់ចត់និងពេញលេញហើយក៏ដោយ ក៏នៅមានរាប់ពាន់នាក់ជារៀងរាល់ឆ្នាំដែលត្រូវជ្រមុជទឹក។ ដោយព្រោះទីបញ្ចប់នៃរបបលោកីយ៍នេះកំពុងតែឆ្ពោះមកដល់យ៉ាងឆាប់រហ័ស នោះ‹ការព្រះអម្ចាស់គឺបរិបូរ›។ (កូរិនថូសទី១ ១៥:៥៨) ឥឡូវនេះ គឺជាគ្រាសំខាន់ជាងពេលណាៗទៀតដែលយើងត្រូវខិតខំព្យាយាមយ៉ាងខ្លាំង ក្នុងការប្រាប់អ្នកដទៃពីសារព្រះរាជាណាចក្រ។
៥ ចូរឲ្យយើងជាប់ចិត្តក្នុងការចូលរួមប្រាប់អ្នកឯទៀតអំពីដំណឹងល្អ ទាំងនៅពីផ្ទះមួយទៅផ្ទះមួយហើយនៅកន្លែងណាដែលមនុស្សអាចត្រូវរកឃើញក្នុងតំបន់ផ្សាយ។ ដោយការរួមចំណែកច្រើនបំផុតដែលអាចធ្វើទៅបាន នោះយើងបង្ហាញយ៉ាងជាក់ច្បាស់ថាព្រះរាជាណាចក្រមានអាទិភាពទីមួយក្នុងជីវិតរបស់យើង។ (ម៉ាថាយ ៦:៣៣) ភាពស្មោះត្រង់របស់យើងក្នុងការផ្សព្វផ្សាយព្រះបន្ទូលជាបន្ទាន់នឹងនាំឲ្យយើងមានអំណរជាច្រើន។