តើអ្នកអបអរនឹងអ្វីដ៏ពិសិដ្ឋទេ?
១ នៅពេលដែលបានត្រូវសួរថាតើយើងអបអរនឹងអ្វីដ៏ពិសិដ្ឋ នោះយើងប្រហែលជានឹងឆ្លើយថា ត្រូវមែន! តើអ្វីខ្លះជាសំវិធានការដ៏ពិសិដ្ឋរបស់ព្រះដែលយើងអបអរ?
២ ទំនាក់ទំនងរបស់យើងជាមួយព្រះវរបិតាដែលនៅស្ថានសួគ៌របស់យើង គឺជាអ្វីដែលយើងរាប់ជាមានតម្លៃម្ល៉េះហ្ន៎! ទ្រង់ធានាយើងថា បើសិនជាយើងចូលមកជិតទ្រង់ នោះ‹ទ្រង់នឹងចូលមកជិតយើងរាល់គ្នា›។ (យ៉ាកុប ៤:៨) បើសិនជាគ្មានតម្លៃលោះរបស់ព្រះយេស៊ូ នោះគ្មានមនុស្សណាអាចទទួលជីវិតអស់កល្បជានិច្ចបានឡើយ។ (យ៉ូហាន ៣:១៦) ដោយមានកតញ្ញូធម៌ស្មោះស្ម័គ្រ យើងបញ្ជាក់តាមរយៈការអធិស្ឋានជារៀងរាល់ថ្ងៃ នូវការអបអរដ៏ខ្លាំងរបស់យើងចំពោះអំណោយដ៏វិសេសនេះពីព្រះ។
៣ បន្ទូលរបស់ព្រះជាព្រះគម្ពីរបរិសុទ្ធ ដែលបានត្រូវបណ្ដាលឲ្យសរសេរដោយវិញ្ញាណបរិសុទ្ធនោះ ក៏ជាពិសិដ្ឋចំពោះយើងដូចគ្នានឹងអង្គការរបស់ព្រះយេហូវ៉ានៅលើផែនដីដែរ។ យើងបង្ហាញការអបអរដ៏សមគួរនឹងសំវិធានការទាំងនេះពីព្រះយេហូវ៉ា ពេលដែលយើងរស់នៅសមស្របនឹងគោលការណ៍ព្រះគម្ពីរ នោះពង្រឹងនិងពង្រីកចំណងនៃសេចក្ដីស្រឡាញ់ជាបងប្អូន ហើយបង្ហាញការគោរពយ៉ាងយកចិត្តទុកដាក់នូវរបៀបរៀបរយខាងព្រះធិបតេយ្យ និងស្ដាប់តាមអ្នកដែលនាំមុខ។—ពេត្រុសទី១ ១:២២
៤ តាមរយៈអ្នកបំរើស្មោះត្រង់ដែលមានវិនិច្ឆ័យល្អ យើងទទួលម្ហូបអាហារខាងវិញ្ញាណជាបរិបូរ។ នេះនឹងជាការពិតនៅមហាសន្និបាតតាមតំបន់សំរាប់ឆ្នាំនេះ ដែលមានប្រធាន «អ្នកប្រព្រឹត្តតាមព្រះបន្ទូលរបស់ព្រះ»។ នៅទីនោះ យើងនឹងទទួលការណែនាំសំខាន់ៗ ថែមទាំងមានការសំណេះសំណាលដ៏កក់ក្ដៅដែលយើងត្រូវការជាបន្ទាន់។ តើយ៉ាងដូចម្ដេចដែលយើងអាចបង្ហាញការអបអរចេញពីដួងចិត្តចំពោះសំវិធានការដ៏ពិសិដ្ឋនេះ?
៥ កុំបោះបង់ចោលដំណាក់របស់ព្រះយេហូវ៉ា: នេហេមាបានដាស់តឿនពួកអ្នកដែលបានខំប្រឹងធ្វើការកសាងឡើងវិញនូវកំផែងរបស់ទីក្រុងយេរូសាឡិមថា កុំឲ្យ‹បោះបង់ចោលដំណាក់របស់ព្រះរបស់គេ›ឡើយ។ (នេហេមា ១០:៣៩) «ដំណាក់»របស់ព្រះយេហូវ៉ា គឺជាការរៀបចំរបស់ទ្រង់សំរាប់ការថ្វាយបង្គំ។ មហាសន្និបាតតាមតំបន់របស់យើង គឺជាផ្នែកមួយនៃការរៀបចំនោះ។ ដើម្បីកុំបោះបង់ចោលការរៀបចំនេះ នោះយើងត្រូវតែមានវត្តមានថែមទាំងប្រុងស្មារតីស្ដាប់ដោយយកចិត្តទុកដាក់ ដើម្បីបង្ហាញឲ្យព្រះយេហូវ៉ាទតឃើញថា យើងរាប់សំវិធានការរបស់ទ្រង់ជាអ្វីដ៏មានតម្លៃ។ (ហេព្រើរ ១០:២៤, ២៥) តើយើងគួរធ្វើការរៀបចំអ្វីខ្លះឥឡូវនេះ ដើម្បីបង្ហាញថាយើងពិតជាអបអរនឹងកម្មវិធីដ៏ពិសិដ្ឋនេះ?
៦ ចូលរួមគ្រប់បីថ្ងៃ: យើងម្នាក់ៗគួររៀបចំឲ្យមានវត្តមានអស់បីថ្ងៃនៃមហាសន្និបាត។ តើអ្នកមានបំណងមកមុនពេលជារៀងរាល់ថ្ងៃនឹងនៅរហូតដល់ចប់សេចក្ដីអធិស្ឋានបញ្ចប់នៅថ្ងៃអាទិត្យឬទេ? បើអ៊ីចឹង នោះអ្នកនឹងទទួលនូវពរជាច្រើនណាស់។ ការចូលរួមមហាសន្និបាតមួយប្រហែលជាមិនតែងតែស្រួលទេ។ ការកែប្រែថ្ងៃធ្វើការ ប្រហែលជានឹងតម្រូវឲ្យអ្នកកាន់ជំហរយ៉ាងមាំមួន។ វិធីធ្វើដំណើរប្រហែលជាមិនតែងតែស្រួលដែរ។ ក៏ប៉ុន្តែ កុំឲ្យកត្ដាទាំងនេះធ្វើឲ្យអ្នកធ្លាក់ទឹកចិត្តដោយខកខានមកចូលរួមក្នុងមហាសន្និបាតឡើយ។
៧ សូមពិចារណាគំរូដ៏ល្អប្រសើរនេះ: ពេលគេកំពុងតែធ្វើដំណើរទៅមហាសន្និបាតតាមតំបន់មួយនៅឆ្នាំមុន នៅប្រទេសមួយក្នុងទ្វីបអាហ្វ្រិកដែលប្រជាជនមានការជ្រួលច្របល់និងសង្គ្រាមស៊ីវិល នោះបងប្អូនមួយក្រុមបានជួបប្រទះនឹងពួកទាហានមួយក្រុមដែរ។ គេបានសួរបងប្អូនថា៖ «ពួកអ្នកជាអ្នកណា? ហើយតើអ្នកកំពុងតែទៅណា?» គេបានឆ្លើយថា៖ «យើងជាស្មរបន្ទាល់ព្រះយេហូវ៉ា ហើយយើងកំពុងតែទៅចូលរួមមហាសន្និបាតតាមតំបន់»។ កូនទាហានម្នាក់បាននិយាយថា៖ «ស្មរបន្ទាល់ព្រះយេហូវ៉ានេះមិនចេះខ្លាចអ្វីទេ។ ទៅចុះ ហើយអ្នកនឹងអាចមានមហាសន្និបាតរបស់អ្នកដោយគ្មានបញ្ហាទេ។ ក៏ប៉ុន្តែ សូមជ្រាបថា អ្នកនឹងជួបកូនទាហានច្រើនណាស់។ ចូរអ្នកដើរនៅកណ្ដាលផ្លូវជានិច្ច! បើសិនជាអ្នកឃើញមនុស្សជាច្រើនជួបជុំគ្នា បន្តដើរនៅកណ្ដាលផ្លូវចុះ!»។ ពួកគេបានធ្វើអ៊ីចឹង ហើយបានទៅដល់មហាសន្និបាតដោយសុវត្ថិភាព។ បងប្អូនទាំងនេះបានទទួលពរ ដោយគេបានបង្ហាញការអបអរនឹងអ្វីដ៏ពិសិដ្ឋ។
៨ ដូចគ្នានឹងបងប្អូនរបស់យើងនៅទ្វីបអាហ្វ្រិក យើងក៏ប្រឈមមុខនឹងបញ្ហាដែរ។ ក៏ប៉ុន្តែ ពិតមែន យើងអាចធ្វើតម្រាប់តាមជំនឿរបស់គេ និងតាំងចិត្តចូលរួមគ្រប់ផ្នែកនៃមហាសន្និបាតតាមតំបន់របស់យើង។ បើសិនជាត្រូវតែមានការប្រែប្រួល ចូរពឹងពាក់ព្រះយេហូវ៉ាដើម្បីទទួលការណែនាំ ទាំងដឹងថាទ្រង់នឹងប្រទានពរយើងឲ្យចូលរួមកម្មវិធីគ្រប់ទាំងអស់។
៩ ការទទួលបានពរ: យើងមានចំណង់ខ្លាំងដើម្បីទទួលបន្ទូលរបស់ព្រះ ដោយដឹងថាតាមរយៈបន្ទូលនោះ យើងអាចជឿនទៅដល់សេចក្ដីសង្គ្រោះ។ (ពេត្រុសទី១ ២:២) ការចូលរួមមហាសន្និបាតនិងស្ដាប់កម្មវិធីនោះ នឹងជួយយើងម្នាក់ៗស្អាងនូវជំនឿកាន់តែខ្លាំងមាំទៅលើព្រះបន្ទូល ហើយធ្វើអ៊ីចឹង នោះអាចស៊ូទ្រាំនឹងការវាយលុកពីសាតាំងបាន។ ពេលយើងធ្វើអ៊ីចឹង យើងនឹងបង្ហាញព្រះយេហូវ៉ានិងអ្នកឯទៀតឲ្យឃើញថា យើងអបអរអស់ពីចិត្តនូវអ្វីដ៏ពិសិដ្ឋ និង«មិនមែនជាពួកអ្នកដែលថយទៅវិញ . . . គឺជាពួកអ្នកដែលមានសេចក្ដីជំនឿសំរាប់ឲ្យព្រលឹងបានសង្គ្រោះវិញ»។—ហេព្រើរ ១០:៣៩; ១២:១៦; សុភាសិត ២៧:១១
១០ យើងអាចទន្ទឹងចាំដោយចិត្តរំភើប ពេលដែលព្រះយេហូវ៉ានឹងបើកទ្វារស្ថានសួគ៌ ដើម្បីចាក់ព្រះពរខាងវិញ្ញាណដ៏សម្បូរហូរហៀរមកលើយើង។ (ម៉ាឡាគី ៣:១០) ចូរមានគោលដៅចូលរួមមហាសន្និបាតតាមតំបន់ដែលមានប្រធាន«អ្នកប្រព្រឹត្តតាមព្រះបន្ទូលរបស់ព្រះ» ចាប់ពីកម្មវិធីដើមនៅព្រឹកថ្ងៃសុក្រ រហូតដល់សេចក្ដីអធិស្ឋានបញ្ចប់និង«អាមែន!»នៅល្ងាចថ្ងៃអាទិត្យ។ អ្នកនឹងសប្បាយចិត្តណាស់ដែលអ្នកបានធ្វើអ៊ីចឹង!