ប្រអប់សំនួរ
▪ តើយ៉ាងដូចម្ដេចដែលអ្នកឆ្មាំអាចជួយឪពុកម្ដាយក្នុងការជួយកូនៗរបស់គេមានសណ្ដាប់ធ្នាប់នៅកិច្ចប្រជុំ?
ធម្មតា ក្មេងៗមានថាមពលច្រើនណាស់ ហើយមិនធ្លាប់នឹងអង្គុយរយៈពេលយូរទេ។ ពេលចប់ប្រជុំហើយ គំនរថាមពលរបស់ក្មេងៗដែលបានទុកយូរមកហើយ ប្រហែលជានឹងជំរុញគេឲ្យរត់និងដេញតាមក្មេងៗផ្សេងទៀតនៅក្នុងសាលព្រះរាជាណាចក្រឬក៏នៅកន្លែងប្រជុំផ្សេង នៅធ្លាចតឡាន ឬក៏តាមចិញ្ចើមថ្នល់។ ក៏ប៉ុន្តែ សុភាសិតនេះគឺពិតដែលថា«កូនណាដែលបណ្ដោយឲ្យប្រព្រឹត្តតាមអំពើចិត្ត នោះតែងធ្វើឲ្យឪពុកម្ដាយមានសេចក្ដីខ្មាសវិញ»។—សុភាសិត ២៩:១៥
គួរឲ្យសោកស្ដាយណាស់ ដែលបងប្អូនវ័យចាស់ខ្លះរបស់យើង បានរងរបួសជាទំងន់ដោយសារក្មេងៗបានរត់បុកទង្គិចធ្វើឲ្យគេដួល។ នេះបានបណ្ដាលឲ្យមានការរងរបួសដោយមិនសមហេតុសមផលទេ និងការចេញលុយសងជាច្រើនរបស់ឪពុកម្ដាយកូននោះនិងក្រុមជំនុំ។ សំរាប់សន្ដិសុខដល់ខ្លួនគេផ្ទាល់និងសុវត្ថិភាពដល់អ្នកឯទៀត ក្មេងៗមិនគួរត្រូវអនុញ្ញាតឲ្យរត់លេងខាងក្នុងឬក៏ខាងក្រៅសាលព្រះរាជាណាចក្រទេ។
ឪពុកម្ដាយមានភារកិច្ចពីព្រះគម្ពីរឲ្យបង្ហាត់បង្រៀនកូនរបស់គេ ឲ្យគោរពយ៉ាងត្រឹមត្រូវនូវកន្លែងថ្វាយបង្គំរបស់យើង។ (សាស្ដា ៥:១ក) នៅកិច្ចប្រជុំគ្រីស្ទាន សន្និបាត និងមហាសន្និបាត អ្នកឆ្មាំត្រូវកំណត់ធានាឲ្យដឹងថា‹ការទាំងអស់ត្រូវធ្វើតាមបែបគួរសម›ថែមទាំងមាន«សណ្ដាប់ធ្នាប់»ទៀតផង។ (កូរិនថូសទី១ ១៤:៤០; កូល៉ុស ២:៥) ពួកគេត្រូវតែចាំយាមមុន ក្នុងកំឡុងពេលប្រជុំ និងក្រោយកម្មវិធីចប់ហើយ ទាំងខាងក្នុងនិងខាងក្រៅ។ បើសិនជាក្មេងម្នាក់កំពុងតែរត់លេងឬក៏ប្រព្រឹត្តមិនសមគួរ នោះឆ្មាំម្នាក់អាចបញ្ឈប់ក្មេងនេះតាមរបៀបសុភាពនិងពន្យល់ដល់ក្មេងនេះ ពីមូលហេតុដែលអំពើបែបនេះគឺមិនគួរសម។ ឪពុកម្ដាយរបស់ក្មេងនោះក៏គួរតែជំរាបអំពីបញ្ហានោះ និងពីភាពចាំបាច់ចំពោះការត្រួតពិនិត្យកូនរបស់ខ្លួន។ ឪពុកម្ដាយគួរប្រព្រឹត្តតបតាមរបៀបសមគួរដែរ។
គឺគួរឲ្យយោគយល់ដែរ ដែលកូនង៉ានិងក្មេងតូចៗជួនកាលនឹងយំឬក៏រំខានដល់ប្រជុំ។ ដោយមកយ៉ាងតិចបំផុត២០នាទីមុនកម្មវិធីចាប់ផ្ដើម នោះអ្នកឆ្មាំអាចលៃទុកជួរកៅអីនៅខាងក្រោយក្នុងសាលប្រជុំ សំរាប់ឪពុកម្ដាយដែលចង់អង្គុយនៅទីនោះជាមួយកូនៗរបស់គេ។ ចំពោះយើងដែលសល់ទាំងប៉ុន្មាន គួរជួយគេដោយមិនអង្គុយនៅកន្លែងនោះទេ។
បើសិនជាក្មេងម្នាក់ចាប់រំខានដល់ប្រជុំ ឪពុកម្ដាយគួរចាត់វិធានការ។ បើសិនជាឪពុកម្ដាយមិនធ្វើអ្វីទេ ហើយការរំខាននោះធ្វើឲ្យស្មារតីអ្នកឯទៀតលែងមូល នោះឆ្មាំម្នាក់គួរសុំយ៉ាងសប្បុរសថា សូមឲ្យឪពុកម្ដាយនោះយកកូនទៅក្រៅសាលប្រជុំ។ ពេលយើងអញ្ជើញអ្នកថ្មីដែលមានកូនមកប្រជុំ នោះយើងគួរអង្គុយជាមួយនឹងគេនឹងស្នើជួយមើលកូន បើសិនជាគេយំឬក៏រំខានតាមរបៀបផ្សេងទៀត។
យើងមានអំណរ ដែលយើងឃើញមានក្មេងគ្រប់វ័យគ្រប់អាយុនៅសាលព្រះរាជាណាចក្រ និងឃើញចរិយាដ៏ល្អរបស់គេក្នុងដំណាក់របស់ព្រះ។ (ធីម៉ូថេទី១ ៣:១៥) ដោយគេគោរពតាមការរៀបចំរបស់ព្រះយេហូវ៉ាចំពោះការថ្វាយបង្គំ នោះគេលើកកិត្ដិយសចំពោះទ្រង់ និងត្រូវមនុស្សទាំងអស់គ្នាក្នុងក្រុមជំនុំអបអរនឹងគេ។