ចូររួមចំណែកយ៉ាងពេញលេញក្នុងកិច្ចការចំរូត
១ ព្យាការីនានាពីបុរាណ ព្រមទាំងព្រះយេស៊ូគ្រីស្ទផងដែរ បានមានបន្ទូលអំពីកិច្ចការប្រមូលមួយ។ (អេសាយ ៥៦:៨; អេសេគាល ៣៤:១១; យ៉ូហាន ១០:១៦) កិច្ចការបែបនោះកំពុងតែសម្រេចឡើងនៅពេលឥឡូវនេះ ដោយការផ្សាយទូទាំងផែនដីនូវដំណឹងល្អអំពីព្រះរាជាណាចក្រ។ (ម៉ាថាយ ២៤:១៤) ភាពខុសគ្នារវាងពួកអ្នកដែលបំរើព្រះ និងអស់អ្នកដែលមិនបំរើទ្រង់ នោះកំពុងតែមើលឃើញយ៉ាងស្រួល។ (ម៉ាឡាគី ៣:១៨) តើនេះមានន័យយ៉ាងណាចំពោះយើង?
២ ភារកិច្ចផ្ទាល់: យើងអាចរៀនពីគំរូរបស់សាវ័កប៉ុល ដែលបាននាំមុខយ៉ាងពេញលេញក្នុងកិច្ចបំរើផ្សាយគ្រីស្ទាន។ គាត់មានអារម្មណ៍ថា ខ្លួនគាត់មានកាតព្វកិច្ចផ្សព្វផ្សាយ ដើម្បីឲ្យមនុស្សទាំងអស់អាចមានឱកាសស្ដាប់នូវដំណឹងល្អ និងទទួលសេចក្ដីសង្គ្រោះផងដែរ។ នេះបានជំរុញឲ្យគាត់ខំប្រឹងប្រែងជាដរាប ដើម្បីជាប្រយោជន៍ដល់គេ។ (រ៉ូម ១:១៤-១៧) ដោយព្រោះមនុស្សលោកប្រឈមមុខនឹងស្ថានការណ៍ដែលប្រកបទៅដោយគ្រោះថ្នាក់នៅសព្វថ្ងៃនេះ យើងក៏មានភារកិច្ចកាន់តែធ្ងន់ដែរ ក្នុងការផ្សព្វផ្សាយដល់ពួកអ្នកដែលនៅក្នុងតំបន់របស់យើង មែនទេ?—កូរិនថូសទី១ ៩:១៦
៣ ពេលដែលត្រូវសម្រេចការជាបន្ទាន់: កិច្ចការផ្សព្វផ្សាយអាចប្រៀបដូចជាការស្វែងរក និងការសង្គ្រោះមនុស្ស។ គឺត្រូវស្វែងរកមនុស្ស និងជួយគេរើទៅកន្លែងដែលមានសុវត្ថិភាព មុននឹងហួសពេលនោះ។ គឺមានពេលវេលាកាន់តែខ្លីណាស់ហើយ។ នេះក៏ទាក់ទងជីវិតស្លាប់រស់ដែរ! គ្មានការងឿងឆ្ងល់ទេ ពីហេតុដែលព្រះយេស៊ូបានដាស់តឿនឲ្យសិស្សរបស់ទ្រង់«អង្វរដល់ព្រះអម្ចាស់នៃចំរូត ឲ្យទ្រង់ចាត់អ្នកច្រូតមកក្នុងចំរូតទ្រង់»។—ម៉ាថាយ ៩:៣៨
៤ ដោយទទួលស្គាល់នូវភាពបន្ទាន់នាបច្ចុប្បន្ននេះដែរ អ្នកធ្វើការខាងព្រះរាជាណាចក្រជាច្រើននាក់ បានចំរើននូវផ្នែកចូលរួមរបស់គេ ក្នុងកិច្ចការសង្គ្រោះជីវិតនេះ។ ក្មេងជំទង់ម្នាក់ ឈ្មោះហ៊ីរ៉ូហ៊ីហ្សា បានរស់នៅក្នុងក្រុមគ្រួសារមួយដែលមានមាតាដែលគ្មានគូ ថែមទាំងមានប្អូនបួននាក់ផងដែរ។ គាត់បានជួយផ្គត់ផ្គង់ក្រុមគ្រួសាររបស់គាត់ដោយភ្ញាក់ពីដេកម៉ោងបីព្រឹក ដើម្បីចែកសារពត៌មាន។ យ៉ាងណាក៏ដោយ ហ៊ីរ៉ូហ៊ីហ្សាមានចិត្តចង់ចំរើនកិច្ចការផ្សាយរបស់គាត់ណាស់ ដូច្នេះគាត់បានចាប់ផ្ដើមធ្វើជាអ្នកត្រួសត្រាយពេញពេល។ តើមានរបៀបផ្សេងៗដែលអ្នកអាចចូលរួមច្រើនជាង នូវកិច្ចការនេះដែលនឹងលែងមានទៀតទេ?
៥ «ពេលវេលាចង្អៀតណាស់ហើយ»។ (កូរិនថូសទី១ ៧:២៩) ដូច្នេះ សូមឲ្យយើងខំប្រឹងប្រែងធ្វើកិច្ចការដ៏សំខាន់ជាងគេ ដែលកំពុងតែសម្រេចទូទាំងផែនដីសព្វថ្ងៃនេះ គឺកិច្ចការផ្សព្វផ្សាយដំណឹងល្អពីព្រះរាជាណាចក្រ និងការបញ្ចុះបញ្ចូលឲ្យមានសិស្ស។ ព្រះយេស៊ូបានប្រៀបប្រដូចកិច្ចបំរើផ្សាយនេះទៅនឹងកិច្ចការចំរូត។ (ម៉ាថាយ ៩:៣៥-៣៨) ដោយយើងចូលរួមយ៉ាងពេញលេញនូវចំរូតនេះ កិច្ចការរបស់យើងអាចបង្កើតផល ជាការជួយនរណាម្នាក់រួមចំណែកនឹងមនុស្សមួយហ្វូងយ៉ាងធំដែលថ្វាយបង្គំព្រះ ដូចបានពណ៌នានៅវិវរណៈ ៧:៩, ១០។