មហាសន្និបាតនានា ពិតជាពេលដ៏អរសប្បាយមែន!
១ មហាសន្និបាតនានានៃពួកស្មរបន្ទាល់ព្រះយេហូវ៉ា គឺជាឱកាសគួរឲ្យអរសប្បាយមែន។ ជាងមួយរយឆ្នាំហើយ កម្មវិធីជួបជុំគ្នាទាំងនេះ បានជួយបន្ថែមទៅលើការរីកចំរើនដែលមានឡើងក្នុងអង្គការរបស់យើងនេះ។ ពីការចាប់ផ្ដើមពីចំនួនតូច យើងបានឃើញប្រសិទ្ធិពរដ៏បរិបូរពីព្រះយេហូវ៉ា មកលើកិច្ចការរបស់យើងទូទាំងផែនដី។ នៅឯមហាសន្និបាតទីមួយនាសម័យទំនើបយើងនេះ នៅទីក្រុងឈីខាកូ រដ្ឋអ៊ីលីណយ នៅឆ្នាំ១៨៩៣នោះ ក្នុងចំណោម៣៦០នាក់ដែលបានចូលរួម ក៏មាន៧០នាក់ដែលបានធ្វើពិធីជ្រមុជទឹក ដើម្បីតំណាងនូវការឧទ្ទិសថ្វាយខ្លួនរបស់គេចំពោះព្រះយេហូវ៉ា។ មហាសន្និបាតនានាដែលមានដំណាលគ្នាក្នុងកំឡុងពេលមួយឆ្នាំទៅនេះមានចំណងជើងថា៖ «អ្នកប្រព្រឹត្តតាមព្រះបន្ទូលរបស់ព្រះ» នោះមានចំនួនអ្នកចូលរួមសរុបទូទាំងផែនដី គឺ៩.៤៥៤.០៥៥នាក់ និងមាន១២៩.៣៦៧នាក់បានទទួលបុណ្យជ្រមុជទឹក។ នេះជាហេតុអរសប្បាយមែនទែន!
២ តាំងតែពីសម័យព្រះគម្ពីរមក ការជួបជុំគ្នានៃរាស្ត្ររបស់ព្រះ បានធ្វើជាមាគ៌ាដ៏ប្រសើរដើម្បីបញ្ជូននូវពាក្យណែនាំពីព្រះយេហូវ៉ា។ នៅជំនាន់លោកអែសរ៉ា និងលោកនេហេមា បណ្ដាជននោះបានស្ដាប់នូវការអានពីក្រិត្យវិន័យ «ចាប់តាំងពីព្រលឹម ដរាបដល់ថ្ងៃត្រង់»។ (នេហេមា ៨:២, ៣) ដោយព្រោះប្រជាជននៅពេលនោះឯង បានទទួលការយល់ដឹងយ៉ាងច្បាស់អំពីក្រិត្យវិន័យកាន់តែប្រសើរឡើង នោះគេបាន«អរសប្បាយឡើងជាខ្លាំង»។ (នេហេមា ៨:៨, ១២) យើងក៏អរសប្បាយខ្លាំងដែរ ដែលមហាសន្និបាតនិមួយៗបើកឱកាសដ៏ល្អឲ្យយើងទទួលការណែនាំ និងអាហារខាងវិញ្ញាណពីព្រះយេហូវ៉ា«តាមត្រូវពេល» តាមរយៈ‹អ្នកបំរើស្មោះត្រង់ដែលមានវិនិច្ឆ័យល្អ›។ (ម៉ាថាយ ២៤:៤៥) ដោយព្រោះព្រះយេស៊ូបានមានបន្ទូលថា មនុស្សត្រូវរស់ដោយសារ«គ្រប់ទាំងព្រះបន្ទូល ដែលចេញពីព្រះឱស្ឋ»ព្រះយេហូវ៉ា នោះមហាសន្និបាតនានា គឺចាំបាច់សំរាប់សុខុមាលភាពខាងវិញ្ញាណរបស់យើង។—ម៉ាថាយ ៤:៤
៣ ការខំព្យាយាមដើម្បីចូលរួម មានប្រយោជន៍មែន : យើងទាំងអស់គ្នាគួរតែមានគោលដៅផ្ទាល់ខ្លួន ដើម្បីមានវត្តមាននៅគ្រប់កម្មវិធីទាំងមូលនៃមហាសន្និបាតតាមតំបន់សំរាប់ឆ្នាំនេះ ដែលមានចំណងជើងថា៖ «អ្នកបង្ហាត់បង្រៀនព្រះបន្ទូលរបស់ព្រះ»។ យើងគួរមានគម្រោងការចង់ទៅពីព្រលឹមរាល់ថ្ងៃ និងនៅទីនោះរហូតដល់យើងរួមគ្នានិយាយថា «អាម៉ែន!» នៅសេចក្ដីអធិស្ឋានបញ្ចប់។ ដើម្បីសម្រេចការនេះ យើងប្រហែលជាត្រូវផ្លាស់ប្ដូរកាលវិភាគរបស់យើង។ នៅពេលសុំច្បាប់ពីកន្លែងធ្វើការដើម្បីចូលរួមកម្មវិធីនោះ ក៏អាចនាំឲ្យមានការពិបាកខ្លះដែរ។ យើងត្រូវតែកាន់ជំហរយ៉ាងមុតមាំ មិនទុកឲ្យទៅជារឿងចៃដន្យឡើយ។ ប្រសិនបើយើងត្រូវការកន្លែងសំណាក់ ឬក៏ជំនួយធ្វើដំណើរ យើងត្រូវរៀបចំយ៉ាងយូរជាមុនសិន។ បើយើងខំប្រឹងប្រែងយ៉ាងណា នោះនឹងមានប្រយោជន៍យ៉ាងនោះមែន!
៤ អនុរាស្ត្ររបស់ព្រះយេហូវ៉ាមិនវាយតំលៃនូវប្រសិទ្ធិពរដែលមានមកពីការចូលរួមមហាសន្និបាតណាមួយនោះ ដោយគិតជាដុល្លារឬជាលុយរៀលនោះឡើយ។ សូមកត់សំគាល់គំរូខ្លះៗ ពីអ្នកដែលបានតាំងចិត្តចូលរួមសន្និបាតអន្តរជាតិនៃស្មរបន្ទាល់ព្រះយេហូវ៉ានៅទីក្រុងញូវយ៉កក្នុងឆ្នាំ១៩៥៨ ដែលមានចំណងជើងថា ព្រះហឫទ័យរបស់ព្រះ។ បងប្រុសម្នាក់បានបិទក្រុមហ៊ុនសំណង់របស់គាត់ អស់រយៈពេលពីរអាទិត្យ ដើម្បីស្ម័គ្រចិត្តធ្វើជាជំនួយ និងដើម្បីចូលរួមសន្និបាតនោះ។ បងប្រុសម្នាក់នៅប្រជុំកោះវើជិន បានលក់ដី២ហិចតារ ដើម្បីឲ្យក្រុមគ្រួសារទាំងមូលរបស់គាត់ដែលមានសមាជិកប្រាំមួយនាក់អាចទៅចូលរួមនៅឯសន្និបាតនោះ។ គូស្វាមីភរិយាមួយគូដែលមិនសូវមានវ័យចំណាស់ប៉ុន្មានទេ បានលក់កាណូតរបស់គេ ដើម្បីនាំកូនទាំងបីនាក់ ដែលមានអាយុរវាងពីរខែទៅប្រាំពីរឆ្នាំ ទៅចូលរួមសន្និបាតនោះផងដែរ។ បងប្អូនបង្កើតប្រុសៗបីនាក់ពីរដ្ឋកាលីហ្វ័រញ៉ា ត្រូវបានប្រាប់ថា បើគេមិនទៅធ្វើការ នោះគេនឹងលែងមានការងារធ្វើនៅទីនោះទៀតពេលត្រឡប់មកវិញ។ យ៉ាងណាក្ដី ពាក្យនោះមិនបានបង្អាក់គេពីការចូលរួមសន្និបាតនោះទេ ហើយជាសន្និបាតដែលគេមិនអាចភ្លេចបានឡើយ។
៥ ព្រះយេហូវ៉ាតែងប្រទានពរមកលើការខំប្រឹងរបស់យើង: ព្រះយេហូវ៉ាតែងទតឃើញ និងប្រទានពរមកលើការខំប្រឹងនៃរាស្ត្ររបស់ទ្រង់។ (ហេព្រើរ ៦:១០) ជាឧទាហរណ៍ អស់អ្នកដែលបានចូលរួមសន្និបាតនៅឆ្នាំ១៩៥០ ដែលមានប្រធាន ការចំរើនឡើងនៃព្រះធិបតេយ្យ នោះបានស្ដាប់សុន្ទរកថាដ៏ជាអ្វីដែលគួរឲ្យកត់សម្គាល់ ដែលមានចំណងជើងថា៖ «របបថ្មីនានា»។ បងប្រុសហ្វ្រីឌីរិក ហ្វ្រេន្ស បានធ្វើឲ្យគេមានការចាប់អារម្មណ៍គ្រប់គ្នា ព្រមទាំងបានបង្កើនចំណាប់អារម្មណ៍នោះទៀតផង ដោយសួរសំនួរថា៖ «តើពួកអ្នកចូលរួមសន្និបាតអន្តរជាតិនេះ មានចិត្តសប្បាយមែនទេ ដោយដឹងថា យប់នេះនៅក្នុងចំណោមយើង ក៏មានប៉ុន្មាននាក់ដែលនឹងអាចធ្វើជាចៅហ្វាយខាងផែនដីថ្មី?»។ ជាង៥០ឆ្នាំកន្លងទៅហើយនេះ យើងនៅតែអរសប្បាយដោយមានការយល់ដឹងកាន់តែច្បាស់អំពីទំនុកដំកើង ៤៥:១៦។
៦ ក្រោយពីបានចូលរួមមហាសន្និបាតតាមតំបន់នៅឆ្នាំមុននេះ មេគ្រួសារម្នាក់ដែលមានចិត្តអបអរ បានសរសេរដូចតទៅថា៖ «ឱបងប្អូនអើយ! អ្នកមិនអាចជ្រាបបានទេ ថាមហាសន្និបាតនេះជាអ្វីដែលសង្គ្រោះជីវិតពិតមែន! ក្រុមគ្រួសាររបស់ខ្ញុំបានរើទៅនៅទីក្រុង ប្រយោជន៍ឲ្យបានការងារធ្វើ តែបានលទ្ធផលជាការពិបាកខាងវិញ្ញាណវិញ។ . . . យើងបានធ្វេសប្រហែសខាងកាតព្វកិច្ចរបស់យើងជាគ្រីស្ទាន។ យើងបានឈប់ទៅកិច្ចប្រជុំនិមួយៗ និងលែងចូលរួមកិច្ចបំរើផ្សាយទាំងអស់។ . . . មហាសន្និបាតនេះបានជំរុញចិត្តយើងណាស់ និងយើងកំពុងតែតាំងគោលដៅខាងវិញ្ញាណសាជាថ្មីទៀត ព្រមទាំងរៀបចំដើម្បីសម្រេចគោលដៅទាំងនោះដែរ»។
៧ ព្រះយេហូវ៉ាកំពុងតែប្រទានឲ្យយើងនូវអាហារខាងវិញ្ញាណដែលយើងត្រូវការ។ ទ្រង់រៀបតុដែលពេញហូរហៀរទៅដោយអាហារខាងវិញ្ញាណ នៅឯមហាសន្និបាតនានារបស់យើង។ ដោយមានចិត្តអបអរចំពោះសំវិធានការនេះ យើងអាចមានប្រសាសន៍ដូចលោកកូនេលាស ពេលដែលសាវ័កពេត្រុសបានទៅលេងគាត់ថា៖ «ឥឡូវនេះ យើងទាំងអស់នៅចំពោះព្រះ ដើម្បីនឹងស្ដាប់គ្រប់ទាំងសេចក្ដី ដែលព្រះបានបង្គាប់មកលោក»។ (កិច្ចការ ១០:៣៣) ចូរឲ្យយើងមានគោលដៅទៅ«នៅចំពោះព្រះ» និងអរសប្បាយឡើងនូវគ្រប់ផ្នែកនៃកម្មវិធីមហាសន្និបាតតាមតំបន់នាឆ្នាំនេះ ដែលមានចំណងជើងថា៖ «អ្នកបង្ហាត់បង្រៀនព្រះបន្ទូលរបស់ព្រះ»។