មនុស្សដែលកោតខ្លាចដល់ព្រះមានសុជីវធម៌
១ នៅសព្វថ្ងៃនេះ មនុស្សកម្រមានសុជីវធម៌ណាស់។ ម្ដេចក៏ដូច្នេះ? មនុស្សប្រញាប់ប្រញាល់ដល់ម្ល៉េះ ដែលធម្មតាគេមិនសូវចេះគួរសម ដូចជានិយាយថា«សូម» «អរគុណ» ឬ«សូមអត់ទោស»។ បើនិយាយជាទូទៅ ហាក់បីដូចជាការមិនគិតក្រែងនិងមិនរាប់រកអ្នកឯទៀត គឺជាអ្វីដែលមានជាទូទៅក្នុងសង្គមមនុស្ស។ ព្រះបន្ទូលរបស់ព្រះបានទាយថាមនុស្សនិងលែងមានសុជីវធម៌ក្នុងកំឡុងថ្ងៃជាន់ក្រោយបង្អស់ ដោយចែងថា មនុស្សនឹង‹ស្រឡាញ់តែខ្លួនឯង អួតអាង មានឫកខ្ពស់ រមិលគុណ មិនស្រឡាញ់តាមធម្មតាមនុស្ស មិនចេះទប់ចិត្ត មិនចូលចិត្តនឹងការល្អ និងមានចិត្តធំ›។ (ធីម៉ូថេទី២ ៣:១-៤) លក្ខណៈបែបនេះនាំឲ្យលែងមានសុជីវធម៌។ ដោយព្រោះគ្រីស្ទានទាំងឡាយកោតខ្លាចដល់ព្រះ នោះគេត្រូវប្រុងប្រយ័ត្នដែលគេមិនទៅតាមលោកីយ៍ក្នុងការមិនគោរពអ្នកឯទៀត។
២ តើសុជីវធម៌គឺជាអ្វី? សុជីវធម៌ល្អអាចត្រូវបកស្រាយជាការយល់ចិត្តនិងអារម្មណ៍អ្នកឯទៀតយ៉ាងច្បាស់ ព្រមទាំងគឺជាសមត្ថភាពនៅជាមួយអ្នកឯទៀតដោយសុខសាន្ត។ ផ្នែកខ្លះៗនៃសុជីវធម៌ល្អគឺជា ការចេះគិតដល់អ្នកដទៃ សុភាវធម៌ សេចក្ដីសប្បុរស និងការគួរសម។ លក្ខណៈបែបនេះមានមូលដ្ឋានទៅលើសេចក្ដីស្រឡាញ់ចំពោះព្រះនិងអ្នកជិតខាង។ (លូកា ១០:២៧) លក្ខណៈទាំងនោះអាចត្រូវទទួលដោយឥតគិតថ្លៃទេ តែក៏មានតម្លៃជាច្រើនលើសលប់ក្នុងការធ្វើឲ្យទំនាក់ទំនងរបស់យើងជាមួយអ្នកឯទៀតទៅជាប្រសើរឡើង។
៣ ព្រះយេស៊ូគ្រីស្ទបានទុកគំរូដ៏គ្រប់ល័ក្ខណ៍។ ទ្រង់រមែងតែអនុវត្តតាមវិន័យនេះដែលថា៖ «ដែលអ្នករាល់គ្នាចង់ឲ្យគេប្រព្រឹត្តនឹងខ្លួនជាយ៉ាងណា នោះត្រូវតែប្រព្រឹត្តនឹងគេយ៉ាងនោះដែរ»។ (លូកា ៦:៣១) យើងនឹកអស្ចារ្យក្នុងចិត្តមែន ពេលយើងគិតអំពីរបៀបដែលព្រះយេស៊ូបានប្រព្រឹត្តដោយសេចក្ដីស្រឡាញ់ និងដោយគិតដល់ប្រយោជន៍សិស្សរបស់ទ្រង់។ (ម៉ាថាយ ១១:២៨-៣០) សុជីវធម៌របស់ទ្រង់មិនមកពីក្រិត្យក្រមដែលមានក្នុងសៀវភៅសុជីវធម៌ឡើយ។ តែនោះបានកើតចេញពីព្រះទ័យដ៏ស្មោះនិងសទ្ធាវិញ។ យើងត្រូវតែយកតម្រាប់តាមគំរូដ៏ប្រសើររបស់ទ្រង់។
៤ តើគ្រីស្ទានត្រូវមានសុជីវធម៌ល្អនៅពេលណាខ្លះ? តើគ្រាន់តែនៅឱកាសពិសេសៗពេលគេចង់ធ្វើឲ្យអ្នកដទៃសរសើរទេ? តើគេមានសុជីវធម៌ល្អគ្រាន់តែពេលគេចង់មានអានុភាពលើអ្នកដទៃទេ? អត់ទេ! យើងត្រូវបង្ហាញសុជីវធម៌គ្រប់ពេលវេលា។ តើតាមវិធីណាខ្លះជាពិសេស ដែលយើងត្រូវយកចិត្តទុកដាក់បង្ហាញសុជីវធម៌ក្នុងការសេពគប់ជាមួយមនុស្សគ្នីគ្នាក្នុងក្រុមជំនុំ?
៥ នៅសាលព្រះរាជាណាចក្រ: សាលព្រះរាជាណាចក្រគឺជាកន្លែងដែលយើងថ្វាយបង្គំ។ យើងទៅទីនោះដោយមានព្រះយេហូវ៉ាអញ្ជើញយើង។ នេះមានន័យថាយើងជាភ្ញៀវ។ (ទំនុកដំកើង ១៥:១) តើយើងជាភ្ញៀវល្អពេលយើងទៅកិច្ចប្រជុំទេ? តើយើងយកចិត្តទុកដាក់នឹងរបៀបយើងស្លៀកពាក់នោះទេ? យើងប្រាកដជាចង់ជៀសវាងពីសំលៀកបំពាក់ ដែលមិនផ្លូវការឬដ៏ហួសហេតុពេក។ ទោះជានៅឯមហាសន្និបាតឬនៅកិច្ចប្រជុំក្រុមជំនុំប្រចាំសប្ដាហ៍ក៏ដោយ រាស្ត្ររបស់ព្រះយេហូវ៉ាត្រូវកត់សម្គាល់សំរាប់សំលៀកបំពាក់ដ៏សមរម្យរបស់គេ ដើម្បីសមនឹងខ្លួនដែលរាប់ជាអ្នកកោតខ្លាចដល់ព្រះ។ (ធីម៉ូថេទី១ ២:៩, ១០) ដូច្នេះ យើងបង្ហាញថា យើងគិតដល់ព្រះដែលគង់នៅស្ថានសួគ៌ និងអ្នកឯទៀតដែលត្រូវអញ្ជើញមកផងដែរ។
៦ របៀបមួយទៀតដែលយើងបង្ហាញសុជីវធម៌ល្អ គឺដោយមកប្រជុំឲ្យបានទាន់ពេល។ នេះមិនតែងតែស្រួលទេ។ អ្នកខ្លះប្រហែលជានៅឆ្ងាយ ឬមានសមាជិកច្រើនក្នុងក្រុមគ្រួសារដែលគេត្រូវជួយរៀបចំដែរ។ ក៏ប៉ុន្តែ ក្នុងក្រុមជំនុំខ្លះ អ្នកផ្សាយ២៥ភាគរយមានទម្លាប់មកប្រជុំក្រោយពីចំរៀងនិងសេចក្ដីអធិស្ឋានដំបូង។ នេះគឺជារឿងធ្ងន់ធ្ងរមែន។ យើងគួរចាំថា សុជីវធម៌ទាក់ទងនឹងការយល់ចិត្តនិងអារម្មណ៍អ្នកដទៃ។ ព្រះយេហូវ៉ាដែលទទួលយើងយ៉ាងរាក់ទាក់នោះ បានរៀបចំជប់លៀងខាងវិញ្ញាណនេះដើម្បីជាប្រយោជន៍ដល់យើង។ យើងបង្ហាញការដឹងគុណនិងការយកចិត្តទុកដាក់ចំពោះអារម្មណ៍របស់ទ្រង់ដោយមកឲ្យទាន់ពេល។ បន្ថែមទៀត ការមកកិច្ចប្រជុំយឺតគឺបំបែរអារម្មណ៍អ្នកដទៃ និងបង្ហាញការមិនគោរពចំពោះអ្នកដែលមានវត្តមាននោះ។
៧ ពេលយើងជួបជុំគ្នា តើយើងកត់សម្គាល់អ្នកថ្មីដែលមានវត្តមានទេ? សុជីវធម៌រួមបញ្ចូលការទទួលស្វាគមន៍អ្នកថ្មី។ (ម៉ាថាយ ៥:៤៧; រ៉ូម ១៥:៧) ការសួរសុខទុក្ខយ៉ាងរាក់ទាក់ ការចាប់ដៃយ៉ាងកក់ក្ដៅ និងការញញឹមជាអ្វីដ៏មិនសូវធំប៉ុន្មានទេ តែនោះគឺជាអ្វីដែលជួយសម្គាល់យើងជាគ្រីស្ទានពិត។ (យ៉ូហាន ១៣:៣៥) ក្រោយពីបុរសម្នាក់មកសាលព្រះរាជាណាចក្រលើកទីមួយ គាត់និយាយថា៖ «ក្នុងមួយថ្ងៃសោះ ខ្ញុំបានជួបមនុស្សដែលខ្ញុំមិនធ្លាប់ស្គាល់ ដែលបង្ហាញសេចក្ដីស្រឡាញ់ពិតប្រាកដច្រើនជាងមនុស្សទាំងអស់ដែលខ្ញុំបានជួបនៅវិហារខ្ញុំទៅទៀត។ គឺជាក់ស្តែងហើយដែលខ្ញុំបានរកឃើញសេចក្ដីពិត»។ ជាលទ្ធផល បុរសនោះបានកែប្រែជីវិតរបស់គាត់ និងប្រាំពីរខែក្រោយមក គាត់ទទួលបុណ្យជ្រមុជទឹក។ គឺពិតមែនដែលថា សុជីវធម៌ល្អអាចមានឥទ្ធិពលយ៉ាងខ្លាំងមែនហ្ន៎!
៨ បើសិនជាយើងបង្ហាញសុជីវធម៌ចំពោះអ្នកដែលយើងមិនស្គាល់នោះ យើងក៏គួរធ្វើអ៊ីចឹង«ដល់ពួកអ្នកជឿជាដើម»ដែរ។ (កាឡាទី ៦:១០) គោលការណ៍មួយដែលទាក់ទងនឹងនេះគឺ«ត្រូវគោរពដល់មនុស្សមានវ័យចំរើន»។ (លេវីវិន័យ ១៩:៣២) យើងមិនត្រូវភ្លេចពួកគាត់ចោលពេលយើងជួបជុំគ្នាទេ។
៩ ការស្ដាប់យ៉ាងផ្ចិតផ្ចង់: ក្នុងកំឡុងកិច្ចប្រជុំគ្រីស្ទាន អ្នកបំរើរបស់ព្រះកំពុងតែថ្លែង ដើម្បីចែកអំណោយទានណាមួយខាងវិញ្ញាណមកយើងរាល់គ្នា។ (រ៉ូម ១:១១) គឺជាការមិនបង្ហាញសុជីវធម៌ទេ បើសិនជាយើងចាប់ផ្ដើមដេករលីវៗ ទំពារស្ករកៅស៊ូឮៗ និយាយខ្សឹបៗដល់អ្នកក្បែរៗយើងជារឿយៗ ទៅបង្គន់ជាញឹកញាប់ដោយមិនចាំបាច់ អានពត៌មានផ្សេងទៀតដែលមិនទាក់ទងការប្រជុំ ឬធ្វើកិច្ចការផ្សេងទៀតក្នុងកំឡុងប្រជុំ។ អ្នកចាស់ទុំត្រូវជាគំរូដ៏ល្អក្នុងរឿងនេះ។ សុជីវធម៌គ្រីស្ទាននឹងជំរុញឲ្យយើងបង្ហាញការគោរពត្រឹមត្រូវចំពោះអ្នកថ្លែងនិងសាររបស់គាត់ពីព្រះគម្ពីរដោយស្ដាប់ទាំងយកចិត្តទុកដាក់។
១០ បន្ថែមទៅទៀត ដោយគិតដល់អ្នកថ្លែងនិងអ្នកដែលអង្គុយស្ដាប់នោះ យើងមិនត្រូវឲ្យហ្វូនលីងនិងទូរស័ព្ទដៃរំខានដល់កិច្ចប្រជុំឡើយ។
១១ សុជីវធម៌និងកូន: មាតាបិតាត្រូវយកចិត្តទុកដាក់ឲ្យដឹងថា ចរិយារបស់កូនគាត់គឺយ៉ាងណាទៅ។ បើសិនជាកូនចាប់ផ្ដើមយំ ឬរពឹសក្នុងកំឡុងប្រជុំ ហើយនេះធ្វើឲ្យរំខានដល់អ្នកឯទៀតនោះ គឺជាការល្អបើសិនជាកូននោះត្រូវយកទៅក្រៅយ៉ាងឆាប់ៗ ដើម្បីធ្វើឲ្យកូនស្ងៀម។ ជួនកាល នេះប្រហែលជាពិបាក តែចូរចាំថា នេះបង្ហាញថាអ្នកគិតដល់អារម្មណ៍នៃអ្នកផ្សេងទៀត។ មាតាបិតាដែលមានកូនតូចៗដែលប្រហែលជានឹងចាប់ផ្ដើមរពឹសនោះ ច្រើនតែអង្គុយខាងក្រោយក្នុងសាល ដើម្បីមិនរំខានមនុស្សច្រើនបើសិនជាគេត្រូវចេញទៅក្រៅក្នុងកំឡុងប្រជុំ។ អ្នកឯទៀតដែលមានវត្តមានអាចគិតដល់ក្រុមគ្រួសារទាំងនេះ ដោយទុកឲ្យជួរក្រោយសំរាប់គេ បើសិនជាគេចង់អង្គុយនៅទីនោះ។
១២ មាតាបិតាត្រូវដឹងអំពីចរិយារបស់កូនគាត់ទាំងពីមុនប្រជុំនិងក្រោយប្រជុំ។ កូនមិនត្រូវរត់លេងក្នុងសាលទេ ពីព្រោះនេះអាចនាំឲ្យមានគ្រោះថ្នាក់។ ការរត់លេងក្រៅសាលព្រះរាជាណាចក្រក៏អាចបង្កគ្រោះថ្នាក់ដែរ ជាពិសេសពេលយប់ព្រោះមិនសូវមើលឃើញច្បាស់ទេ។ ការនិយាយឮៗខាងក្រៅអាចរំខានអ្នកជិតខាង និងនាំឲ្យគេតិះដៀលដល់ការថ្វាយបង្គំរបស់យើង។ មាតាបិតាដែលយកចិត្តទុកដាក់ត្រួតពិនិត្យកូនរបស់គាត់ ទាំងក្នុងនិងក្រៅសាលព្រះរាជាណាចក្រ គឺគួរនឹងសរសើរមែន ពីព្រោះនោះនាំឲ្យការសាមគ្គីគ្នារបស់យើងជាអ្វីដ៏កាន់តែល្អ។—ទំនុកដំកើង ១៣៣:១
១៣ នៅការសិក្សាសៀវភៅតាមក្រុម: យើងដឹងគុណចំពោះបងប្អូនរបស់យើងដែលស្ម័គ្រចិត្ត ឲ្យមានប្រជុំក្នុងផ្ទះរបស់គេ។ ពេលយើងទៅប្រជុំបែបនេះ យើងត្រូវបង្ហាញការគោរព និងត្រូវគិតដល់ទ្រព្យសម្បត្ដិរបស់គេដែរ។ មុនដែលយើងចូល យើងគួរជូតជើងមុនដើម្បីកុំឲ្យប្រឡាក់ផ្ទះគេ។ មាតាបិតាត្រូវត្រួតពិនិត្យកូនរបស់គេ ដើម្បីឲ្យដឹងថា គេនៅក្នុងកន្លែងដែលត្រូវកំណត់សំរាប់ប្រជុំប៉ុណ្ណោះ។ ទោះជាក្រុមសិក្សាគឺតូចមែននិងបរិយាកាសគឺមិនផ្លូវការពេកក៏ដោយ យើងមិនគួរបំពានទៅលើសិទ្ធិម្ចាស់ផ្ទះនោះទេ។ មាតាបិតារបស់ក្មេងម្នាក់គួរទៅជាមួយកូន ពេលកូនទៅបង្គន់។ ម្យ៉ាងទៀត ដោយព្រោះការសិក្សាតាមក្រុមគឺជាកិច្ចប្រជុំគ្រីស្ទានមួយ យើងត្រូវស្លៀកពាក់ដូចពេលយើងទៅសាលព្រះរាជាណាចក្រដែរ។
១៤ សុជីវធម៌គឺចាំបាច់: ការបង្ហាញសុជីវធម៌គ្រីស្ទានមិនគ្រាន់តែនាំឲ្យយើងទទួលសេចក្ដីសរសើរ តែក៏បណ្ដាលឲ្យមានទំនាក់ទំនងល្អជាមួយអ្នកឯទៀត។ (កូរិនថូសទី២ ៦:៣, ៤, ៦) ដោយព្រោះយើងថ្វាយបង្គំព្រះដែលមានព្រះទ័យរីករាយនោះ ការញញឹម ការប្រស្រ័យទាក់ទង និងសូម្បីតែការប្រព្រឹត្តដ៏សប្បុរសដែលនាំឲ្យអ្នកផ្សេងទៀតសប្បាយ គួរជាអ្វីដែលយើងធ្វើយ៉ាងស្រួល។ លក្ខណៈបែបនេះតាក់តែងជីវិតរបស់យើងជាអ្នកកោតខ្លាចដល់ព្រះ។