ជំនួយដែលមកចំពេល
១ សាវ័កពេត្រុសមានការព្រួយបារម្ភអំពីកម្លាំងខ្សោយរបស់បងប្អូនដែលរួមជំនឿជាមួយគាត់ ហើយនេះបានជំរុញគាត់ឲ្យលើកទឹកចិត្តនិងដាស់តឿនរំឭកពួកគេដោយសេចក្ដីស្រឡាញ់ផងដែរ។ (២ពេ. ១:១២, ១៣; ៣:១) ពេត្រុសបានដាស់តឿន‹ពួកអ្នកដែលបានទទួលជំនឿ›នោះ ឲ្យបន្តលូតលាស់មានគុណសម្បត្ដិខាងវិញ្ញាណកាន់តែច្រើនឡើងៗ ដើម្បី«កុំឲ្យឥតសកម្មឬឥតផលឡើយ ស្តីអំពីចំណេះពិតត្រឹមត្រូវអំពីព្រះយេស៊ូគ្រីស្ទ ជាព្រះអម្ចាស់របស់យើង»។ (២ពេ. ១:១, ៥-៨, ព.ថ.) ព្រះយេហូវ៉ាបានជ្រើសរើសនិងត្រាស់ហៅពួកគេ ហើយពេត្រុសមានគោលបំណងចង់ជួយពួកគេឲ្យកាន់ខ្ជាប់វិញ ដើម្បីឲ្យព្រះទទួលស្គាល់ពួកគេ«ជាឥតសៅហ្មង ហើយឥតកន្លែងបន្ទោសបាន ទាំងមានសេចក្ដីមេត្រីផង»។ (២ពេ. ១:១០, ១១; ៣:១៤) បងប្អូនជាច្រើនបានចាត់ទុកការលើកទឹកចិត្តនេះជាជំនួយដែលមកចំពេលមែន។
២ សព្វថ្ងៃនេះពួកអ្នកត្រួតពិនិត្យគ្រីស្ទានក៏យកចិត្តទុកដាក់ដូចគ្នាដែរចំពោះរាស្ត្ររបស់ព្រះ។ ក្នុង«គ្រាលំបាក»នេះ បងប្អូនជាច្រើនដែលជាអ្នកបំរើព្រះយេហូវ៉ា ត្រូវស៊ូទ្រាំនឹងកាលៈទេសៈដ៏សែនពិបាក។ (២ធី. ៣:១) បងប្អូនខ្លះមានបញ្ហាផ្ទាល់ខ្លួន មានបញ្ហាក្នុងក្រុមគ្រួសារ ឬបញ្ហាខាងលុយកាក់ ហើយក៏មានអារម្មណ៍ដូចដាវីឌដែរ ដោយពោលថា៖«មានសេចក្ដីអាក្រក់ឥតគណនាព័ទ្ធទូលបង្គំជុំវិញ។ អំពើទុច្ចរិតរបស់ទូលបង្គំ បានតាមទូលបង្គំទាន់ហើយ បានជាទូលបង្គំមិនអាចនឹងងើបឡើងមើលបានឡើយ អំពើទាំងនោះច្រើនជាងសរសៃសក់លើក្បាលទូលបង្គំ ចិត្តទូលបង្គំក៏អស់សង្ឃឹមទៅ»។ (ទំនុក. ៤០:១២) ដូច្នេះ អ្វីៗទាំងអស់នេះដែលគាបសង្កត់យើងនោះ អាចក្លាយជាបន្ទុកដ៏ធ្ងន់ដល់ម្ល៉េះបានជាបងប្អូនខ្លះលែងបំពេញភារកិច្ចខាងវិញ្ញាណ ហើយឈប់មានសកម្មភាពក្នុងកិច្ចបំរើគ្រីស្ទាន។ ប៉ុន្តែ ទោះជាបងប្អូនទាំងនេះមានការពិបាកយ៉ាងណាក៏ដោយ ‹ពួកគេមិនបានភ្លេចនូវសេចក្ដីបង្គាប់របស់ព្រះយេហូវ៉ាឡើយ›។ (ទំនុក. ១១៩:១៧៦) ឥឡូវនេះគឺជាពេលដែលឲ្យពួកអ្នកចាស់ទុំផ្ដល់ជំនួយដល់បងប្អូនដែលត្រូវការ។—អេសា. ៣២:១, ២
៣ ដើម្បីបំពេញសេចក្ដីត្រូវការនេះ ពួកអ្នកចាស់ទុំបានត្រូវលើកទឹកចិត្តឲ្យព្យាយាមជួយពួកអ្នកដែលមិនមានសកម្មភាពក្នុងកិច្ចការផ្សព្វផ្សាយនៅពេលឥឡូវនេះ។ ពួកអ្នកចាស់ទុំកំពុងតែខិតខំជួយបងប្អូនហើយ ក៏នឹងខិតខំបន្តទៀតរហូតដល់ចុងខែមីនា។ ពួកអ្នកត្រួតពិនិត្យក្រុមសិក្សាត្រូវទៅលេងបងប្អូនឥតសកម្មនោះ ដើម្បីផ្ដល់ជំនួយខាងវិញ្ញាណដោយមានបំណងជួយពួកគេឲ្យមានសកម្មភាពសាជាថ្មីឡើងវិញជាមួយក្រុមជំនុំ។ បើត្រូវការនោះ ពួកគាត់អាចរៀបចំឲ្យមានជំនួយក្នុងការសិក្សាជាមួយអ្នកឥតសកម្ម។ ពួកអ្នកចាស់ទុំប្រហែលជានឹងសុំបងប្អូនឯទៀតជួយដែរ។ បើពួកអ្នកចាស់ទុំសុំអ្នកឲ្យជួយ ជំនួយនោះអាចនាំឲ្យមានប្រយោជន៍ច្រើនណាស់ ជាពិសេសបើអ្នកអាចលើកទឹកចិត្តបងប្អូនឥតសកម្មដោយបង្ហាញចិត្តយោគយល់យ៉ាងស្លូតផងដែរ។
៤ កាលណាបងប្អូនមានសកម្មភាពសាជាថ្មីទៀតជាមួយនឹងក្រុមជំនុំយើង នេះពិតជាផ្ដល់ហេតុឲ្យយើងរាល់គ្នាមានចិត្តសប្បាយរីករាយមែន។ (លូ. ១៥:៦) ការខិតខំលើកទឹកចិត្តបងប្អូនណាដែលឥតសកម្មក្នុងកិច្ចបំរើយើងនេះ គឺជា«ពាក្យសំដីដែលនិយាយចំពេល»មែន។—សុ. ២៥:១១