ចូរកុំភ្លេចពួកអ្នកដែលអសកម្ម
១ តើអ្នកស្គាល់បងប្អូនណាដែលអសកម្មទេ? ពេលដែលអ្នកផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយ ប្រហែលជាបានជួបបងប្អូនដែលបានរសាត់ចេញ និងឈប់ចូលរួមកិច្ចប្រជុំ។ យើងត្រូវចងចាំថាពួកអ្នកដែលអសកម្មនៅតែជាបងប្អូនខាងវិញ្ញាណរបស់យើង។ យើងចង់បង្ហាញថាយើងស្រឡាញ់គាត់ និងចង់ជួយគាត់ឲ្យត្រឡប់មកក្រុមជំនុំ ហើយមកឯ‹អ្នកគង្វាល ជាអ្នកថែទាំព្រលឹងយើងវិញ›។—១ពេ. ២:២៥
២ ចូរបង្ហាញការយកចិត្តទុកដាក់: យើងអាចបង្ហាញថាយើងមិនភ្លេចបងប្អូនដែលអសកម្ម ដោយទូរស័ព្ទ ឬទៅលេងពួកគាត់។ តើយើងអាចនិយាយអ្វីខ្លះ? យើងអាចនិយាយអ្វីដែលលើកទឹកចិត្ត ដើម្បីឲ្យគាត់ដឹងថាយើងគិតអំពីគាត់។ ចូរធ្វើឲ្យមានការសន្ទនាយ៉ាងស្និទ្ធស្នាល និងផ្ដល់កម្លាំងចិត្ត។ (ភី. ៤:៨) យើងអាចនិយាយចំណុចណាមួយដែលធ្វើឲ្យយើងមានអំណរពីកិច្ចប្រជុំពេលថ្មីៗនេះ។ យើងក៏អាចអញ្ជើញគាត់មកឯកិច្ចប្រជុំ ឬសន្និបាត និងប្រាប់គាត់ថាយើងទុកកន្លែងអង្គុយ ឬទៅទទួលគាត់ពីផ្ទះ។
៣ នៅតំបន់ផ្សាយបងប្អូនយើងបានជួបបងស្រីម្នាក់ដែលអសកម្មជាង២០ឆ្នាំ។ ថ្វីបើគាត់មិនព្រមសិក្សាព្រះគម្ពីរក្ដី បងស្រីដែលបានជួបគាត់ នៅតែត្រឡប់ទៅជួបនិងផ្ដល់ទស្សនាវដ្ដី។ ក្រោយពីមហាសន្និបាតប្រចាំតំបន់ អ្នកផ្សាយម្នាក់បានពិគ្រោះចំណុចសំខាន់ខ្លះៗពីសន្និបាតជាមួយនឹងបងស្រីអសកម្ម និងជាលទ្ធផលគាត់ក៏មានសកម្មភាពឡើងវិញ។
៤ ពេលអ្នកអសកម្មត្រឡប់មកវិញ: ពេលដែលបងប្អូនអសកម្មចាប់ផ្ដើមមកឯកិច្ចប្រជុំវិញ តើយើងគួរប្រព្រឹត្តយ៉ាងណាចំពោះគាត់? ចុះព្រះយេស៊ូ តើទ្រង់ប្រព្រឹត្តយ៉ាងណាពេលដែលពួកសិស្សរត់ចោលទ្រង់មួយរយៈនោះ? ទ្រង់ហៅពួកគាត់«បងប្អូន»ដោយរបៀបដ៏កក់ក្ដៅ ហើយបង្ហាញពីទំនុកចិត្តចំពោះពួកគាត់។ ទ្រង់ក៏បានប្រគល់ភារកិច្ចដ៏សំខាន់ដល់ពួកគាត់ថែមទៀត។ (ម៉ាថ. ២៨:១០, ១៨, ១៩) មិនយូរក្រោយមក ពួកគាត់ជាប់រវល់ក្នុងការផ្សព្វផ្សាយដំណឹងល្អ«ជានិច្ច»។—កិច្ច. ៥:៤២
៥ មុនពេលអញ្ជើញអ្នកអសកម្មឲ្យសិក្សាព្រះគម្ពីរ ឬអសកម្មយូរហើយឲ្យទៅផ្សព្វផ្សាយជាមួយ នោះយើងគួរសុំការណែនាំពីអ្នកចាស់ទុំសិន។ ប្រសិនបើយើងជួបអ្នកផ្សាយអសកម្មនៅតំបន់ផ្សាយ យើងគួរជម្រាបអ្នកចាស់ទុំឲ្យដឹង ដើម្បីពួកគាត់អាចផ្ដល់ជំនួយ។
៦ ដូចព្រះគម្ពីរបានបង្ហាញយ៉ាងច្បាស់ថា មានតែអ្នកដែលកាន់ខ្ជាប់ដរាបដល់ចុងបំផុត នោះនឹងបានសង្គ្រោះ។ (ម៉ាថ. ២៤:១៣) ដូច្នេះហើយ សូមយកចិត្តទុកដាក់ដល់អស់អ្នកដែលបានរសាត់ចេញ ឬជំពប់ដួលដោយសាររឿងណាមួយ។ ប្រសិនបើយើងមានចិត្តអត់ធ្មត់ក្នុងការបង្ហាញសេចក្ដីស្រឡាញ់ដូចព្រះយេហូវ៉ា ដោយយកចិត្តទុកដាក់យ៉ាងស្មោះដល់ពួកអ្នកអសកម្ម នោះធ្វើឲ្យយើងមានអំណរ បើឃើញពួកគាត់ចូលរួមក្នុងកិច្ចបម្រើពិសិដ្ឋជាមួយយើងម្ដងទៀត។—លូ. ១៥:៤-១០
[សំណួរសម្រាប់អត្ថបទសិក្សា]
១. ហេតុអ្វីយើងគួរព្យាយាមលើកទឹកចិត្តអស់អ្នកដែលអសកម្ម?
២. តើយើងអាចលើកទឹកចិត្តបងប្អូនដែលអសកម្មតាមរបៀបណាខ្លះ?
៣. តើតាមរបៀបណាដែលបងស្រីអសកម្ម មានសកម្មភាពឡើងវិញ?
៤. ពេលដែលបងប្អូនអសកម្មចាប់ផ្ដើមមកឯកិច្ចប្រជុំវិញ តើយើងគួរប្រព្រឹត្តយ៉ាងណាចំពោះគាត់?
៥. សូមរៀបរាប់កាលៈទេសៈដែលអ្នកគួរជម្រាបអ្នកចាស់ទុំឲ្យដឹងស្តីអំពីអ្នកអសកម្ម។
៦. តើយើងបានទទួលអ្វីពីការជួយពួកអ្នកដែលអសកម្ម?