វីដេអូដែលបញ្ជាក់និន្នាការសំខាន់មួយខាងវេជ្ជសាស្ត្រ
អ្នកជំនាញផ្នែកច្បាប់និងការថែទាំសុខភាពកំពុងតែបង្ហាញការយកចិត្តទុកដាក់កាន់តែច្រើនចំពោះសិទ្ធិនិងសីលធម៌របស់អ្នកជំងឺ។ នេះបានជួយឲ្យមានវិធីព្យាបាលថ្មីៗដែលអាចផ្ដល់ជាប្រយោជន៍ដល់ស្មរបន្ទាល់ព្រះយេហូវ៉ា។ (កិច្ច. ១៥:២៨, ២៩) វីដេអូចំណងជើងថាវិធីព្យាបាលដោយមិនចាក់បញ្ចូលឈាមគោរពសិទ្ធិនិងបំពេញតម្រូវការអ្នកជំងឺជួយឲ្យយើងផ្ដោតអារម្មណ៍ទៅលើរឿងនេះ។ សូមមើលវីដេអូនេះសិន រួចសូមគិតពីចំណុចផ្សេងៗដែលអ្នកបានរៀន។ កំណត់សម្គាល់: ដោយសារវីដេអូនេះមានឈុតខ្លីៗដែលបង្ហាញពីការវះកាត់ នោះមាតាបិតាគួរប្រុងប្រយ័ត្នពេលដែលមើលវីដេអូនេះជាមួយនឹងកូនតូចៗ។
(១) ក្នុងចំណោមវេជ្ជបណ្ឌិត តើហេតុអ្វីបានជាមានការវាយតម្លៃជាថ្មីទៅលើការព្យាបាលដោយចាក់បញ្ចូលឈាម? (២) សូមឲ្យឧទាហរណ៍បីយ៉ាងអំពីការវះកាត់ធ្ងន់ធ្ងរដែលគ្រូពេទ្យធ្វើដោយមិនបញ្ចូលឈាម។ (៣) ទូទាំងពិភពលោក តើមានវេជ្ជបណ្ឌិតនិងពេទ្យវះកាត់ប៉ុន្មាននាក់ដែលបញ្ជាក់ថាខ្លួនសុខចិត្តព្យាបាលអ្នកជំងឺដោយមិនបញ្ចូលឈាម? ហេតុដូចម្ដេចបានជាពួកគេសុខចិត្តធ្វើដូច្នេះ? (៤) ថ្មីៗនេះ តើការស្រាវជ្រាវរបស់មន្ទីរពេទ្យផ្សេងៗបានឲ្យដឹងអ្វីខ្លះអំពីការចាក់បញ្ចូលឈាម? (៥) តើការចាក់បញ្ចូលឈាមអាចបង្កបញ្ហាអ្វីខ្លះដល់សុខភាព? (៦) តើអ្នកជំនាញបានសន្និដ្ឋានយ៉ាងណាអំពីផលប្រយោជន៍ដែលមកពីវិធីព្យាបាលដោយមិនចាក់បញ្ចូលឈាម? (៧) តើអ្វីនាំឲ្យខ្វះគ្រាប់ឈាមក្រហម? តើរូបកាយរបស់មនុស្សអាចទ្រាំនឹងការខ្វះគ្រាប់ឈាមក្រហមដល់កំរិតណា? ដើម្បីបំពេញនូវកង្វះខាតនេះ តើអាចធ្វើអ្វីទៅ? (៨) តើអាចធ្វើអ្វីដើម្បីជួយឲ្យរូបកាយរបស់អ្នកជំងឺចាប់ផ្ដើមផលិតគោលិកាក្រហម? (៩) តើគ្រូពេទ្យទាំងឡាយកំពុងតែប្រើវិធីអ្វីខ្លះដើម្បីកាត់បន្ថយនូវការហូរឈាមក្នុងកំឡុងពេលវះកាត់? (១០) តើវិធីព្យាបាលដោយមិនចាក់បញ្ចូលឈាមមានប្រសិទ្ធភាពឬទេក្នុងការព្យាបាលកូនក្មេងនិងមនុស្សដែលស្ថិតក្នុងសភាពធ្ងន់ធ្ងរដែលអាចបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតនោះ? (១១) តើអ្វីជាគោលការណ៍ចំបងមួយដែលទាក់ទងនឹងវិធីព្យាបាលដ៏ល្អនោះ? (១២) ស្តីអំពីវិធីព្យាបាលដែលមិនបញ្ចូលឈាម ហេតុអ្វីបានជាសំខាន់ដែលជនគ្រីស្ទានសម្រេចចិត្តទុកជាមុនថាចង់ទទួលការព្យាបាលយ៉ាងណានោះ? តើយើងអាចធ្វើដូច្នេះយ៉ាងដូចម្ដេច?
បើសម្រេចចិត្តទទួលយកការព្យាបាលខ្លះដូចបានបង្ហាញក្នុងវីដេអូនេះ នោះជារឿងដែលត្រូវសម្រេចចិត្តដោយខ្លួនឯង ដែលសមស្របទៅតាមមនសិការខ្លួនដែលបានលត់ដំតាមគោលការណ៍ព្រះគម្ពីរ។ ស្តីអំពីវិធីព្យាបាលដោយមិនចាក់បញ្ចូលឈាម តើអ្នកបានសម្រេចចិត្តថា អ្នកនិងកូនរបស់អ្នកសុខចិត្តទទួលវិធីព្យាបាលណាខ្លះ? យកល្អអ្នកប្រាប់សមាជិកក្រុមគ្រួសារដែលមិនមែនជាស្មរបន្ទាល់អំពីការសម្រេចចិត្តរបស់អ្នកនិងមូលហេតុដែលអ្នកសម្រេចចិត្តដូច្នេះ។—សូមមើលកិច្ចបំរើព្រះរាជាណាចក្រយើង ខែមិថុនា ឆ្នាំ២០០១ ទំព័រ៣-៦ អត្ថបទចំណងជើងថា«តើអ្នកបានរៀបចំឲ្យហើយជាស្រេច ដើម្បីប្រឈមមុខនឹងការព្យាបាលជម្ងឺដែលសាកល្បងនូវជំនឿរបស់អ្នកឬទេ?» និងអត្ថបទនៅខែធ្នូ ឆ្នាំ២០០២ ទំព័រ៣, ៤ ដែលមានចំណងជើងថា«ចូរការពារកូនរបស់អ្នកពីការប្រើឈាម»។