ចូរទទួលប្រយោជន៍ពីការសិក្សាសៀវភៅចូរចូលទៅជិតព្រះយេហូវ៉ា
១ នៅឯមហាសន្និបាតដែលមានប្រធាន«ចូរលើកតម្កើងសិរីរុងរឿងរបស់ព្រះ» នោះយើងបានរំភើបចិត្តណាស់ពេលទទួលសៀវភៅ ចូរចូលទៅជិតព្រះយេហូវ៉ា។ បងប្អូនច្រើននាក់បានអានសៀវភៅនោះភ្លាមៗ។ បងប្អូនច្រើននាក់ទៀតក៏ត្រូវជំរុញចិត្តឲ្យអានដែរ ដោយសារបទគម្ពីរប្រចាំឆ្នាំ២០០៣ ចែងថា៖ «[ចូរ]ចូលទៅជិតព្រះ នោះទ្រង់នឹងចូលមកជិតអ្នករាល់គ្នាដែរ»។—យ៉ា. ៤:៨
២ នៅខែមីនា យើងនឹងចាប់ផ្ដើមសិក្សាសៀវភៅចូរចូលទៅជិតព្រះយេហូវ៉ា នៅឯកម្មវិធីសិក្សាសៀវភៅតាមក្រុមជំនុំ។ តើយើងអាចទទួលប្រយោជន៍យ៉ាងពេញលេញពីការសិក្សាសៀវភៅនេះបានយ៉ាងណា? ការរៀបចំជាមុនគឺសំខាន់ចាំបាច់។ យើងនឹងចំណាយពីរសប្ដាហ៍ក្នុងការសិក្សាជំពូកនិមួយៗ ដោយមិនសូវមានវគ្គច្រើនប៉ុន្មានសំរាប់សិក្សារៀងរាល់សប្ដាហ៍។ នេះនឹងទុកឲ្យយើងមានពេលច្រើនដើម្បីឆ្លើយអស់ពីចិត្ត ដែលមានមូលដ្ឋានលើការសិក្សានិងការរំពឹងគិតលើពត៌មាននោះ។ បន្ថែមទៅទៀត ក្នុងកំឡុងសប្ដាហ៍ណាដែលយើងសិក្សាផ្នែកចុងក្រោយនៃជំពូកនានាដែលរួមមានការសើរើឡើងវិញនូវជំពូកនោះ ចំនួនវគ្គដែលយើងនឹងសិក្សាគឺតិចទៀត ដើម្បីឲ្យមានពេលច្រើនក្នុងការមើលទិដ្ឋភាពពិសេសមួយក្នុងសៀវភៅនេះ។
៣ ចាប់ផ្ដើមពីជំពូកទីពីរ នោះមានប្រអប់នៅជិតចុងជំពូកនិមួយៗ ដែលមានចំណងជើងថា៖ «សំនួរសំរាប់រំពឹងគិត»។ បន្ទាប់ពីសិក្សាវគ្គចុងក្រោយក្នុងជំពូកនោះ អ្នកត្រួតពិនិត្យក្រុមសិក្សានឹងនាំក្រុមពិគ្រោះប្រអប់នោះ។ គាត់នឹងលើកទឹកចិត្តអ្នកស្ដាប់ឲ្យឆ្លើយថែមទៀត ដើម្បីរកចំណុចល្អៗដែលពួកគាត់មានពីការរំពឹងគិតលើបទគម្ពីរ។ (សុ. ២០:៥) ក្រៅពីសំនួរដែលមានក្នុងប្រអប់ ជួនកាលគាត់ប្រហែលជានឹងសួរសំនួរបន្ថែមដូចជា ‹តើពត៌មាននេះបង្រៀនអ្វីខ្លះអំពីព្រះយេហូវ៉ា? តើពត៌មាននេះមានអានុភាពយ៉ាងណាលើជីវិតរបស់អ្នក? តើអ្នកអាចប្រើពត៌មាននេះដើម្បីជួយអ្នកឯទៀតយ៉ាងដូចម្ដេច?›។ អ្នកត្រួតពិនិត្យក្រុមសិក្សាមានគោលដៅលើកទឹកចិត្តឲ្យបងប្អូនឆ្លើយស្មោះអស់ពីចិត្ត គាត់មិនចង់សាកល្បងចំណេះនៃក្រុមស្តីអំពីរឿងតូចតាចផ្សេងៗទេ។
៤ សៀវភៅចូរចូលទៅជិតព្រះយេហូវ៉ា គឺខុសប្លែកពីសៀវភៅឯទៀតដែលយើងបានសិក្សា។ ប្រកាសនវត្ថុទាំងអស់របស់ ‹អ្នកបំរើស្មោះត្រង់ដែលមានវិនិច្ឆ័យល្អ› លើកតម្កើងសិរីរុងរឿងរបស់ព្រះយេហូវ៉ាមែន ប៉ុន្តែគោលបំណងទាំងស្រុងនៃសៀវភៅនេះ គឺដើម្បីពិគ្រោះនូវគុណសម្បត្ដិទាំងប៉ុន្មានរបស់ព្រះយេហូវ៉ាតែម្ដង។ (ម៉ាថ. ២៤:៤៥-៤៧) យើងមានឱកាសដ៏រំភើបមែននៅពីមុខយើង! យើងនឹងទទួលប្រយោជន៍យ៉ាងវិសេសពីការសិក្សាឲ្យបានជ្រៅជ្រះអំពីបុគ្គលិកលក្ខណៈរបស់ព្រះយេហូវ៉ា។ សូមឲ្យការសិក្សាសៀវភៅនេះ ជួយយើងឲ្យចូលកាន់តែជិតព្រះវរបិតារបស់យើងនៅស្ថានសួគ៌ ហើយសូមឲ្យយើងមានប្រសិទ្ធភាពកាន់តែល្អ ក្នុងការជួយអ្នកដទៃឲ្យចូលទៅជិតទ្រង់ដែរ។