ការសិក្សាសៀវភៅថ្វាយបង្គំព្រះ
សៀវភៅចូរថ្វាយបង្គំព្រះពិតតែមួយ បានរៀបចំឡើងដើម្បីសិក្សាជាមួយនឹងអ្នកថ្មីៗ បន្ទាប់ពីបានសិក្សាសៀវភៅចំណេះរួចហើយ។ ការសិក្សាប្រកាសនវត្ថុនេះនៅឯការសិក្សាសៀវភៅតាមក្រុម នឹងប្រដាប់យើងឲ្យចេះប្រើឧបករណ៍មួយនេះក្នុងកិច្ចបំរើរបស់យើង ហើយនិងជួយយើងឲ្យពង្រឹងសេចក្ដីស្រឡាញ់និងអំណរគុណចំពោះព្រះយេហូវ៉ាហើយអង្គការរបស់ទ្រង់។ តើតាមរបៀបណាដែលយើងអាចទទួលប្រយោជន៍យ៉ាងពេញលេញពីការសិក្សាសៀវភៅថ្វាយបង្គំព្រះនេះ?
ការដឹកនាំការសិក្សា: ដោយសារយើងនឹងសិក្សាមួយជំពូករៀងរាល់សប្ដាហ៍ អ្នកត្រួតពិនិត្យការសិក្សាសៀវភៅតាមក្រុម ត្រូវបែងចែកពេលវេលាដោយប្រាជ្ញា។ អ្នកត្រួតពិនិត្យមិនត្រូវនិយាយយូរពេកពេលដែលសិក្សាវគ្គដំបូងនោះទេ ដើម្បីមានពេលគ្រប់គ្រាន់សំរាប់សិក្សាពត៌មានសំខាន់ជាង ដែលតាមធម្មតាមាននៅវគ្គក្រោយមក។ ការពិគ្រោះសាឡើងវិញដោយសង្ខេបនូវពត៌មានក្នុងប្រអប់ក្រោយពីបញ្ចប់ការសិក្សា នឹងជួយអស់អ្នកចូលរួមឲ្យចាំនូវគោលចំណុចសំខាន់ៗ។
ប្រហែលជាហាសិបភាគរយនៃជំពូកនានាក្នុងសៀវភៅថ្វាយបង្គំព្រះ មានសំនួរសំរាប់រំពឹងគិតហើយពិគ្រោះ ដែលចាប់ផ្ដើមដោយដកឃ្លានៅដើមបន្ទាត់។ មានឧទាហរណ៍មួយនៅទំព័រ៤៨-៤៩។ ពេលដែលសិក្សាសៀវភៅតាមក្រុម អ្នកអានត្រូវអានរំលងសំនួរទាំងនោះ។ នៅពេលដែលសិក្សាតាមក្រុម អ្នកត្រួតពិនិត្យត្រូវឲ្យគេអានបទគម្ពីរហើយពិគ្រោះបទគម្ពីរនោះ តាមតែមានពេល។
រៀបចំជាមុន: ការរៀបចំយ៉ាងល្អជាមុនសំរាប់ការសិក្សា មិនគ្រាន់តែទាក់ទងនឹងការគូសចម្លើយតែប៉ុណ្ណោះនោះទេ។ ការអធិស្ឋានរួមទាំងការរំពឹងគិតអំពីបទគម្ពីរនឹងជួយយើងឲ្យរៀបចំចម្លើយ តែសំខាន់ជាងនោះទៅទៀត និងជួយយើងឲ្យចេះត្រៀមចិត្តរបស់យើងផងដែរ។ (អែស. ៧:១០) យើងគ្រប់គ្នាអាចជួយកំសាន្តចិត្តគ្នាទៅវិញទៅមក ដោយឆ្លើយតាមដែលសមគួរ មិនមែនច្រើនពេក។—រ៉ូម ១:១១, ១២
ការសិក្សាសៀវភៅថ្វាយបង្គំព្រះ នឹងជួយយើងឲ្យចូលទៅជិតព្រះយេហូវ៉ា ហើយប្រដាប់ខ្លួនយើងឲ្យចេះជួយមនុស្សដែលមានចិត្តស្មោះត្រង់ឲ្យពួកគេមកចូលរួមជាមួយនឹងយើងក្នុងការថ្វាយបង្គំទ្រង់។ (ទំនុក. ៩៥:៦; យ៉ា. ៤:៨) សូមឲ្យយើងគ្រប់គ្នាទទួលប្រយោជន៍យ៉ាងពេញលេញពីសំវិធានការខាងវិញ្ញាណនេះ។