ចាប់ពីថ្ងៃទី៦ ខែមករា យើងនឹងសិក្សាសៀវភៅចូរចូលទៅជិតព្រះយេហូវ៉ា
១. សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៦ ខែមករា តើយើងនឹងមានឱកាសអ្វីដើម្បីចូលទៅកាន់តែជិតព្រះយេហូវ៉ា?
១ ព្រះយេហូវ៉ាចង់ឲ្យយើងចូលទៅជិតលោក។ (យ៉ា. ៤:៨) ដើម្បីជួយយើងឲ្យធ្វើដូច្នោះ នៅសប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៦ ខែមករា យើងនឹងសិក្សាសៀវភៅចូរចូលទៅជិតព្រះយេហូវ៉ាជាការសិក្សាគម្ពីរជាក្រុមជំនុំ។ ស្តីអំពីគោលបំណងនៃសៀវភៅនេះ ទំព័រដំបូងរៀបរាប់ថា៖ «ពេលយើងរំពឹងគិតអំពីរបៀបព្រះយេហូវ៉ាសម្ដែងគុណសម្បត្ដិនីមួយៗរបស់ទ្រង់ និងពេលយើងមើលឃើញរបៀបព្រះយេស៊ូគ្រីស្ទបានត្រាប់តាមគុណសម្បត្ដិរបស់ព្រះយេហូវ៉ាយ៉ាងល្អឥតខ្ចោះ ថែមទាំងពេលយើងយល់ដឹងអំពីរបៀបយើងអាចបណ្ដុះឲ្យមានគុណសម្បត្ដិទាំងនោះផងដែរ នោះយើងនឹងត្រូវបានទាក់ទាញឲ្យចូលទៅជិតព្រះជាង»។ ក្រុមជំនុំធ្លាប់សិក្សាសៀវភៅនេះក្នុងអំឡុងឆ្នាំ២០០៤ និង២០០៥ម្ដងរួចហើយ។ តាំងពីពេលនោះមកមានអ្នកផ្សព្វផ្សាយជិតពីរលាននាក់ដែលបានចូលមកក្នុងសេចក្ដីពិត។ ទោះជាយ៉ាងនោះក្ដី ពួកគាត់ភាគច្រើនមិនទាន់បានសិក្សាសៀវភៅនេះទេ។ ដូច្នេះ នេះជាលើកទី១ដែលយើងនឹងពិគ្រោះយ៉ាងល្អិតល្អន់អំពីគុណសម្បត្ដិគួរឲ្យស្រឡាញ់របស់ព្រះយេហូវ៉ា។ ចំពោះអ្នកដែលធ្លាប់បានរៀនសៀវភៅនេះពីមុន ការរៀនសាឡើងវិញអំពីគុណសម្បត្ដិរបស់ព្រះយេហូវ៉ានឹងជួយពួកគាត់ឲ្យមានអំណរកាន់តែខ្លាំងចំពោះលោក។—ទំនុក. ១១៩:១៤
២. តើសៀវភៅចូរចូលទៅជិតព្រះយេហូវ៉ា នឹងត្រូវសិក្សាយ៉ាងដូចម្ដេច?
២ វិធីសិក្សា: អ្នកដឹកនាំនឹងចាប់ផ្ដើមដោយពាក្យផ្ដើមយ៉ាងខ្លី ប្រហែលមួយឬពីរឃ្លា។ សៀវភៅនេះមិនបញ្ជាក់យ៉ាងច្បាស់ថាគួរអានបទគម្ពីរមួយណាទេ។ ដូច្នេះ ក្នុងអំឡុងការសិក្សាអ្នកដឹកនាំនឹងជ្រើសរើសបទគម្ពីរសំខាន់ៗដើម្បីអាន។ ពេលចប់មេរៀននីមួយៗអ្នកដឹកនាំអាចសួរសំណួរមួយឬពីរជាការរៀនសាឡើងវិញ។ បើមេរៀនមានប្រអប់«សំនួរសំរាប់រំពឹងគិត» នេះនឹងត្រូវប្រើសម្រាប់រៀនសាឡើងវិញ។ បើមានពេលគ្រប់គ្រាន់ អ្នកដឹកនាំអាចអានបទគម្ពីរខ្លះដែលមានក្នុងប្រអប់ ហើយសួរសំណួរបន្ថែមដើម្បីឲ្យអ្នកស្ដាប់ឆ្លើយ។
៣. ពេលសិក្សាសៀវភៅនេះ តើយើងគួរធ្វើអ្វី ហើយហេតុអ្វី?
៣ ទាញយកប្រយោជន៍យ៉ាងពេញលេញ: សូមរៀបចំទុកជាមុន ទោះជាអ្នកធ្លាប់សិក្សាសៀវភៅនេះរួចហើយក្ដី។ សូមចូលរួមលើកដៃឆ្លើយ។ ការធ្វើដូច្នេះនឹងនាំឲ្យព្រះយេហូវ៉ាទទួលការសរសើរ ហើយជួយអ្នកឲ្យចងចាំព័ត៌មាន ព្រមទាំងជួយអ្នកចូលរួមឯទៀតឲ្យទទួលប្រយោជន៍ដែរ។ (ទំនុក. ៣៥:១៨; ហេ. ១០:២៤, ២៥) ពេលអ្នករំពឹងគិតអំពីគុណសម្បត្ដិដែលប្រៀបផ្ទឹមពុំបានរបស់ព្រះយេហូវ៉ា នោះអ្នកនឹងចូលកាន់តែជិតលោក។ (ទំនុក. ៧៧:១១-១៣) បន្ទាប់មក អ្នកនឹងកាន់តែស្ដាប់បង្គាប់ព្រះ ហើយជំរុញចិត្តអ្នកខ្លាំងជាងឲ្យប្រាប់អ្នកឯទៀតអំពីលោក។—ទំនុក. ១៥០:១-៦