«[ចូរ]បើកចិត្តឲ្យទូលាយឡើង»
១ ក្នុងចំណោមភាតរភាពគ្រីស្ទាន យើងម្នាក់ៗមានភារកិច្ចដើម្បីធ្វើឲ្យមានភាពកក់ក្ដៅក្នុងក្រុមជំនុំ។ (១ពេ. ១:២២; ២:១៧) ភាពកក់ក្ដៅនេះបានត្រូវបង្កើតឡើងនៅពេលដែលយើង«បើកចិត្តឲ្យទូលាយឡើង»ក្នុងការសម្ដែងសេចក្ដីស្រឡាញ់រវាងគ្នានឹងគ្នា។ (២កូ. ៦:១២, ១៣) ហេតុអ្វីក៏ជាការសំខាន់ដែលយើងត្រូវស្គាល់បងប្អូនប្រុសស្រីរបស់យើងឲ្យបានជិតស្និទ្ធ?
២ ចំណងមិត្តភាពរឹតតែរឹងមាំឡើង: កាលណាយើងស្គាល់អ្នកជឿគ្នីគ្នាជិតស្និទ្ធជាង យើងក៏យល់តម្លៃនៃជំនឿ ការស៊ូទ្រាំ ហើយគុណសម្បត្ដិល្អៗរបស់គាត់ច្រើនជាងមុនដែរ។ កំហុសរបស់គាត់នឹងទៅជារឿងតូចតាចចំពោះយើង ហើយចំណងមិត្តភាពរឹតតែរឹងមាំឡើង។ ពេលដែលយើងស្គាល់គ្នាជិតស្និទ្ធជាង នោះគឺងាយជាងឲ្យយើងកំសាន្តហើយស្អាងចិត្តគ្នាទៅវិញទៅមក។ (១ថែ. ៥:១១) យើងអាច«ជាជំនួយពង្រឹងកម្លាំង»ដល់គ្នានឹងគ្នាដើម្បីទប់ទល់នឹងអានុភាពនៃលោកីយ៍របស់សាតាំងដែលអាចបង្ខូចភាពខាងវិញ្ញាណរបស់យើង។ (កូល. ៤:១១, ព.ថ.) ដោយគិតអំពីថ្ងៃជាន់ក្រោយបង្អស់ដែលគាបសង្កត់យើងយ៉ាងខ្លាំង គឺយើងពិតជាមានចិត្តអបអរដោយមានមិត្តភក្ដិដ៏ល្អៗក្នុងចំណោមរាស្ត្ររបស់ព្រះយេហូវ៉ា។—សុ. ១៨:២៤
៣ មិត្តភក្ដិជិតស្និទ្ធអាចជាប្រភពពិសេសនៃកម្លាំងនិងការសំរាលទុក្ខពេលដែលយើងជួបទុក្ខលំបាកយ៉ាងខ្លាំង។ (សុ. ១៧:១៧) គ្រីស្ទានម្នាក់ដែលបានប្រទាញប្រទង់ក្នុងចិត្តដោយគិតថាខ្លួនអត់មានតម្លៃសោះ តែនឹកចាំថា៖ «មានមិត្តភក្ដិធ្លាប់ពោលពាក្យសរសើរខ្ញុំ ដើម្បីជួយឲ្យខ្ញុំលែងមានគំនិតអគតិលើខ្លួនឯង»។ មិត្តភក្ដិបែបនេះពិតជាអំណោយទានពីព្រះយេហូវ៉ាមែន។—សុ. ២៧:៩
៤ ចូរយកចិត្តទុកដាក់ចំពោះអ្នកឯទៀត: តើតាមរបៀបណាដែលយើងអាចបើកចិត្តឲ្យទូលាយឡើងក្នុងការសម្ដែងសេចក្ដីស្រឡាញ់ច្រើនជាងចំពោះអ្នកជឿគ្នីគ្នា? បន្ថែមទៅលើការជំរាបសួរបងប្អូននៅឯកិច្ចប្រជុំគ្រីស្ទាន សូមខំនិយាយជាមួយនឹងបងប្អូនដោយចេញពីចិត្តរបស់អ្នក។ យើងអាចបង្ហាញការចាប់អារម្មណ៍ចំពោះបងប្អូន ដោយឥតចាំបាច់ជ្រៀតជ្រែកសួរពីរឿងផ្ទាល់ខ្លួនរបស់គាត់។ (ភី. ២:៤; ១ពេ. ៤:១៥) វិធីមួយទៀតដែលយើងយកចិត្តទុកដាក់ចំពោះអ្នកឯទៀត គឺដោយអញ្ជើញគាត់មកពិសារបាយនៅផ្ទះយើង។ (លូ. ១៤:១២-១៤) ឬក៏ប្រហែលជាអ្នកអាចណាត់ពេលដើម្បីចូលរួមក្នុងកិច្ចបំរើផ្សាយជាមួយគ្នា។ (លូ. ១០:១) នៅពេលដែលយើងចាត់វិធានការឲ្យស្គាល់បងប្អូនប្រុសស្រីរបស់យើងយ៉ាងជិតស្និទ្ធជាង យើងក៏រក្សាឲ្យមានសាមគ្គីភាពក្នុងក្រុមជំនុំ។—កូល. ៣:១៤
៥ តើយើងរកតែអ្នកអាយុស្រករនឹងយើងឬក៏អ្នកដែលមានចំណាប់អារម្មណ៍ដូចគ្នានឹងយើងទុកជាមិត្តភក្ដិឬទេ? យើងមិនគួរមានគំនិតអំពីអាយុឬចំណាប់អារម្មណ៍ដូចគ្នាមកពាក់ព័ន្ធនឹងមិត្តភាពដែលមានក្នុងក្រុមជំនុំនោះទេ។ ដាវីឌនិងយ៉ូណាថាន ថែមទាំងនាងរស់និងន៉ាអូមីបានបណ្ដុះចំណងមិត្តភាពរបស់គេរឹតតែរឹងមាំឡើង ទោះជាមានចំណាស់និងសាវតារខុសគ្នាក៏ដោយ។ (រស់. ៤:១៥; ១សាំ. ១៨:១) តើអ្នកអាចរកចំណងមិត្តភាពថែមទៀតទេ? ការធ្វើដូច្នេះនឹងនាំឲ្យអ្នកទទួលពរដែលអ្នកគិតស្មានមិនដល់។
៦ ដោយបើកចិត្តរបស់យើងឲ្យទូលាយឡើងក្នុងការសម្ដែងសេចក្ដីស្រឡាញ់រវាងគ្នានឹងគ្នា យើងជួយពង្រឹងកម្លាំងដល់គ្នាទៅវិញទៅមកហើយក៏រក្សាឲ្យមានសន្ដិភាពក្នុងក្រុមជំនុំដែរ។ បន្ថែមទៅទៀត ដោយព្រោះយើងស្រឡាញ់បងប្អូនយើង នោះព្រះយេហូវ៉ាក៏ប្រទានពរឲ្យយើងដែរ។ (ទំនុក. ៤១:១, ២; ហេ. ៦:១០) យកល្អយើងមានគោលដៅចង់ស្គាល់បងប្អូនច្រើនប៉ុនណាដែលយើងអាចស្គាល់បាន។
[សំណួរសម្រាប់អត្ថបទសិក្សា]
១. តើយើងម្នាក់ៗមានភារកិច្ចអ្វី?
២. ហេតុអ្វីគឺសំខាន់ដែលយើងបណ្ដុះឲ្យមានចំណងមិត្តភាពជាមួយនឹងអ្នកជឿគ្នីគ្នា?
៣. តើយើងអាចជួយពង្រឹងកម្លាំងអ្នកឯទៀតបានយ៉ាងណា?
៤. តើយើងអាចស្គាល់បងប្អូនក្នុងក្រុមជំនុំយ៉ាងជិតស្និទ្ធជាងបានយ៉ាងណា?
៥. តើមានវិធីណាមួយដែលជួយឲ្យយើងរកចំណងមិត្តភាពថែមទៀតបាន?
៦. តើមានផលប្រយោជន៍អ្វីខ្លះដោយព្រោះយើងបើកចិត្តឲ្យទូលាយឡើងក្នុងការសម្ដែងសេចក្ដីស្រឡាញ់ចំពោះបងប្អូន?