អ្នកអាចមានមិត្តភាពជាស្ថាពរ
គឺមានឧបសគ្គជាច្រើនចំពោះមិត្តភាព។ តាមការពិត ព្រះគម្ពីរទាយប្រាប់ថា ក្នុង«ថ្ងៃជាន់ក្រោយបង្អស់» នឹងគ្មានសេចក្ដីស្រឡាញ់ សេចក្ដីប្រិមប្រិយ និងសេចក្ដីស្មោះត្រង់។ (ធីម៉ូថេទី២ ៣:១-៥; ម៉ាថាយ ២៤:១២) ស្ថានភាពដូចនេះបានធ្វើឲ្យមានភាពនៅដាច់តែឯងយ៉ាងច្រើន។ បុគ្គលម្នាក់និយាយថា៖ «ក្នុងតំបន់របស់ខ្ញុំដូចក្នុងទូកធំរបស់លោកណូអេអញ្ចឹង។ បើសិនជាអ្នកមិនមែនជាស្វាមីភរិយា អ្នកមិនអាចចូលបានទេ»។ ភាពនៅតែឯកឯងមិនមែនជាកំហុសទាំងស្រុងរបស់បុគ្គលដែលនៅតែម្នាក់ឯងនោះទេ។ នៅកន្លែងខ្លះលើផែនដីនេះ បញ្ហាចំពោះការមានមិត្តភាពជាស្ថាពរ មានដូចជាការរើផ្ទះជាញឹកញាប់ ការទាស់ទែងក្នុងគ្រួសារ ទីក្រុងដ៏មានគ្រោះថ្នាក់ និងការមិនសូវមានការលេងកំសាន្ត។
អ្នកដែលរស់នៅក្នុងទីក្រុងសម័យថ្មីនេះ មួយអាទិត្យអាចជួបមនុស្សជាច្រើន ជាងអ្នករស់នៅឯភូមិក្នុងសតវត្សទី១៨ បានឃើញក្នុងមួយឆ្នាំឬក្នុងមួយជីវិត! ប៉ុន្តែ ទំនាក់ទំនងសព្វថ្ងៃនេះគឺតែងតែរាក់កំផែល។ មនុស្សជាច្រើនក្លាយទៅជាជក់ស្លុងរកតែការកំសាន្ត។ យ៉ាងណាក៏ដោយ យើងត្រូវតែសារភាពថា ការលេងសប្បាយអ៊ូអែដែលគ្មានខ្លឹមសារជាមួយនឹងអ្នកមិនល្អ គឺដូចនឹងបន្លាប្រើសំរាប់ដុត។ សាស្ដា ៧:៥, ៦ចែងថា៖ «ឯការដែលស្ដាប់ពាក្យបន្ទោសនៃមនុស្សមានប្រាជ្ញានោះវិសេសដល់មនុស្ស ជាជាងស្ដាប់បទចំរៀងរបស់ពួកល្ងីល្ងើ ដ្បិតសំណើចរបស់មនុស្សល្ងីល្ងើ នោះឮដូចជាសូរគុកគឹក ពីបន្លាដែលឆេះក្រោមឆ្នាំង នេះក៏ជាការឥតប្រយោជន៍ទទេ»។ បន្លាគឺឆេះយ៉ាងភ្លឺហើយយ៉ាងខ្លាំងមួយភ្លែត ប៉ុន្តែមិនមានភ្លើងគ្រប់គ្រាន់ឲ្យយើងបានកក់ក្ដៅទេ។ យ៉ាងដូច្នេះដែរ មិត្តដែលសើចឡូឡាប្រហែលជារំខានមួយភ្លែត តែនឹងមិនបំបាត់ភាពនៅតែឯកឯងទាំងអស់ឡើយ ឬបំពេញសេចក្ដីត្រូវការរបស់យើងចំពោះមិត្តស្មោះត្រង់។
ការនៅដាច់ពីគេគឺខុសគ្នានឹងភាពនៅតែឯកឯង។ ការនៅដាច់ពីគេខ្លះគឺត្រូវការចាំបាច់សំរាប់ឲ្យយើងបានស្រួលខ្លួន ហើយមានអ្វីជាច្រើនដើម្បីនឹងផ្ដល់ជាមិត្តម្នាក់។ នៅពេលជួបប្រទះនឹងភាពនៅតែឯកឯង មនុស្សជាច្រើនបែរទៅរកគ្រឿងកំសាន្តអេឡិចត្រូនិច។ វិចារណ៍មួយបានរកឃើញថា ការតបឆ្លើយទូទៅចំពោះភាពនៅដាច់តែឯកឯង គឺមើលទូរទស្សន៍។ ប៉ុន្តែ ពួកអ្នកស្រាវជ្រាវសន្និដ្ឋានថា ការមើលទូរទស្សន៍យូរ គឺជាអ្វីមួយដ៏អាក្រក់ ពេលដែលមានអារម្មណ៍តែម្នាក់ឯង។ នេះធ្វើឲ្យមាននិន្ទ្រាលុភាព ភាពធុញទ្រាន់ និងគំនិតរវើរវាយ ដែលធ្វើឲ្យមានទំនាក់ទំនងមិនល្អជាមួយអ្នកដទៃ។
ភាពនៅដាច់ពីគេអាចមានតម្លៃណាស់ បើសិនជាយើងប្រើពេលវេលារបស់យើងឲ្យមានប្រយោជន៍។ យើងអាចធ្វើការនេះ ដោយអាន សរសេរសំបុត្រ បង្កើតរបស់ផ្សេងៗ និងសំរាក។ ភាពនៅដាច់ពីគេដែលមានប្រយោជន៍ រួមបញ្ចូលការអធិស្ឋានទៅព្រះ សិក្សាព្រះគម្ពីរ ហើយរំពឹងគិតទៅលើការអាននោះ។ (ទំនុកដំកើង ៦៣:៦) ទាំងនេះជាផ្លូវផ្សេងៗដើម្បីឲ្យយើងបានជិតស្និទ្ធនឹងព្រះយេហូវ៉ា ជាមិត្តដ៏ឧត្តមរបស់យើង។
គំរូនៃមិត្តភាពក្នុងព្រះគម្ពីរ
ទោះបីជាការល្អក្នុងការរាក់ទាក់នឹងមនុស្សជាច្រើនក៏ដោយ ព្រះគម្ពីររំឭកយើងថា «មានមិត្តសំឡាញ់ម្យ៉ាង ដែលនៅជាប់ជាងបងប្អូនទៅទៀត»។ (សុភាសិត ១៨:២៤) យើងគ្រប់គ្នាត្រូវការមិត្តជិតដិតខ្លះ ដែលពិតជាខ្វល់ខ្វាយនឹងយើង ធ្វើឲ្យយើងមានអំណរ កម្លាំង និងសន្ដិភាព។ ថ្វីបីមិត្តភាពស្មោះត្រង់បែបនេះគឺមិនមានទូទៅក្នុងសព្វថ្ងៃនេះក៏ដោយ គំរូខ្លះនៅពីដើម គឺបានកត់ទុកមកក្នុងព្រះគម្ពីរ។ ជាឧទាហរណ៍ ចំពោះដាវីឌនិងយ៉ូណាថានគឺជាមិត្តដ៏ជិតស្និទ្ធ។ តើយើងអាចរៀនអ្វីពីនេះ? ហេតុអ្វីក៏មិត្តភាពរបស់គេមានជាស្ថាពរ?
ជាគំរូមួយ ដាវីឌនិងយ៉ូណាថានគឺមានការចូលចិត្តដូចគ្នា។ អ្វីដែលសំខាន់ទៀត ពួកគេមានភក្ដីភាពយ៉ាងជ្រាលជ្រៅចំពោះព្រះយេហូវ៉ា។ ក្រោយពីបានកត់សម្គាល់ជំនឿរបស់ដាវីឌក្នុងព្រះ និងការប្រព្រឹត្តរបស់គាត់ក្នុងការការពារប្រជារាស្ត្ររបស់ព្រះយេហូវ៉ា «នោះចិត្តយ៉ូណាថានក៏មូលជាប់នឹងចិត្តគាត់ ហើយយ៉ូណាថានបានស្រឡាញ់ដាវីឌទុកដូចជាខ្លួនលោកដែរ»។ (សាំយូអែលទី១ ១៨:១) ដូច្នេះ ពីព្រោះគេស្រឡាញ់ព្រះដូចគ្នា នេះជួយឲ្យភ្ជាប់មិត្តជាមួយគ្នា។
យ៉ូណាថាននិងដាវីឌជាបុគ្គលមាំមួន ដែលកាន់តាមគោលការណ៍ទាំងឡាយរបស់ព្រះ។ ដូច្នេះ ពួកគេអាចគោរពគ្នាទៅវិញទៅមក។ (សាំយូអែលទី១ ១៩:១-៧; ២០:៩-១៤; ២៤:៦) យើងប្រាកដជាមានប្រសិទ្ធិពរណាស់ បើយើងមានមិត្តដែលគោរពព្រះ ដែលកាន់តាមគោលការណ៍ព្រះគម្ពីរ។
គឺមានកត្ដាឯទៀត ដែលបណ្ដាលឲ្យដាវីឌនិងយ៉ូណាថានជាមិត្ត។ ទំនាក់ទំនងរបស់គេគឺទៀងត្រង់ ហើយម្នាក់អាចទុកចិត្តនឹងម្នាក់បាន។ ដោយចិត្តស្មោះត្រង់ យ៉ូណាថានចាត់ទុកប្រយោជន៍របស់ដាវីឌសំខាន់ជាងរបស់ខ្លួន។ គាត់មិនច្រណែន ពីព្រោះព្រះបានសន្យាថាដាវីឌនឹងទៅជាស្តេច ផ្ទុយទៅវិញ យ៉ូណាថានបានគាំទ្រគាត់ខាងទឹកចិត្តនិងវិញ្ញាណ។ ហើយដាវីឌបានទទួលយកជំនួយនោះ។ (សាំយូអែលទី១ ២៣:១៦-១៨) តាមវិធីដ៏សមរម្យក្នុងព្រះគម្ពីរ ដាវីឌនិងយ៉ូណាថានបានប្រាប់គ្នានូវអារម្មណ៍របស់គេ។ មិត្តភាពដែលគោរពព្រះរបស់គេ គឺបានមកដោយការអបអរពិតនិងសេចក្ដីស្រឡាញ់។ (សាំយូអែលទី១ ២០:៤១; សាំយូអែលទី២ ១:២៦) មិត្តភាពរបស់គេគឺមិនអាចបំបាក់បានឡើយ ពីព្រោះបុរសទាំងពីររក្សាការស្មោះត្រង់ចំពោះព្រះ។ ការអនុវត្តគោលការណ៍បែបនេះ អាចជួយយើងឲ្យស្ថាបនានិងរក្សាមិត្តភាពពិត។
របៀបបណ្ដុះឲ្យមានមិត្តភាព
តើអ្នកកំពុងតែរកមិត្តស្មោះត្រង់ឬ? អ្នកមិនចាំបាច់ទៅរកមើលឆ្ងាយទេ។ បុគ្គលខ្លះក្នុងចំណោមដែលអ្នកចូលរួមជាមួយ គឺអាចជាមិត្តរបស់អ្នក ហើយគេក៏អាចត្រូវការមិត្តភាពរបស់អ្នកដែរ។ ជាពិសេសចំពោះគ្រីស្ទានគ្នីគ្នា ជាការដ៏មានប្រាជ្ញាឲ្យអនុវត្តឱវាទរបស់ប៉ុលក្នុងការឲ្យ‹ចិត្តបានទូលាយឡើង›។ (កូរិនថូសទី២ ៦:១១-១៣) ប៉ុន្តែ ចូរកុំឲ្យខ្លាចឡើយ បើសិនជាការខំប្រឹងជាច្រើនមិនបានមានមិត្តដ៏ជិតដិតនោះ។ នេះធម្មតាត្រូវការពេលវេលាដើម្បីនឹងបណ្ដុះមិត្តភាព ហើយមិនមែនទំនាក់ទំនងទាំងអស់នឹងមានជ្រៅដូចគ្នាឡើយ។ (សាស្ដា ១១:១, ២, ៦) ប្រាកដហើយ ដើម្បីឲ្យមានមិត្តពិត យើងមិនត្រូវមានចិត្តកំណាញ់ ហើយយើងត្រូវកាន់តាមឱវាទរបស់ព្រះយេស៊ូ៖ «ដូច្នេះ អស់ទាំងការអ្វី ដែលអ្នករាល់គ្នាចង់ឲ្យមនុស្សលោក ប្រព្រឹត្តនឹងខ្លួន នោះត្រូវឲ្យអ្នកប្រព្រឹត្តនឹងគេដូច្នោះដែរ»។—ម៉ាថាយ ៧:១២
តើអ្នកណាដែលត្រូវការមិត្តភាពរបស់អ្នក? ក្រៅពីពួកដែលមានអាយុស្រករអ្នក ចុះយ៉ាងណាវិញដែរ ចំពោះក្មេងៗនិងពួកចាស់ៗ? មិត្តភាពរវាងដាវីឌនិងយ៉ូណាថាន នាងរស់និងណាអូមី ប៉ុលនិងធីម៉ូថេ គឺមានអាយុខុសគ្នាយ៉ាងច្រើន។ (នាងរស់ ១:១៦, ១៧; កូរិនថូសទី១ ៤:១៧) តើអ្នកអាចយកពួកស្ត្រីមេម៉ាយនិងពួកដែលឥតរៀបការមកធ្វើជាមិត្តបានទេ? ចូរគិតដែរ អំពីអស់ពួកអ្នកដែលទើបតែរើមករស់នៅតំបន់របស់អ្នក។ ពួកគេប្រហែលជាបោះបង់ចោលមិត្តរបស់គេ ដោយរើឬផ្លាស់ប្ដូរជីវភាពរបស់គេ។ ចូរកុំចាំឲ្យអ្នកដទៃមកស្វែងរកអ្នកឡើយ។ បើសិនជាអ្នកជាគ្រីស្ទាន ចូរធ្វើឲ្យមិត្តភាពជាស្ថាពរដោយអនុវត្តតាមឱវាទរបស់ប៉ុល៖ «ឯសេចក្ដីស្រឡាញ់ជាបងជាប្អូន នោះចូរមានចិត្តថ្នមគ្នាទៅវិញទៅមកចុះខាងឯសេចក្ដីរាប់អាន នោះឲ្យខំរាប់អានគេជាមុន»។—រ៉ូម ១២:១០
យើងអាចគិតអំពីមិត្តភាពជាវិធីនៃការផ្ដល់ឲ្យ។ ព្រះយេស៊ូមានបន្ទូលថា បើសិនជាយើងផ្ដល់ឲ្យទៅគេ នោះមនុស្សនឹងផ្ដល់ឲ្យយើងដែរ។ ទ្រង់ក៏មានបន្ទូលប្រាប់ថា ការឲ្យគឺមានសេចក្ដីសប្បាយជាងការទទួលទៅទៀត។ (លូកា ៦:៣៨; កិច្ចការ ២០:៣៥) តើអ្នកជួបមនុស្សពីប្រទេសផ្សេងៗទេ? មហាសន្និបាតអន្តរជាតិនៃស្មរបន្ទាល់ព្រះយេហូវ៉ាបានបញ្ជាក់ថា មនុស្សពីវប្បធម៌ផ្សេងៗអាចបណ្ដាលឲ្យមានមិត្តភាពដ៏ពិតហើយជាស្ថាពរ ពេលដែលពួកគេថ្វាយបង្គំព្រះ។
ការរក្សាមិត្តភាពឲ្យបានជាប់
គួរឲ្យស្ដាយណាស់ ចំពោះពួកអ្នកដែលយើងចាត់ទុកជាមិត្ត ជួនកាលអាចបណ្ដាលឲ្យយើងឈឺចាប់ណាស់។ ការនិយាយដើមដែលធ្វើឲ្យខូចកិត្ដិយស ក្បត់ការទុកចិត្ត មិនមានអំណរ—ទាំងនេះជារបស់ខ្លះក្នុងចំណោមអ្វីដែលអាចធ្វើឲ្យឈឺចាប់ ពេលរបស់ទាំងនេះបានចេញពីមាត់របស់បុគ្គលដែលយើងចាត់ទុកជាមិត្តស្មោះត្រង់។ តើអាចធ្វើយ៉ាងណា ក្នុងស្ថានការណ៍បែបនេះ?
ចូរទុកគំរូឲ្យបានល្អ។ ចូរធ្វើយ៉ាងណាឲ្យអស់ពីសមត្ថភាព ដើម្បីចៀសវាងការបណ្ដាលឲ្យមានការឈឺចាប់ដែលមិនចាំបាច់។ ក្នុងកន្លែងខ្លះ ជាការទូទៅចំពោះមិត្ត ដែលសើចចំអកនឹងកំហុសរបស់គ្នា។ ប៉ុន្តែ ការប្រព្រឹត្តដ៏មិនប្រណីឬលេងល្បិចបែបនេះ នឹងមិនទាញមិត្តឲ្យមកជិតទេ ទោះបីនេះគ្រាន់តែចាត់ទុកជា«កំប្លែងលេង»ក៏ដោយ។—សុភាសិត ២៦:១៨, ១៩
ចូរខំប្រឹងធ្វើយ៉ាងណាឲ្យរក្សាមិត្តភាព។ ការយល់ខុស ជួនកាលអាចកើតឡើង ពេលដែលមិត្តម្នាក់ចង់បានអ្វីជាច្រើនពីបុគ្គលម្នាក់ទៀត។ មិត្តម្នាក់ដែលឈឺ ឬជាប់រវល់ដោយសារបញ្ហាធំមួយ នឹងមិនអាចបង្ហាញការកក់ក្ដៅដូចធម្មតានោះទេ។ ដូច្នេះ នៅពេលបែបនេះហើយ ចូរឲ្យមានចិត្តអធ្យាស្រ័យហើយជួយជ្រោមជ្រែងផង។
ចូរដោះស្រាយបញ្ហាឲ្យបានរហ័សហើយដោយសប្បុរស។ ចូរធ្វើនៅទីសម្ងាត់ បើអាចធ្វើទៅបាន។ (ម៉ាថាយ ៥:២៣, ២៤; ១៨:១៥) ចូរធ្វើឲ្យមិត្តរបស់អ្នកដឹងប្រាកដថាអ្នកចង់រក្សាទំនាក់ទំនងឲ្យបានល្អ។ មិត្តស្មោះត្រង់អត់ឱនទោសឲ្យគ្នាទៅវិញទៅមក។ (កូល៉ុស ៣:១៣) តើអ្នកនឹងទៅជាមិត្តបែបនោះទេ—ដែលនៅជាប់ជាងបងប្អូនម្នាក់ទៅទៀតនោះ?
ការអាននិងគិតអំពីមិត្តភាព គ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះ។ បើសិនជាយើងមានអារម្មណ៍នៅឯកឯង ចូរឲ្យយើងចាត់វិធានការឲ្យបានត្រឹមត្រូវ នោះទើបយើងមិនមានអារម្មណ៍បែបនេះយូរឡើយ។ បើយើងខំប្រឹង យើងក៏អាចបណ្ដាលឲ្យមានមិត្តស្មោះត្រង់ដែរ។ ជាមួយបុគ្គលខ្លះៗ យើងអាចមានចំណងភ្ជាប់យ៉ាងពិសេស។ ប៉ុន្តែ គ្មានអ្នកណាមួយដែលអាចជំនួសព្រះបានឡើយ ជាមិត្តដ៏ឧត្តម។ មានតែព្រះយេហូវ៉ាទេ ដែលជ្រាបដឹង យល់ ហើយទំនុកបំរុងយើងទាំងស្រុង។ (ទំនុកដំកើង ១៣៩:១-៤,២៣,២៤) ម្យ៉ាងទៀត បន្ទូលរបស់ព្រះផ្ដល់ឲ្យសេចក្ដីសង្ឃឹមដ៏អស្ចារ្យសំរាប់អនាគត—ពិភពលោកថ្មីដែលអាចមានមិត្តស្មោះត្រង់ជានិរន្តរ៍។—ពេត្រុសទី២ ៣:១៣
[រូបភាពនៅទំព័រ៥]
ដាវីឌនិងយ៉ូណាថានមានមិត្តភាពស្មោះត្រង់ ហើយយើងក៏អាចមានដូច្នេះដែរ