ចូរយកតម្រាប់តាមយុត្ដិធម៌របស់ព្រះយេហូវ៉ា
១ «ព្រះយេហូវ៉ាទ្រង់សព្វព្រះទ័យនឹងសេចក្ដីយុត្ដិធម៌»។ (ទំនុក. ៣៧:២៨) ហេតុដូច្នេះហើយ ទោះជាទ្រង់បានចេញក្រឹត្យថាលោកីយ៍ដ៏អាក្រក់នេះនឹងត្រូវបំផ្លាញចោលក៏ដោយ ក៏ទ្រង់បានរៀបចំឲ្យមានការព្រមានទុកជាមុនដែរ។ (ម៉ាក. ១៣:១០) នេះអនុញ្ញាតឲ្យមនុស្សមានឱកាសប្រែចិត្តនិងទទួលសេចក្ដីសង្គ្រោះ។ (២ពេ. ៣:៩) តើយើងខំព្យាយាមយកតម្រាប់តាមយុត្ដិធម៌របស់ព្រះយេហូវ៉ាឬទេ? តើការឈឺចាប់វេទនានៃក្រុមគ្រួសាររបស់មនុស្សជំរុញចិត្តយើងឲ្យចូលរួមផ្សព្វផ្សាយប្រាប់អ្នកដទៃអំពីសេចក្ដីសង្ឃឹមនៃព្រះរាជាណាចក្រឬទេ? (សុ. ៣:២៧) បើយើងស្រឡាញ់យុត្ដិធម៌ នេះនឹងជំរុញឲ្យយើងចូលរួមផ្សព្វផ្សាយយ៉ាងសកម្ម។
២ ចូរផ្សព្វផ្សាយដោយឥតរើសមុខ: ដោយប្រកាសប្រាប់អំពីគោលបំណងរបស់ព្រះដល់មនុស្សគ្រប់គ្នាដោយឥតរើសមុខ យើង«ប្រព្រឹត្តដោយ[«យុត្ដិធម៌», ខ.ស.]»។ (មីកា ៦:៨) យើងត្រូវតែទប់ទល់នឹងទំនោរចិត្តដែលមនុស្សឥតគ្រប់ល័ក្ខណ៍មានក្នុងការវិនិច្ឆ័យអ្នកដទៃដោយផ្អែកលើសំបកក្រៅរបស់គេ។ (យ៉ា. ២:១-៤, ៩) ព្រះយេហូវ៉ា«ទ្រង់សព្វព្រះហឫទ័យឲ្យមនុស្សទាំងអស់បានសង្គ្រោះ ហើយឲ្យបានស្គាល់សេចក្ដីពិត»។ (១ធី. ២:៤) ព្រះបន្ទូលនៃសេចក្ដីពិតរបស់ព្រះអាចនាំឲ្យជីវិតរបស់មនុស្សផ្លាស់ប្ដូរយ៉ាងអស្ចារ្យ។ (ហេ. ៤:១២) ដោយដឹងអំពីនេះអាចជំរុញយើងឲ្យផ្សព្វផ្សាយដល់មនុស្សដោយមានទំនុកចិត្ត សូម្បីមនុស្សដែលមិនចង់ស្ដាប់យើងនៅពេលមុនៗក៏ដោយ។
៣ បងស្រីម្នាក់ដែលធ្វើការក្នុងហាង ដូចជាមានចិត្តខ្លាចអតិថិជនម្នាក់ដែលមកហាងគាត់ជាទៀងទាត់ ដោយសារអាការក្រៅរបស់បុរសនោះ។ យ៉ាងណាក៏ដោយ នៅពេលដែលឱកាសហុចឲ្យ បងស្រីនោះបានព្យាយាមធ្វើបន្ទាល់ដល់បុរសនេះអំពីសួនមនោរម្យរបស់ព្រះដែលទ្រង់បានសន្យា។ បុរសនោះនិយាយចំៗថាគាត់មិនជឿលើរឿងប្រឌិតទេ ហើយគាត់ជាជនហ៊ីបពី (យុវជនដែលមានសក់វែងស្លៀកពាក់ប្លែកខុសពីប្រក្រតី) និងគាត់ញៀនថ្នាំ។ ប៉ុន្តែ បងស្រីមិនបានឈប់ធ្វើបន្ទាល់ទេ។ នៅថ្ងៃមួយបុរសដែលជាអតិថិជនសួរបងស្រីថាបងស្រីគិតយ៉ាងណាអំពីសក់វែងរបស់គាត់។ ដូច្នេះបងស្រីក៏បានពន្យល់យ៉ាងប៉ិនប្រសប់នូវអ្វីដែលព្រះគម្ពីរចែងអំពីរឿងនេះ។ (១កូ. ១១:១៤) ស្អែកឡើង អតិថិជននេះបានកោរពុកមាត់និងកាត់សក់ខ្លី ហើយនេះធ្វើឲ្យបងស្រីយើងភ្ញាក់ផ្អើលមែន! គាត់សុំឲ្យគេមកបង្រៀនព្រះគម្ពីរ ហើយបងប្រុសម្នាក់មានចិត្តសប្បាយបង្រៀនគាត់ និងគាត់បានរីកចំរើនរហូតដល់ឧទ្ទិសថ្វាយខ្លួនដល់ព្រះនិងទទួលបុណ្យជ្រមុជទឹក។ ដូចបុរសនេះ មនុស្សជាច្រើនដែលកំពុងតែបំរើព្រះយេហូវ៉ាសព្វថ្ងៃនេះមានចិត្តកតញ្ញូចំពោះអស់អ្នកដែលខំព្យាយាមផ្សព្វផ្សាយសារព្រះរាជាណាចក្រដោយឥតរើសមុខ។
៤ មិនយូរប៉ុន្មានទៀត នោះព្រះយេហូវ៉ានឹងបំបាត់ចោលអំពើទុច្ចរិតពីផែនដី។ (២ពេ. ៣:១០,១៣) នៅក្នុងរយៈពេលដ៏ខ្លីដែលនៅសល់ សូមឲ្យយើងយកតម្រាប់តាមយុត្ដិធម៌របស់ព្រះយេហូវ៉ា ដោយផ្ដល់នូវឱកាសសំរាប់មនុស្សគ្រប់គ្នាឲ្យជៀសផុតពីសេចក្ដីហិនវិនាសដែលមានមកលើរបបលោកីយ៍ដ៏ទុច្ចរិតរបស់សាតាំង។—១យ៉ូន. ២:១៧