ប្រអប់សំនួរ
◼ តើយើងគួរធ្វើកិច្ចការក្រុមជំនុំយ៉ាងដូចម្ដេច?
ក្រុមជំនុំនៃរាស្ត្រព្រះយេហូវ៉ាមានដំណើរការប្រកបដោយរបៀបរៀបរយពីព្រោះពួកគេរួមគ្នាព្យាយាម។ (១កូ. ១៤:៣៣, ៤០) សូមគិតអំពីអ្វីដែលត្រូវធ្វើដើម្បីប្រជុំគ្នាតែមួយដងប៉ុណ្ណោះ។ ក្រៅពីកម្មវិធីប្រជុំនោះ ក៏មានកិច្ចការផ្សេងៗជាច្រើនឯទៀតដែលបងប្អូនប្រុសស្រីត្រូវធ្វើមុននឹងក្រោយប្រជុំ។ កិច្ចការផ្សេងទៀតដែលត្រូវបំពេញ ទោះជាបងប្អូនឯទៀតមើលមិនឃើញក្ដី ក៏ជាកិច្ចការសំខាន់ដែរ។ តើយើងអាចជួយយ៉ាងដូចម្ដេច?
ចូរស្ម័គ្រចិត្តជួយ។ អ្នកដែលប្រុងប្រៀបជួយដោយស្ម័គ្រពីចិត្តនោះ អាចរកឃើញកិច្ចការជាច្រើនដែលអាចធ្វើបាន។ (ទំនុក. ១១០:៣) អ្នកអាចយកចិត្តទុកដាក់ចំពោះបងប្អូនដែលឈឺឬចាស់ជរា ហើយក៏អាចជួយសំអាតសាលព្រះរាជាណាចក្រ។ យើងអាចជួយធ្វើកិច្ចការជាច្រើនដោយមិនចាំបាច់រង់ចាំឲ្យគេសុំយើងជួយធ្វើនោះឡើយ។ យើងត្រូវការតែចំណង់ជួយប៉ុណ្ណោះ។
ចូរធ្វើកិច្ចការដោយចិត្តសុភាព។ អ្នកដែលមានចិត្តសុភាពសប្បាយចិត្តជួយអ្នកឯទៀត។ (លូ. ៩:៤៨) បើមានចិត្តសុភាព យើងមិនខំធ្វើកិច្ចការច្រើនហួសពីលទ្ធភាពយើងឡើយ។ ម្យ៉ាងទៀត ចិត្តសុភាពក៏នឹងជួយបង្ការកុំឲ្យយើងធ្វើអ្វីដែលជ្រុលហួសពីសិទ្ធិអំណាចរបស់យើងដែរ។—សុ. ១១:២
ចូរធ្វើជាអ្នកគួរឲ្យទុកចិត្ត។ ម៉ូសេត្រូវបានណែនាំឲ្យជ្រើសរើសបុរសដែលជា«មនុស្សទៀងត្រង់[ឬ«គួរអោយទុកចិត្ត», ខ.ស.]»ដើម្បីកាន់មុខតំណែងផ្សេងៗនៅអ៊ីស្រាអែលពីបុរាណ។ (និក្ខ. ១៨:២១) គុណសម្បត្ដិនេះគឺចាំបាច់សព្វថ្ងៃនេះដែរ។ ចូរធ្វើកិច្ចការទាំងអស់ដែលអ្នកទទួលដោយយកចិត្តទុកដាក់។ (លូ. ១៦:១០) បើអ្នកមិនអាចបំពេញកិច្ចការណាមួយ អ្នកត្រូវរៀបចំឲ្យអ្នកផ្សេងទៀតធ្វើការនោះជួសវិញ។
ចូរខំអស់ពីសមត្ថភាព។ គ្រីស្ទានបានត្រូវដាស់តឿនឲ្យធ្វើការអស់ពីចិត្ត សូម្បីតែក្នុងកិច្ចការដែលមិនទាក់ទងនឹងរឿងខាងវិញ្ញាណក៏ដោយ។ (កូល. ៣:២២-២៤) បើដូច្នេះ ការធ្វើអស់ពីចិត្តនូវអ្វីៗដែលទាក់ទងនឹងការថ្វាយបង្គំពិត គឺរឹតតែសំខាន់ទៅទៀត។ ទោះបើការងារនោះមើលទៅដូចជាមិនសូវសំខាន់ក៏ដោយ ក៏នោះផ្ដល់ផលប្រយោជន៍ដល់ក្រុមជំនុំដែរ ពេលដែលបងប្អូនធ្វើការងារនោះឲ្យបានល្អ។
កិច្ចការទាំងអស់ហុចឱកាសឲ្យយើងបង្ហាញនូវសេចក្ដីស្រឡាញ់ចំពោះព្រះយេហូវ៉ានិងបងប្អូនរបស់យើង។ (ម៉ាថ. ២២:៣៧-៣៩) ចូរយើងធ្វើការងារណាដែលយើងបានទទួលដោយស្មោះត្រង់។