ភាគទី៦: តើគួរធ្វើយ៉ាងណាពេលដែលសិស្សសួរសំនួរ?
ដឹកនាំការសិក្សាព្រះគម្ពីរដែលរីកចំរើន
១ ធម្មតា ពេលដែលចាប់ផ្ដើមបង្រៀនសិស្សព្រះគម្ពីរជាទៀងទាត់នោះ យកល្អយើងសិក្សាមេរៀនតាមលំដាប់លំដោយ ជាជាងរៀនមេរៀនណាក៏បានតាមតែចិត្តចង់។ នេះនឹងជួយឲ្យសិស្សចាប់ផ្ដើមកសាងមូលដ្ឋានលើចំណេះពិត ហើយរីកចំរើនខាងវិញ្ញាណ។ (កូល. ១:៩, ១០) ប៉ុន្តែជាញយៗក្នុងកំឡុងពេលសិក្សា សិស្សសួរសំនួរអំពីរឿងផ្សេងៗ។ នៅពេលនោះ តើគួរធ្វើយ៉ាងណា?
២ ចូរគិតពិចារណាមុនឆ្លើយ: ធម្មតា សំនួរណាដែលទាក់ទងនឹងសាច់រឿងដែលកំពុងតែសិក្សានោះ អ្នកអាចឆ្លើយបាននៅពេលនោះឯង។ បើចម្លើយចំពោះសំនួរនោះមានក្នុងមេរៀនក្រោយៗមក យើងអាចប្រាប់សិស្សរបស់យើងឲ្យចាំដល់ពេលដែលរៀនជំពូកនោះ។ ក៏ប៉ុន្តែ បើសំនួរនោះមិនទាក់ទងនឹងសាច់រឿងដែលកំពុងតែរៀន ឬក៏អ្នកត្រូវធ្វើការស្រាវជ្រាវថែមទៀតដើម្បីអាចឆ្លើយយ៉ាងត្រឹមត្រូវនោះ ប្រហែលជាល្អជាងបើឆ្លើយក្រោយពេលសិក្សាឬនៅពេលណាផ្សេងទៀតក៏បាន។ អ្នកខ្លះកត់សំនួររបស់សិស្សដើម្បីបង្ហាញឲ្យសិស្សឃើញថាសំនួររបស់គាត់គឺសំខាន់ ហើយដើម្បីជួយការពារកុំឲ្យចាប់ផ្ដើមបង្រៀនចាកសាច់រឿង។
៣ ធម្មតា ក្នុងប្រកាសនវត្ថុដែលយើងប្រើដើម្បីបង្រៀនសិស្ស សេចក្ដីបង្រៀនជាច្រើនពីព្រះគម្ពីរបានត្រូវពន្យល់ខ្លីៗប៉ុណ្ណោះ។ ចុះបើសិស្សរបស់យើងពិបាកជឿសេចក្ដីបង្រៀនណាមួយ ឬក៏ប្រកាន់តាមជំនឿមិនពិតណាមួយវិញនោះ? ប្រហែលជាការល្អបើមើលពត៌មានបន្ថែមជាមួយគ្នា ដែលពន្យល់យ៉ាងស៊ីជំរៅនូវអ្វីដែលព្រះគម្ពីរចែងអំពីរឿងនោះ។ ប្រសិនបើសិស្សនៅតែមិនជឿ ចូរទុករឿងនោះសំរាប់បង្រៀននៅពេលក្រោយ រួចបន្តការសិក្សាដូចធម្មតាវិញ។ (យ៉ូន. ១៦:១២) ពេលដែលគាត់ទទួលចំណេះថែមទៀតពីព្រះគម្ពីរ ហើយរីកចំរើនខាងវិញ្ញាណ គាត់ប្រហែលជានឹងចាប់ផ្ដើមយល់សេចក្ដីបង្រៀននោះក្រោយមក។
៤ ចូរបង្រៀនដោយចិត្តរាបទាប: បើអ្នកមិនដឹងច្បាស់អំពីចម្លើយចំពោះសំនួររបស់សិស្ស កុំប្រថុយឆ្លើយតាមគំនិតអ្នកឡើយ។ (២ធី. ២:១៥; ១ពេ. ៤:១១) ចូរប្រាប់សិស្សថា អ្នកនឹងស្រាវជ្រាវមុនសិន រួចត្រឡប់មកវិញឆ្លើយសំនួររបស់គាត់ក្រោយមក។ អ្នកក៏អាចឆ្លៀតឱកាសបង្រៀនសិស្សនូវវិធីធ្វើការស្រាវជ្រាវដោយខ្លួនឯងដែរ។ បន្ដិចម្ដងៗ ចូរបង្ហាញសិស្សរបស់អ្នកវិធីប្រើសៀវភៅឬជំនួយផ្សេងៗដែលអង្គការព្រះយេហូវ៉ាផ្គត់ផ្គង់ដើម្បីធ្វើការស្រាវជ្រាវ។ យ៉ាងនេះ នៅទីបំផុតសិស្សនឹងចេះរកចម្លើយនឹងសំនួររបស់គាត់ដោយខ្លួនឯង។—កិច្ច. ១៧:១១