សំបុត្រពីការិយាល័យសាខា
សូមជំរាបជូនបងប្អូនជាអ្នកផ្សាយព្រះរាជាណាចក្រជាទីស្រឡាញ់:
យើងរីករាយណាស់ដែលឃើញថាអ្នកផ្សាយទូទាំងប្រទេសកំពុងតែជាប់រវល់ក្នុងកិច្ចផ្សាយព្រះរាជាណាចក្រ។ មកដល់ពេលនេះ ការិយាល័យសាខាបានប្រមូលនិងចងក្រងសេចក្ដីរាយការណ៍ពីកិច្ចផ្សាយរបស់បងប្អូនពីខែកញ្ញា ឆ្នាំ២០០៤ដល់ខែឧសភាឆ្នាំ២០០៥។ ពីខែកញ្ញាឆ្នាំ២០០៤ដល់ខែឧសភាឆ្នាំ២០០៥ ដែលជាប្រាំបួនខែដំបូងនៃឆ្នាំកិច្ចបំរើ២០០៥ សរុបទៅបងប្អូនបានចំណាយ៧១.៩៦០ម៉ោងក្នុងការផ្សព្វផ្សាយ។ ចំនួននេះគឺ៦ភាគរយច្រើនជាងឆ្នាំកិច្ចបំរើកន្លងទៅ ពីខែកញ្ញា ឆ្នាំ២០០៣ដល់ខែឧសភាឆ្នាំ២០០៤។ ក្នុងឆ្នាំកិច្ចបំរើនេះ ជាមធ្យមមានការសិក្សាព្រះគម្ពីរ៥៣៣ ហើយចំនួននេះគឺ៩ភាគរយច្រើនជាងឆ្នាំកិច្ចបំរើកន្លងទៅ។ ស្ថិតិលេខទាំងនេះបង្ហាញថាបងប្អូនពិតជាផ្សព្វផ្សាយដោយទទូចជំរុញពីព្រោះយល់ថាពេលគឺបន្ទាន់ហើយ។—២ធី. ៤:២
បងប្អូនច្បាស់ជារំភើបចិត្តណាស់ពេលដែលដឹងថាមាន១.០២២នាក់ចូលរួមពិធីអាហារល្ងាចរបស់ព្រះអម្ចាស់ឆ្នាំនេះ។ នេះគឺ២៩ភាគរយច្រើនជាងឆ្នាំមុន។ យើងទទួលស្គាល់ថាយើងមាន‹ការព្រះអម្ចាស់ ជាបរិបូរ›ដែលត្រូវធ្វើ។—១កូ. ១៥:៥៨
ដំណឹងល្អកំពុងតែផ្សព្វផ្សាយទូទាំងប្រទេស។ ក្រុមជំនុំថ្មីៗនិងក្រុមស្វយ័តមួយបានត្រូវរៀបចំឡើង។ យើងកំពុងតែរៀបចំដើម្បីចាប់ផ្ដើមកិច្ចផ្សព្វផ្សាយនៅតំបន់ថ្មីៗដែលយើងបានទទួលដំណឹងថាអាចបង្កើតផល។ មនុស្សដែលមានចិត្តស្មោះសកំពុងតែត្រូវប្រមូលពីចំណោមអ្នកនិយាយភាសាផ្សេងៗដែរ។ ក្រៅពីក្រុមជំនុំវៀតណាមដែលបានត្រូវរៀបចំឡើងនៅឆ្នាំ២០០១ ក៏មានក្រុមជំនុំថ្មីចិនបានត្រូវរៀបចំឡើងនៅខែមិថុនាឆ្នាំ២០០៥នៅភ្នំពេញដែរ។ ព្រះយេហូវ៉ាប្រាកដជាមានព្រះហឫទ័យចង់ឲ្យ«មនុស្សទាំងអស់បានសង្គ្រោះ»។ (១ធី. ២:៤) សកម្មភាពដ៏ខ្នះខ្នែងនេះក្នុងការគាំទ្រព្រះរាជាណាចក្រពិតជាគួរឲ្យសរសើរមែន!
នៅការិយាល័យសាខានាប្រទេសជប៉ុន យើងបានមានសិក្ខាសាលាប្រាំពីរសំរាប់អ្នកធ្វើដំណើរត្រួតពិនិត្យពីខែមករាឆ្នាំ២០០៤ដល់ខែឧសភាឆ្នាំ២០០៥។ សិក្ខាសាលាទាំងនេះនឹងផ្ដល់ប្រយោជន៍ជាច្រើនណាស់ដល់បងប្អូនក្នុងក្រុមជំនុំនិងមណ្ឌលដែលពួកគាត់ត្រួតពិនិត្យ ដែលរួមបញ្ចូលក្រុមជំនុំទាំងប៉ុន្មាននៅប្រទេសកម្ពុជា។
ដោយសារយើងរស់នៅជាន់ក្រោយបង្អស់ នោះឧបសគ្គដែលសាតាំងដាក់មុខយើងប្រហែលជាមានកាន់តែច្រើនឡើងដែរ។ មិនថាយើងនឹងជួបប្រទះការលំបាកយ៉ាងណាក្ដីនោះ ចូរយើងបន្តនឹកចាំពីបទគម្ពីរប្រចាំឆ្នាំនេះដែលថា៖ «សេចក្ដីជំនួយរបស់ខ្ញុំមកតែពីព្រះយេហូវ៉ា»។—ទំនុក. ១២១:២
ពីបងប្អូនរបស់អ្នក
ការិយាល័យសាខានៅប្រទេសជប៉ុន