ចូរទាញអារម្មណ៍អ្នកឯទៀតមកលើ‹ពន្លឺលោកីយ៍›
១ តាមរយៈព្យាការីអេសាយ ព្រះយេហូវ៉ាបានមានបន្ទូលទាយថា៖«បណ្ដាជនដែលដើរក្នុងសេចក្ដីងងឹត គេបានឃើញពន្លឺយ៉ាងធំ។ ពួកអ្នកដែលអាស្រ័យនៅក្នុងស្រុកនៃម្លប់សេចក្ដីស្លាប់ គេមានពន្លឺភ្លឺមកលើគេហើយ»។ (អេសា. ៩:២) មនុស្សបានឃើញ«ពន្លឺយ៉ាងធំ»នោះ ពេលដែលមើលឃើញការប្រព្រឹត្តរបស់ព្រះយេស៊ូគ្រីស្ទ ដែលជាព្រះរាជបុត្រារបស់ព្រះ។ កិច្ចផ្សព្វផ្សាយរបស់ទ្រង់នៅផែនដី និងផលប្រយោជន៍ដែលមកពីយញ្ញបូជារបស់ទ្រង់ បានជួយអ្នកដែលស្ថិតក្នុងភាពងងឹតខាងវិញ្ញាណ។ នៅសម័យនេះដែលប្រកបទៅដោយភាពងងឹតសូន្យខាងវិញ្ញាណ មនុស្សត្រូវការពន្លឺនោះ។ ពិធីអាហារល្ងាចរបស់ព្រះអម្ចាស់ផ្ដល់ឱកាសពិសេសមួយ ដើម្បីទាញអារម្មណ៍អ្នកឯទៀតមកលើ«ពន្លឺលោកីយ»។ (យ៉ូន. ៨:១២) ឆ្នាំមុន មនុស្សរាប់លាននាក់បានបង្ហាញថាពួកគេមានជំនឿមួយកម្រិត ដោយចូលរួមជាមួយនឹងយើងក្នុងការធ្វើតាមបង្គាប់ព្រះយេស៊ូដែលថា៖«ចូរធ្វើបុណ្យនេះ ដើម្បីរំឭកពីខ្ញុំ»។ (លូ. ២២:១៩) ពេលដែលយើងឈានទៅដល់ថ្ងៃពិធីបុណ្យរំឭកនោះ តើយើងអាចជួយទាញអារម្មណ៍អ្នកឯទៀតយ៉ាងដូចម្ដេចមកលើពន្លឺយ៉ាងធំដែលព្រះយេហូវ៉ាបានធ្វើឲ្យភ្លឺឡើងនោះ?—ភី. ២:១៥
២ ចូរបណ្ដុះឲ្យមានចិត្តកតញ្ញូ: គ្រាជិតបុណ្យរំឭកជាឱកាសអំណោយផលដើម្បីរំពឹងគិតទៅលើសេចក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅ ដែលព្រះយេហូវ៉ានិងព្រះយេស៊ូបានសម្ដែងដោយផ្ដល់តម្លៃលោះមនុស្សជាតិ។ (យ៉ូន. ៣:១៦; ២កូ. ៥:១៤, ១៥) ការរំពឹងគិតអំពីរឿងនេះ ប្រាកដជានឹងធ្វើឲ្យយើងមានចិត្តកតញ្ញូជាងពេលមុនស្តីអំពីពិធីដ៏ពិសិដ្ឋនេះ។ រាស្ត្ររបស់ព្រះគ្រប់រូប គួរលៃពេលដើម្បីអាននិងរំពឹងគិតអំពីអំនានព្រះគម្ពីរដែលបានត្រូវកំណត់ជាពិសេសសម្រាប់គ្រាជិតបុណ្យរំឭក ក្នុងសៀវភៅការពិនិត្យមើលបទគម្ពីរប្រចាំថ្ងៃ។ កាលណាយើងគិតពិចារណាអំពីគុណសម្បត្ដិល្អប្រៀបផ្ទឹមពុំបានរបស់ព្រះយេហូវ៉ា ដែលទ្រង់សឲ្យឃើញយ៉ាងជាក់ដោយផ្ដល់តម្លៃលោះនោះ យើងមានមោទនភាពដោយសារទ្រង់ជាព្រះរបស់យើង។ បើយើងសញ្ជឹងគិតទៅលើផលប្រយោជន៍ដែលរូបយើងផ្ទាល់ទទួលពីតម្លៃលោះ នោះនឹងធ្វើឲ្យយើងមានសេចក្ដីស្រឡាញ់កាន់តែជ្រាលជ្រៅចំពោះព្រះនិងព្រះរាជបុត្រារបស់ទ្រង់ ហើយក៏នឹងជំរុញយើងឲ្យខំខ្នះខ្នែងក្នុងការធ្វើតាមព្រះហឫទ័យទ្រង់។—កា. ២:២០
៣ ប្រសិនបើយើងបណ្ដុះឲ្យមានចិត្តកតញ្ញូជាងពេលមុនចំពោះព្រះយេហូវ៉ា ដែលបានរៀបចំវិធីឲ្យយើងទទួលសេចក្ដីសង្គ្រោះនោះ អារម្មណ៍រំភើបរបស់យើងនឹងមានឥទ្ធិពលល្អទៅលើសិស្សព្រះគម្ពីរ អ្នកដែលយើងត្រឡប់ទៅជួប បងប្អូនញាតិមិត្ត អ្នកជិតខាង សិស្សរួមថ្នាក់ អ្នកធ្វើការជាមួយយើង និងអ្នកឯទៀតដែលយើងអញ្ជើញមកពិធីពិសេសនេះ។ (លូ. ៦:៤៥) ហេតុដូច្នេះ ចូរខំប្រឹងព្យាយាមអញ្ជើញអ្នកទាំងអស់នោះ ដោយជូនលិខិតអញ្ជើញមួយសន្លឹកដើម្បីរំឭកពួកគេអំពីពិធីនេះ។ ដើម្បីកុំឲ្យភ្លេចអញ្ជើញអ្នកណានោះ បងប្អូនជាច្រើននាក់ធ្វើបញ្ជីមួយ មានឈ្មោះអស់អ្នកណាដែលពួកគេអញ្ជើញរាល់ដង ហើយរាល់ឆ្នាំពួកគេថែមឈ្មោះអ្នកថ្មីដែលពួកគេចង់អញ្ជើញដែរ។ បើធ្វើកិច្ចការអញ្ជើញនេះដោយរបៀបរៀបរយ និងដោយខំអស់ពីសមត្ថភាពដើម្បីអញ្ជើញអ្នកចាប់អារម្មណ៍នោះ យើងកំពុងតែបង្ហាញយ៉ាងល្អប្រសើរថា យើងមានចិត្តកតញ្ញូចំពោះព្រះយេហូវ៉ាដែលបានប្រទាន‹អំណោយទានដ៏រកថ្លែងពុំបាន›។—២កូ. ៩:១៥
៤ ចូរបង្កើនកិច្ចផ្សព្វផ្សាយ: ក្នុងកំលុងខែមីនានិងមេសា តើអ្នកអាចបង្កើនកិច្ចផ្សព្វផ្សាយរបស់អ្នកបានឬទេ? បើព្យាយាមប្រាប់អ្នកឯទៀតអំពី«ដំណឹងល្អ ដែលសំដែងពីសិរីល្អនៃព្រះគ្រីស្ទ» នោះព្រះយេហូវ៉ាច្បាស់ជានឹងប្រទានពរអ្នក។ ព្រះយេហូវ៉ាជាប្រភពនៃពន្លឺខាងវិញ្ញាណទាំងអស់ ហើយទ្រង់បានបង្គាប់ថា៖«[ចូរ]ឲ្យមានពន្លឺភ្លឺចេញពីសេចក្ដីងងឹត»។ (២កូ. ៤:៤-៦) អ្នកចាស់ទុំនឹងរៀបចំឲ្យមានប្រជុំផ្សព្វផ្សាយថែមទៀតនៅម៉ោងនិងទីកន្លែងផ្សេងៗតាមតម្រូវការបងប្អូន ហើយពួកគាត់ក៏នឹងគាំទ្រអ្នកផ្សាយដែលចង់ផ្សព្វផ្សាយយូរជាងក្នុងមួយថ្ងៃៗ។ ការរៀបចំទាំងនោះអាចរួមបញ្ចូលការផ្សាយតាមផ្លូវពេលព្រលឹម នៅតំបន់ឈ្មួញ ឬតាមទូរស័ព្ទនៅពេលរសៀលឬនៅពេលល្ងាច។ ដើម្បីជួយបង្កើនកិច្ចផ្សព្វផ្សាយ ចូរមានគោលដៅសមហេតុសមផលមួយស្តីអំពីចំនួនម៉ោងដែលអ្នកចង់ផ្សព្វផ្សាយ រួចខំខ្នះខ្នែងសម្រេចគោលដៅនោះ។ សម្រាប់បងប្អូនជាច្រើន ការថ្វាយអ្វីដ៏អស់ពីចិត្តចំពោះព្រះយេហូវ៉ា រួមបញ្ចូលការចុះឈ្មោះត្រួសត្រាយជំនួយ។—កូល. ៣:២៣, ២៤
៥ តើអ្នកអាចត្រួសត្រាយជំនួយបានទេ? ប្រាំពីរឆ្នាំបានកន្លងទៅតាំងពីចំនួនម៉ោងសម្រាប់ការត្រួសត្រាយជំនួយបានត្រូវកាត់បន្ថយ។ ការកាត់បន្ថយនេះបានផ្ដល់លទ្ធភាពឲ្យបងប្អូនជាច្រើនថែមទៀតទទួលអំណរនិងពរដែលមកពីការត្រួសត្រាយជំនួយ។ តើអ្នកធ្លាប់សាកល្បងត្រួសត្រាយជំនួយទេ? បងប្អូនខ្លះមានទម្លាប់ត្រួសត្រាយជំនួយរាល់ឆ្នាំ។ ក្នុងក្រុមជំនុំជាច្រើន អ្នកផ្សាយមួយចំនួនធំត្រួសត្រាយជំនួយជាមួយគ្នា ហើយនោះទៅជាអនុស្សាវរីយ៍ដ៏ល្អមួយក្នុងសកម្មភាពរបស់ក្រុមជំនុំនៅឆ្នាំនោះ។ តើអ្នកអាចលៃពេលដើម្បីទទួលនូវអំណរដែលមកពីការត្រួសត្រាយជំនួយមួយខែក្នុងគ្រាជិតបុណ្យរំឭកបានឬទេ? ខែមេសាប្រហែលជាខែល្អសម្រាប់បងប្អូនខ្លះ ពីព្រោះមានថ្ងៃសៅរ៍និងថ្ងៃអាទិត្យប្រាំ។
៦ តើក្រុមជំនុំរបស់អ្នកនឹងមានទស្សនកិច្ចរបស់អ្នកត្រួតពិនិត្យតាមមណ្ឌលក្នុងខែមីនាឬមេសាទេ? អ្នកអាចមានពរថែមមួយទៀត។ បងប្អូនបានត្រូវជំរាបពីមុនថា ក្នុងកំលុងឆ្នាំ២០០៦ អ្នកផ្សាយដែលកំពុងតែបម្រើជាអ្នកត្រួសត្រាយជំនួយក្នុងខែដែលមានទស្សនកិច្ចរបស់អ្នកត្រួតពិនិត្យតាមមណ្ឌល នឹងត្រូវអញ្ជើញឲ្យចូលរួមផ្នែកដំបូងនៃកិច្ចប្រជុំសម្រាប់អ្នកត្រួសត្រាយ ដែលត្រូវរៀបចំសម្រាប់សប្ដាហ៍នៃទស្សនកិច្ចនោះ។ ព័ត៌មានដ៏ពង្រឹងកម្លាំងខាងវិញ្ញាណដែលនឹងទទួលនៅឯកិច្ចប្រជុំនោះ ច្បាស់ជានឹងជួយឲ្យអ្នកត្រួសត្រាយជំនួយជាច្រើននាក់ព្យាយាមទៅជាអ្នកត្រួសត្រាយពេញពេល។ ម្យ៉ាងទៀត ក្នុងកំលុងខែមីនា យើងមានពរថែមមួយទៀតដែរ គឺយើងអាចជួយមនុស្សមកឯពន្លឺខាងវិញ្ញាណតាមរយៈសៀវភៅចំណេះ។ អ្នកអាចមានគោលដៅចាប់ផ្ដើមការសិក្សាមួយ។
៧ ពេលដែលអ្នកគិតអំពីចំនួន៥០ម៉ោងដែលអ្នកត្រូវការដើម្បីត្រួសត្រាយជំនួយ ចូររៀបចំកាលវិភាគមួយដែលនឹងផ្ដល់លទ្ធភាពឲ្យអ្នកភ្លឺដោយពន្លឺនៃសេចក្ដីពិតប្រមាណ១២ម៉ោងក្នុងមួយសប្ដាហ៍។ ចូរនិយាយជាមួយអ្នកដែលធ្លាប់សម្រេចគោលដៅនេះ ព្រមទាំងសុំយោបល់អ្នកឯទៀតដែរ។ នេះប្រហែលជានឹងលើកទឹកចិត្តពួកគេឲ្យចូលរួមជាមួយអ្នកដែរ។ បើរៀបចំឲ្យបានល្អ អ្នកផ្សាយដែលបានទទួលបុណ្យជ្រមុជទឹករួចហើយ ទាំងចាស់ទាំងក្មេងធ្លាប់ឃើញថាគោលដៅដ៏គួរឲ្យសរសើរនេះគឺមិនពិបាកពេកឡើយ។ ចូរអធិស្ឋានអំពីរឿងនេះចុះ។ បន្ទាប់មក ប្រសិនបើអាចធ្វើទៅបាន ចូរធ្វើគម្រោង រួចចូរត្រួសត្រាយជំនួយហើយទទួលពរនិងអំណរជាច្រើនចុះ។—ម៉ាឡ. ៣:១០
៨ ក្រុមគ្រួសារជាច្រើនឃើញថា ពេលសមាជិកគ្រប់រូបជួយគ្នា យ៉ាងតិចសមាជិកម្នាក់ក្នុងក្រុមគ្រួសារអាចត្រួសត្រាយជំនួយបាន។ ក្រុមគ្រួសារមួយបានសម្រេចចិត្តថា សមាជិកទាំងប្រាំនាក់ដែលបានទទួលបុណ្យជ្រមុជទឹកនឹងចុះឈ្មោះជាអ្នកត្រួសត្រាយជំនួយ។ កូនពីរនាក់ទៀតដែលមិនទាន់ទទួលបុណ្យជ្រមុជទឹកបានព្យាយាមបង្កើនម៉ោងផ្សាយ។ តើក្រុមគ្រួសារបានទទួលប្រយោជន៍យ៉ាងដូចម្ដេចពីការព្យាយាមនោះ? ពួកគេបានសរសេរថា៖ «ខែនោះសប្បាយណាស់ ហើយយើងមានអារម្មណ៍មួយថា ទំនាក់ទំនងក្នុងក្រុមគ្រួសារបានត្រូវពង្រឹងឡើង។ យើងអរព្រះគុណព្រះយេហូវ៉ាសម្រាប់ពរអស្ចារ្យនោះ!»។
៩ តើសកម្មភាពពិសេសរបស់យើងក្នុងកំលុងខែមីនានិងមេសា នឹងជំរុញឲ្យចូលទៅជិតព្រះវរបិតារបស់យើងនៅស្ថានសួគ៌ជាងឬទេ? នោះអាស្រ័យលើការព្យាយាមរបស់រូបយើងផ្ទាល់ ក្នុងការបង្កើននូវសេចក្ដីស្រឡាញ់ចំពោះព្រះនិងរាជបុត្រារបស់ទ្រង់ ហើយក្នុងការបង្កើននូវកិច្ចបម្រើរបស់យើង។ ចូរយើងប្ដេជ្ញាចិត្តដូចអ្នកតែងទំនុកដំកើងដែលច្រៀងថា៖ «មាត់ទូលបង្គំនឹងអរព្រះគុណដល់ ព្រះយេហូវ៉ាយ៉ាងក្រៃលែង អើ! ទូលបង្គំនឹងសរសើរដល់ទ្រង់ នៅកណ្ដាលជនទាំងឡាយ»។ (ទំនុក. ១០៩:៣០) ព្រះយេហូវ៉ានឹងប្រទានពរលើការខ្នះខ្នែងរបស់យើងក្នុងគ្រាបុណ្យរំឭក។ ចូរយើងធ្វើឲ្យពន្លឺភ្លឺត្រចះដើម្បីឲ្យមនុស្សកាន់តែច្រើនចេញមកពីភាពងងឹតហើយ«មានពន្លឺនៃជីវិតវិញ»។—យ៉ូន. ៨:១២
[សំណួរសម្រាប់អត្ថបទសិក្សា]
១. តើអ្វីជាពន្លឺយ៉ាងធំដែលត្រូវទាយក្នុងព្រះបន្ទូលរបស់ព្រះ? ជាពិសេសតើពិធីអ្វីទាញអារម្មណ៍មនុស្សមកលើពន្លឺយ៉ាងធំនោះ?
២. តើយើងអាចធ្វើអ្វីដើម្បីបណ្ដុះឲ្យមានចិត្តកតញ្ញូជាងពេលមុនស្តីអំពីយញ្ញបូជាលោះ? បើយើងធ្វើដូច្នោះ តើនឹងមានឥទ្ធិពលយ៉ាងណាមកលើយើង?
៣. ស្តីអំពីបុណ្យរំឭក តើយើងអាចបង្ហាញយ៉ាងដូចម្ដេចថាយើងមានចិត្តកតញ្ញូ?
៤. តើអ្វីអាចជួយឲ្យយើងបង្កើនកិច្ចផ្សព្វផ្សាយក្នុងកំឡុងខែមីនានិងមេសា?
៥. តើបងប្អូនជាច្រើនទទួលប្រយោជន៍យ៉ាងដូចម្ដេច ដោយសារម៉ោងសម្រាប់ត្រួសត្រាយជំនួយបានត្រូវកាត់បន្ថយនោះ?
៦. តើអ្នកអាចមានឱកាសអ្វីខ្លះដែលគួរឲ្យរំភើបចិត្តនោះ?
៧, ៨. (ក) តើអ្វីអាចជួយឲ្យយើងធ្វើកាលវិភាគសម្រាប់ត្រួសត្រាយជំនួយ? (ខ) តើការជួយគ្នាក្នុងក្រុមគ្រួសារអាចជួយយ៉ាងដូចម្ដេច? តើក្រុមគ្រួសារទាំងមូលទទួលប្រយោជន៍យ៉ាងណា?
៩. តើយើងអាចធ្វើឲ្យពន្លឺរបស់យើងភ្លឺក្នុងគ្រាជិតបុណ្យរំឭកយ៉ាងដូចម្ដេច?