តើអ្នកសួររកអ្នកចាប់អារម្មណ៍ឯទៀតឬទេ?
បើពេលឥឡូវនេះអ្នកកំពុងតែដឹកនាំការសិក្សាមួយ សូមសួរសិស្សថាតើគាត់មានមិត្តភក្ដិ បងប្អូនញាតិមិត្ត ឬអ្នកធ្លាប់ស្គាល់រាប់អានណាម្នាក់ដែលប្រហែលជាចង់ដឹងអំពីអ្វីព្រះគម្ពីរបង្រៀនឬទេ? តាមធម្មតាសិស្សតែងតែប្រាប់ឈ្មោះមនុស្សបីបួននាក់។ ដោយមានការអនុញ្ញាតពីសិស្ស អ្នកអាចប្រាប់ឈ្មោះសិស្សនោះឲ្យពួកគេដឹង កាលណាអ្នកទៅជួបបុគ្គលទាំងនោះដើម្បីស្នើការសិក្សាព្រះគម្ពីរ។ អ្នកអាចនិយាយថា៖ «[ប្រាប់ឈ្មោះរបស់សិស្សអ្នក]ចូលចិត្តសិក្សាព្រះគម្ពីរណាស់ ហើយគាត់គិតថាអ្នកប្រហែលជាចង់សិក្សាព្រះគម្ពីរផងដែរ។ យើងមានកម្មវិធីបង្រៀនព្រះគម្ពីរដោយឥតគិតថ្លៃ»។ បន្ទាប់មកសូមបង្ហាញយ៉ាងខ្លីអំពីរបៀបសិក្សាព្រះគម្ពីរ ដោយប្រើសៀវភៅចំណេះឬសៀវភៅស្តើងមួយដែលប្រើសម្រាប់សិក្សា។
បើអ្នកមានសិស្សម្នាក់ដែលកំពុងតែរីកចម្រើន អ្នកអាចលើកទឹកចិត្តគាត់ឲ្យប្រាប់មិត្តភក្ដិនិងសមាជិកក្រុមគ្រួសារដែលមានចំណាប់អារម្មណ៍ឲ្យដឹងថាមានការរៀបចំដើម្បីសិក្សាព្រះគម្ពីរ ហើយប្រាប់អំពីរបៀបសិក្សានោះដែរ។ សិស្សអាចអញ្ជើញពួកគាត់ឲ្យមកស្ដាប់ការសិក្សា។ ប្រសិនបើស្រួលជាង សិស្សនោះអាចណាត់ពេលឲ្យអ្នកជួបពួកគាត់ដើម្បីបង្ហាញរបៀបសិក្សា។ ទង្វើនេះនឹងលើកទឹកចិត្តសិស្សឲ្យចាប់ផ្ដើមចែករំលែកចំណេះរបស់គាត់អំពីព្រះគម្ពីរដល់អ្នកឯទៀត។
អស់អ្នកដែលអ្នកត្រឡប់ទៅជួបជាទៀងទាត់ក៏អាចឲ្យឈ្មោះអ្នកចាប់អារម្មណ៍ឯទៀតទៅអ្នកដែរ ទោះជាពួកគេមិនទាន់បានសិក្សាព្រះគម្ពីរឲ្យបានទៀងទាត់នៅឡើយក្ដី។ កាលណាអ្នកជូនពួកគាត់នូវសៀវភៅចំណេះ ឬសៀវភៅស្តើងមួយដែលប្រើសម្រាប់សិក្សា អ្នកគ្រាន់តែសួរថា៖ «តើលោកអ្នកស្គាល់អ្នកណាទៀតដែលចង់បានសៀវភៅនេះមួយក្បាលទេ?»។
ដោយដឹងថាពេលវេលាគឺបន្ទាន់ នោះយើងចង់ប្រើគ្រប់មធ្យោបាយទាំងអស់ ដើម្បីជួយមនុស្សឲ្យបានឮហើយទទួលយកដំណឹងល្អ។ តើអ្នកសួររកអ្នកចាប់អារម្មណ៍ឯទៀតឬទេ?