ចូរបណ្ដុះឲ្យមានចិត្តកតញ្ញូចំពោះគុណសម្បត្ដិដែលប្រៀបផ្ទឹមពុំបានរបស់ព្រះយេហូវ៉ា
១ នៅក្នុងកិច្ចបម្រើផ្សាយរបស់យើង យើងមិនគ្រាន់តែបង្រៀនមនុស្សអំពីសេចក្ដីបង្រៀនបឋមក្នុងព្រះគម្ពីរប៉ុណ្ណោះទេ។ យើងជួយសិស្សព្រះគម្ពីរឲ្យស្គាល់ព្រះយេហូវ៉ានិងឲ្យមានចិត្តកតញ្ញូចំពោះគុណសម្បត្ដិដែលប្រៀបផ្ទឹមពុំបានរបស់ព្រះយេហូវ៉ា។ នៅពេលមនុស្សដែលមានចិត្តស្មោះត្រង់រៀនសេចក្ដីពិតអំពីព្រះ សេចក្ដីពិតនោះមានអានុភាពដ៏ជ្រាលជ្រៅលើពួកគេ ហើយជំរុញឲ្យគេកែប្រែជីវិតរបស់ខ្លួន«ដើម្បីអោយបានគាប់ព្រះហឫទ័យព្រះអង្គ ក្នុងគ្រប់វិស័យទាំងអស់»។—កូឡ.[កូល.] ១:៩, ១០, ខ.ស.; ៣:៩, ១០
២ សៀវភៅសិក្សាថ្មីរបស់យើង: តាំងពីដំបូង សៀវភៅព្រះគម្ពីរបង្រៀនទាញអារម្មណ៍លើគុណសម្បត្ដិផ្សេងៗរបស់ព្រះយេហូវ៉ា។ នៅជំពូកទីមួយឆ្លើយសំណួរដូចជា: តើព្រះពិតជាយកព្រះទ័យទុកដាក់នឹងអ្នកទេ? តើទ្រង់ជាព្រះបែបណា? និងតើយើងអាចចូលទៅជិតព្រះបានទេ? ជំពូកទីមួយក៏បញ្ជាក់អំពីភាពបរិសុទ្ធរបស់ព្រះយេហូវ៉ាដែរ (វគ្គ ១០) យុត្ដិធម៌និងការសន្ដោសប្រណី (វគ្គ ១១) សេចក្ដីស្រឡាញ់ (វគ្គ ១៣) មហិទ្ធិឫទ្ធិ (វគ្គ ១៦) និងសេចក្ដីមេត្ដាករុណា ទន់សន្ដោស បំរុងតែនឹងអត់ឱនទោស ការអត់ធ្មត់ និងសេចក្ដីស្មោះត្រង់ (វគ្គ ១៩)។ វគ្គ២០ចែងយ៉ាងសង្ខេបថា៖ «ពេលដែលអ្នករៀនកាន់តែច្រើនអំពីព្រះយេហូវ៉ា អ្នកនឹងកាន់តែយល់ថាទ្រង់ជាព្រះមួយអង្គដែលមានពិតប្រាកដមែន ហើយអ្នកនឹងកាន់តែមានហេតុស្រឡាញ់និងចង់ចូលទៅជិតទ្រង់»។
៣ តើយើងអាចប្រើសៀវភៅព្រះគម្ពីរបង្រៀនដើម្បីជួយសិស្សព្រះគម្ពីរឲ្យចូលទៅជិតព្រះយេហូវ៉ាយ៉ាងដូចម្ដេច? ក្រោយពីបានពិនិត្យមើលវគ្គមួយដែលបញ្ជាក់អំពីគុណសម្បត្ដិមួយរបស់ព្រះយេហូវ៉ា យើងអាចសួរសិស្សថា «តើវគ្គនេះបង្ហាញថាព្រះយេហូវ៉ាជាបុគ្គលបែបណា?» ឬ «តើវគ្គនេះបង្ហាញថាព្រះយកព្រះទ័យទុកដាក់នឹងអ្នកយ៉ាងណាដែរ?»។ យូរៗម្ដងដោយប្រើសំណួរបែបនេះក្នុងពេលសិក្សា នោះយើងបង្រៀនសិស្សឲ្យចេះរំពឹងគិតលើអ្វីដែលគេកំពុងតែរៀន និងជួយសិស្សឲ្យមានចិត្តកតញ្ញូចំពោះគុណសម្បត្ដិដែលប្រៀបផ្ទឹមពុំបានរបស់ព្រះយេហូវ៉ា។
៤ ចូរពិនិត្យមើលប្រអប់ពិនិត្យសាឡើងវិញ: នៅចុងបញ្ចប់នៃជំពូកនីមួយៗ អញ្ជើញសិស្សឲ្យនិយាយដែលផុសពីចិត្តនូវចំណុចនីមួយៗក្នុងប្រអប់«អ្វីដែលព្រះគម្ពីរបង្រៀន»។ ចូរទាញអារម្មណ៍លើបទគម្ពីរដែលមានក្នុងវគ្គតែមិនបានដកស្រង់នោះ។ ដើម្បីលើកទឹកចិត្តសិស្សឲ្យនិយាយពីទស្សនៈរបស់គាត់ ជួនកាលយើងអាចសួរថា «តើអ្នកមានអារម្មណ៍យ៉ាងណាចំពោះអ្វីដែលព្រះគម្ពីរបង្រៀនអំពីចំណុចនេះ?»។ ដោយធ្វើយ៉ាងនេះ យើងមិនត្រឹមតែបញ្ជាក់នូវគោលចំណុចផ្សេងៗក្នុងជំពូកនោះប៉ុណ្ណោះទេ តែយើងក៏អាចដឹងច្បាស់ថាសិស្សពិតជាជឿយ៉ាងណាផងដែរ។ នេះនឹងជួយសិស្សឲ្យចាប់ផ្ដើមបណ្ដុះឲ្យមានចំណងមិត្តភាពជាមួយនឹងព្រះយេហូវ៉ា។