‹មានសុភមង្គលហើយ មនុស្សណា ដែលស៊ូទ្រាំនឹងទុក្ខលំបាក›
១ គ្រិស្តសាសនិកទាំងឡាយត្រូវប្រឈមមុខនឹងទុក្ខលំបាក។ (២ធី. ៣:១២) ទុក្ខលំបាកនោះ ប្រហែលមកពីបញ្ហាសុខភាព បញ្ហាលុយកាក់ សេចក្ដីល្បួង ការបៀតបៀន ឬទុក្ខលំបាកណាផ្សេងជាច្រើនទៀត។ ទុក្ខលំបាកដែលសាតាំងបានដាក់លើយើង គឺដើម្បីធ្វើឲ្យយើងបន្ថយសកម្មភាព ធ្វេសប្រហែសនឹងកិច្ចបម្រើជាគ្រិស្តសាសនិក ឬក៏បញ្ឈប់យើងពីការបម្រើព្រះតែម្ដង។ (យ៉ូប ១:៩-១១) តើការស៊ូទ្រាំនឹងទុក្ខលំបាកនាំឲ្យមានសុភមង្គលយ៉ាងដូចម្ដេច?—២ពេ. ២:៩
២ ចូរត្រៀមខ្លួនដើម្បីប្រឈមមុខនឹងទុក្ខលំបាក : ព្រះយេហូវ៉ាបានផ្ដល់ឲ្យបន្ទូលនៃសេចក្ដីពិតរបស់ទ្រង់ រួមទាំងកំណត់ហេតុអំពីជីវិតនិងសេចក្ដីបង្រៀនរបស់ព្រះយេស៊ូ។ ដោយស្ដាប់ពាក្យរបស់ព្រះយេស៊ូ និងធ្វើតាមពាក្យនោះ យើងមានមូលដ្ឋានគ្រឹះរឹងមាំ ហើយយ៉ាងនេះអាចជួយយើងឲ្យត្រៀមខ្លួនដើម្បីប្រឈមមុខនឹងទុក្ខលំបាក។ (លូ. ៦:៤៧-៤៩) យើងក៏ទទួលកម្លាំងតាមវិធីផ្សេងឯទៀតដែរដូចជា បងប្អូនគ្រិស្តសាសនិក កិច្ចប្រជុំក្រុមជំនុំ និងសៀវភៅដែលមានមូលដ្ឋានលើព្រះគម្ពីរដែលមកពីអ្នកបម្រើស្មោះត្រង់មានវិនិច្ឆ័យល្អ។ យើងក៏មានអំណោយពីព្រះ ពោលគឺការអធិស្ឋាន ម្ល៉ោះហើយយើងអាចអធិស្ឋានជាច្រើនដងបាន។—ម៉ាថ. ៦:១៣
៣ ព្រះយេហូវ៉ាក៏បានប្រទានឲ្យយើងនូវសេចក្ដីសង្ឃឹមដែរ។ ពេលយើងពង្រឹងជំនឿឲ្យមាំទៅលើសេចក្ដីសន្យារបស់ទ្រង់ សេចក្ដីសង្ឃឹមរបស់យើងនឹង«ដូចជាយុថ្កានៃព្រលឹងដ៏ជាប់លាប់មាំមួន»។ (ហេ. ៦:១៩) នៅសម័យព្រះគម្ពីរ សំពៅដែលចេញពីកំពង់ចម្លងតែងតែមានយុថ្កា សូម្បីតែធាតុអាកាសល្អក្ដី។ ប្រសិនបើមានខ្យល់ព្យុះសង្ឃរាកើតឡើងភ្លាមៗ ការទម្លាក់យុថ្កាអាចបង្ការកុំឲ្យខ្យល់បោកសំពៅទៅលើថ្ម។ ស្រដៀងគ្នាដែរ ការពង្រឹងជំនឿទៅលើសេចក្ដីសន្យារបស់ព្រះពីឥឡូវនេះ នឹងធ្វើឲ្យយើងមានភាពនឹងនរ ពេលមានការបៀតបៀនឬទុក្ខលំបាកដែលប្រៀបដូចជាខ្យល់ព្យុះសង្ឃរា។ ទុក្ខលំបាកអាចកើតឡើងមួយរំពេច។ ទោះបីសកម្មភាពផ្សព្វផ្សាយរបស់ប៉ុលនិងបាណាបាសនៅទីក្រុងលីស្ដ្រា ត្រូវបានទទួលស្គាល់ថាល្អក៏ដោយ ស្ថានការណ៍បានផ្លាស់ប្ដូរយ៉ាងលឿននៅពេលពួកសាសន៍យូដាដែលជាអ្នកប្រឆាំងមកដល់ទីនោះ។—កិច្ច. ១៤:៨-១៩
៤ ការស៊ូទ្រាំនាំឲ្យមានសុភមង្គល : ទោះបីមានការប្រឆាំងក៏ដោយ ការកាន់យ៉ាងខ្ជាប់ខ្ជួនក្នុងកិច្ចបម្រើផ្សាយផ្ដល់ឲ្យយើងមានចិត្តស្ងប់សុខស្រួល។ យើងអរសប្បាយពេលយើងត្រូវបានរាប់ជាអ្នកគួរនឹងទ្រាំសេចក្ដីដំណៀល ដោយព្រោះនាមរបស់ព្រះគ្រិស្ត។ (កិច្ច. ៥:៤០, ៤១) ការស៊ូទ្រាំនឹងទុក្ខលំបាកជួយយើងបណ្ដុះឲ្យមានគុណសម្បត្ដិដូចជា ចិត្តរាបទាប ការស្ដាប់បង្គាប់ និងការអត់ធន់កាន់តែប្រសើរឡើង។ (ចោទិ. ៨:១៦; ហេ. ៥:៨; យ៉ា. ១:២, ៣) ការស៊ូទ្រាំបង្រៀនយើងឲ្យចេះពឹងទៅលើព្រះយេហូវ៉ា ទុកចិត្តលើសេចក្ដីសន្យារបស់ទ្រង់ ហើយចាត់ទុកទ្រង់ជាទីពឹងជ្រករបស់យើង។—សុ. ១៨:១០
៥ ទុក្ខលំបាកដែលយើងមានជាអ្វីបណ្ដោះអាសន្ន។ (២កូ. ៤:១៧, ១៨) ទុក្ខលំបាកផ្ដល់ឱកាសឲ្យយើងសម្ដែងនូវជម្រៅនៃសេចក្ដីស្រឡាញ់របស់យើងចំពោះព្រះយេហូវ៉ា។ ដោយស៊ូទ្រាំនឹងទុក្ខលំបាក យើងអាចឆ្លើយនូវចំណោទរបស់សាតាំង។ ហេតុដូច្នេះ យើងមិនរសាយការព្យាយាមឡើយ! ‹មានសុភមង្គលហើយ មនុស្សណាដែលស៊ូទ្រាំនឹងសេចក្ដីល្បួង[ឬ«ទុក្ខលំបាក»] ដ្បិតកាលណាត្រូវល្បងល ឃើញថាខ្ជាប់ខ្ជួនហើយ នោះនឹងទទួលបានមកុដនៃជីវិត›។—យ៉ា. [យក.] ១:១២; ខ.ស.