ចូរធ្វើតាមគំរូរបស់ព្រះយេស៊ូ
១ នៅពេលយើងចូលរួមក្នុងកិច្ចការបញ្ចុះបញ្ចូលឲ្យមានសិស្ស យើងគួរចងចាំថាគំរូរបស់យើងអាចមានអានុភាពខ្លាំងទៅលើអស់អ្នកដែលសង្កេតមើលយើង។ ព្រះយេស៊ូបង្រៀនដោយប្រើពាក្យសម្ដីនិងការប្រព្រឹត្តដែរ។ អស់អ្នកដែលសង្កេតមើលទ្រង់អាចឃើញថាទ្រង់មានចិត្តប្រាថ្នាចង់ឲ្យនាមរបស់បិតាញែកជាបរិសុទ្ធ មានចិត្តខ្នះខ្នែង ស្រឡាញ់មនុស្ស ហើយឃើញថាទ្រង់ប្ដេជ្ញាចិត្តបំពេញតាមឆន្ទៈរបស់បិតា។—១ពេ. ២:២១
២ ពេលផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយ : ដូចព្រះយេស៊ូដែរ គំរូរបស់យើងអាចមានអានុភាពទៅលើអស់អ្នកដែលផ្សព្វផ្សាយជាមួយយើង។ អ្នកផ្សព្វផ្សាយថ្មីនិងអ្នកផ្សាយដែលមិនសូវមានពិសោធន៍ នឹងគិតអំពីគុណភាពនៃកិច្ចផ្សព្វផ្សាយរបស់ខ្លួន ពេលគេឃើញយើងចូលរួមខ្នះខ្នែងក្នុងកិច្ចបម្រើផ្សាយ។ ពេលគេឃើញយើងមានអំណរនិងយកចិត្តទុកដាក់យ៉ាងស្មោះដល់អ្នកឯទៀត គេនឹងយល់ថាការបង្ហាញគុណសម្បត្ដិបែបនោះ គឺសំខាន់ណាស់ក្នុងកិច្ចបម្រើផ្សាយរបស់ខ្លួន។ ពេលគេកត់សម្គាល់ការឧស្សាហ៍របស់យើងក្នុងការប្រើបទគម្ពីរ ធ្វើការត្រឡប់ទៅជួប ហើយដឹកនាំបង្រៀនសិស្សគម្ពីរ នោះនឹងជំរុញឲ្យគេធ្វើដូច្នេះដែរ។
៣ ពេលដឹកនាំបង្រៀនសិស្សគម្ពីរ : ជាពិសេសសិស្សគម្ពីររបស់យើង នឹងសង្កេតមើលកិរិយាប្រព្រឹត្តរបស់យើង។ ជាឧទាហរណ៍ ទោះបីយើងប្រហែលពន្យល់នូវសារៈសំខាន់ក្នុងការរៀបចំការសិក្សា បើកមើលបទគម្ពីរ ហើយគូសបន្ទាត់ចំណុចសំខាន់ៗក៏ដោយ គេនឹងកត់សម្គាល់បើយើងបានរៀបចំឬអត់។ (រ៉ូម ២:២១) ប្រសិនបើយើងទៅបង្រៀនទាន់ពេលកំណត់ នោះគេនឹងមិនមានទំនោរចិត្តឲ្យអ្វីឯទៀតបង្អាក់ការសិក្សាគម្ពីររបស់គេទេ។ គេពិតជានឹងកត់សម្គាល់ថាយើងសុខចិត្តលះបង់ប្រយោជន៍ខ្លួនដើម្បីកិច្ចបម្រើផ្សាយ ហើយក៏ឃើញជំនឿដ៏មាំមួនរបស់យើងដែរ។ ហេតុនេះហើយគឺមិនចម្លែកទេដែលសិស្សរបស់អស់អ្នកដែលកាន់តាមគំរូរបស់ព្រះយេស៊ូ ក្លាយទៅជាអ្នកផ្សព្វផ្សាយដ៏ខ្នះខ្នែងដែលចេះបង្កើតផល។
៤ ពេលចូលរួមកិច្ចប្រជុំក្រុមជំនុំ : បងប្អូនទាំងឡាយនៅក្នុងក្រុមជំនុំគ្រិស្តសាសនិកក៏រួមចំណែកក្នុងការបង្រៀនតាមរយៈគំរូរបស់ខ្លួននៅកិច្ចប្រជុំក្រុមជំនុំដែរ។ អ្នកមានចំណាប់អារម្មណ៍ដែលទើបចាប់ផ្ដើមចូលរួមកិច្ចប្រជុំ ក៏ទទួលប្រយោជន៍ពីគំរូល្អដែលគេឃើញនៅក្នុងក្រុមជំនុំដែរ។ គេនឹងឃើញភាតរភាពដ៏កក់ក្ដៅ សាមគ្គីភាពដែលយើងមានជាគ្រិស្តសាសនិក ហើយការស្លៀកពាក់សម្អិតសម្អាងខ្លួនដ៏សុភាព។ (ទំនុក. ១៣៣:១) គេក៏នឹងឃើញគំរូរបស់យើង ពេលយើងចូលរួមកិច្ចប្រជុំមិនដែលខាន និងពេលយើងថ្លែងជាសាធារណៈអំពីជំនឿដោយឆ្លើយសំណួរនៅកិច្ចប្រជុំនោះ។ ភ្ញៀវម្នាក់ដែលបានមកកិច្ចប្រជុំយើង កត់សម្គាល់នូវរបៀបដែលក្មេងស្រីម្នាក់បានបើកឃើញខគម្ពីរយ៉ាងលឿន ហើយក៏ឃើញថានាងចេះផ្ទៀងអានតាមដោយយកចិត្តទុកដាក់។ គំរូរបស់ក្មេងស្រីនោះបានជំរុញចិត្តឲ្យគាត់សុំរៀនគម្ពីរ។
៥ បទគម្ពីរលើកទឹកចិត្តយើងឲ្យយកតម្រាប់តាមគំរូដ៏ល្អរបស់បងប្អូនយើងទៅវិញទៅមក។ (ភី. ៣:១៧; ហេ. ១៣:៧) ហេតុនេះហើយបានជាយើងគួរតែចាំថា បើយើងធ្វើតាមគំរូរបស់ព្រះយេស៊ូយ៉ាងដិតដល់ នោះអ្នកឯទៀតនឹងសង្កេតឃើញ ហើយអាចមានអានុភាពល្អទៅលើពួកគេ។ ដោយយល់ច្បាស់អំពីរឿងនេះ សូមឲ្យយើងអនុវត្តតាមពាក្យនៅសៀវភៅធីម៉ូថេទី១ ៤:១៦ ដែលថា៖ «ចូរប្រុងប្រយ័ត្ននឹងខ្លួនអ្នក ហើយនឹងសេចក្ដីបង្រៀន»។
[សំណួរសម្រាប់អត្ថបទសិក្សា]
១. តើព្រះយេស៊ូបានតាំងគំរូអ្វី?
២. តើគំរូរបស់យើងអាចមានអានុភាពលើអស់អ្នកដែលផ្សព្វផ្សាយជាមួយយើងតាមរបៀបណា?
៣. តើគំរូរបស់យើង បង្ហាត់បង្រៀនសិស្សគម្ពីរយើងយ៉ាងដូចម្ដេច? តើគេអាចរៀនអ្វីពីគំរូយើង?
៤. នៅពេលយើងចូលរួមកិច្ចប្រជុំក្រុមជំនុំ តើគំរូរបស់យើងបង្រៀនអ្នកឯទៀតយ៉ាងណា?
៥. ហេតុអ្វីយើងមិនគួរមើលងាយនូវតម្លៃនៃគំរូរបស់យើង?